ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​មិន​សុំទោស​ បើ​ទោះ​ជា​មាន​បាតុកម្ម​ក៏ដោយ


បាតុករ​គាំទ្រ​រដ្ឋាភិបាល​ដាក់ញត្តិ​នៅ​ទីស្នាក់ការ​​គណបក្ស​សង្គ្រោះជាតិ ទាមទារ​ឲ្យលោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​នេះសុំទោស។​
គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ឆ្លើយ​តបទៅ​នឹង​លោកជុំ ម៉ី ​អតីត​ជនអ្នកទោស​គុក​ទួល​ស្លែង​និង​ជា​ប្រធាន​សមាគម​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហៅថា​សមាគម​ក្សេម​ក្សាន្ត​ ដោយ​ប្រកាន់​ជំហរ​មិនសុំទោស​នោះ​ទេ។

សេចក្តី​ថ្លែង​ការណ៍​ដែល​ត្រូវ​បាន​ផ្ញើ​ជូន​លោកជុំ ម៉ី ​និង​បណ្តាញ​ផ្សព្វផ្សាយ ​លោក​កឹម សុខា ​ប្រធាន​ស្តីទីរបស់​គណបក្ស​នេះ​បញ្ជាក់​ឡើងវិញ​ថា​លោក​មិន​ដែល​បាន​បដិសេដ​អំពីការ​កាប់​សម្លាប់​ឬ​ធ្វើ​ទារុណកម្ម​នៅ​គុក​ទួល​ស្លែង​របស់​ក្រុម​ខ្មែរ​ក្រហម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ឡើយ​ហើយ​លោក​ក៏​មិន​ដែលបាន​ប្រមាថ​វិញ្ញាណក្ខន្ធ​ប្រជា​ពលរដ្ឋ​ដែល​បាត់​បង់​ជីវិត​នោះ​ដែរ។

កាល​ពី​ម្សិល​ម៉ិញ ​លោក ជុំ ម៉ី ​ប្រធាន​សមាគម​ក្សេម​ក្សាន្ត​បាន​ដឹកនាំ​បាតុកម្ម​ធំ​មួយ​ដែល​មាន​អ្នក​ចូលរួម​រាប់ពាន់​នាក់​ប្រឆាំង​លោកកឹម សុខា។ លោកកឹម សុខា ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ថា​គុកទួលស្លែង​គឺ«ជា​គុក​សិប្បនិម្មិត​និង​រៀបចំ​ដោយ​វៀតណាម»។

លោកជុំ ម៉ី ​ដែល​ដឹកនាំ​បាតុកម្ម​មិន​តំណាង​ឲ្យ​សមាគម​ក្សេមក្សាន្ត​នោះ ​បាន​ដាក់ញ្ញត្តិ​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ទាមទារ​ឱ្យ​លោក កឹម សុខា ​សុំ​ទោស​ដល់​វិញ្ញាណក្ខន្ធ​ជន រង គ្រោះ។​

សេចក្តី​ថ្លែងការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​លោកកឹម សុខា ​បាន​គូស​បញ្ជាក់​ថាគណបក្សសង្រ្គោះ​ជាតិ​និងលោកកឹម សុខា​«យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ការ​ទាមទារ​រក​យុត្តិធម៌​ពិត​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដើម្បី​ឱ្យ​មាន​ការ​កាត់​ទោស​ជន​ឧក្រិដ្ឋ ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​នោះ»។

លោកកឹម សុខា ​បញ្ជាក់​ថា ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​នេះ​អាច​ជួយ​ពន្យល់​ដល់​ក្រុមបាតុករ​បាន។
លោកនិយាយថា៖ «បើ​គេ​គិត​ពី​បញ្ហា​សង្គម​ខ្មែរ​ពិត​ប្រាកដ​ គេ​យល់​ហើយ ​ប៉ុន្តែ​បើ​គេ​មាន​អ្នក​ញុះញង់​យើង​រំងាប់​គេ​ម៉េច​បាន ​ប៉ុន្តែ​បើ​គេ​អត់​មាន​អ្នក​ញុះញង់​ គេ​យល់​ហើយ ​ខ្ញុំ​ពន្យល់​ប៉ុណ្ណឹង»។

លោក ជុំ មី ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ប៉ុន្តែ​ លោកស៊ុំ ឬទ្ធី ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណីម្នាក់​ក្នុង​សំណុំ​រឿង​០០២​និង​ជា​សមាជិក​ម្នាក់​ក្នុង​សមាគម​ក្សេមក្សាន្ត​ដែល​បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​លោកកឹម សុខា ​កាលពី​ថ្ងៃ​អាទិត្យ ​ថ្លែង​ថា​លោក​នឹង​លោក​ជុំ​ មី ​មិន​ទាន់​បាន​ទទួល​សេចក្តី​ថ្លែង​ការណ៍​នេះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ លោក​បញ្ជាក់​ថា​លោក​មិន​អាច​ទទួល​យក​ការ​ពន្យល់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​ និង​នៅ​តែ​ទាមទារ​ឱ្យ​លោក​ កឹម សុខា​ ធ្វើ​ការ​សុំ​ទោស។​
លោក​និយាយថា៖ «​រឿង​នេះ​ដូចជា​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ យើង​ខ្ញុំ​ទាំងអស់​គ្នា​ហ្នឹង​គ្រាន់​តែ​សំណូម​ពរ​ឱ្យ​គាត់មក​អុច​ធូប​សូម​ខមាទោស​នៅ​គុក​ទួល​ស្លែង​ប៉ុណ្ណឹង​ទេ។ ករណី​គាត់​បដិសេដ ​នោះ​ជា​សិទ្ធិ​របស់​គាត់​ទេ។ ​ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ​ទេ ខ្ញុំ​ជា​ជន​រងគ្រោះ ​ខ្ញុំ​ចង់​ដឹង​ការពិត»។

លោកស៊ុំ ឬទ្ធី ​បញ្ជាក់​បន្ថែម​ថា ​ការ​បដិសេដ​មិន​សុំ​ទោស​របស់​លោក​កឹម សុខា ​អាចនឹង​នាំ​ឱ្យ​មាន​បាតុ​កម្ម​ជា​ថ្មី​ម្តង​ទៀត ​ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទនៅ​ឡើយ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG