ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភាជាតិ​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម

  • ហេង រស្មី

សមាជិក​រដ្ឋសភា​ខ្មែរ​លើកដៃ​អនុម័តច្បាប់។
សភាជាតិ​កម្ពុជា​បាន​អនុម័ត​ច្បាប់​មួយ​សម្រាប់​ដាក់​ទោស​ជន​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​អះអាង​ថា មិនមាន​ឧក្រិដ្ឋកម្មក្នុង​របប​ខ្មែរ​ក្រហម​ ហើយដែលរិះគន់ថា ច្បាប់​នេះ​ធ្វើ​តាមការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បើ​ទោះ​បី​ជាមាន​ការរិះគន់​ថា​ ​ច្បាប់​នេះ​មិន​បម្រើ​ដល់​ផល​ប្រយោជន៍​ជន​រងគ្រោះ​ក៏ដោយ។

សមាជិក​សភា​ចំនួន​៨៦​រូប​មកពី​គណបក្ស​គ្រប់​គ្រង​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចំណាយ​ពេល​ខ្លី​អនុម័ត​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ។​

ក្នុង​ចំណោម​សមាជិក​សភាទាំង​អស់​ដែល​មាន​វត្តមាន​ បាន​បោះ​ឆ្នោត​គាំទ្រ​១០០​ភាគ​រយ​លើ​សំឡេង​៨៦​ទល់​និង​៨៦​ដោយ​មិន​បាន​ពិភាក្សាដេញ​ដោល​ទេ។​ពោល​គឺ​បាន​យល់​ព្រម​នូវ​ខ្លឹម​សារ​ទាំង​ស្រុង​ដោយ​គ្មាន​កែប្រែ​ពាក្យ​សូម្បី​តែ​មួយ​តួអក្សរ។​

លេខាធិការ​អង្គ​ប្រជុំ​បាន​ប្រកាស​ថា៖ «សូម​រាយការណ៍​ជូន​សម្តេច​ប្រធាន​ អង្គសភា​បាន​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន​៨៦​លើ​៨៦»។​

លោក​ហេង​សំរិន​ប្រធាន​រដ្ឋសភា​បាន​និយាយ​ថា​សេចក្តី​ស្នើច្បាប់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៧​រូប​បាន​ស្នើឡើង​កាលពីថ្ងៃ​ទី​២៩ខែ​ឧសភា។​

ច្បាប់​នេះ​មាន​ចំនួន​៥​មាត្រា​ហើយ​តម្រូវ​ផ្តន្ទាទោស​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មិន​ទទួល​ស្គាល់​ឬ​សម្រាល​ ឬ ​បដិសេធ​ ឬ ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ ឬ​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ដែល​បាន​សម្លាប់​អាយុ​ជីវិត​មនុស្ស​អស់​ជាង​១,៧​លាន​នាក់។​

អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​៦ខែ​ទៅ​២ឆ្នាំ​តាម​មាត្រាទី​២៦២​នៃក្រម​ព្រហ្មទណ្ឌ​ថ្មី ​និង​ ពិន័យ​ជាប្រាក់​ពី​១លាន​រៀល​គឺ ប្រមាណ​២៥០​ដុល្លារ​ទៅ​៤លាន​រៀល​គឺ​ប្រមាណ​១០០០​ដុល្លារ​ពី​បទ​មិន​ទទួល​ស្គាល់​ជាសាធារណៈ​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើងក្នុង​រយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ។​

លោក​ជាម យៀប ​សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណបក្ស​គ្រប់​គ្រង​អំណាច​បាន​និយាយ​ថា​យើង​មាន​ការ​ឈឺចាប់​ចំពោះ​បុគ្គល​ណា​ដែល​មិន​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ លោក​បាន​និយាយ​ថា​ច្បាប់​នេះ​មិន​ធ្វើ​ប្រតិសកម្ម​ថយ​ក្រោយទេ​ក៏​ប៉ុន្តែ​ជាឧបករណ៍​គតិយុទ្ធ​សម្រាប់​ដាក់ទោស​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​មិន​មែន​តែ​បុគ្គល​លោក​កឹម សុខា​ទេ។​
លោកនិយាយថា៖ «ច្បាប់​នេះ​ជាឧបករណ៍​គតិយុទ្ធ​មួយ​សម្រាប់​អប់រំ​ក៏​ដូច​ជា​មាន​វិធានការ​និង​ដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ល្មើស​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​តាម​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ក៏​ដូចជា​ច្បាប់​នេះ»។​

ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃកម្ពុជា​ប្រជា​ធិបតេយ្យ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្តី​ហ៊ុន សែន​បាន​និយាយ​ថា​លោក​កឹម សុខា​ ​បាន​ចាត់ទុក​ថា​គុកទួល​ស្លែង​ដែល​ខ្មែរ​ក្រហម​បាន​បន្សល់​ទុក​ជា​គុក​សិប្បនិមិ្មត​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​វៀតណាម។​

គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ពីប្រទេស​សឹង្ហបុរី​នៅថ្ងៃសុក្រ​នេះ​ ដោយ​ទទូច​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការបញ្ឈប់​ការ​លាបពណ៌​រើស​អើង​បំបែក​បំបាក់​ខ្មែរ​ដូច​ខ្មែរ​ក្រហម​ដែល​បាន​ធ្វើ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​និង​ទាមទារ​រក​យុត្តិធម៌​ពិត​ជូន​ជន​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម។​

អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ពី​គុកទួល​ស្លែង​ គឺលោក​ ជុំ ម៉ី​ប្រធាន​សមាគម​ក្សេម​ក្សាន្ត​បាន​ប្រកាស​ថា​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខនេះនឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​មួយ​ប្រឆាំង​នឹង​លោក​កឹម សុខា​ចំពោះ​ការ​អត្ថាធិប្បាយ​ជុំវិញ​មន្ទីរ​ឃុំឃាំង​គុកទួល​ស្លែង។​

​សមាគម​ក្សេមក្សាន្ត​បាន​ចេញ​លិខិត​មួយ​ថា ​មិន​បាន​គាំទ្រ​និង​ចូល​រួមធ្វើមហា​បាតុកម្ម​នេះ​ជាមួយ​លោក​ជុំ ម៉ី ​ទេ​ គឺ​ធ្វើឡើង​ក្នុង​នាម​បុគ្គល​លោក​តែ​ប៉ុណ្ណោះ៕
XS
SM
MD
LG