ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្ទះ​ពលរដ្ឋ​ជាង ៤.៥០០ ខ្នង​ត្រូវបាន​យោធា​មីយ៉ាន់ម៉ា​កម្ទេច ចាប់តាំង​ពី​រដ្ឋប្រហារ​ជាង​មួយ​ឆ្នាំ​មក


រូបឯកសារ៖ ពលរដ្ឋ​នៅ​ក្រុង Kalaymyo ក្នុងតំបន់ Sagaing ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​មីយ៉ាន់ម៉ា។ (រូបថត៖ អ្នកសារព័ត៌មានពលរដ្ឋ)
រូបឯកសារ៖ ពលរដ្ឋ​នៅ​ក្រុង Kalaymyo ក្នុងតំបន់ Sagaing ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​មីយ៉ាន់ម៉ា។ (រូបថត៖ អ្នកសារព័ត៌មានពលរដ្ឋ)

ទាហាន​របស់​របប​យោធា​មីយ៉ាន់ម៉ា​បាន​កម្ទេច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ាង​តិច ៤.៥៧១ ខ្នង ចាប់​តាំងពី​យោធា​មីយ៉ាន់ម៉ា​បាន​ដណ្តើម​គ្រប់គ្រង​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ជាង​មួយ​ឆ្នាំ​មក។ ក្នុង​ចំណោម​នោះ ផ្ទះ​ជាង​ពាក់​កណ្តាល​ស្ថិត​នៅ​ក្នុង​តំបន់ Sagaing ដែល​មាន​ជម្លោះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​ស្រាវជ្រាវ​មួយ​ដែល​តាមដាន​ផល​ប៉ះពាល់​នៃ​ជម្លោះ​នយោបាយ​និង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អង្គការ​ទិន្នន័យ​សម្រាប់​មីយ៉ាន់ម៉ា (Data for Myanmar) បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ថា យោធា​បាន​ដុត​កម្ទេច​ផ្ទះ​ចំនួន ២.៥៦៧ ខ្នង​នៅ​ក្នុង​តំបន់ Sagaing ៩៧៦ ខ្នង​នៅ​ក្នុង​រដ្ឋ Chin ៦២៦ ខ្នង​នៅ​ក្នុង​តំបន់ Magway ៣១០ ខ្នង​នៅ​ក្នុង​រដ្ឋ Kayah និង​រាប់​សិប​ខ្នង​ទៀត​នៅ​ក្នុង​តំបន់ Mandalay តំបន់​ភាគ​ខាងត្បូង​នៃ​រដ្ឋ Shan តំបន់ Tanintharyi តំបន់ Bago និង​រដ្ឋ Kayin។

ផ្ទះ​ដែល​ត្រូវ​បាន​ដុត​កម្ទេច​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ឃុំ​នានា ដែល​ជា​ទីកន្លែង​ដែល​ការ​តស៊ូ​របស់​កង​ជីវពល​នៃ​កងកម្លាំង​ការពារ​របស់​ប្រជាពលរដ្ឋ (People's Defense Force) និង​របស់​ក្រុម​ប្រដាប់​អាវុធ​ជាតិសាសន៍​ភាគ​តិច​ផ្សេងៗ នៅ​ក្នុង​ការ​ប្រឆាំង​នឹង​របប​យោធា មាន​ភាព​ស្វិតស្វាញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ និង​ជា​ទីកន្លែង​ដែល​យោធា​បាន​តបត​ទៅ​វិញ​យ៉ាង​ខ្លាំងក្លា។

កាលពី​ថ្ងៃ​អង្គារ អង្គការ Fortify Rights បាន​ជំរុញ​ឲ្យ​សមាគម​អាស៊ាន (ASEAN) គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​សព្វាវុធ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ហាមឃាត់​ការលក់​សព្វាវុធ​ទៅ​ឲ្យ​របប​យោធា​មីយ៉ាន់ម៉ា។

អង្គការ​នេះ​បាន​ជំរុញ​ដូច្នេះ​ដោយ​យោង​ទៅ​លើ​សេចក្ដី​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ពួក​យោធា​នៅ​ក្នុង​រដ្ឋ Kayah និង​ទីកន្លែង​ផ្សេង​ទៀត និង​បាន​ព្រមាន​ថា ការ​រំលោភ​បំពាន​ទាំង​នេះ​អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ភូមា ប្រភព​មួយ​ចំនួន​នៅ​ក្នុង​តំបន់​តាម​ព្រំដែន​ដាច់​ស្រយាល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​រៀបរាប់​ថា ពួក​យោធា​បាន​ប្រើ​ជន​ស៊ីវិល​ជា​ខែល​និង​បាន​ប្រព្រឹត្តិ​ការ​រំលោភ​ធ្វើ​បាប​ផ្សេងទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​លួច​ដុត​ផ្ទះ ការ​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា​តុលាការ ការ​ធ្វើ​ទារុណកម្ម ការ​រំលោភ​បំពាន​ផ្លូវភេទ និង​ការ​ធ្វើឃាត​ផងដែរ។

អង្គការ Data for Myanmar បាន​បញ្ជាក់​ថា ហេតុការណ៍​នៃ​ការ​លួច​ដុត​បំផ្លាញ​ភូមិ​នានា​នេះ​បាន​ចាប់ផ្តើម​កាលពី​ចុង​ខែ​ឧសភា ឆ្នាំ ២០២១ និង​បាន​កើន​ឡើង​ខ្លាំង​នៅ​ខែ​តុលា វិច្ឆិកា និង​ធ្នូ ឆ្នាំ ២០២១ និង​ខែ​កុម្ភៈ​នៅ​ឆ្នាំ​នេះ៕

XS
SM
MD
LG