កាលពីថ្ងៃច័ន្ទសុន្ទរកថារបស់លោកនាយករដ្ឋមន្ដ្រីYousuf Raza Gilani នៃប្រទេសប៉ាគីស្ថាន ជូនសភានៃប្រទេសនេះបានជួបប្រទះនឹងការរិះគន់របស់ក្រុមអ្នកវិភាគកិច្ចការប៉ាគីស្ថាន។ពួកគេសួរថា តើពាក្យរបស់លោកនឹងធ្វើឲ្យវិបត្ដិបានធូរស្រាល ដែលបណ្ដាលមកពីការវាយលុករបស់កងកុម្ម៉ងដូស.រ.អ. ដែលសម្លាប់អូសាម៉ាប៊ិនឡាដិនមេដឹកនាំពួកអាល់ខេដាដែរឬទេ។
នៅក្នុងសុន្ទរកថារបស់លោក លោក Gilani ច្រានចោលការអះអាងថាការលុកលុយរបស់ ស.រ.អ.កាលពីអាទិត្យមុន បង្ហាញឲ្យឃើញថា ប្រទេសរបស់លោក ចូលដៃឬគ្មានសមត្ថភាព ដោយបានអនុញ្ញាតឲ្យមេដឹកនាំពួកអាល់ខេដា ពួននៅក្នុងប្រទេសប៉ាគីស្ថាន។ លោកនិយាយថាមនុស្សណាដែលនិយាយបញ្ឆិតបញ្ឆៀងថាអាជ្ញាធរប៉ាគីស្ថាន រួមមានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសនេះផង ចូលដៃជាមួយ ពួកអាល់ខេដាគឺជាមនុស្សដែលមិនស្មោះត្រង់។ លោកបញ្ចេញការគាំទ្ររបស់លោកដល់យោធាហើយនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលលោកនិយាយថាជាសម្បត្ដិរបស់ជាតិ។
ក្រុមអ្នកវិភាគនិយាយថា សេចក្ដីព្រួយបារម្ភធំជាងគេមួយ ចាប់តាំងពីការលុកលុយរបស់ ស.រ.អ.គឺការខ្វះតម្លាភាពរបស់រដ្ឋាភិបាលនៃប្រទេសប៉ាគីស្ថាន។ អ្នកវិភាគជាច្រើននាក់ ដូចលោក Zaid Hussain អ្នកវិភាគនយោបាយម្នាក់ និយាយថារដ្ឋាភិបាលគួរថ្លែងទៅកាន់ពលរដ្ឋប៉ាគីស្ថានឆាប់ជាងនេះ។
«សេចក្ដីថ្លែងការណ៍នៅពេលនេះយឺតពេលជ្រុលហើយ។ ហើយខ្ញុំគិតថាវាគ្មានប្រសិទ្ធិភាពអ្វីទេ»។
ក៏ប៉ុន្ដែក្រុមអ្នករិះគន់និយាយថា មើលទៅទំនងដូចជាលោក Gilani មិនទាំងព្រួយបារម្ភអំពីការថ្លែងការណ៍ទៅកាន់ពលរដ្ឋប៉ាគីស្ថានផង ដោយសុន្ទរកថាភាគច្រើនថ្លែងជាភាសាអង់គ្លេស។
ក្រុមអ្នកសង្កេតប៉ាគីស្ថានដទៃទៀតនិយាយថា ពួកគេចង់ឮ ព័ត៌មានថែមទៀតពីលោកនាយករដ្ឋមន្ដ្រី។ នៅតែមានសំណួរអំពីថាតើមន្ដ្រីរដ្ឋាភិបាលដឹងអ្វីខ្លះ មិនមែនត្រឹមតែអំពីប៊ិនឡាដិនប៉ុណ្ណោះទេ ក៏ប៉ុន្ដែអំពីការលុកលុយរបស់កងកុម្ម៉ង់ដូស.រ.អ. ដែលបានសម្លាប់គាត់នៅទីក្រុង Abbaottabad ដែលស្ថិតនៅដែនដីចូលទៅជ្រៅក្នុងប្រទេសប៉ាគីស្ថានថែមទៀតផង ។ ការលុកលុយនេះបានបណ្ដាលឲ្យមនុស្សជាច្រើននាក់នៅប្រទេសប៉ាគីស្ថានខឹងសម្បារ។ ពួកគេនិយាយថា ការលុកលុយនេះលាតត្រដាងនូវភាពទន់ខ្សោយនៅក្នុងប្រព័ន្ធការពារនៃប្រទេសនេះ ហើយជាការរំលោភបំពានលើអធិបតីភាពជាតិ។
លោកនាយករដ្ឋមន្ដ្រី Gilani ប្រកាសនៅក្នុងសុន្ទរកថារបស់លោកថា ឧត្ដមសេនីយកំពូលម្នាក់នៃកងទ័ពជើងគោកនឹងដឹកនាំការស៊ើបអង្កេតអំពីរឿងអូសាម៉ាប៊ិនឡាដិន។
ក៏ប៉ុន្ដែលោក ឧត្ដមសេនីយចូលនិវត្ដ Talat Masood និយាយថា ការឲ្យយោធាធ្វើ ការស៊ើបអង្កេតបែបនេះ នឹងទំនងដូចជាមិនធ្វើឲ្យមានចម្លើយចំពោះសំណួរផ្សេងៗទេ។ផ្ទុយទៅវិញលោកស្នើឲ្យអ្វីដែលលោកហៅថាក្រុមមនុស្សគួរឲ្យទុកចិត្ដបាន ធ្វើការស៊ើបអង្កេតនេះវិញ។
«គួរមានក្រុមមនុស្សដែលគួរឲ្យយើងទុកចិត្ដបាន ហើយដែលពលរដ្ឋប៉ាគីស្ថានទទួលយកបាន។គឺនៅពេលនោះហើយដែលយើងទទួលយកការរកឃើញរបស់ក្រុមនោះ។ មិនមែនមានន័យថា គ្រាន់តែជារឿងស្វែងរកគណ:កម្មធិការឬ ការស៊ើបអង្កេតនោះទេ ក៏ប៉ុន្ដែយើងចង់បានលទ្ធផល»។
ជាប្រវត្ដិសាស្ដ្រយោធាកាន់កាប់អំណាចពិតប្រាកដនៅក្នុងប្រទេសប៉ាគីស្ថាន ដែលនៅពេលខ្លះ គឺពេលមានអស្ថិរភាព យោធាដណ្ដើមយកអំណាចទាំងស្រុងពីរដ្ឋាភិបាលស៊ីវីល។
អ្នកជំនាញខ្លះព្រមានថា បើរដ្ឋាភិបាល ឬគណបក្សជំទាស់រុញច្រានខ្លាំងពេក យោធាអាចឆ្លើយតបវិញយ៉ាងខ្លាំងក្លា។
ចំពោះលោកសាស្ដ្រាចារ្យ Hussan Askari នៃសាកលវិទ្យាល័យ Punjab នេះមានន័យថា ក្រុមជំទាស់ទំនង នឹងផ្ដោតការរិះគន់របស់គេទៅលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Asif Ali Zardari ហើយប្រឹងប្រែងឲ្យបានទទួលផលប្រយោជន៍នយោបាយ។
«គេមិនអាចរំលំយោធាបានទេ ក៏ប៉ុន្ដែមេដឹកនាំនយោបាយ គណ:បក្សជំទាស់ គណ:បក្សឥស្លាមនិយម ចង់រំលំរដ្ឋាភិបាលនេះ ដូច្នេះគេប្រើរឿងនេះធ្វើជាផ្នែកមួយនៃគោលនយោបាយក្នុងស្រុករបស់ពួកនេះ»។
នៅលើឆាកអន្ដរជាតិការរិះគន់ប្រទេសប៉ាគីស្ថានត្រូវបានរារាំងដោយការដឹងថាការធ្វើជាដៃគូជាមួយប្រទេសប៉ាគីស្ថានមានសារ:សំខាន់ណាស់ចំពោះការប្រឆាំងភេរវកម្ម ហើយនឹងការស្វែងរកដំណោះស្រាយនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
ហើយដោយសម្ពាតទៅលើប្រទេសប៉ាគីស្ថានកើនច្រើនឡើង នៅក្រោយពេលការលុកលុយដែលសម្លាប់អូសាម៉ាប៊ិនឡាដិន អ្វីដែលកើតមានឡើងនៅក្នុងស្ថាប័នប៉ាគីស្ថាន អាចមានផលប៉ះទង្គិចជាដុំកំភួនទៅលើបញ្ហាហួសយ៉ាងឆ្ងាយពីប្រទល់ដែននៃប្រទេសនេះទៅទៀត៕
ប្រែសម្រួលដោយ កង ស៊ីវន