ជាមួយនឹងការបិទសាលារៀនអស់រយៈពេលជាច្រើនខែដោយសារតែការផ្ទុះឡើងនៃជំងឺអ៊ីបូឡានៅក្នុងប្រទេស ស្យ៊ែរ៉ា ឡេអូន (Sierra Leone) មក ប្រទេសនេះកំពុងតែព្យាយាមស្វែងរកវិធីផ្សេងៗទៀតដើម្បីអប់រំកុមារ រួមមានកម្មវិធីវិទ្យុ និងទូរទស្សន៍ប្រចាំថ្ងៃ។ ប៉ុន្តែ កុមារកំព្រានៅតែជួបប្រទះនូវការលំបាកដ៏ពិសេសមួយ។ ស្រ្តីក្នុងស្រុកម្នាក់ដែលបានបើកទ្វារផ្ទះរបស់គាត់ឲ្យដល់ស្រ្តីដែលត្រូវបានគេរំលោភបំពាន ហើយឥឡូវនេះអ្នកទាំងនោះបានប្រើប្រាស់ជំនាញរបស់ពួកគេដើម្បីជួយបង្រៀនកុមារដែលងាយរងគ្រោះ។
ជារៀងរាល់ថ្ងៃ កុមារដែលភាគច្រើនជាកុមារកំព្រាត្រូវបានគេបង្រៀនគណិតវិទ្យា និងភាសាអង់គ្លេស។ ធនធានដែលពួកគេប្រើគឺសាមញ្ញ ដែលមានតែក្តារខៀន និងបង់សម្រាប់អង្គុយ តែមិនមានតុ។ ប៉ុន្តែ ចំណុចសំខាន់គឺផ្តល់ការអប់រំដែលល្អប្រសើរដល់កុមារទាំងនោះ។
Anne-Marie Caulkner គឺជាស្រ្តីម្នាក់ដែលបើកមណ្ឌលកុមារកំព្រានៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់គាត់ដើម្បីជួយកុមារទាំងនោះ។
«ខ្ញុំជាកុមារកំព្រា។ ខ្ញុំធ្លាប់ត្រូវបានគេរំលោភបំពានដោយការប្រើហិង្សាយេនឌ័រ»។
ចាប់តាំងពីពេលនោះមក គាត់បានយកបទពិសោធន៍នេះធ្វើជាបេសកកម្មដើម្បីជួយអ្នកដែលមានជោគវាសនាតិចជាងគាត់។
អ្នកស្រី Caulkner និយាយថា ចាប់តាំងពីពេលដែលជំងឺអ៊ីបូឡាផ្ទុះឡើង គាត់មិនអាចទទួលកូនសិស្សច្រើនឲ្យមកនៅជាមួយគាត់បានទេ។ មានកុមារកំព្រាប្រមាណជា ២០នាក់ដែលរស់នៅជាមួយគាត់។ អ្នកផ្សេងទៀតមកពីគ្រួសារដែលមានតែឪពុក ឬមានតែម្តាយ ហើយធ្វើដំណើរទៅផ្ទះវិញនៅពេលយប់។ គាត់និយាយថា ជួនកាលគាត់មានសិស្សដល់ទៅ ៥០នាក់នៅពេលរៀន និងពេលឲ្យអាហារដោយឥតគិតថ្លៃ។
អ្នកស្រី Caulkner បានការព្រួយបារម្ភចំពោះព័ត៌មាននាពេលថ្មីៗនេះដែលថា លោក Augustine Baker បានស្លាប់ដោយសារជំងឺអ៊ីបូឡាកាលពីដើមសបា្តហ៍នេះ។ គាត់ធ្វើការនៅមណ្ឌលកុមារកំព្រា ឈ្មោះ St. George Foundation នៅក្នុងប្រទេស ស្យ៊ែរ៉ា ឡេអូន។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា គាត់តែងតែធ្វើការប្រុងប្រយ័ត្នជាចាំបាច់ជាមួយក្មេងៗរបស់គាត់ ដែលមានដូចជាការការពារជំងឺអ៊ីបូឡានៅក្នុងថ្នាក់រៀន។ គោលបំណងរបស់គាត់គឺផ្តល់ជីវិតដែលល្អប្រសើរដល់ពួកគេ។
«ដើម្បីជម្រុញពួកគេឲ្យចូលរួម ដើម្បីអប់រំពួកគេ ក្នុងគោលបំណងថានៅពេលពួកគេក្លាយទៅជាមនុស្សសំខាន់ម្នាក់នាពេលអនាគត ពួកគេនឹងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល និងពលរដ្ឋរបស់គេផ្ទាល់»។
តួលេខចុងក្រោយបង្អស់របស់អង្គការ UNICEF បង្ហាញថាអត្រាអក្ខរកម្មសម្រាប់មនុស្សពេញវ័យនៅក្នុងប្រទេសស្យ៊ែរ៉ា ឡេអូនមានចំនួន ៤៣ភាគរយ។
អ្នកស្រី Caulkner និយាយថា វាកាន់តែពិបាកឡើងសម្រាប់ឲ្យកុមារអាចទទួលបានការអប់រំ ពីព្រោះថាពួកគេជាច្រើននៅទីបញ្ចប់ បានចេញទៅលក់របស់របរនៅតាមផ្លូវវិញ។
មិនត្រឹមតែកុមារទេដែលអ្នកស្រី Caulkner បានជួយ។ គាត់ក៏ប្រមូលស្រី្តក្មេងៗដែលជួបប្រទះស្ថានភាពលំបាកៗឲ្យមកបង្រៀនកុមារគាត់ដែរ បើពួកគេមានសមត្ថភាពក្នុងការបង្រៀន។
Rebecca Kamara ជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីទាំងនោះ។ គាត់ជាគ្រូបង្រៀន ប៉ុន្តែបានឈប់នៅពេលដែលសាលារៀនបានបិទទ្វារ។ បន្ទាប់មកទៀត ម្តាយរបស់នាងស្លាប់ដោយសារជំងឺអ៊ីបូឡានៅក្នុងខែវិចិ្ឆកា។
ម្ចាស់ផ្ទះរបស់ Kamara កេងចំណេញលើនាង ដោយនិយាយថា នាងត្រូវតែរួមភេទជាមួយគាត់ បើនាងមិនមានប្រាក់បង់ថ្លៃផ្ទះ។
«គាត់ធ្វើបែបហ្នឹងជាមួយខ្ញុំ ពីព្រោះខ្ញុំបានបាត់បង់ម្តាយខ្ញុំ។ ហើយគាត់ទារឲ្យខ្ញុំបង់ថ្លៃផ្ទះឲ្យគាត់ ប៉ុន្តែនៅពេលនោះខ្ញុំមានការលំបាកណាស់ ខ្ញុំមិនមានលុយគ្រប់គ្រាន់ដើម្បីបង់ទេ ដូច្នេះ គាត់ក៏បង្ខំខ្ញុំឲ្យស្រឡាញ់គាត់»។
Kamara ចាកចេញពីទីនោះជាមួយប្អូនប្រុសរបស់នាង ហើយអ្នកស្រី Caulkner បានជួបនាងរស់នៅលើផ្លូវថ្នល់ ហើយក៏យកនាងមកនៅជាមួយ។
ការបង្រៀនរបស់នាងមានប្រយោជន៍ណាស់សម្រាប់កុមារ។ មណ្ឌលកុមារកំព្រាមិនមានវិទ្យុ ឬទូរទស្សន៍ទេ។ ដូច្នេះ កុមារមិនអាចស្តាប់(ឬមើល)កម្មវិធីអប់រំដែលរដ្ឋាភិបាលបានតាក់តែងនិងផ្សាយពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។
Kamara ពន្យល់ថាបរិយាកាសថ្នាក់រៀនក្រៅផ្លូវការគឺជាជម្រើសដ៏ល្អមួយសម្រាប់មនុស្សដែលមិនអាចទិញវិទ្យុ និងទូរទស្សន៍បាន។
«យើងជាអ្នកក្រ ពីព្រោះថាអ្នកខ្លះមិនមានវិទ្យុ ឬទូរទស្សន៍ ហើយសហគមន៍របស់យើងនៅទីនេះក៏ក្រដែរ»។
Kamara បន្ថែមថាតាមរយៈការបង្រៀន នាងចាប់មានទំនុកចិត្តជាងមុនឡើងវិញ។
សាលារៀននៅក្នុងប្រទេស ស្យ៊ែរ៉ា ឡេអូន នឹងបើកជាផ្លូវការនៅចុងខែមីនា៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ