ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Suu Kyi ត្រូវបាន​ផ្ទេរ​ពី​ពន្ធនាគារ​ទៅ​ដាក់​ឃុំ​ក្នុងផ្ទះ​ដោយសារ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង


រូបឯកសារ៖ មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi ថ្លែង​សុន្ទរកថា​ នៅក្នុង​កិច្ចប្រជុំមួយ​នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi ថ្លែង​សុន្ទរកថា​ នៅក្នុង​កិច្ចប្រជុំមួយ​នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi ត្រូវ​បាន​គេ​បញ្ជូន​ពី​ពន្ធនាគារ​ទៅ​ដាក់​ឃុំ​ក្នុង​ផ្ទះ​ដែល​ជា​វិធានការ​ការពារ​សុខភាព​ដោយសារតែ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​របប​យោធា​មីយ៉ាន់ម៉ា។

នៅ​ថ្ងៃ​ពុធ​នេះ របប​យោធា​មីយ៉ាន់ម៉ា​បាន​ផ្ដល់​ការ​លើកលែង​ទោស​ដល់​អ្នកទោស​ជាង ៣.០០០ នាក់ នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​សប្ដាហ៍​នេះ។

អ្នកស្រី Suu Kyi វ័យ ៧៨ ឆ្នាំ និង​លោក Win Myint វ័យ ៧២ ឆ្នាំ ដែល​ជា​អតីត​ប្រធានាធិបតី​មីយ៉ាន់ម៉ា​នៅក្នុង​រដ្ឋាភិបាល​របស់​អ្នកស្រី Suu Kyi ស្ថិត​ក្នុង​ចំណោម​អ្នកទោស​វ័យ​ចំណាស់​និង​មាន​សុខភាព​មិន​ល្អ​ដែល​ត្រូវ​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ដោយសារតែ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​យោធា​មីយ៉ាន់ម៉ា​លោក​ឧត្តមសេនីយ៍​ទោ Zaw Min Tun ដែល​ថ្លែង​ប្រាប់​អ្នក​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​កាលពី​ល្ងាច​ថ្ងៃ​អង្គារ។

វិធានការ​នេះ​មិន​ទាន់​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ការ​ផ្ទេរ​អ្នកស្រី Suu Kyi នេះ​បាន​ធ្វើឡើង​នៅ​ចំ​ពេល​ដែល​យោធា​មីយ៉ាន់ម៉ា​បាន​រង​បរាជ័យ​ធំៗ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ក្រុម​យុទ្ធជន​តស៊ូ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សម្ព័ន្ធមិត្ត​របស់​ក្រុម​យុទ្ធជន​ទាំងនោះ​នៅក្នុង​កង​កម្លាំង​ក្រុម​ឧទ្ទាម​ជាតិសាសន៍​ភាគតិច។

ជម្លោះ​នៅ​ទូទាំង​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​បន្ទាប់ពី​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​អ្នកស្រី Suu Kyi ចេញ​ពី​អំណាច​កាលពី​ខែ​កុម្ភៈ​ឆ្នាំ ២០២១ ដោយ​ចាប់​អ្នកស្រី Suu Kyi ដាក់​ឃុំ​និង​ចាប់ផ្ដើម​បង្ក្រាប​លើ​ការ​តវ៉ា​អហិង្សា​នានា​ដែល​ចង់​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ត្រឡប់​ទៅរក​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​វិញ។

អ្នកស្រី Suu Kyi កំពុង​បំពេញ​ទោស​ជាប់​ពន្ធនាគារ ២៧ ឆ្នាំ​ក្រោម​ការ​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​ជាច្រើន។ អ្នកស្រី​ត្រូវគេ​ដាក់​ឃុំ​នៅ​ក្នុង​ផ្នែក​ដែល​សាងសង់​ឡើង​ជាពិសេស​នៃ​ពន្ធនាគារ​ចម្បង​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ ដែល​នៅ​ទីនោះ ក្រសួង​ឧតុនិយម​របស់​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ថា​សីតុណ្ហភាព​បាន​ឡើង​ដល់ ៣៩ អង្សា​សេ​នៅ​រសៀល​ថ្ងៃ​អង្គារ។

លោក Win Myint ជាប់​ពន្ធនាគារ ៨ ឆ្នាំ​នៅក្នុង​ក្រុង Taungoo ក្នុង​តំបន់ Bago នៃ​ប្រទេស​មីយ៉ាន់ម៉ា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG