នាព្រឹកមួយនាដើមខែសីហានេះ លោក ឃឹម ដារ៉ា កំពុងអង្គុយរងចាំម៉ូយ នៅលើដងមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ។ បុរសវ័យ ៤៥ ឆ្នាំរូបនេះ មានបទពិសោធន៍ច្រើនអំពីចរាចរណ៍នៅទីក្រុងភ្នំពេញ ដោយសារលោកមានរបរជាអ្នករត់ PassApp។ លោកបានបង្ហាញការសម្គាល់ឃើញរបស់លោកថា ជាទូទៅការកកស្ទះតាមដងផ្លូវមួយចំនួននៅរាជធានីភ្នំពេញ តែងកើតឡើងនៅចន្លោះម៉ោង ៧ ទៅ ៩ ព្រឹក និងល្ងាចម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច។
«ជួនកាលវាស្ទះយូរដែរ ជួនកាលមួយម៉ោង កន្លះម៉ោងអី ពេលល្ងាចគេចេញ ស្ទះម៉ោង ៤ ម៉ោង ៥ ជួនកាលស្ទះដល់ម៉ោង ៧ អី ក៏មានដែរ»។
ជាអ្នកបើកបរ PassApp ប្រចាំថ្ងៃដែលក្នុងមួយថ្ងៃត្រូវចំណាយពេលរាប់ម៉ោងដើម្បីដឹកអ្នកដំណើរពីទីតាំងមួយ ទៅកាន់ទីតាំងមួយទៀត លោក ឃឹម ដារ៉ា បានឆ្លងកាត់នូវបទពិសោធន៍បើកបរលើដងផ្លូវនៅរាជធានីភ្នំពេញ ដែលលោកថា អ្នកបើកបរជាច្រើនមិនសូវគោរពគ្នា និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួននោះទេ។
«អ្នកយើងបើកបររាល់ថ្ងៃហ្នឹង វាអត់គោរពគ្នា។ អត់សូវគោរពគ្នាថា បើគេទៅហើយឱ្យគេទៅ យើងមិនចាំបាច់វ៉ាគេទេ។ ភ្លើងស្តុបអី យើងចេះគោរពខ្លះទៅ។ ជួនកាលភ្លើងលឿងចូលជិតក្រហម ហើយនៅនាំគ្នាទៅ ដល់ទៅៗគេនៅខាងនោះគេមកហើយ។ ជួនកាលផ្លូវឆ្លងកាត់ចឹង កន្លែងណាយើងមិនគួរឆ្លង យើងមិនគួរឆ្លងទេ ប៉ុន្តែនៅតែឆ្លងទៅតែម្តង។ ចេះតែត្រសុលៗទៅវាអាចស្ទះ»។
សម្រាប់លោក ឡេង មករា វិញ លោកមិនមានបទពិសោធន៍ល្អ ក្នុងពេលធ្វើដំណើរជាប្រចាំថ្ងៃ នៅក្នុងចរាចរណ៍ដ៏ណែនតាន់តាប់នៅទីក្រុងភ្នំពេញនេះទេ។ បុគ្គលិកធនាគារឯកជនរូបនេះ បានរៀបរាប់ប្រាប់ VOA ថា ការកកស្ទះចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដែលពេលខ្លះបណ្តាលឱ្យលោកត្រូវទៅរៀន និងទៅធ្វើការយឺតក៏មាន។
«ការកកស្ទះហ្នឹងគឺជាបញ្ហាមួយ វារំខានមែនទែនដល់ការធ្វើដំណើរ គឺយើងអាចធ្វើដំណើរពេលយូរ។ ឧទាហរណ៍ថា យើងត្រូវធ្វើជិះតែ ១០ នាទីទៅដល់ តែធ្វើឱ្យយើងចំណាយពេលកន្លះម៉ោង មួយម៉ោងអីអ៊ីចឹង អ៊ីចឹងធ្វើឱ្យយើងស្រ្តេសដែរ»។
មករា តែងធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីផ្ទះនៅម្តុំទឹកថ្លាទៅកាន់សាលារៀន និងកន្លែងធ្វើការ។ មករា លើកឡើងថា លោកខាតទាំងពេល ហើយទទួលឥទ្ធិពលអវិជ្ជមានពីការកកស្ទះចរាចរណ៍នេះ ដែលធ្វើឲ្យរូបលោកធុញថប់។
«ជាធម្មតា យើងធ្វើដំណើរតែ ១០ នាទី នៅពេលដែលយើងស្ទះ អាចដល់កន្លះម៉ោង ៤០ នាទី អ៊ីចឹងវាអាចខាតពេលវេលារបស់អ្នកបើកបរ ដូចជាខ្ញុំផ្ទាល់អ៊ីចឹង។ កាលណាស្ទះ គឺយើងត្រូវខាតពេល ហើយវាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ប៉ះពាល់ដល់ mental [ផ្លូវចិត្ត] របស់យើង វាស្ត្រេស វាអត់សប្បាយចិត្ត នៅពេលដែលយើងស្ទះពេក ជិះមួយបន្តិចស្ទះ ជិះមួយបន្តិចស្ទះ ធ្វើឱ្យយើងតប់ប្រមល់»។
បញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញដែលមានពលរដ្ឋសរុបប្រមាណ ២ លាននាក់រស់នៅនេះ កំពុងតែបន្តកើតមានឡើងជាប្រចាំ ទាំងពេលព្រឹក ថ្ងៃ និងល្ងាច ត្រូវនឹងម៉ោងដែលប្រជាជនចេញចូលធ្វើការ និងសិក្សា និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជារៀងរាល់ថ្ងៃ គេតែងឃើញអ្នកបើកបរមួយចំនួនបញ្ជ្រៀតរុលទៅមុខ នៅពេលមានការកកស្ទះ រួមទាំងការបន្ថែមល្បឿនពេលឃើញភ្លើងស្តុបពណ៌លឿង រថយន្តនិងម៉ូតូកង់បីបើកបរនៅលើផ្លូវម៉ូតូ ការយកចំណីផ្លូវប្រកបរបរអាជីវកម្ម ការចតលើចំណីផ្លូវ និងការជិះបញ្ច្រាសផ្លូវជាដើម។
ហើយបញ្ហាសង្គមកាន់តែស្មុគស្មាញមួយនេះ ដែលកើតឡើងជាទូទៅនៅតាមទីក្រុងធំៗក្នុងតំបន់ នៅតែជាបញ្ហាចម្បងមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ពេលវេលា និងប៉ះពាល់ដល់សុខភាព ជាពិសេសសុខភាពផ្លូវចិត្តរបស់អ្នកបើកបររាប់ម៉ឺននាក់។ នេះបើតាមអ្នកជំនាញនិងមន្ត្រីមានសមត្ថកិច្ច។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ជារៀងរាល់ថ្ងៃ ការកកស្ទះនេះបានបង្កផលប៉ះពាល់ខាងសេដ្ឋកិច្ចយ៉ាងច្រើន ដោយសារការចំណាយថ្លៃប្រេងសាំងដែលបញ្ឆេះចោល ការខាតពេលវេលាប្រកបរបរ ហើយក្នុងករណីខ្លះ ក៏មានការបង្កជាអំពើហិង្សាផងដែរ។
«យើងអាចវាស់វែងបានតាមរយៈយកចំនួនរថយន្ត គុណហ្នឹងចំនួនម៉ោងដែលត្រូវស្ទះចរាចរណ៍ យើងនឹងអាចគណនាឃើញថា ក្នុងមួយថ្ងៃៗហ្នឹង ការស្ទះចរាចរណ៍ធ្វើឱ្យឆេះសាំងចោលអស់ប៉ុន្មានលីត្រដែលមិនបានទៅមុខ។ កត្តាទី ២ ការខកខានពេលវេលាក្នុងការបំពេញការងារ អាចធ្វើឱ្យគាត់បាត់បង់ឱកាសទទួលបានប្រាក់ចំណូលក្នុងអំឡុងពេលកកស្ទះហ្នឹង អាចធ្វើឱ្យខូចកិច្ច ឬក៏គម្រោងការរបស់គាត់។ ហើយទី ៣ ការកកស្ទះចរាចរណ៍នេះអាចបង្កឱ្យមានអំពើហិង្សាទាំងនៅក្នុងគ្រួសារ និងអំពើហិង្សានៅកន្លែងធ្វើការផងដែរ ដោយសារតែការកកស្ទះចរាចរណ៍ធ្វើឱ្យយើងមានភាពមួរម៉ៅ និងអាចធ្វើការសម្រេចចិត្តខុសក្នុងកិច្ចការផ្សេងៗ»។
ទោះយ៉ាងណា លោកថា នៅមិនទាន់មានតួលេខផ្លូវការពីចំនួននៃការខាតបង់សេដ្ឋកិច្ច ដែលបណ្តាលមកពីការកកស្ទះចរាចរណ៍នៅឡើយទេ។
គិតត្រឹមខែធ្នូ ឆ្នាំ ២០១៩ យានយន្តក្នុងរាជធានីភ្នំពេញមានរថយន្តចំនួន ៥០៨,១៤៣ គ្រឿង និងទោចក្រយានយន្តចំនួន ១,៩៦៦,៣២២ គ្រឿង។ នេះបើយោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើគណនីហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០។
បើតាមលោក គី សេរីវឌ្ឍន៍ ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍គួរតែមានរំដោះចិញ្ចើមផ្លូវ តាមរយៈការបញ្ឈប់ការលក់ដូរ និងចតយានយន្តលើចិញ្ចើមផ្លូវ បង្កើនចំណតសម្រាប់យានយន្ត បង្កើនការរឹតបន្តឹងច្បាប់ចរាចរណ៍ និងផ្តល់បណ្ណបើកបរដោយភាពត្រឹមត្រូវ។
លោក ហឿ សេធុល អ្នកជំនាញខាងចិត្តវិទ្យា និងជាប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត លើកឡើងថា អ្នកដំណើរដែលស្ថិតក្នុងការកកស្ទះចរាចរណ៍ មានទំនោរបំពានច្បាប់ចរាចរណ៍ខ្ពស់ តាមរយៈការបង្កើនល្បឿនយានយន្ត នៅពេលដែលពួកគេចេញផុតពីតំបន់កកស្ទះ។ លោកបន្តថា ការកកស្ទះចរាចរណ៍ធ្វើឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយា ចរិត និងអារម្មណ៍របស់អ្នកបើកបរ ដែលធ្វើឱ្យប៉ះពាល់ដល់ការងារ ទំនាក់ទំនងសង្គម និងគ្រួសារ។
អ្នកជំនាញផ្នែកចិត្តវិទ្យារូបនេះបានថ្លែងបន្ថែមថា ប្រសិនបើអ្នកបើកបរឆ្លងកាត់ស្ថានភាពកកស្ទះចរាចរណ៍នេះជារៀងរាល់ថ្ងៃ នោះភាពតានតឹងផ្លូវចិត្ត និងភាពតានតឹងផ្នែកសង្គមរបស់ពួកគេ ក៏កាន់តែធ្ងន់ធ្ងរ ហើយគ្រោះថ្នាក់ចរាចរណ៍ក៏នឹងកើនឡើងផងដែរ។
«បើសិនជាយើងមិនរកវិធីសាស្រ្តក្នុងការដោះស្រាយរវាងចន្លោះ ខ្ញុំទុកពេលថា ១០ ឆ្នាំចុះ បើសិនជាយើងរកវិធីសាស្រ្តក្នុងការដោះស្រាយ ទាក់ទងទៅនឹងចរាចរណ៍ហ្នឹងអត់បានទេ វាអាចនឹងរួមចំណែកធ្វើឱ្យធនធានរបស់មនុស្សយើង ធនធានរបស់ប្រជាជនយើងវា Low productivity [ផលិតភាពទាប] ជាពិសេសអ្នកនៅទីក្រុង ប្រឈមមុខនឹងស្ត្រេស ប្រឈមមុខនឹងភាពតានតឹងច្រើន»។
កន្លងមក កម្ពុជាបានដាក់អនុវត្តយន្តការជាច្រើន ដើម្បីដោះស្រាយបញ្ហាកកស្ទះនេះ។ ក្នុងនោះមានដូចជា ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុបសំខាន់ៗ ការសាងសង់ស្ពានអាកាសបន្ថែមពីលើផ្លូវដែលមានស្រាប់ ការហាមមិនឱ្យចតលើផ្លូវមួយចំនួន ការបំពាក់ភ្លើងស្តុបវ័យឆ្លាត និងការដាក់ឱ្យដំណើរការសេវាកម្មរថយន្តក្រុងសាធារណៈជាដើម។ ក៏ប៉ុន្តែ យន្តការទាំងនោះត្រូវបានគេមើលឃើញថា នៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ ខណៈចំនួនអ្នកបើកបរនិងយានយន្តនៅលើដងផ្លូវនីមួយៗ ក្នុងរាជធានីនេះ បន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោក គង់ រតនៈ អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោកបានបកស្រាយថា មានកត្តាធំៗបី ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍នេះដូចជា កំណើនយានយន្ត ឥរិយាបថរបស់អ្នកបើកបរ និងកង្វះចំណតសាធារណៈ។
លោក គង់ រតនៈ បានថ្លែងបន្ថែមថា ដំណោះស្រាយសម្រាប់ការកកស្ទះចរាចរណ៍អាចធ្វើឡើងបាន លុះត្រាតែមានការចូលរួមពីអ្នកបើកបរផ្ទាល់ និងពីរដ្ឋាភិបាល។
«វិធានការក្នុងរយៈពេលខ្លី គឺគាត់ត្រូវតែកំណត់គោលដៅកន្លែងដែលស្ទះ ហើយឱ្យមន្រ្តីសមត្ថកិច្ចគាត់ទៅជួយសម្រួល ប្រសើរជាងទៅចាប់។ ដូចប្រជាពលរដ្ឋគាត់បានរអ៊ូរទាំកន្លងមក គាត់ថា ពេលដែលរឹតបន្តឹងចរាចរណ៍ គឺមានមុខសមត្ថកិច្ច ប៉ុន្តែនៅពេលដែលស្ទះ គឺអត់មានទេ។ ហើយទី ២ សូមឱ្យរដ្ឋាភិបាលគួរមានកញ្ចប់សិក្សាថា តើគួរដោះស្រាយ និងសម្រួលខាងផ្នែកវិស្វកម្មបែបណា ដើម្បីកុំឱ្យស្ទះហ្នឹងនៅតែបន្តទៀត»។
លោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ បានប្រាប់ VOA ថា នៅមុនពេលជំងឺកូវីដ១៩ រាលដាល ពោលគឺមុនឆ្នាំ ២០២០ ស្ថានភាពកកស្ទះចរាចរណ៍គឺមានភាពធ្ងន់ធ្ងរ ប៉ុន្តែលោកថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នេះ រាជធានីភ្នំពេញមិនមានការកកស្ទះខ្លាំងនោះទេ។ ទោះយ៉ាងណា លោកថា រដ្ឋបាលសាលារាជធានីភ្នំពេញបាននិងកំពុងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះជាបន្តបន្ទាប់ផងដែរ។
«បញ្ហានេះ គឺរាជធានីភ្នំពេញបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈបន្ថែម ដើម្បីដោះស្រាយបញ្ហាកកស្ទះ។ ដូចយើងឃើញហើយថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីធ្វើស្ពានអាកាស សូម្បីកន្លែងដែលមានភាពស្មុគស្មាញ យើងមានច្បាប់ចរាចរណ៍ជាច្រើន។ ហើយទាំងក្មួយឯង ទាំងប្រជាពលរដ្ឋយើងក៏បានទទួលផលពីការអភិវឌ្ឍធ្វើស្ពានអាកាសមួយចំនួននៅទីក្រុងភ្នំពេញផងដែរ។ ឥឡូវយើងខិតខំធ្វើបន្ថែមទៀត ដើម្បីដោះស្រាយ»។
កាលពីខែឧសភា ឆ្នាំ ២០១៩ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ដើម្បីកាត់បន្ថយការកកស្ទះ ក្រសួងគ្រោងនឹងរៀបចំដាក់ផ្លូវមួយចំនួនឱ្យធ្វើដំណើរឯកទិស ផ្លូវខ្លះទៀតហាមមិនឱ្យរថយន្តចត និងផ្លូវខ្លះទៀតប្រើសម្រាប់តែរថយន្តក្រុងសាធារណៈប៉ុណ្ណោះ។
ទោះយ៉ាងណា រាជធានីភ្នំពេញ ជាពិសេសអ្នកធ្វើដំណើរជាប្រចាំក្នុងទីក្រុងដ៏ធំមួយនេះ នឹងមិនទាន់ស្រាកស្រាន្តពីបញ្ហាកកស្ទះចរាចរណ៍ដ៏ស្មុគស្មាញនេះនៅឡើយទេ ហើយរាល់ថ្ងៃ អ្នកបើកបរខ្លះនៅតែបង្ហោះសាររអ៊ូរទាំលើបណ្តាញសង្គម រាល់ពេលដែលពួកគេស្ថិតក្នុងស្ថានភាពកកស្ទះចរាចរណ៍ម្តងហើយម្តងទៀត៕