កាលពីថ្ងៃសុក្រ ប្រទេសហ្វីលីពីនបានថ្កោលទោសប្រទេសចិនដែលគេថាបានវាយប្រហារលើអ្នកនេសាទវៀតណាមនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
វៀតណាមបានចោទប្រកាន់ «កងកម្លាំងអនុវត្តច្បាប់របស់ចិន» ថាបានប្រើដំបងដែកវាយដំលើអ្នកនេសាទវៀតណាម ១០ នាក់និងប្លន់ត្រីនិងឧបករណ៍នេសាទពីអ្នកនេសាទទាំងនោះដែលមានតម្លៃរាប់ពាន់ដុល្លារកាលពីថ្ងៃអាទិត្យនៅជិតប្រជុំកោះ Paracel។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានទទួលស្គាល់ថាពិតជាមានឧប្បត្តិហេតុមួយកើតឡើងនៅប្រជុំកោះ Paracel នោះ ប៉ុន្តែបានច្រានចោលការអះអាងរបស់វៀតណាមអំពីរឿងរ៉ាវនេះ។
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនលោក Eduardo Ano បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងថ្កោលទោសខ្លាំងក្លាចំពោះសកម្មភាពហិង្សានិងខុសច្បាប់របស់អាជ្ញាធរដែនសមុទ្រចិនដែលធ្វើលើអ្នកនេសាទវៀតណាមនៅជិតប្រជុំកោះ Paracel កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤»។
លោកបានបញ្ជាក់ថា នោះគឺជា «ការវាយប្រហារដោយគ្មានហេតុផលត្រឹមត្រូវ» ដែលជា «សកម្មភាពគួរឱ្យបារម្ភដែលមិនគួរមាននៅក្នុងទំនាក់ទំនងអន្តរជាតិ»៕
វេទិកាបញ្ចេញមតិ