នៅក្នុងនយោបាយអាមេរិក លោក រិក ភែរី (Rick Perry) អភិបាលរដ្ឋ តិចសាស់ (Texas) ដែលទើបតែបានចូលក្នុងការប្រកួតតំណែងប្រធានាធិតីនៃគណបក្សសាធារណរដ្ឋមានឥទ្ធិពលយ៉ាងខ្លាំងលើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី។ លោក ភែរី ក៏បានការពារសេចក្តីអធិប្បាយចម្រួងចម្រាសមួយចំនួនដែលលោកបានធ្វើអំពីនាយកធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកដែរ។
លោក ភែរី បាននាំយកយុទ្ធនាការឃោសនាដើម្បីតំណែងប្រធានាធិបតីរបស់លោកទៅរដ្ឋញូហាំស្ស៊ើរ (New Hampshire) ដែលធ្វើការបោះឆ្នោតសាកល្បងមុនគេ ហើយជាថ្មីម្តងទៀត លោកបាននិយាយរិះគន់នយោបាយសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ លោកភែរីថ្លែងថា៖
«លោកប្រធានាធិបតី សកម្មភាពទទួលបានផលជាងពាក្យសម្តី ហើយសកម្មភាពរបស់ខ្ញុំក្នុងឋានៈជាអភិបាលរដ្ឋ កំពុងជួយបង្កើតការងារនៅក្នុងប្រទេសនេះ។ សកម្មភាពរបស់លោកប្រធានាធិបតីកំពុងតែបំបាត់ការងារនៅក្នុងប្រទេសនេះ»។
នៅក្នុងសេចក្តីថ្លែងរបស់លោកនៅរដ្ឋ ញូហាំស្ស៊ើរ លោក ភែរី ក៏បានសម្តែងមន្ទិលសង្ស័យចំពោះការឡើងកំដៅសាកលលោកដែរ ហើយនិយាយថា លោកមិនគាំទ្រកិច្ចព្រមព្រៀងសម្រុះសម្រួលគ្នាដើម្បីតម្លើងកម្រិតអតិបរិមានៃប្រាក់បំណុលជាតិ ដែលលោកប្រធានាធិបតីនិងសមាជិកសភានៃគណបក្សសាធារណរដ្ឋបានយល់ព្រមកាលពីខែមុននោះទេ។
លោក ភែរី ក៏បានត្រូវសួរអំពីសេចក្តីអត្ថាធិប្បាយចម្រួងចម្រាសដែលលោកបានធ្វើកាលពីមួយថ្ងៃមុននៅរដ្ឋ អាយអួវ៉ា ដែរ ដោយលោកបានរិះគន់លោក បិន បឺរណាន់គី (Ben Bernanke) នាយកធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក ដោយពោលថា៖
«យើងនឹងពិន័យលោកយ៉ាងធ្ងន់នៅក្នុងរដ្ឋតិចសាស់។ ខ្ញុំចង់និយាយថា ការបោះពុម្ពលុយបន្ថែមដើម្បីលេងល្បែងនយោបាយនៅក្នុងកាលៈទេសៈពិសេសនៃប្រវត្តិសាស្រ្តរបស់អាមេរិកគឺស្ទើរតែជាអំពើដ៏មានគ្រោះថ្នាក់ និងក្បត់ជាតិ»។
ធនាគារកណ្តាលបានបញ្ចេញលុយជាច្រើនពាន់លានដុល្លារបញ្ចូលទៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះដើម្បីជំរុញឲ្យសេដ្ឋកិច្ចនិងការងារបានលូតលាស់ឡើងវិញ។
លោក ភែរី មិនបាននិយាយឡើងវិញ ឬដកថយពីសេចក្តីអធិប្បាយរបស់លោកនៅរដ្ឋញូហាំស្ស៊ើរ ទេ ហើយលោកបាននិយាយកំប្លែងជាមួយអ្នកទៅស្តាប់លោកថា សេចក្តីអត្ថាធិប្បាយរបស់លោកបានធ្វើឲ្យលោកមានការលំបាក។
សេចក្តីអត្ថាធិប្បាយរបស់លោកភែរី មិនគ្រាន់តែធ្វើឲ្យពួកប្រជាធិបតេយ្យខឹងសម្បាប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកសាធារណរដ្ឋសំខាន់ៗមួយចំនួនក៏ខឹងដែរ ដែលក្នុងនោះរួមមានទាំងលោក ខាល រ៉ូវ (Karl Rove)។ អតិតទីប្រឹក្សាកំពូលរបស់លោកប្រធានាធិបតី ចច ដិបបិលយូ ប៊ុស្ស (George W. Bush) បានប្រាប់ទូរទស្សន៍ ព័ត៌មាន ហ្វក់ស៍ (Fox News)ថា សេចក្តីអត្ថាធិប្បាយរបស់លោក ភែរី ធ្វើឲ្យលោកមិនសាកសមជាប្រធានាធិបតីទេ។
ការចូលប្រកួតដើម្បីតំណែងប្រធានាធិបតីរបស់លោក ភែរី បានធ្វើឲ្យអ្នកអភិរក្សនិយមមានការរំភើបចិត្ត ហើយហាក់ដូចជាមានប្រៀបជាបេក្ខជនកំពូលពីររូបទៀតនៃគណបក្សសាធារណរដ្ឋនៅក្នុងការស្ទង់មតិសាធារណៈ គឺលោក មីត្ត រ៉មនី (Mitt Romney) អតីតអភិបាលរដ្ឋ ម៉ាស្សាជូស្ស៊ែត្តស៍ (Massachusetts) និងលោកស្រី មីស្ស៊ែល បាកម៉ាន់ (Michele Bachman) អ្នកតំណាងរាស្រ្តពីរដ្ឋ មីន្នេសូតា (Minnesota)។
ក្នុងឋានៈជាអភិបាលរដ្ឋ តិចសាស់ អស់រយៈពេលជាយូរមកហើយ លោក ភែរី ធ្លាប់បានធ្វើសេចក្តីថ្លែងដ៏ចម្រូងចម្រាសជាច្រើនលើក។ ក៏ប៉ុន្តែរបៀបនិយាយដោយចំៗរបស់លោកបានធ្វើឲ្យលោកមានការនិយមច្រើនក្នុងចំណោមសកម្មជនក្រុម ធី ផាធី (Tea Party) ដែលខំស្វះស្វែងរកការកាត់បន្ថយទំហំរបស់រដ្ឋាភិបាលសហព័ន្ធ។ លោក ភែរីថ្លែងថា៖
«ហើយខ្ញុំនឹងសន្យាជាមួយលោកអ្នកយ៉ាងដូច្នេះ ថាខ្ញុំនឹងខំធ្វើការរាល់ថ្ងៃ ឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឲ្យរដ្ឋធានីវ៉ាស៊ីនតោនឥតសំខាន់ទាល់តែសោះនៅក្នុងជីវិតរស់នៅរបស់លោកអ្នក»។
លោកប្រថានាធិបតី អូបាម៉ា បានប្រាប់បណ្តាញទូរទស្សន៍ ស៊ីអិនអិន (CNN) ថា បេក្ខជនប្រធានាធិបតីគួរតែប្រយ័ត្នប្រយែងជាងនេះបន្តិចអំពីអ្វីដែលពួកគេនិយាយនៅក្នុងយុទ្ធនាការឃោសនាជាតិ ក៏ប៉ុន្តែលោកបានបដិសេធមិនព្រមរិះគន់លោក ភែរី ដោយផ្ទាល់ចំពោះសេចក្តីអត្ថាធិប្បាយរបស់លោកអំពីធនាគារកណ្តាលទេ ដោយគ្រាន់តែថា លោកទើបនឹងចូលក្នុងការប្រកួតបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សមាជិកគណបក្សប្រជាធិបតេយ្យប្រញាប់ប្រញាល ភ្ជាប់លោក ភែរី ទៅនឹងចលនាក្រុម ធី ផាធី (Tea Party) ដែលកំពុងត្រូវបានឃើញប្រជាប្រិយភាពរបស់ក្រុមនេះធ្លាក់ចុះក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
លោក រ៉បឺត ហ្គិប (Robert Gibbs) អតីតអ្នកនាំពាក្យប្រធានាធិបតីលោក អូបាម៉ា បាននិយាយនៅក្នុងកម្មវិធីថ្ងៃនេះ (Today Program) របស់បណ្តាញទូរទស្សន៍ អិនប៊ីស៊ី (NBC)។
«ក្រុមសាធារណរដ្ឋត្រូវតែជ្រើសរើស។ តើពួកគេនឹងធ្វើសច្ចាប្រណិធានចំពោះក្រុមធី ផាធី ឬក៏ពួកគេនឹងធ្វើការដើម្បីសហរដ្ឋអាមេរិក។ ខ្ញុំគិតថា នេះគឺជាសំណួរដ៏សំខាន់បំផុតនៅពេលដែលសមាជិករដ្ឋសភាត្រឡប់មកធ្វើការវិញ»។
អ្នកវិភាគខ្លះជឿថា លក្ខណៈនិយាយឥតសំច័យរបស់លោក ភែរី នឹងជួយលោកនៅក្នុងការប្រកួតឲ្យបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ពីព្រោះអ្នកបោះឆ្នោតជាច្រើនរបស់គណបក្សនេះចង់បានបេក្ខជនអភិរក្យនិយមម្នាក់ដែលអាចឈ្នះលោក អូបាម៉ា បាននៅក្នុងឆ្នាំ ២០១២។
អ្នកវិភាគនៃបណ្តាញទូរទស្សន៍ អេប៊ីស៊ី (ABC) លោក ម៉ាធ្យូ ដោវដ៍ (Matthew Dowd) និយាយថា បេក្ខជននិយាយឥតសំច័យ ដូចជាលោក រិក ភែរី និង លោកស្រី មីស្ហែល បាកម៉ាន់ កំពុងធ្វើឲ្យអ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋមានការរំភើបចិត្ត។
«នេះគឺជាក្រុមអ្នកបោះឆ្នោតនៃគណបក្សសាធារណរដ្ឋដែលកំពុងតែខឹងសម្បា ហើយពួកគេមិនចង់បានបេក្ខជនចិត្តត្រជាក់ទេ។ នេះគឺជាក្រុមអ្នកបោះឆ្នោតដែលពិតជាចង់បានការរំជើបរំជួល»។
គូប្រជែងខាងគណបក្សសាធារណរដ្ឋនឹងចូលរួមនៅក្នុងការពិភាក្សាដេញដោលយោបល់គ្នារវាងបេក្ខជន និងយុទ្ធនាការឃោសនានៅក្នុងរដ្ឋដែលធ្វើការបោះឆ្នោតសាកល្បងដំបូងៗគេ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មុនពេលដែលដំណើរការតែងតាំងបេក្ខជននឹងចាប់ផ្តើមធ្វើនៅក្នុងរដ្ឋ អាយយ៉ូវ៉ា និងរដ្ឋ នូ ហាំស្ហឺរ នៅដើមឆ្នាំក្រោយ៕
ប្រែសម្រួដោយកែ យ៉ាន