ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសលោក ថោង សារ៉ាត់ និងអង្គរក្សចំនួន ៤ នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ពាក់ព័ន្ធនឹងបទឃាតកម្មគិតទុកជាមុនលើឧកញ៉ា អ៊ឹង ម៉េងជឺ។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្ដីឲ្យអ្នកទាំង៥។
នារសៀលថ្ងៃអង្គារនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសំណុំរឿងបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ ដែលមានជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ ជាអតីតម្ចាស់សំណង់ ៩៩៩ ថា ជាអ្នកផ្ដើមគំនិតនៃការបាញ់សម្លាប់ ចំណែកអង្គរក្សរបស់លោកចំនួន ៤ នាក់ ត្រូវបានចោទប្រកាន់ពីបទសមគំនិត និងបទឃាតកម្មគិតទុកជាមុន។
លោក គា អ៊ាវ មេធាវីមួយរូបដែលការពារក្ដីឲ្យលោក ថោង សារ៉ាត់ និងអង្គរក្សទាំងបួនរូបរបស់លោកប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងនៃការបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ ដោយប្រកាសដាក់ទោសកូនក្ដីរបស់លោកទាំងប្រាំនាក់ ក្នុងម្នាក់ៗជាប់ពន្ធនាគារអស់មួយជីវិត។ លោកបន្តថា ការសម្រេចនេះមានភាពអយុត្តិធម៌សម្រាប់កូនក្ដីរបស់លោក ហើយថា លោកព្រមទាំងសហមេធាវី នឹងប្ដឹងទៅឧទ្ធរណ៍ជាបន្ត។
លោកបញ្ជាក់ថា៖
«ខ្ញុំគិតថា ការធ្វើនេះ សម្រេចនេះមិនបានយុត្តិធម៌ទេ មិនបានតាមដំណើររឿងពិត ហើយអត់បានតាមភស្តុតាង។ ខ្ញុំគិតថា កន្លងមកក្នុងរឿងនេះមានភស្តុតាងដោះបន្ទុកគ្រប់គ្រាន់ ដែលពួកគាត់គួរតែរួច»។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តែលោកប្រាប់ឲ្យសួរទៅលោក សួស វិទ្យារ៉ាន់ឌី ប៉ុន្តែ លោក សួស វិទ្យារ៉ាន់ឌី ដែលជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមួយរូបដែរនោះ មិនទទួលទូរស័ព្ទ រហូតដល់ល្ងាចថ្ងៃអង្គារនេះ។
អង្គរក្សរបស់លោក ថោង សារ៉ាត់ ទាំងបួននាក់ ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត មានឈ្មោះ សៀង វាសនា ជាជនដៃដល់ ឈ្មោះ លី សៅ ជាអ្នកឌុបជនដៃដល់ និងអ្នករួមគំនិតឈ្មោះ មាស សម្បត្តិ និង កូយ ចាន់ថុល។
ក្រោយការប្រកាសសាលក្រមរបស់តុលាការ គេឃើញក្រុមគ្រួសាររបស់លោក ថោង សារ៉ាត់ និងក្រុមគ្រួសាររបស់អង្គរក្សលោក ថោង សារ៉ាត់ អង្គុយតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយស្រែកថា ការសម្រេចនោះមានភាពអយុត្តិធម៌សម្រាប់អ្នកទាំង៥រូប។
កំពុងអង្គុយស្រែកយំមុខតុលាការ អ្នកស្រី ណុប លីដា ភរិយារបស់លោក មាស សម្បត្តិ និយាយថា ស្វាមីរបស់អ្នកស្រី មិនមានពាក់ព័ន្ធនឹងការសម្លាប់មនុស្សដូចការចោទប្រកាន់នោះទេ។ អ្នកស្រីបន្ថែមថា ការសម្រេចរបស់តុលាការមានភាពអយុត្តិធម៌សម្រាប់ស្វាមីរបស់អ្នកស្រី។
អ្នកស្រីបញ្ជាក់ថា៖
«រឿងនេះវាអយុត្តិធម៌ខ្លាំងណាស់។ យកឃាតកសិប្បនិម្មិតយកមកកាត់ទោសឲ្យជាប់មួយជីវិត។ ខ្ញុំយកជីវិតពួកខ្ញុំមកធានា។ ថ្ងៃកើតហេតុ គាត់នៅផ្ទះទាំងអស់គ្នា នៅបុរីជាមួយមេទាំងអស់គ្នា ក្រុមគ្រួសារនៅជាមួយគ្នា រឿងអីដែលមិនហ៊ានតវ៉ា? អះអាងថា គាត់មិនបានធ្វើទេ ព្រោះថ្ងៃកើតហេតុគាត់ស្កែនមេដៃម៉ោង ៧ ហើយស្កែនហើយមិនទាន់បានចេញមកផង»។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៤ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាអតីតថៅកែស៊ីម៉ងត៍សញ្ញាត្បូងពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅនឹងមុខហាងលក់ផ្លែឈើមួយកន្លែងក្នុងរាជធានីភ្នំពេញ។ នៅខែធ្នូ ឆ្នាំ ២០១៤ តុលាការរាជធានីភ្នំពេញបានចោទប្រកាន់លោក ថោង សារ៉ាត់ ថាជាមេគំនិតនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
ក្រៅពីបទល្មើសពាក់ព័ន្ធនឹងឃាតកម្មគិតទុកជាមុន កាលពីខែមិថុនា ឆ្នាំ ២០១៦ តុលាការបានសម្រេចកាត់ទោសឲ្យលោក ថោង សារ៉ាត់ ជាប់ពន្ធនាគារចំនួន ២ ឆ្នាំ ៦ ខែ ពីបទ«លាក់ទុកអាវុធខុសច្បាប់»។ តុលាការដដែលនេះក៏បានផ្ដន្ទាទោសឪពុកម្ដាយ និងអង្គរក្សផ្ទាល់របស់លោក ថោង សារ៉ាត់ ឲ្យជាប់ពន្ធនាគារ ម្នាក់ៗរយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗ ៦លាន រៀល ពីបទល្មើសដូចគ្នា៕