ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តុលាការ​ប្រឆាំង​អំពើ​ពុករលួយ​ប៉ាគីស្ថាន​បាន​កាត់​ទោស​អតីត​នាយក​រដ្ឋ​មន្រ្តី ​Sharif ​ឲ្យ​ជាប់​គុក១០​ឆ្នាំ


លោក Nawaz Sharif អតីត​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន។
លោក Nawaz Sharif អតីត​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន។

តុលាការ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​សុក្រ​បាន​កាត់​ទោស​លោក ​Nawaz Sharif​ អតីត​នាយករដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​ឲ្យ​ជាប់​គុក​១០​ឆ្នាំ​ហើយ​និង​ពិន័យ​លោក​ជាប្រាក់​ចំនួន​១០​លាន​៥​សែន​ដុល្លារ ចំពោះ​ការ​ខក​ខាន​មិន​បាន​ពន្យល់​ថា​ តើ​លោក​និង​កូន​របស់​លោក​បាន​ទទួល​ទ្រព្យសម្បត្តិ​នៅ​ឯ​បរទេស​យ៉ាង​ដូចម្តេច។

តុលាការ​ក៏​បានកាត់​ទោស​លោកស្រី​ Hussain Nawaz​ កូនស្រី​របស់​លោក​ឲ្យ​ជាប់​គុក​៧​ឆ្នាំ​ដែរ។​លោក​ស្រី​បាន​ត្រូវ​តុលាការ​ពិន័យប្រាក់​ជាង​២​លាន​៥សែន​ដុល្លារ​ចំពោះ​ការ​លាក់​បាំង​ទ្រព្យសម្បត្តិ​នៅ​ឯបរទេស​របស់​ឪពុក​លោក​ស្រី​ហើយ​ប្តី​របស់​លោកស្រី​ឈ្មោះ ​Muhammad Safdar ​បាន​ត្រូវ​តុលាការកាត់​ទោស​ឲ្យ​ជាប់​គុក​មួយ​ឆ្នាំ។

​កូន​ប្រុស​២​នាក់​របស់​លោក​ Sharif ​ឈ្មោះ Hassan Nawaz ​និង​ Hussain Nawaz ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ចុង​ចោទ​ដែរ។ ​រដ្ឋអាជ្ញា​និយាយ​ថា ​អ្នក​ទាំង​២​បាន​គេច​វាស​ពី​ការ​កាត់​ទោស ​ហើយ​ពួក​គេ​មិន​អាច​ត្រូវ​កាត់​ទោស​ដោយ​កំបាំង​មុខ​នៅ​ក្រោម​កាលៈ​ទេសៈ​ណា​ក៏​ដោយ។

មេធាវី ​Sardar Muzaffar Abbasi ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​តុលាការ​ក៏​បាន​បញ្ជា​ថា ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស​ត្រូវ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ដក​ហូត។

លោក ​Sharif ​រួម​ជាមួយ​ភរិយា​របស់​លោក​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​ស្ថិត​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ដែល​នៅ​ទីនោះ​ ខណៈ​ភរិយា​របស់​លោកកំពុង​ព្យាបាល​ជំងឺ​មហារីក៕

XS
SM
MD
LG