រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានប្រកាសពីសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីសថា កិច្ចព្រមព្រៀងចុងក្រោយមួយនឹងមិនអាចសម្រេចបានត្រឹមយប់ថ្ងៃសុក្រនេះ តាមការគ្រោងទុកនោះទេ។ លោកថា កិច្ចព្រមព្រៀងនេះនឹងត្រូវពន្យារពេលរហូតដល់ថ្ងៃសៅរ៍ស្អែកនេះ។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Fabius បានប្រកាសបែបនេះកាលពីព្រឹកថ្ងៃសុក្រ ក្រោយពីអ្វីមួយដែលប្រភពព័ត៌មាននានានិយាយថា គឺជាការចរចាដ៏តានតឹងនៅយប់ចុងក្រោយ ក្នុងចំណោមមន្ត្រីមកពី១៩៥ប្រទេស ដែលបានចូលរួមក្នុងសន្និសីទនោះ។
ទោះបីជាមានរបាយការណ៍អំពីការចរចាដ៏លំបាកក៏ដោយ ក៏លោក Fabius បាននិយាយថា បរិយាកាសនៃការចរចានោះ «មានលក្ខណៈល្អប្រសើរ ហើយអ្វីៗមានភាពវិជ្ជមាន» នៅពេលដែលលោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះ។
គំនិតមិនស្របគ្នាធំជាងគេនោះ គឺការដែលថាតើប្រទេសក្រីក្រគួរទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុច្រើនប៉ុណ្ណានៅក្នុងការចំណាយទៅលើវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាសនោះ ហើយថាតើអ្វីទៅជាគោលដៅរយៈពេលវែងសម្រាប់កិច្ចព្រមព្រៀងគ្នានោះ៕