ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វត្ត​ជា​ច្រើន​មិន​ស្វាគមន៍​ក្បួន​ធម្មតាត្រា

  • ហេង រស្មី

លោកសង្ឃកម្ពុជា និមន្ត​កាត់​ផ្លូវ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។
ភ្នំពេញ៖ ក្បួន​ធម្មយាត្រា​រយៈ​ពេល​៦​ថ្ងៃ​កន្លង​មកនេះ​បាន​ដល់​ពាក់​កណ្តាល​ផ្លូវ​ហើយ។ ​ក៏​ប៉ុន្តែ​នៅ​តាម​បណ្តោយ​ផ្លូវធ្វើ​ដំណើរតាម​ខេត្ត​មួយ​ចំនួន​ ​មិន​បាន​អនុញ្ញាត្ត​ឲ្យព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ធម្មយាត្រា​គង់​និង​ស្នាក់​នៅ​ទេ​ ដោយ​សារ​តែ​មាន​បទបញ្ជា​ពី​សម្តេច​ព្រះ​សង្ឃរាជ្យ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ចូល​រួម។​

ជន​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី ​មន្ត្រី​សហជីព ​សកម្មជន​សិទ្ធិ​មនុស្ស​ ព្រះសង្ឃ​ និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ បាន​ចាប់​ផ្តើមធ្វើ​ធម្មយាត្រា​ និង​សិទ្ធិ​យាត្រា​កាល​ពី​អង្គារ៍​ ដោយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើងពីតាមបណ្តា​ខេត្ត​នានា​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ ​ដើម្បី​ ឧទ្ទិស​ដល់​ទិវា​សិទ្ធិ​មនុស្ស​ពិភព​លោក​ថ្ងៃទី​១០​ខែ​ធ្នូ​ខាង​មុខ​នេះ។​

លោក​មឿន តុលា​ មន្ត្រី​មក​ពី​មជ្ឃមណ្ឌល​អប់​រំច្បាប់​សម្រាប់​សហគមន៍បាន​ធ្វើ​ដំណើរ​បាន​ចម្ងាយផ្លូវ​ជាង​១០០​គីឡូម៉ែត្រ​ហើយ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១។ លោក​បាន​និយាយ​ថា​ ប្រជា​ពលរដ្ឋ​នៅ​តាម​ផ្លូវ​បាន​សារទរ​ចំពោះ​ក្បួន​ធម្មយាត្រា។​ ក៏ប៉ុន្តែ​ទាំង​ព្រះ​សង្ឃ​ និង​ប្រជា​ពលរដ្ឋ​ដែល​ចូល​រួម​ធម្មយាត្រា​បាន​ពើប​ប្រទះ​នឹង​ឧបសគ្គ​កន្លែង​ស្នាក់​នៅ​ ពេល​ឈប់​សម្រាក។​

លោក​បាន​បញ្ជាក់​ថា ​វត្ត​អារាម​ជាច្រើន​បាន​ចាក់​សោរ​ និង​មិន​អនុញ្ញាត្ត​ឲ្យព្រះ​សង្ឃ​គង់​នៅ​ទេ ​ដោយ​សារ​តែ​មានការ​ចោទ​ប្រកាន់​ថា​ ក្បួន​ធម្មយាត្រា​នេះ​បម្រើ​ឲ្យ​គណបក្ស​នយោបាយ។​

លោក​និយាយ​ថា៖​ «យើង​ដើរ​មក​មាន​វត្ត​ខ្លះ​អត់​ឲ្យយើង​ស្នាក់​នៅ​ទេ ​ដោយ​គាត់​អះអាង​ថា​ រង​សម្ពាធ​ពី​សំណាក់​មន្ត្រី​សង្ឃជាន់​ខ្ពស់​ ឬក៏​អាជ្ញាធរ​មូល​ដ្ឋាន។​ ក៏ប៉ុន្តែ​ប្រជា​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​គឺ​លោក​ឲ្យកន្លែង​ស្នាក់​នៅ»។​

ក្រុម​អ្នក​ចូល​រួម​ធម្មយាត្រា​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពីខេត្ត​កំពង់ធំ​ ពោធិ៍សាត់​ កំពង់ចាម​ ព្រៃវែង​ ស្វាយរៀង ​កណ្តាល​ កំពង់ស្ពឺ ​តាកែវ ​និង​កំពង់ឆ្នាំង។​

លោក​បូ ពៅ​ ដែល​បាន​ដឹក​នាំ​ព្រះ​សង្ឃ​ប្រមាណ​១៩​អង្គ​ និង​ប្រជា​ពលរដ្ឋ​ប្រមាណ​៤០​នាក់​ ដែល​បាន​ធ្វើ​ដំណើរចេញពី​ខេត្ត​តាកែវ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​ បាន​បញ្ជាក់​ថា ​លោក​ក៏ជួប​ឧបសគ្គ​កន្លែង​ស្នាក់​នៅ​ដែរ។​

លោក​បាន​ឲ្យដឹង​ថា ​អាជ្ញាធរ​និង​ចៅ​អធិការ​វត្ត​មួយ​ចំនួន​បាន​សួរ​រក​លិខិត​បញ្ជាក់​ និង​បានបង្ក​ការ​លំបាក​គ្រប់​បែប​យ៉ាង​ដល់​ក្បួន​ធម្មយាត្រា។

លោក​និយាយ​ថា៖

«យើង​ឃើញ​ថា​ វា​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ពុទ្ធសាសនា​ដោយ​សារ​តែ​ពុទ្ធ​សាសនា​ជាសាសនា​ ដែល​ប្រោស​ ផ្សាយ​មេត្តាធម៌​ដល់​មនុស្ស​សត្វ​ដែល​រង​ទុក្ខ​ ដែល​ជួប​បញ្ហា ​ជួបទុក្ខ​ ហើយ​ដល់​ពេល​យើង​ជួប​ទុក្ខ​យើង​រត់​ទៅ​រក​វត្ត​ តែវត្ត​មិន​ទទួល»។​

​ក្បួន​ធម្មយាត្រា​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ពី​ខេត្ត​ពោធិសាត់​មក​ក្រុង​ភ្នំពេញ ​បាន​បិទ​ផ្លូវ​ចំនួន​ពីរ​លើក ជាការ​តវ៉ា​នឹង​ការ​រើស​អើង​មិន​ឲ្យព្រះ​សង្ឃ​ និង​អ្នក​ចូល​រួម​គង់​ និង​ស្នាក់​នៅ​ក្នុង​វត្ត។​

ព្រះ​តេជព្រះគុណ​ប៊ុន តិញ​ តំណាង​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម​ ដែល​បាន​ដឹក​នាំ​ព្រះ​សង្ឃ​២១​អង្គ​ និង​ប្រជា​ពលរដ្ឋ​ចំនួន​៥០​នាក់​ មាន​សង្ឃដិកា​ថា​ នៅ​តាម​វត្ត​អារាម​នៅ​តែ​មាន​ការ​រើស​អើង​ព្រះ​សង្ឃ​ដូចគ្នា។​

ព្រះ​តេជព្រះគុណ​បាន​បញ្ជាក់​ថា៖​

«គេ​ហៅ​វត្ត​ថ្មី​នៅ​ស្រុក​រលាប្អៀរ។​ យើង​ចូល​ទៅ​សុំ​ស្នាក់​អាស្រ័យ​ឆាន់​នៅ​ក្នុង​វត្ត​ តែ​ខាង​ធម្មការ​គេ​ទូរស័ព្ទ​បញ្ជា​មក​លោក​គ្រូ​ចៅ​អធិការ​ថា​ កុំ​ឲ្យយើង​ចូល​វត្ត​ គ្រាន់​តែ​ចូល​សិង​ ក៏គេមិន​ឲ្យចូល​ដែរ»។​

​វីអូអេ​បានព្យាយាម​ទាក់ទង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​សម្ដេចព្រះ​អគ្គ​មហាសង្ឃ​រាជាធិបតី ​ទេព វង្ស ​សម្ដេច​ព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែ​មិន​អាច​ស្នើបាន​ទេ។​

លោក​មឿន តុលា​បាន​និយាយ​ថា​ ក្បួន​ធម្មយាត្រា​ចំនួន​៦ ​ថ្ងៃ​មក​នេះ​បាន​ទទួល​ពាក្យ​បណ្តឹង​ជាច្រើន​ពីប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ ហើយ​គ្រោង​នឹង​ធ្វើរបាយ​ការណ៍​រួមដើម្បី​ជូន​សមាជិក​សភា​ជាប់​ឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ពិនិត្យ​និងសម្រេច៕​
XS
SM
MD
LG