សិល្បករសហសម័យខ្មែរដ៏លេចធ្លោ នឹងដាក់តាំងបង្ហាញស្នាដៃសិល្បៈរបស់ពួកគេនៅសារមន្ទីរជាតិក្នុងទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១ កក្កដា ដល់ ៣១ សីហានេះ។
នេះគឺជាលើកដំបូងហើយដែលសិល្បករ ដែលបានដាក់តាំងស្នាដៃរបស់ពួកគេភាគច្រើននៅបរទេស នឹងបង្ហាញស្នាដៃរបស់ខ្លួនដល់ប្រជាជនខ្មែរដែលមិនធ្លាប់ឃើញស្នាដៃសិល្បៈបែបសហសម័យនេះ។
ពិព័រណ៍សិល្បៈដែលមានចំណងជើងថា «ជាប្រវត្តិសាស្ត្រ នាពេលអនាគត» ត្រូវបានរៀបចំដោយអ្នករៀបចំពិព័រណ៍សិល្បៈម្នាក់ គឺអ្នកស្រី Dana Langlois ដែលជាស្ថាបនិកវិចិត្រសាលមួយនៅក្រុងភ្នំពេញដែលមានឈ្មោះថា JavaArts។
អ្នកស្រី Langlois ដែលបាននិងកំពុងប្រឡូកក្នុងការងារសិល្បៈសហសម័យខ្មែរក្នុងប្រទេសកម្ពុជាអស់រយៈពេល១៦ឆ្នាំមកហើយនោះ សម្ដែងក្ដីរំភើបរីករាយចំពោះវត្តមានពិព័រណ៍នេះ។
«ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ក្នុងការរៀបចំគម្រោងមួយនេះ ពីព្រោះថា ក្នុងរយៈពេល ១០ទៅ១៥ឆ្នាំចុងក្រោយនេះ មានសិល្បៈសហសម័យ(ខ្មែរ)ដែលល្អៗ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលទទួលបានការគាំទ្រ និងត្រូវបានដាក់បង្ហាញនៅប្រទេសអូស្ត្រាលី»។
អ្នកស្រីបន្ថែមថា នេះគឺជាឱកាសដ៏ល្អក្នុងការនាំយកស្នាដៃសិល្បៈនានាមកដាក់បង្ហាញរួមគ្នាក្នុងពិព័រណ៍តែមួយនៅក្នុងប្រទេសកម្ពុជា។
«ខ្ញុំក៏គិតថាវាគឺជាឱកាសមួយដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ថាតើវាមានអត្ថន័យដូចម្ដេចចំពោះការណ៍ដែលយើងយកស្នាដៃសិល្បៈសហសម័យទៅដាក់ជិតស្នាដៃសិល្បៈបុរាណ(ក្នុងសារមន្ទីរជាតិ) ហើយថាតើនេះមានអត្ថន័យដូចម្ដេចសម្រាប់ពេលបច្ចុប្បន្ន និងថាតើយើងអាចធ្វើអ្វីបានដើម្បីបន្តគាំទ្រឲ្យមានទស្សនីយភាពនៃសិល្បៈសហសម័យ»។
ការតាំងពិព័រណ៍នេះ នឹងដាក់បង្ហាញស្នាដៃសិល្បៈចំនួន១៧ស្នាដៃក្នុងទម្រង់ខុសៗគ្នារួមមាន វីដេអូ រូបថត រូបចម្លាក់ រូបភាព និងរូបផ្គុំនានា។ អត្ថន័យរួមនៃការតាំងពិព័រណ៍នេះគឺផ្ដោតទៅលើការលើកឡើងអំពីបញ្ហាប្រឈមនានា ខាងផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ដែលប្រទេសកម្ពុជាបានឆ្លងកាត់អស់រយៈពេលជាច្រើនទសវត្សរ៍ និងជាកត្តាដែលជះឥទ្ធិពលដល់កម្ពុជាបច្ចុប្បន្ន។
ស្នាដៃសិល្បៈ១ក្នុងចំណោមស្នាដៃទាំង១៧ គឺជាខ្សែវីដេអូឯកសារខ្លីមួយផលិតដោយសិល្បករវ័យ២៩ឆ្នាំ គឺលោក នាង កាវីច។ វីដេអូឯកសារនេះរៀបរាប់អំពីដំណើរជីវិតរបស់គ្រួសារខ្មែរមួយដែលរត់ភៀសខ្លួនពីរបបខ្មែរក្រហម ទៅជ្រកកោននៅប្រទេសអូស្ត្រាលីដើម្បីស្វែងរកជីវិតថ្មី។
លោក កាវីច បានប្រាប់ VOA ខ្មែរថា៖ «ការងារទាំងអស់ដែលពួកយើងធ្វើហ្នឹង សំខាន់បំផុតគឺយើងចង់ឲ្យប្រជាជនដែលជាជនជាតិខ្មែរយើងហ្នឹងបានឃើញ ហើយស្នាដៃរបស់យើងភាគច្រើនធ្វើក្នុងប្រទេសហ្នឹងគឺប្រជាជនខ្មែរយើងគាត់អត់បានមើលទេ។ អីចឹងមានន័យថា អាហ្នឹង វាជាចន្លោះប្រហោងមួយដែលគួរតែគិត»។
ស្នាដៃសិល្បៈមួយទៀតគឺមានឈ្មោះថាThe Buddhist Bug ដែលជាគម្រោងផ្សព្វផ្សាយចម្រុះមួយផលិតដោយសិល្បករអាមេរិកាំងដើមកំណើតខ្មែរ គឺអ្នកស្រី អានីដា យឺអាលី។
អ្នកស្រីបានប្រាប់ថា ស្នាដៃសិល្បៈមួយរាងដូចសត្វដង្កូវ ដែលធ្វើឡើងពីក្រណាត់ពណ៌ទឹកក្រូច ដែលច្នៃឡើង និងស្លៀកបង្ហាញដោយអ្នកស្រីផ្ទាល់ គឺផ្ដោតសំខាន់ទៅលើមរតកបញ្ចូលគ្នានៃពុទ្ធសាសនា និងសាសនាឥស្លាមរបស់អ្នកស្រី។
«ពិព័រណ៍នៅសារមន្ទីរជាតិមួយនេះ ខ្ញុំគិតថា ជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍សិល្បៈសហសម័យសំខាន់ៗជាងគេនៅក្នុងប្រទេសកម្ពុជា»។
អ្នកស្រីបន្តថា៖ «ខ្ញុំមានអារម្មណ៍បែបនេះដោយសារតែខ្ញុំបានរស់នៅទីនោះអស់រយៈពេល៦ឆ្នាំមកហើយ ហើយខ្ញុំឃើញទស្សនីយភាពសិល្បៈសហសម័យផុសឡើង បាត់ទៅវិញ ហើយក៏ផុសឡើងមកវិញទៀត ដោយសារតែធនធានក៏មានកំណត់ ហើយការគាំទ្រពីសំណាក់រដ្ឋាភិបាលក៏មានតិចតួចទៀត»។
ដូច្នេះ អ្នកស្រីបន្ថែមថា ការដាក់បង្ហាញតែស្នាដៃសិល្បៈសហសម័យដែលបង្កើតឡើងដោយខ្មែរ និងខ្មែរនៅក្រៅប្រទេស នៅក្នុងទីកន្លែងដូចជាសារមន្ទីរជាតិ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រដ៏សំខាន់បែបនេះ ពិតជា«រឿងធំដុំណាស់»។
ពិព័រណ៍ដែលមានរយៈពេល២ខែនេះគឺជាកិច្ចសហការរវាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិកម្ពុជា។
លោក គង់ វីរៈ ប្រធានសារមន្ទីរជាតិ បានមានប្រសាសន៍ប្រាប់ VOA ខ្មែរថា ពីដើមឡើយ ការដាក់តាំងវត្ថុបុរាណ ក៏ដូចជាពិព័រណ៍សិល្បៈនានាដែលធ្វើឡើងនៅក្នុងសារមន្ទីរជាតិ ភាគច្រើនគឺផ្ដោតទៅលើស្នាដៃដែលមានបរិបទបុរាណ ដូច្នេះលោកយល់ថា ការដែលមានពិព័រណ៍សហសម័យបែបនេះ គឺជារឿងមួយដ៏សំខាន់។
«អីចឹងហើយបានជាខ្ញុំទទួលសំណើហ្នឹងភ្លាមថាគួរតែមានអីចឹងដើម្បីរៀបប្ដូរបរិបទថ្មីមួយ ឲ្យសារមន្ទីរជាតិយើង មិនមែនផ្ដោតតែលើរឿងអ្វីដែលជាអតីតកាលទេ ឲ្យមានអ្វីដែលជាអនាគតកាល យើងចាប់ផ្ដើមទៅថ្ងៃមុខ»។
លោកក៏បានអំពាវនាវផងដែរថា៖ «បើសិនជាគាត់មានគំនិតចង់ពិព័រណ៍ ពីមុនមកគាត់ធ្វើការជាមួយដៃគូ ជាស្ថាប័នផ្សេងៗដែលមិនមែនជាស្ថាប័នជាតិ ក៏ប៉ុន្តែសម្រាប់យើងសព្វថ្ងៃ យើងយល់ថាសារមន្ទីរជាតិជាកន្លែងមួយដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលគាត់មកទស្សនា ដូច្នេះនេះជាឱកាសដែលគាត់អាចបង្ហាញស្នាដៃផងហើយវាជាមោទនភាពដែរ ដែលថាសិល្បករខ្មែរក៏មានក្រុមជាសិល្បករសហសម័យដែរ»។
លោកគង់ វីរៈក៏បានបន្ថែមទៀតថា សារមន្ទីរជាតិស្វាគមន៍រាល់ស្នាដៃទាំងបុរាណ និងសហសម័យដែលផលិតដោយសិល្បករនិងសិល្បការិនីខ្មែរ៕