កូនស្រីរបស់អតីតជនភៀសខ្លួនខ្មែរមួយរូប កំពុងធ្វើឲ្យរឿងរ៉ាវនៃសោកនាដកម្មនិងដំណើរផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម សាយភាយនៅសហរដ្ឋអាមេរិក កម្ពុជា និងជុំវិញពិភពលោក។
កញ្ញា Dorothy Chow ជាកូនស្រីរបស់លោក Robert Chau ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នាងបានរៀបចំបង្កើតកម្មវិធីផតខាសថ៍ «Death in Cambodia, Life in America» កាលពីឆ្នាំ ២០២០ ក្នុងអំឡុងពេលដែលពិភពលោកត្រូវបានរងការយាយីពីវិបត្តិជំងឺកូវីដ១៩។
នាពេលបច្ចុប្បន្ននេះ កម្មវិធីផតខាសថ៍ Death in Cambodia កំពុងតែទទួលបានការពេញនិយមស្តាប់ខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីពេលថ្មីៗនេះ កញ្ញា Dorothy បានឲ្យដឹងពីគោលបំណងនៃការផលិតផតខាសថ៍នេះថា ដើម្បីបង្ហាញឥទ្ធិពលនៃការចែករំលែករឿងរ៉ាវនិងបទពិសោធន៍ជីវិតដល់មនុស្សជាច្រើននាក់ទៀត ដែលបានរស់រានពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាពិសេសដើម្បីជួយសម្រាលបន្ទុកនិងការប៉ះទង្គិចផ្លូវចិត្តឆ្លងជំនាន់ដល់អ្នកដែលឆ្លងកាត់និងរស់រានពីរបបនេះផ្ទាល់ រួមទាំងកូនចៅរបស់ពួកគេផងដែរ។
កញ្ញាបានថ្លែងក្នុងសម្តីដើមហើយត្រូវបកប្រែជាភាសាខ្មែរថា៖ «ខ្ញុំចង់ឲ្យ podcast នេះ ជាគំរូមួយសម្រាប់លើកទឹកចិត្តឲ្យអ្នកដទៃទៀត ចាប់ផ្តើមមានភាពក្លាហានក្នុងការចែករំលែករឿងរ៉ាវនិងបទពិសោធន៍ជីវិតរបស់ពួកគេដូចគ្នា»។
កញ្ញា Dorothy Chow បានថ្លែងបន្តទៀតថា៖ «ខ្ញុំចង់ឲ្យពិភពលោកបានដឹង និងរៀនសូត្រអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានច្រើនជាងនេះ ដើម្បីឲ្យអ្នកដែលឆ្លងកាត់របបដ៏ឃោរឃៅនេះ ដឹងថាភាពឈឺចាប់និងអ្វីដែលពួកគេបានឆ្លងកាត់ ពិតជាមានតម្លៃ ហើយវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការចែករំលែកបទពិសោធន៍និងភាពឈឺចាប់របស់ពួកគេ ទៅកាន់ពិភពលោកខាងក្រៅ»។
នៅក្នុងរដូវកាលទី ១ នៃផតខាសថ៍ Death in Cambodia ដែលមាន ២៧ ភាគ កញ្ញា Dorothy បានសម្ភាសន៍ឪពុករបស់នាងគឺលោក Robert ដែលលោកបានរៀបរាប់នូវប្រវត្តិកំណើតរបស់លោកតាំងពីវ័យកុមារ ជីវិតក្នុងរបបខ្មែរក្រហមដែលរងការធ្វើទារុណកម្ម ភាពអត់ឃ្លាន និងការធ្វើការទាំងបង្ខំ ដំណើររត់ភៀសខ្លួនពីកម្ពុជាទឹកដីកំណើត និងដំណើរកសាងជីវិតឡើងវិញនៅសហរដ្ឋអាមេរិក។
ការសន្ទនារបស់ឪពុកនិងកូនទាំងពីរនាក់នេះ ពោរពេញដោយមនោសញ្ចេតនា និងភាពក្តុកក្តួល ដែលឆ្លុះបង្ហាញឲ្យឃើញនូវការប៉ះទង្គិចផ្លូវចិត្តរបស់ជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ ទោះបីជាសោកនាដកម្មនេះបានកើតឡើងជាងបួនទសវត្សរ៍រួចទៅហើយក្តី។
កញ្ញា Dorothy Chow បានថ្លែងក្នុងសម្តីដើមហើយត្រូវបកប្រែជាភាសាខ្មែរថា៖ «ខ្ញុំជឿថាមានជនរងគ្រោះពីរបបប្រល័យពូជសាសន៍ជាច្រើននាក់ ដែលនៅមានការឈឺចាប់និងការប៉ះទង្គិចសតិអារម្មណ៍យ៉ាងខ្លាំង ដែលពួកគេមិនទាន់អាចរកឃើញមធ្យោបាយបន្ធូរបន្ទុកផ្លូវចិត្តនោះបាននៅឡើយ។ ហើយខ្ញុំសង្ឃឹមថា podcastមួយនេះអាចផ្តល់ឲ្យពួកគេនូវកម្លាំងចិត្តក្នុងការចាប់ផ្តើមចែករំលែកបទពិសោធន៍និងរឿងរ៉ាវជីវិតរបស់ពួកគាត់ទៅកាន់សមាជិកគ្រួសារនិងសហគមន៍»។
ផតខាសថ៍ «Death in Cambodia, Life in America» នេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តាញស្តាប់ផតខាសថ៍ដូចជា Apple Podcasts, Google Podcasts និង Spotify នៅថ្ងៃដឹងគុណឪពុក ឬជាភាសាអង់គ្លេសហៅថា Father's Day ដែលត្រូវនឹងខែមិថុនា កាលពីឆ្នាំ២០២១។
គំនិតផ្តួចផ្តើមឲ្យមានការបង្កើតផតខាសថ៍នេះផុសឡើង គ្រាដែលកញ្ញា Dorothy បានចាប់ផ្តើមសាកល្បងធ្វើអ្វីថ្មីៗ ដែលនាងតែងតែមានគំនិតចង់ធ្វើជាយូរមកហើយ ក្នុងអំឡុងពេលដែលពិភពលោកហាក់ដូចជាឈប់នៅទ្រឹងមួយសន្ទុះដោយសារតែវិបត្តិកូវិដ១៩ នាដើមឆ្នាំ ២០២០។
កញ្ញា Dorothy បានរៀបរាប់ក្នុងសម្តីដើមហើយត្រូវបកប្រែជាភាសាខ្មែរថា៖ «បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ១៩ ខ្ញុំមានពេលវេលាទំនេរច្រើន ហើយខ្ញុំតែងតែមានគំនិតចង់ចែករំលែករឿងរ៉ាវជីវិតរបស់ឪពុកខ្ញុំជាយូរមកហើយដែរ គ្រាន់តែខ្ញុំមិនដឹងថាគួរចាប់ផ្តើមដោយរបៀបណា។ តែនៅឆ្នាំ ២០២០ ខ្ញុំក៏ចាប់ផ្តើមរៀនពីការរៀបចំកាត់តសំឡេង និងផលិតpodcastជាលើកដំបូង»។
គិតមកត្រឹមពេលនេះ ផតខាសថ៍ «Death in Cambodia, Life in America Podcast» ត្រូវបានបន្តផលិតចូលដល់រដូវកាលទី ២ ហើយដែលផ្តោតលើរឿងរ៉ាវរបស់ឪពុករបស់កញ្ញា Dorothy គឺលោក Robert Chau អំពីជីវិតពោរពេញដោយការផ្លាស់ប្តូរ ការសម្របខ្លួនរស់នៅលើទឹកដីសហរដ្ឋអាមេរិក និងការតស៊ូបង្កើតអាជីវកម្មហាងនំដូណាត់។
ហើយក្រៅពីការសន្ទនារវាងឪពុកកូនពីរនាក់នេះ កញ្ញា Dorothy ក៏បានចាប់ផ្តើមសន្ទនាជាមួយអ្នកជំនាញនិងពលរដ្ឋខ្មែរអាមេរិកាំងផ្សេងទៀត ដែលបានធ្វើកិច្ចការទាក់ទងនឹងជនភៀសខ្លួនខ្មែរ ឬពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាជាដើម។ កញ្ញាបានឲ្យដឹងថា នាពេលអនាគត នាងមានគម្រោងអញ្ជើញអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមផ្សេងៗទៀតមក ធ្វើជាវាគ្មិនពិសេស ដើម្បីចែករំលែកពីបទពិសោធន៍ជីវិតរបស់ពួកគេ។
កញ្ញា Dorothy Chow បានថ្លែងក្នុងសម្តីដើមហើយត្រូវបកប្រែជាភាសាខ្មែរថា៖ «ក្តីសុបិន្តដ៏ធំមួយរបស់ខ្ញុំ គឺចង់ផលិតភាពយន្តដ៏ធំមួយផ្អែកតាម podcast នេះ ដែលអាចបង្ហាញនិងបង្រៀនពិភពលោកពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្ញុំពិតជាចង់ឲ្យមានមាតិកាផ្សេងៗ ដែលចងក្រងនិងផលិតដោយកូនខ្មែរសម្រាប់ប្រជាជននិងសង្គមខ្មែរទាំងមូល»៕