ប្រទេសហ្វីលីពីននិងចិនហាក់ដូចជាពិបាកនឹងរកដោះស្រាយលើជម្លោះពួកគេពីការទាមទារពីដែនដីនានានៅសមុទ្រចិនខាងត្បូង។ បន្ទាប់ពីទស្សនាប្រទេសចិនកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសហ្វីលីពីន មានប្រសាសន៍កាលពីថ្ងៃចន្ទ័ថា ប្រទេសរបស់គេមានបំណងនឹងលើកយកការទាមទារនេះឲ្យតុលាការអង្គការសហប្រជាជាតិដោះស្រាយ។
ប្រទេសហ្វីលីពីនបានតវ៉ាពីការប្រឈមអាវុធជាមួយចិនយ៉ាងហោចណាស់៧ដងនៅក្នុងដែនដីដែលហ្វីលីពីននិយាយថាពិតជាដែនដីរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ លោករដ្ឋមន្រ្តីការបរទេស ហ្វីលីពីន Del Rosario មានប្រសាសន៍ថាប្រទេសចិននៅតែប្រកាន់គោលជំហរថាគ្មានការរំលោភកើតឡើងទេ។ លោកមានប្រសាសន៍ថាលោកបានប្រាប់មន្ត្រីចិនជាច្រើនថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីការពារខ្លួនតាមមូលដ្ឋានច្បាប់អន្តរជាតិ។
«យើងសួរក្រុមមន្រ្តីចិនថាតើពួកគាត់មានសុខចិត្តធ្វើដូចយើងដែរ ហើយ យើងក៏បានស្នើថាវេទិកាសមស្របមួយនោះអាចជាតុលាការអន្តរជាតិស្តីពីច្បាប់នៃដែនសមុទ្រ។ យើងស្នើថា យើងទាំងពីរភាគីទៅជួបគ្នានៅតុលាការអន្តរជាតិស្តីអំពីច្បាប់ដែនសមុទ្រ។ ការឆ្លើយតប? ខ្ញុំមិនច្បាស់ទេថាមានការឆ្លើយតបមួយទេ»។
ប្រទេសហ្វីលីពីនបានទាមទារឲ្យប្រទេសចិនបានប្រកាន់ខ្ជាប់នូវសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិលើច្បាប់ស្តីអំពីសមុទ្រដែលផ្តល់ឲ្យប្រទេសនានានូវតំបន់សេដ្ឋកិច្ចចម្ងាយ២០០ ម៉ាលពីតំបន់ដីគោករបស់ពួកគេ។ ប្រទេសហ្វីលីពីនបានឲ្យដឹងថា ការលុកលុយរបស់ចិនក្នុងពេលថ្មីៗនេះគឺធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន។ ប្រទេសចិនបានប្រកាន់ថាខ្លួនមានអធិបតេយ្យភាពលើដែនដីនៅទូទាំងសមុទ្រចិនខាងត្បូងអស់ពេលជាច្រើនសតវត្សរ៍មកហើយ។
តំបន់ជម្លោះSpratlys ដែលគេជឿថាមានអណ្តូងប្រេងនិងឧស្ម័នយ៉ាងច្រើននោះត្រូវបានប្រទេសចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយនេ និងតៃវ៉ាន់បានទាមទារផ្នែកទាំងអស់ឬផ្នែកខ្លះ។
នៅក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃច័ន្ទ លោក Del Rossario មានប្រសាសន៍ថាលោកនៅតែសង្ឃឹមថា ទោះជាមានភាពតានតឹងអំពីតំបន់ជម្លោះនោះក៏ដោយក៏ការទាក់ទងជាមួយប្រទេសចិន នឹងមានសភាពធម្មតាជាងមុន។ លោកមានប្រសាសន៍ថា លោកសង្ឃឹមថានឹងលែងមានការប៉ះទង្គិចគ្នារវាងនាវាហ្វីលីពីននិងនាវាយាមល្បាតចិនទៀតហើយ។
«យើងចង់បានដំណោះស្រាយសន្តិភាព។ យើងចង់ដោះស្រាយតាមមូលដ្ឋានច្បាប់អន្តរជាតិ។ យើងចង់ឲ្យមានវិធីសាស្រ្តដោះស្រាយពហុភាគីមួយ ហើយយើងមានសេចក្តីប្រកាសពីក្រមសីលធម៌របស់ភាគីទាំងអស់នៅសមុទ្រចិនខាងត្បូងដើម្បីដោះស្រាយបញ្ហានេះ»។
លោក Del Rossario មានប្រសាសន៍ថាប្រទេសចិននៅតែប្រកាន់ខ្ជាប់ថា ប្រទេសចិនពេញចិត្តនឹងដោះស្រាយបញ្ហាជម្លោះព្រំដែនមួយទល់នឹងមួយតាមរយៈការពិភាក្សាទ្វេភាគីដោយគ្មានទាក់ទងនឹងភាគីផ្សេងទៀតដូចជាតុលាការអង្គការសហប្រជាជាតិទេ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហ្វីលីពីនទៅកាន់ប្រទេសចិនបានត្រួសត្រាយផ្លូវដល់ទស្សនកិច្ចរបស់ប្រធានាធិបតី Benigno Aquino ដែលរំពឹងថានឹងធ្វើឡើងនៅចុងខែសីហាឬដើមខែកញ្ញា។
ប្រែសម្រួលដោយ ហ៊ុយ សម្ភស្ស