ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្វីលីពីន ពង្រីក​ការរឹតបន្តឹង​ប្រឆាំង​ជំងឺ​កូវីដ១៩ នៅ​តំបន់​ជុំវិញ​ទីក្រុង​ម៉ានីល


រូបឯកសារ៖ ប្រជាជន​ហ្វីលីពីន​ពាក់​ម៉ាស់ និង​របាំង​ការពារ​មុខ​សម្រាប់​ការពារ​ជំងឺ​កូវីដ១៩ ដើរ​តាម​ផ្សារ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ប្រជាជន​ហ្វីលីពីន​ពាក់​ម៉ាស់ និង​របាំង​ការពារ​មុខ​សម្រាប់​ការពារ​ជំងឺ​កូវីដ១៩ ដើរ​តាម​ផ្សារ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។

ប្រទេស​ហ្វីលីពីន នឹងពង្រីក​ការរឹត​បន្តឹង​លើ​វិធានការ​ប្រឆាំងជំងឺ​កូវីដ១៩ នៅ​ក្នុង​ទីក្រុង​ម៉ានីល​ចាប់​ពី​ថ្ងៃ​ពុធ​ស្អែក​នេះ​តទៅ ដោយ​រួមបញ្ជូល​មនុស្ស​ជាង​១១​លាន​នាក់​ដែល​រស់​នៅ​ជុំវិញ​ទីក្រុង​ម៉ានីល ខណៈពេល​ដែល​ករណី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ កំពុង​ហក់​ឡើង​ខ្ពស់នៅ​ក្នុងតំបន់​នេះ។ នេះ បើ​តាម​ការឲ្យ​ដឹង​របស់​រដ្ឋាភិបាល​ហ្វីលីពីន ​ហើយ​ត្រូវ​បានរាយការណ៍​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន AFP។

ការឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​ហក់​ឡើង​ខ្ពស់ក្នុង​រយៈ​ពេល​ពីរ​ខែ​នេះ​នៅ​ក្នុង​ខែមករា​ ហើយ​ក្រសួង​សុខាភិបាល​ហ្វីលីពីន ​បាន​ព្រមានពីករណី​ឆ្លងកាន់​តែ​ខ្ពស់​ថែម​ទៀតនៅ​ក្នុង​ថ្ងៃ​ខាង​មុខ​ ក្រោយ​ពី​ការរកឃើញនៃ​ការឆ្លង​ក្នុង​ស្រុក​ជា​ច្រើន​ករណីនៃ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង​ដែល​មាន​ការឆ្លងយ៉ាងលឿន​រហ័ស​នោះ។

ខេត្ត Bulacan ខេត្ត Cavite និង​ខេត្ត Rizal ដែល​នៅ​ជុំវិញ​ទីក្រុង​ម៉ានីល ​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ព្រមាន​ទី៣​ខ្ពស់បំផុត​ ដោយសារ​តែ​មាន​ការហក់​ឡើង​ខ្លាំងនៃ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩នោះ។ នេះ​ បើតាម​អ្នក​នាំពាក្យ​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក​ Karlo Nograles ដែល​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយនៅ​ថ្ងៃ​អង្គារ​នេះ។

នៅ​ក្រោមការ​រឹតបន្តឹង​ថ្មីនេះដែលនឹង​ត្រូវ​អនុវត្ត​រហូត​ដល់​ពាក់​កណ្តាលខែ​មករា​នេះ ពលរដ្ឋ​ហ្វីលីពីន​ដែលមិន​បាន​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូវីដ១៩ ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន លើក​លែង​តែត្រូវ​ចេញ​ទៅ​ទិញអ្វី​ដែល​ចាំបាច់​ ឬ​ចេញ​ទៅ​ហាត់​ប្រាណ។

ភោជនីយដ្ឋាន ឧទ្យាន​សាធារណៈ ព្រះវិហារ​គ្រឹស្តសាសនា​ និង​ហាង​សំអាង នឹង​ត្រូវ​អនុញ្ញាតឲ្យ​ដំណើរ​ការក្នុងកម្រិតទាប ​ហើយ​ថ្នាក់​រៀនផ្ទាល់​ និង​ការ​លេង​កីឡា ត្រូវ​បានផ្អាកបណ្តោះ​អាសន្ន។

បទបញ្ជា​នេះ​ ត្រូវ​បានដាក់​ចេញមួយ​ថ្ងៃ​ បន្ទាប់​ពី​រដ្ឋធានី​ម៉ានីល​ស្ថិត​ក្នុងការព្រមានកម្រិត៣។

ពលរដ្ឋរស់​នៅ​ក្នុង​តំបន់​ក្រុង​ម៉ានីល​ប្រមាន៧០ភាគរយ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​រួច​ហើយ​ ប៉ុន្តែ​ពលរដ្ឋ​តិច​តិច​ជាង​ពាក់​កណ្តាល​នៅ​ទូទាំង​ប្រទេស ​ទើប​តែ​បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូស​តែ​ប៉ុណ្ណោះ។ នេះ ​បើ​យោង​ទៅ​លើ​ទិន្នន័យ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​នោះ។

លោក​ស្រី Rosario Vergeire អនុ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​ប្រាប់​ទូរទស្សន៍​ CNN ក្នុង​ប្រទេស​ហ្វីលីពីន​ថា «យើង​ធ្វើការ​ប៉ាន់ស្មាន​ជា​បថម។ ការសន្និដ្ឋាន​នោះ​ គឺ​ថា​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង បាន​ឆ្លងលឿន​ជាង​វីរុស​ដែលតា​៨ដង ហើយ​ចំនួន​អ្នក​ឆ្លង នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅចុង​ខែ​មករា​នេះ»។

លោក​ស្រី​បន្ថែម​ទៀត​ថា «ចំនួន​អ្នក​ឆ្លងវីរុស​អូមីក្រុង នឹង​កើនឡើង​ច្រើនជាង​ចំនួន​ដែល​យើង​បាន​ឃើញការ​ឆ្លង​ដោយ​វីរុស​ដែលតា»។

ហ្វីលីពីនរហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ជាង ២លាន ​៨សែន​នាក់​និង​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ជាង៥ម៉ឺន​ ១ពាន់នាក់៕

XS
SM
MD
LG