ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ OSCE អំពាវនាវ​ឱ្យ​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស


រូបឯកសារ៖ ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ត្រូវ​បាន​សាកសួរ​នៅ​ពេល​មាន​មាន​ការ​វាយ​ឆ្មក់​លើ​ក្លឹប​រាត្រី​មួយ​នៅ​ទីក្រុង ហ្ស៊កថោន​ ប្រទេស​ហ្គីយ៉ាន់។
រូបឯកសារ៖ ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ត្រូវ​បាន​សាកសួរ​នៅ​ពេល​មាន​មាន​ការ​វាយ​ឆ្មក់​លើ​ក្លឹប​រាត្រី​មួយ​នៅ​ទីក្រុង ហ្ស៊កថោន​ ប្រទេស​ហ្គីយ៉ាន់។

អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប​បាន​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​នេះ​ឱ្យ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ក្នុង​ពេល​ដែល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​ជា​សាកល។​

លោក​ Valiant Richey ​តំណាង​ពិសេស​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុបទទួល​បន្ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្សដោយ​សហការ​ជាមួយ​នឹង​ប្រទេស​អាល់បានី​ ដែល​ជា​ប្រធាន​ប្តូរវេន​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​ពី​ទីក្រុង​វីយែន​ថា៖ «ជាក់​ច្បាស់​ណាស់​នៅ​ពេល​ដែល​សហគមន៍​ពិភព​លោក​របស់​យើង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដ៏​ធំ​ដូច​នេះ ​គឺ​កាតព្វ​កិច្ច​របស់​យើង​ប្រយុទ្ធ​នឹង​ការកេង​ប្រវ័ញ្ច​ពលរដ្ឋ​រងគ្រោះ​នៅតែខ្លាំង​ក្លា»។

ជនរង​គ្រោះ​ដោយ​ការជួញ​ដូរ​មនុស្ស​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ដោយសារ​តែ​អ្នក​ជួញ​ដូរ​កាន់​តែ​សាហាវ​ជាង​មុន​ហើយ​ប្រើ​ប្រាស់​ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ចថ្មីៗ​ដើម្បី​រក្សា​ប្រាក់​ចំណូល​របស់​ពួកគេ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​សេចក្តី​ថ្លែងការណ៍​នោះ​ និងបាន​បន្ថែម​ថា​ «ក្នុង​គ្រា​ដែល​ធនធាន​នានា​ត្រូវ​បាន​បង្វែរទៅ​ដោះស្រាយ​បញ្ហា​សុខាភិបាល​ ពលរដ្ឋ​រងគ្រោះ​ដែល​រស់ក្នុង​ស្ថានភាព​ផុយ​ស្រួយ​ស្រាប់​កំពុង​តែ​ជួប​ហានិភ័យ​កាន់​តែ​ខ្លាំង​ជាង​មុន​ក្នុង​ការ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ត្រូវ​គេ​កេង​ប្រវ័ញ្ច»។

ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ពិភព​លោក​កម្រិត​នេះ​ ស្ត្រី ​និង​កុមារ ​ដែល​មាន​៩០​ភាគរយ​នៃ​ជនរងគ្រោះ​ដោយ​សារ​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ ​និង​កុមារចំណាយ​ពេល​ជាច្រើន​ម៉ោង​តាម​អ៊ីនធឺណិត​ដោយ​សារតែ​សាលារៀន​បាន​បិទ​គឺ​កាន់​តែ​ធ្វើឱ្យ​ពួកគេ​ងាយ​រងគ្រោះ។​

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា៖ «ក្នុង​ករណី​ជួញដូរ​សរីរាង្គកាយ​មនុស្ស​ គឺ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩​កាន់​តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដោយសារ​តែ​ការ​ជួញ​ដូរ​នេះ​មាន​ទម្រង់​អាក្រក់​បំផុត​ប៉ុន្តែ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​តិច​តួច​បំផុត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG