ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គំនូរ​មួយ​ផ្ទាំង​ផ្តិត​យក​ទិដ្ឋភាព​ក្រោយ​ពេល​គេ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី Lincoln


ផ្ទាំង​គំនូរ​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​ទីភ្នាក់ងារ​ឧទ្យានជាតិ​អាមេរិក ដែល​មាន​ស្នាដៃ​សិល្បៈ​កម្រ​រក​បាន​ជាច្រើន និង​វត្ថុ​បុរាណ​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​វប្បធម៌​និង​ប្រវត្តិសាស្ត្រ។

មិន​មាន​ម៉ាស៊ីន​ថតរូប​ត្រូវ​បាន​គេ​បំពាក់​នៅ​ខាង​ក្រៅ​រោងមហោស្រព Ford's Theatre នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​១៨៦៥​នោះ​ទេ ខណៈ​ដែល​បុរស​មួយ​ក្រុម​បាន​សែង​បុរស​រង​របួស​ម្នាក់​ចេញ​ពី​អគារ​នេះ។ ប៉ុន្តែ​វិចិត្រករ​ជនជាតិ​អាល្លឺម៉ង់ លោក Carl Bersch បាន​ផ្តិត​យក​ទិដ្ឋភាព​នោះ​តាមរយៈ​ការ​គូរ​គំនូរ​ព្រាង​របស់​លោក ខណៈ​ដែល​លោក​អង្គុយ​ក្បែរ​នោះ។

ស្ត្រី​ម្នាក់​មាន​ទឹក​មុខ​តក់ស្លុត។ នៅ​ជុំ​វិញ​នាង មាន​មនុស្ស​ជាច្រើន​បាន​ប្រមូលផ្តុំ​គ្នា​ ហើយ​មុខ​របស់​ពួកគេ​ចាំង​ជាមួយ​នឹង​ពន្លឺ​ភ្លើង​តាម​ដង​ផ្លូវ​មួយ។ បុរស​ដែល​រង​របួស​នោះ គឺ​លោក​ប្រធានាធិបតី Abraham Lincoln។ មុន​ពេល​លោក​ត្រូវ​បាន​គេ​សែង​ចេញ​ពី​ក្នុង​អគារ​នេះ លោក​និង​ភរិយា​របស់​លោក​គឺ​លោកស្រី Mary អង្គុយ​នៅ​រានហាល​ក្នុង​រោងមហោស្រព​នេះ​និង​ទស្សនា​ល្ខោន​មួយ​រឿង នៅ​ពេល​ដែល​ខ្មាន់​កាំភ្លើង​ចូល​ទៅ​កន្លែង​របស់​ប្រធានាធិបតី​ និង​បាន​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​របស់​លោក​ពី​ក្រោយ។

នៅ​ពេល​ខ្មាន់​កាំភ្លើង​ឈ្មោះ John Wilkes Booth បាន​រត់​គេច​ខ្លួន លោក​ប្រធានាធិបតីដែល​រង​របួស​ត្រូវ​បាន​គេ​សែង​ចូល​ទៅ​ក្នុង​ផ្ទះ​សំណាក់ Petersen នៅ​ទល់​មុខ​នោះ ទី​ដែល​លោក​បាន​ទទួល​មរណភាព នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។ មរណភាព​របស់​លោក​កើត​ឡើង​នៅ​ពេល​លោក​កំពុង​ដឹកនាំ​ប្រទេស​នេះ​ឲ្យ​រួចផុត​ពី​សង្គ្រាម​ស៊ីវិល​ដ៏​បង្ហូរ​ឈាម​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​យ៉ាង​យូរ រហូត​បណ្តាល​ឲ្យ​ទាហាន​ជាង​៦២០.០០០នាក់​បាន​ស្លាប់​បាត់បង់​ជីវិត។

លោក Bersch បាន​គូរ​គំនូរ​ព្រាង​របស់​លោក​ឲ្យ​ទៅ​ជា​គំនូរ​ប្រេង ហើយ​ដាក់​ឈ្មោះ​ផ្ទាំង​គំនូរ​នោះ​ថា «Lincoln Borne by Loving Hands»។

វា​ជា​ផ្ទាំង​គំនូរ​តែ​មួយ​គត់​ដែល​គេ​ដឹង​ថា ត្រូវ​បាន​គូរ​ឡើង​ដោយ​សាក្សី​ផ្ទាល់​ភ្នែក​ម្នាក់ ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ដ៏​តក់ស្លុត​នៅ​យប់​នោះ។

គំនូរ​ប្រេង​មួយ​ផ្ទាំង​បង្ហាញ​ពី​ពេល​ដែល​លោក​ប្រធានាធិបតី Abraham Lincoln រង​របួស​ដល់​ស្លាប់ គ្រាដែល​គេ​លើក​រូប​លោក​ចេញ​ពី​រោង​ភាពយន្តFord's Theatre នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ Carol M. Highsmith, Library of Congress)
គំនូរ​ប្រេង​មួយ​ផ្ទាំង​បង្ហាញ​ពី​ពេល​ដែល​លោក​ប្រធានាធិបតី Abraham Lincoln រង​របួស​ដល់​ស្លាប់ គ្រាដែល​គេ​លើក​រូប​លោក​ចេញ​ពី​រោង​ភាពយន្តFord's Theatre នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ Carol M. Highsmith, Library of Congress)

ផ្ទាំង​គំនូរ​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​ទីភ្នាក់ងារ​ឧទ្យានជាតិ​អាមេរិក ដែល​មាន​ស្នាដៃ​សិល្បៈ​កម្រ​រក​បាន​ជាច្រើន និង​វត្ថុ​បុរាណ​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​វប្បធម៌​និង​ប្រវត្តិសាស្ត្រ។

លោកស្រី Laura Anderson ដែល​ជា​បុគ្គលិក​សារមន្ទីរ​ម្នាក់​របស់​ទីភ្នាក់ងារ​ឧទ្យានជាតិ​និយាយ​ថា លោក Bersch ពី​ដំបូង​ឡើយ​គូរ​គំនូរ​ព្រាង​នៃ​ការ​ដើរ​ក្បួន​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​តាម​ផ្លូវ​នោះ​នៅ​យប់​នោះ ដែល​គេ​ធ្វើ​ឡើង​ដើម្បី​សាទរ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល។ ប៉ុន្តែ​លោក​បាន​បង្វែរ​ចំណាប់អារម្មណ៍​ទៅ​លើ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ដែល​បាន​កើត​ឡើង​នៅ​ចំពោះ​មុខ​របស់​លោក។

«លោក​បាន​ដឹង​ភ្លាមៗ​ថា វា​ជា​ទិដ្ឋភាព​ដ៏​សំខាន់​មួយ ដែល​លោក​បាន​ឃើញ​ដោយ​ផ្ទាល់ ដែល​លោក​ប្រធានាធិបតី​ត្រូវ​បាន​គេ​សែង​កាត់​ផ្លូវ»។

ការ​ស្តារ​ឡើង​វិញ​នូវ​សម្បត្តិ​ប្រវត្តិសាស្ត្រ

ចាប់​តាំង​ពី​លោក Bersch បាន​គូរ​រូប​នេះ​អស់​រយៈពេល​ជាង​១៥០​ឆ្នាំ​មក គំនូរ​នេះ​បាន​ឆ្លង​កាត់​ការ​ស្រោចស្រង់​ជាច្រើន ប៉ុន្តែ​វិធីសាស្រ្ត​ប្រើប្រាស់​មិន​មែន​សុទ្ធ​តែ​ទទួល​បាន​ប្រសិទ្ធភាព​ទាំង​អស់​នោះ​ទេ។

ដូច្នេះ​ទីភ្នាក់ងារ​ឧទ្យានជាតិ​បាន​ស្នើ​សុំ​លោក David Olin ដែល​ជា​អ្នក​អភិរក្ស​និយម​ឲ្យ​ស្តារ​រូប​គំនូរ​នេះ​ឲ្យ​មាន​ស្ថានភាព​ដូច​ដើម​វិញ។

លោក Olin បាន​និយាយ​ថា «នៅ​ក្នុង​ការ​អភិរក្ស​ជាង​៣០​ឆ្នាំ ខ្ញុំ​មិន​ដែល​បាន​ឃើញ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ខាង​ក្រៅ​មហោស្រព Ford's Theatre ដែល​រៀបរាប់​និង​ផ្តិត​យក​ទិដ្ឋភាព​ក្រោយ​ពេល​គេ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី Lincoln នោះ​ទេ ដូច្នេះ​សម្រាប់​ខ្ញុំ វា​ជា​ផ្ទាំង​គំនូរ​ដ៏​ល្អ​ឯក»។

លោក Olin និយាយ​ថា លោក​មាន​អារម្មណ៍​រំភើប «ចំពោះ​របៀប​ដែល​លោក Carl Bersch បាន​ផ្តិត​យក​ទិដ្ឋភាព​នោះ ដែល​មិន​ត្រឹម​តែ​ផ្តិត​យក​ទិដ្ឋភាព​ដែល​លោក​ប្រធានាធិបតី Lincoln ត្រូវ​បាន​គេ​សែង​ចេញ​ទៅ​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​បាន​ផ្តិត​យក​ទិដ្ឋភាព​ទាំងមូល​ដែល​បាន​បង្ហាញ​មុខ​របស់​លោក​ប្រធានាធិបតី Lincolnតូច​ប៉ុណ្ណោះ​នៅ​ក្នុង​ផ្ទាំង​គំនូរ​ទាំង​មូល‍»។

លោក​បាន​ពន្យល់​ថា៖

«ខ្ញុំ​គិត​ថា វិចិត្រករ​ម្នាក់​នេះ​ពិត​បាន​ផ្តិត​យក​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នោះ និង​ផល​ប៉ះពាល់​ទៅ​លើ​ប្រជាជាតិ​ទាំង​មូល ដោយ​មាន​សកម្មភាព​នៅ​ខាង​ក្រោយ និង​មាន​ស្រមោល​ខ្មៅ​ងងឹត​ខ្លាំង​ទៀត​ផង»។

អ្នកស្រី Marta Brassfield គឺ​ជា​អ្នក​អភិរក្ស​គំនូរ​ជាន់​ខ្ពស់​មួយ នៃ​ក្រុមហ៊ុន Olin Conservation, Inc. ប្រើ​ជក់​ដែល​មាន​សសៃ​ឆ្មារ​ដើម្បី​លាប​កន្លែង​ខូចខាត​នៃ​ផ្ទាំង​គំនូរ​ដែល​មាន​ឈ្មោះ​ថា «កើត​ដោយសារ​ហត្ថា​ដែល​មាន​សេចក្តី​ស្រឡាញ់» «Borne by Loving Hands» ដែល​គូរ​ដោយ​ជាង​គំនូរ​ជនជាតិ​អាល្លឺម៉ង់​ឈ្មោះ Carl Bersch ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ក្រោយ​ពេល​គេ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី Lincoln។
អ្នកស្រី Marta Brassfield គឺ​ជា​អ្នក​អភិរក្ស​គំនូរ​ជាន់​ខ្ពស់​មួយ នៃ​ក្រុមហ៊ុន Olin Conservation, Inc. ប្រើ​ជក់​ដែល​មាន​សសៃ​ឆ្មារ​ដើម្បី​លាប​កន្លែង​ខូចខាត​នៃ​ផ្ទាំង​គំនូរ​ដែល​មាន​ឈ្មោះ​ថា «កើត​ដោយសារ​ហត្ថា​ដែល​មាន​សេចក្តី​ស្រឡាញ់» «Borne by Loving Hands» ដែល​គូរ​ដោយ​ជាង​គំនូរ​ជនជាតិ​អាល្លឺម៉ង់​ឈ្មោះ Carl Bersch ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ក្រោយ​ពេល​គេ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី Lincoln។

លោក​និង​ក្រុម​ការងារ​របស់​លោក​បាន​ចំណាយ​ពេល​ប្រមាណ​ជា​៦ខែ​ដើម្បី​ស្តារ​រូប​គំនូរ​នេះ​ឡើង​វិញ។

ជំហាន​ដំបូង​គឺ​ត្រូវ​សម្អាត​ផ្ទាំង​គំនូរ​នេះ និង​ត្រូវ​ដោះ​ស្រទាប់​ពី​មុនៗ​ដោយ​ប្រុងប្រយ័ត្ន ដោយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដើម​របស់​វា​នោះ​ទេ។

ជំហាន​ទី​២​គឺ​ធ្វើ​ការ​ជួសជុល​លើ​រចនាសម្ព័ន្ធ ហើយ​ជំហាន​ទី៣​ត្រូវ «គូរ​គំនូស​ដាច់ៗ ទៅ​លើ​ស្នាម​ដាច់​រហែក​និង​ខូចខាត ជាមួយ​នឹង​ពណ៌ ដែល​អាច​ជាប់​បាន​យូរ និង​ដែល​អាច​កែប្រែ​ទៅ​រូបភាព​ដើម​វិញ​បាន»។

លោក Olin បាន​ថ្លែង​ថា៖

«ដូច្នេះ​គោលបំណង​របស់​យើង​គឺ​នាំ​យក​គំនិត​និង​បំណង​របស់​ម្ចាស់​គំនូរ​មក​វិញ នៅ​ពេល​ដែល​ផ្ទាំង​គំនូរ​នេះ​ត្រូវ​បាន​គេ​សម្អាត​និង​ជួសជុល​រួច​ហើយ»។​

នាង Tamara Luzeckyj ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ការងារ​ដែល​ធ្វើ​ការ​ជួសជុល​ផ្ទាំង​គំនូរ​នេះ ហាក់​ដូច​ជា​មាន​ការ​សប្បាយចិត្ត​ជាមួយ​សមិទ្ធផល​ចុង​ក្រោយ​នេះ។

នាង​បាន​និយាយ​ថា៖

«យើង​បាន​លុប​ចោល​អ្វីៗ​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ឃើញ​ផ្ទាំង​គំនូរ​ដែល​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​នេះ។ មនុស្ស​ម្នា​អាច​មើល​ឃើញ​ផ្ទាំង​គំនូរ​នេះ ដូច​ទៅ​នឹង​រូប​ដើម មិន​មែន​ត្រឹម​តែ​ជា​ស្រោម​ខាង​ក្រៅ​ដែល​យើង​មើល​ឃើញ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ​ទេ»។

ផ្ទាំង​គំនូរ​នេះ​ត្រូវ​បាន​គេ​ព្យួរ​លើ​ជញ្ជាំង​នៅ​ក្នុង​សារមន្ទីរ Ford’s Theatre នៅ​ក្បែរ​កន្លែង​ដែល​លោក​ប្រធានាធិបតី Lincoln ត្រូវ​បាន​គេ​ធ្វើ​ឃាត។

លោកស្រី Laura Anderson សង្ឃឹម​ថា នៅ​ពេល​អ្នក​ទស្សនា​ឃើញ​ផ្ទាំង​គំនូរ​នេះ ពួកគេ​នឹង​គិត​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​នោះ​នៅ​ឯ​មហោស្រព Ford's Theatre ដែល​បាន​កើតឡើង​កាលពី​ជាង​១៥០​ឆ្នាំ​មុន។

«វា​ជា​ហេតុការណ៍​ដ៏​សំខាន់​មួយ។ វា​ជា​លើក​ដំបូង​ដែល​ប្រធានាធិបតី​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ មាន​ការ​ផ្ទេរ​តំណែង​ដោយ​សន្តិវិធី។ នេះ​គឺ​ជា​ហេតុការណ៍​ដ៏​សោកសៅ។ ផ្ទាំង​គំនូរ​នេះ បង្ហាញ​យ៉ាង​ច្បាស់​នូវ​អារម្មណ៍​របស់​វិចិត្រករ​នេះ»។

មនុស្ស​ជាច្រើន​នៅ​តែ​ចាត់​ទុក​លោក​ប្រធានាធិបតី Abraham Lincoln ជា​ប្រធានាធិបតី​ដ៏​ល្អនិង​គួរ​ឲ្យ​គោរព​ស្រឡាញ់​បំផុត​ម្នាក់​ក្នុង​ចំណោម​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក។ ផ្ទាំង​គំនូរ​របស់​លោក Bersch គឺ​ជា​ការ​រំលឹក​ដល់​ហេតុការណ៍​ដ៏​ខ្មៅ​ងងឹត​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG