អ្នកបោះឆ្នោត នៅក្នុងប្រទេសប៉េរូ កំពុងជ្រើសរើសប្រធានាធិបតីថ្មីមួយនៅថ្ងៃអាទិត្យនេះ។
ការស្ទង់មតិជាសាធារណៈចុងក្រោយបំផុត បង្ហាញថា បេក្ខនារី Keiko Fujimori និងបេក្ខជន Pedro Kuczynski មានការគាំទ្រប្រកៀកប្រកិតគ្នានៅក្នុងការបោះឆ្នោតនេះ។
បេក្ខនារី Fujimori វ័យ៤១ឆ្នាំ គឺជាកូនស្រីរបស់អតីតប្រធានាធិបតីដែលមានឈ្មោះអាស្រូវគឺលោក Alberto Fujimori ។ អតីតប្រធានាធិបតីរូបនេះ កំពុងជាប់ទោស២៥ឆ្នាំ ពីបទរំលោភសិទ្ធិមនុស្សនិងការប្រព្រឹត្តអំពើពុករលួយក្នុងអាណត្តិរបស់លោក។
ចំណែក បេក្ខជន Kuczynski វិញ គឺជាអតីតសេដ្ឋវិទូនៃធនាគារពិភពលោក។ លោក មានអាយុ៧៧ឆ្នាំ។
បេក្ខភាពទាំងពីរ សុទ្ធតែជាអ្នកអភិរក្សនិយមលម្អៀងស្តាំ។ លោក Kuczynski បានគាំទ្រ លោកស្រី Fujimori នៅពេលដែលបេក្ខនារីរូបនេះ បានឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីកាលពីឆ្នាំ២០១១ ទល់នឹងប្រធានាធិបតី ដែលនឹងចេញពីតំណែងគឺលោក Ollanta Humala ។
បេក្ខនារី Fujimori បាននាំមុខនៅក្នុងការស្ទង់មតិជាសាធារណៈថ្មីបំផុត ប៉ុន្តែ រឿងអាស្រូវជុំវិញការចោទប្រកាន់ទាក់ទងនឹងការលាងលុយកង្វក់ ប្រឆាំងនឹងជំនួយការជាន់ខ្ពស់ម្នាក់របស់លោកស្រី បានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់បេក្ខនារីរូបនេះ ដោយបានធ្វើឲ្យការប្រកួតនេះ ងាយទៅរកបទពិសោធរបស់លោកស្រី កាលពីឆ្នាំ២០១១ ដែលនៅពេលនោះ បេក្ខនារីរូបនេះ បានចាញ់លោក Humala តែបន្តិចប៉ុណ្ណោះ។
ជាងនេះទៅទៀត ពលរដ្ឋប៉េរូជាច្រើន បានប្តេជ្ញាថា នឹងមិនបោះឆ្នោតឲ្យនរណាក៏ដោយ ដែលជាប់ពាក់ព័ន្ធនឹងឪពុករបស់លោកស្រី។
លោកស្រី Fujimori បានព្យាយាម ដាក់ខ្លួនឯងនៅឲ្យឆ្ងាយពីការគ្រប់គ្រងតាមបែបផ្តាច់ការរបស់ឪពុករបស់លោកស្រី នៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០។
ប្រសិនបើលោកស្រី Fujimori ឈ្នះការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ លោកស្រី នឹងក្លាយជាប្រធានាធិបតីស្រ្តីដំបូងគេរបស់ប្រទេសប៉េរូ៕