ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​អ៊ូ វីរៈ៖ បក្ស​នយោបាយ​ថ្មី​មាន​ច្រើន​តែ​សារ​នយោបាយ​នៅ​ដដែល

  • ម៉ែន គឹមសេង

លោក អ៊ូ វីរៈ ស្ថាបនិកនិង​ប្រធាន​វេទិកា​អនាគត​ចូល​រួម​ពិភាក្សា​អំពី​​ប្រធានបទ​​«ការផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​នៅ ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​និង​ទិដ្ឋភាព​នយោបាយ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា» នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

គណបក្ស​ដែល​ទើប​បាន​បង្កើត​នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ​គណបក្ស​អំណាច​ខ្មែរ ​និង​គណបក្ស​ខ្មែរ​សាមគ្គី។

គណបក្ស​នយោបាយ​ចំនួន​បួន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ប៉ុន្តែ​ប្រហែល​ជា​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​ធំៗ​ដែល​កំពុង​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​វិភាគ​ក្នុង​កម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ។​

លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោលនយោបាយ​មើល​ឃើញ​ថា​ កត្តា​គោលនយោបាយ​ជាន់​គ្នា​ រូបមន្ត​បោះឆ្នោត​ដ៏​ស្មុគស្មាញ ​ធនធាន​មនុស្ស​និង​ធនធាន​ហិរញ្ញវត្ថុ​នឹង​ក្លាយ​ជា​ចំណុច​រាំងស្ទះ​ដល់​ការ​ឈាន​ឡើងរបស់​គណបក្សទាំងនោះ។

​«បើ​តាម​ការ​ទាយ​គណបក្ស​ទើប​បង្កើតថ្មី​មួយ​ចំនួន​ប្រហែល​ជា​មិន​អាច​បន្ត​ឈាន​រហូតដល់​ការឈរ​ឈ្មោះ​ បំពេញ​បែបបទ​ដើម្បី​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ក្នុង​ការបោះឆ្នោត​២០១៧ ២០១៨​នេះ​ទេ។ ជា​ទូទៅ​យើង​ឃើញ​មាន​គណបក្ស​ចាប់​ផ្តើម​បង្កើត​ប៉ុន្តែ​ដល់ពេល​បោះឆ្នោត​គឺ​ការ​ដាក់​បេក្ខជន​គឺ​ជា​ការ​ប្រឈម​មួយ​ហើយ​បញ្ហា​មួយ​ទៀត​ទាក់​ទង​នឹង​ការ​គ្រប់គ្រង​ថវិកា​ បញ្ហា​ពាក់​ព័ន្ធ​ធនធានមនុស្ស ពាក់​ព័ន្ធ​រចនា​សម្ព័ន្ធ​បក្ស​ សុទ្ធ​តែ​ជា​រឿង​ប្រឈម​នៃ​គណបក្ស​តូចៗ​ទាំង​អស់‍»។​

គណបក្ស​ដែល​ទើប​បាន​បង្កើត​នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ​គណបក្ស​អំណាច​ខ្មែរ ​និង​គណបក្ស​ខ្មែរ​សាមគ្គី។

រូបមន្ត​បែងចែក​អាសនៈនា​ពេល​បច្ចុប្បន្ន​គឺ​យក​មធ្យម​ភាគ​ខ្ពស់​បំផុត​ ដែល​លោក ​អ៊ូ ​វីរៈយល់​ថា​បើ​សិន​ជា​យក​រូបមន្ត​ដែល​អង្គការ​សហប្រជាជាតិ​ធ្លាប់​ប្រើ​កាលពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣ ​គឺ​យក​សំណល់​ទៅ បែង​ចែក​ឱ្យ​គណបក្ស​មិន​ទាន់​បាន​អាសនៈ​គឺ​គណបក្ស​តូចៗ​អាច​មាន​លទ្ធភាព​ទទួល​បាន​អាសនៈ។

ការ​ដាក់​ចេញ​នូវគោលនយោបាយ​នៅ​តែ​ជា​បញ្ហា​ដែល​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​ថ្មី​និង​ចាស់​ជួប​ប្រទះ​និង​ពិបាក​ជម្នះ​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ូ វីរៈ។

លោក​យល់​ថា​គណបក្ស​ទាំងនោះ​មាន​តែ​សារ​នយោបាយ​ដែល​តម្រូវ​តាម​ចិត្ត​អ្នកបោះឆ្នោត​ជាជាង​គោលនយោបាយ​ពិតប្រាកដ​ហើយ​ហាក់​ដូច​ជា​មាន​លក្ខណៈ​ជាន់​គ្នា​រវាង​គណបក្ស​នយោបាយ​ចាស់​និង​នយោបាយ​ថ្មីៗ។

លោក​បាន​បន្ថែម​ថា៖

«ទាក់​ទង​នឹង​សារ​នយោបាយ​នេះ​អត់​ទាន់​មាន​អ្នក​ណា​មួយ​ចិត្ត​សឿង​ទេ។ ឧទាហរណ៍​គេ​សួរ​កសិករ ថា​ដើម្បី​ជួយ​កសិករ​ធ្វើ​ម៉េច? ចម្លើយ​ភាគច្រើន​ទាំងអស់​គ្នា​ថា​ចង់​ជួយ​កសិករ​គឺ​ជួយ​ឱ្យ​ធ្វើ​កសិកម្ម​បាន​ផល​ជាង​មុន​ ។ នេះ​ជា​ចម្លើយ...ប៉ុន្តែ​តាម​ពិត​គឺ​អត់​អញ្ចឹង​ទេ​កសិករ​ខ្លះ​គាត់​អត់​ចង់​ឱ្យ​កូន​គាត់​ធ្វើ​កសិកម្ម​ទេ​ គាត់​ចង់​ឱ្យ​កូន​គាត់​ធ្វើការ​នៅ​ធនាគារ»។

គណបក្ស​នយោបាយ​ថ្មី​ខ្លះ​ក៏​នៅ​តែ​លើកឡើង​ពី​ចំណុច​ជាតិ​និយម​ដែល​គណបក្ស​ចាស់​ធ្លាប់​លើកឡើង​ជាច្រើនដូច​ជា​បញ្ហា​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម​និង​ទឹកដី​ដែល​បាន​បាត់​បង់​ជាដើម។​

លោក វីរៈ ​យល់​ថា​គណបក្ស​នយោបាយ​ថ្មី​គួរ​តែ​មាន​សារ​នយោបាយ​ថ្មី​ដែល​ខុសប្លែក​ពី​គណបក្ស​មុនៗ​ដើម្បី​អាច​ទាក់​ទាញ​អ្នក​បោះឆ្នោត​បាន៖

«សារ​នយោបាយ​ខ្លះ​គឺជា​សារ​នយោបាយ​ដោយ​ផ្ទាល់​បាន​ន័យ​ថា​ យើង​ឃើញ​ប្រជាពលរដ្ឋ​ជា​កសិករ​ដល់​យើង​ចង់​ជួយ​គាត់​គឺ​ជួយ​គាត់​ឱ្យ​បាន​កសិផល​ច្រើន​ជាង​មុន​ប៉ុន្តែ​សារ​នយោបាយខ្លះគឺ​មិន​មែន​ជា​ការ​គិត​ចំ​ត្រង់ៗ​គឺ​ជា​សារ​នយោបាយ​មួយ​ជា​ទស្សន​វិស័យ​ដែល​មិន​គិត​ចំ​ត្រង់​ប៉ុន្តែ​អាច​ទាក់​ទាញ​ផង​ដែរ​ហើយ​គណបក្ស​តូចៗ​គាត់​មាន​ឱកាស​ក្នុង​ការ​ដែល​គាត់​អាច​លេច​ធ្លោ​បាន​បើ​សិន​ជា​គាត់​មាន​សារ​នយោបាយ​ដែល​អាច​ច្នៃប្រឌិត​ជា​សារ​នយោបាយដែលបាន​ឃោសនា​៤ ឬ ៥​អាណត្តិ​កន្លង​មក​ហើយ‍»។

យ៉ាងណាក៏ដោយ​លោក​យល់​ថា​ការ​មាន​គណបក្ស​នយោបាយ​ច្រើន​ជា​ការ​ផ្តល់​សិទ្ធិ​ដល់​អ្នក​បោះឆ្នោត​កាន់តែ​មាន​ជម្រើស​ច្រើន​បើ​ទោះបី​ជា​រូបមន្ត​បែងចែក​អាសនៈ​នា​ពេល​បច្ចុប្បន្ន​ហាក់​ដូច​ជា​ធ្វើ​ឱ្យ​ពួកគេ​មើល​ទៅ​ដូច​ជា​អ្នក​មក​បំបែក​សំឡេង​ពី​គណបក្ស​ដែល​មក​ប្រកួត​នឹង​បក្ស​កាន់​អំណាច​ក៏ដោយ។​

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ ឆ្នាំ​២០១៧​និង​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨៕

XS
SM
MD
LG