លោក Liu Jian ដែលជាអ្នកថតរូបម្នាក់ បានលាក់រូបថតចំនួន ២.០០០សន្លឹករបស់លោក អស់រយៈពេល៣០ឆ្នាំមកហើយ។ លោកបានថតរូបទាំងនោះ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៨៩ មក នៅពេលដែលមនុស្សម្នាប្រមូលផ្តុំគ្នាកាន់ទុក្ខនៅទីលាន Tiananmen ក្នុងក្រុងប៉េកាំង ១ថ្ងៃបន្ទាប់ពីការស្លាប់របស់លោក Hu Yaobang ដែលជាអ្នកផ្តើមគំនិតកែទម្រង់ និងធ្លាប់ជាមេដឹកនាំបក្សកុម្មុយនិស្តចិន។
អ្នកកាន់ទុក្ខ ដែលពីដំបូងភាគច្រើនជានិស្សិត បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេចង់បានអ្វីដែលលោក Hu ចង់បាន។ នោះគឺជា សិទ្ធិបន្ថែមសម្រាប់សាធារណជន និងរដ្ឋាភិបាលដែលមានលក្ខណៈប្រជាធិបតេយ្យជាងមុនមួយ។ លោក Liu បានជិះកង់ទៅទីលាន Tiananmen ជាមួយនឹងម៉ាស៊ីនថតម៉ាក Nikon រាល់ថ្ងៃ នៅពេលដែលការចំនួនពលរដ្ឋតវ៉ាមានកាន់តែច្រើនឡើង។ លោកជានិស្សិតឆ្នាំទី២នាពេលនោះ ហើយអំឡុងពេលបាតុកម្ម ថ្នាក់រៀនរបស់គាត់ត្រូវបានគេលុបចោល ក៏ដូចជាថ្នាក់រៀនរបស់និស្សិតជាបាតុករដទៃទៀតផងដែរ។
លោកបានប្រាប់ VOA ថា «ខ្ញុំមិនបានគេងគ្រប់គ្រាន់ទេនៅពេលនោះ។ ក្នុងពេលមានចលនាបែបនេះ បើយើងគេង យើងនឹងបាត់បង់ឱកាស»។
លោកបន្តទៀតថា «នៅពេលមានក្បួនដ៏ធំមួយនៅថ្ងៃទី២៧ ខែមេសា ខ្ញុំមានអារម្មណ៍ថា បេះដូងខ្ញុំចង់លោតចេញក្រៅ។ ចលនារបស់យើងរីកធំម្តងបន្តិចៗ ហាក់ដូចជាយើងទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ។ វាជាកម្លាំងចលករដ៏ខ្លាំង ដែលគ្មានអ្វីអាចបញ្ឈប់បាន។ នៅពេលមនុស្សជាច្រើនរួបរួមគ្នា ខ្ញុំមានអារម្មណ៍ថា រដ្ឋាភិបាលហាក់ដូចជាទន់ខ្សោយណាស់»។
រដ្ឋាភិបាលបានបង្ហាញកម្លាំងរបស់ពួកគេនៅយប់ថ្ងៃទី៣ ខែមិថុនា។
លោក Liu និយាយថា «ខ្ញុំមិនដែលគិតថា នឹងមានសំឡេងកាំភ្លើង ការប្រើកាំភ្លើងស្វ័យប្រវត្តិធុនមធ្យម និងកាំភ្លើងស្វ័យប្រវត្តិធុនធំនោះទេ។ ខ្ញុំបានមើលឃើញរថក្រោះ និងរថពាសដែក។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេបើករថក្រោះទាំងនោះយ៉ាងលឿន។ ខ្ញុំគិតថា គេអាចបើករថក្រោះបានតែយឺតៗតែប៉ុណ្ណោះ»។
នៅថ្ងៃបន្ទាប់ លោក Liu បានទៅមន្ទីរពេទ្យ Shuili។ នៅទីនោះ លោកបានឃើញសាកសពប្រហែល២០ទៅ៣០ ដែលជាទិដ្ឋភាពដ៏រន្ធត់មួយសម្រាប់លោក ហើយលោកថតបានរូបមួយចំនួន មុនពេលចាកចេញពីមន្ទីរពេទ្យនោះ។
លោកបាននិយាយថា «ខ្ញុំខ្លាចខ្លាំងណាស់ នៅពេលនៅទីនោះ។ ខ្ញុំធុំក្លិនឈាម។ សាកសពខ្លះអាក្រក់ពេក។ ខ្ញុំមិនហ៊ានមើលនោះទេ។ សាកសពមួយនោះគឺជាលលាដ៍ក្បាលដែលគេបាញ់បំបែក។ ខ្ញុំមិនដឹងថា លលាដ៍ក្បាលមួយចំហៀងទៀតនៅកន្លែងណានោះទេ»។
លោកបានបន្តថា «ខ្ញុំមិនដែលធ្លាប់គិតថា មានអ្នកធ្វើរឿងបែបនេះទៅលើនិស្សិតនោះទេ។ និស្សិតទាំងនោះ និងអ្នកនៅទីក្រុង មិនមានអ្វីនៅក្នុងដៃនោះទេ ហើយពួកគេក៏មិនបានប្រឆាំងនឹងបក្សកុម្មុយនិស្តដែរ។ ពួកគេគ្រាន់តែធ្វើការទាមទារតិចតួច ហើយបែរជាត្រូវគេបាញ់សម្លាប់។ ពួកគេនៅក្មេងខ្លាំងណាស់»។
នៅថ្ងៃទី៥ ខែមិថុនា យោធាគ្រប់គ្រងទីក្រុងប៉េកាំងបានទាំងស្រុង។ រដ្ឋាភិបាលនិយាយថា ខ្លួនត្រូវតែបង្ក្រាប «ក្រុមកុបកម្មប្រឆាំងនឹងបដិវត្តន៍» នៅទីលាន Tiananmen។ នៅថ្ងៃនោះ បុរសម្នាក់ដែលមិនមានអាវុធ ពាក់អាវពណ៌ស និងកាន់កាបូបស ឈរនៅពីមុខរថក្រោះ នៅពេលរថក្រោះទាំងនោះធ្វើដំណើរទៅកាន់ទីលាន Tiananmen។
លោក Liu បានរៀបដុំហ្វីលចំនួន៦០ដុំ ដើម្បីដាក់រូបភាពអាក្រក់ៗទាំងនោះ ដោយលោកមិនផ្តិតរូបទាំងនោះចេញក្រៅនោះទេ។ ការសម្រេចចិត្តនេះដោយសារលោក Liu ដែលជានិស្សិតមានវ័យ១៩ឆ្នាំកាលពីគ្រានោះ បានរក្សាទុកនូវផ្នត់គំនិតពលរដ្ឋចិន ដោយគិតថា រដ្ឋាភិបាលចិនសឹងនឹងកម្ទេចបានទាំងស្រុងតាមរយៈការរឹបអូសរាល់ដុំហ្វីលដែលខ្លួនអាចរកបាននាពេលនោះ។
សូមទស្សនាកម្រងរូបថតដែលចងក្រងនៅក្នុងវីដេអូខាងក្រោមនេះ៖
លោក Liu ដែលបានរស់នៅក្នុងជំរំយោធា និងគេចផុតពីការឆែករកដុំហ្វីល បានព្យាយាមបំភ្លេចព្រឹត្តិការណ៍ដែលលោកបានថត និងញាត់វាចូលទៅក្នុងប្រអប់មួយ។
លោក Liu ដែលទទួលបានជោគជ័យនៅក្នុងជំនួញសិល្បៈ និយាយថា អស់រយៈពេលជាច្រើនឆ្នាំក្រោយ ប្រទេសចិនបានផ្លាស់ប្តូរ ហើយ «គ្រប់គ្នាងាកទៅផ្តោតលើការរកប្រាក់ និងរស់នៅក្នុងជីវភាពល្អមួយ។ បក្សកុម្មុយនិស្តមិនល្អនោះទេ ប៉ុន្តែយើងក៏គិតថា យើងអាចនឹងជួបរឿងអាក្រក់ជាងនេះ ប្រសិនបើមិនមានបក្សកុម្មុយនិស្ត។ ប្រទេសចិនមិនអាចមានចលាចលម្តងទៀតនោះទេ។ ភាពចលាចលលែងជាប្រយោជន៍សម្រាប់សាធារណជនទៀតហើយ»។
ជួនកាលលោក Liu នឹកឃើញដល់ព្រឹត្តិការណ៍ថ្ងៃទី៤ ខែមិថុនា និងប្រអប់ដុំហ្វីលនោះ។ លោកបានផ្លាស់ទៅរស់នៅក្នុងរដ្ឋ Atlanta ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដើម្បីការអប់រំរបស់កូនស្រីលោក។ មុនពេលចាកចេញពីក្រុងប៉េកាំង លោកបានជួបជាមួយនឹងមិត្តម្នាក់ដើម្បីមើលរូបថតអាក្រក់ៗទាំងនោះ។
លោក Liu បាននាំយករូបថតខ្លះមកសហរដ្ឋអាមេរិក ប៉ុន្តែលោកមិនដឹងថា ត្រូវធ្វើអ្វីជាមួយនឹងរូបថតទាំងនោះទេ រហូតដល់ចុងឆ្នាំមុនទើបលោកដឹងថាត្រូវធ្វើអ្វី នៅក្រោយពេលលោកបានសួរកូនស្រីរបស់លោក។ លោកសួរកូនស្រីលោកថា «កូនធ្លាប់ឮពីព្រឹត្តិការណ៍ថ្ងៃទី៤ ខែមិថុនាដែរឬទេ?»។
កូនស្រីអាយុ១៧ឆ្នាំរបស់លោកឆ្លើយថា «ថ្ងៃទី៤ ខែមិថុនា? តើនោះជាពិធីបុណ្យអ្វីទៅ?»។
ចម្លើយរបស់កូនស្រីលោក ធ្វើឲ្យលោកយល់ថា ជំនាន់របស់កូនស្រីលោកគិតថា ថ្ងៃទី៤ ខែមិថុនា គ្រាន់តែជាថ្ងៃធម្មតាប៉ុណ្ណោះ ដោយសារតែសាលារៀននៅក្នុងប្រទេសចិន មិនធ្លាប់បង្រៀននោះទេ។
លោកបាននិយាយពីក្រុង San Francisco ទីដែលគ្រួសារលោកកំពុងសម្រាកលំហែកាយនារដូវក្តៅថា «ខ្ញុំមានអារម្មណ៍រអៀសខ្លួនបន្តិចម្តងៗ»។ លោកបានសម្រេចចិត្តថា ដោយសារតែលោកធ្លាប់ចូលរួមចលនានៅទីលាន Tiananmen លោកមានកាតព្វកិច្ច «ប្រាប់ក្មេងជំនាន់ក្រោយឲ្យដឹងពីរឿងនេះ។ ពួកគេអាចនឹងឆ្លងកាត់រឿងនេះម្តងទៀត នៅពេលអនាគត។ ពួកគេត្រូវតែដឹងពីរឿងរ៉ាវនានអំពីបក្សកុម្មុយនិស្តចិន»៕