ប្រទេសរុស្ស៊ីបានបង្ហោះនូវអ្វីដែលទំនងជាអាវុធអវកាសចូលទៅក្នុងគន្លងគោចរដែលផ្កាយរណបរបស់សហរដ្ឋអាមេរិកកំពុងស្ថិតនៅ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់ក្រសួងការពារជាតិអាមេរិក។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ទោ Pat Ryder នៃកងទ័ពជើងអាកាសបានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃអង្គារថា៖ «រុស្ស៊ីបានបង្ហោះផ្កាយរណបចូលក្នុងគន្លងគោចររបស់ផែនដី ដែលយើងវាយតម្លៃថាអាចជាអាវុធប្រឆាំងនឹងដែនអវកាសដែលអាចមានសមត្ថភាពវាយប្រហារលើផ្កាយរណបផ្សេងទៀតនៅក្នុងគន្លងគោចរទាបនៃផែនដី»។
លោក Ryder បាននិយាយថា «អាវុធប្រឆាំងដែនអវកាស» របស់រុស្ស៊ីដែលបានបង្ហោះកាលពីថ្ងៃទី ១៦ ខែឧសភាត្រូវបានដាក់ឱ្យស្ថិត «នៅក្នុងគន្លងគោចរដែលផ្កាយរណបរបស់រដ្ឋាភិបាលអាមេរិកកំពុងស្ថិតនៅ»។
លោក Ryder បានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តតាមដានស្ថានការណ៍នេះនិងត្រៀមខ្លួនរួចរាល់ក្នុងការការពារផលប្រយោជន៍របស់ខ្លួន។
កាលពីព្រឹកថ្ងៃអង្គារ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាមានបំណងដាក់អាវុធនៅក្នុងដែនអវកាស បន្ទាប់ពីសហរដ្ឋអាមេរិកបានបោះឆ្នោតវេតូប្រឆាំងនឹងសំណើមិនរីកសាយភាយអាវុធរបស់រុស្ស៊ីនៅអង្គការសហប្រជាជាតិ។
រុស្ស៊ីបានបោះឆ្នោតវេតូប្រឆាំងនឹងគំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិកនេះកាលពីខែមុន។ ចំណែកឯសំណើរបស់រុស្ស៊ីវិញត្រូវបានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងរារាំងនៅក្នុងការបោះឆ្នោតកាលពីថ្ងៃចន្ទ៕
វេទិកាបញ្ចេញមតិ