ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សន្តិសុខ​គណបក្ស​រារាំង


លោកស្រីឡាក់ សុភាពបង្ហាញ​អ្នកយកព័ត៌មាន​នូវ​សេចក្តី​សម្រេច​ដក​សមាជិកភាព​របស់​លោកស្រី​ពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។
លោកស្រីឡាក់ សុភាពបង្ហាញ​អ្នកយកព័ត៌មាន​នូវ​សេចក្តី​សម្រេច​ដក​សមាជិកភាព​របស់​លោកស្រី​ពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។

អ្នក​ស្រី​ឡាក់ សុភាព​បាន​បរាជ័យ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​នៅ​ពីមុខ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ ​ដោយ​សារ​តែ​មាន​កង​កម្លាំងសន្តិសុខ​ដែល​ឈរ​ការពារ​ទីស្នាក់​ការ​គណបក្ស​បាន​ព្យាយាម​រុញ​ច្រាន​ និង​បណ្តេញ​អ្នក​ស្រី​មិន​ឲ្យសម្តែង​មតិ​នៅ​ទីនោះ។

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​អះអាង​ថា​ ការ​រារាំង​នេះ​មិន​មាន​ការ​ប៉ះ​ទង្គិច​រហូត​ដល់​បង្ក​ឲ្យមាន​របួស​នោះ​ទេ​គឺ​គ្រាន់​តែ​មាន​ការ​រុញ​ច្រាន​ និង​មាន​សកម្មជន​គណបក្ស​ខ្លះ​បាន​ស្រែក​រិះ​គន់​អ្នក​ស្រី​ឡាក់ សុភាព​អំពី​រឿង​ជំពាក់​ប្រាក់​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

អ្នក​ស្រី​ឡាក់ សុភាព​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ទាំង​អារម្មណ៍មួរ​ហ្នង​ថា​ អ្នក​ស្រី​មក​តវ៉ា​នៅ​ពីមុខ​ទីស្នាក់​ការ​របស់​គណបក្ស​នៅ​ថ្ងៃ​នេះ​ដោយ​សារ​តែ​គណបក្ស​បាន​បើក​ផ្លូវ​ឲ្យអ្នក​ស្រី​ធ្វើ​ការ​តវ៉ា។​ អ្នក​ស្រី​បាន​រិះ​គន់​ថា ​ការ​បណ្តេញ​អ្នក​ស្រី​ចេញ​ពី​គណបក្ស​គឺ​ជា​ការ​រំលោភ​ច្បាប់​ និង​ខុស​លក្ខន្តិកៈ​និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស។​

លោក​ស្រី​និយាយ​ថា៖​ «កា​រ​រារាំង​គឺ​ជា​អំពើ​ផ្តាច់​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង។​ ​ដោយ​សារ​ការ​រារាំង​នេះ​គេ​ខ្លាច​ខ្ញុំ​បញ្ចេញ​ឲ្យអ្នក​សារ​ព័ត៌មាន​គឺ​ធាតុពិត​គឺ​អ្វី​ដែល​បាន​ប្រព្រឹត្ត ​ហើយ​គេ​មិន​ឲ្យខ្ញុំ​បញ្ចេញ​ឲ្យអ្នក​សារ​ព័ត៌មាន​ទេ​ ហើយ​រាល់​សារ​ព័ត៌មាន​ទាំង​អស់​គេ​បាន​បំបិទ​សិទ្ធិ​សេរីភាព»។​

គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ថ្ងៃ​អង្គារ​នេះ ​បាន​សម្រេចបញ្ចប់​សមាជិក​ភាព​លោក​ស្រី​ឡាក់ សុភាព​ពី​គណបក្ស​ និង​ពី​សមាជិក​គណៈ​កម្មាធិការ​នាយក​របស់​គណបក្ស​ បន្ទាប់​ពី​លោក​ស្រី​បាន​ធ្វើការចោទ​ប្រកាន់​ថា​ មាន​បញ្ហា​ពុក​រលួយ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ ហើយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយក្នុង​ទំព័រ​សារ​ព័ត៌មាន។​

ការ​សម្រេចរបស់​គណៈ​កម្មាធិការ​វិន័យ​របស់​គណបក្ស​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​គណបក្ស​បាន​ទុក​ឱសាន​វាទ​ដល់​លោក​ស្រី​ឡាក់ សុភាព​ធ្វើ​ការ​កែ​តម្រូវ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​ស្រី​ទៅ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​ថា​ បាន​ទទួល​ប្រាក់​ចំនួន​៤០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។​

អ្នក​ស្រី​ឡាក់ សុភាព​ ដោយ​សារ​មិន​សុខ​ចិត្ត​នឹង​ការ​បណ្តេញ​ចេញ​នេះ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​កៀង​គរ​អ្នក​គាំទ្រ​របស់​ខ្លួន​មក​តវ៉ា​នៅ​ពី​មុខ​ទី​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះជាតិ​ តែ​ត្រូវបរាជ័យ។​

លោក​អ៊ូ ច័ន្ទ​រិទ្ធ​ ប្រធាន​ក្រុម​ប្រឹក្សា​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ការ​តវ៉ា​ជា​សិទ្ធិ​សេរីភាព​របស់​លោក​ស្រី​ឡាក់ សុភាព។​ ​ក៏ប៉ុន្តែ​ប្រសិន​បើ​អ្នក​ស្រី​ចង់​មាន​ការ​តវ៉ា​បន្តទៀត​ ​គួរ​តែ​ដាក់​ពាក្យ​មក​គណៈ​កម្មការ​អចិន្ត្រៃយ៍​ដើម្បី​ឲ្យគណៈ​កម្មការ​នេះ​ជា​អ្នក​សម្រេចចុង​ក្រោយ។​

លោក​និយាយ​ថា៖ ​«តម្លៃ​ការ​តវ៉ា​របស់​គាត់​ សម្តី​សំដៅ​របស់​គាត់​ ការ​លើក​ឡើង​របស់​គាត់។ ​ខ្ញុំ​យល់​ថា​ បន្តិច​ទៀត​ទៅ​ អ្នក​សារព័ត៌មាន​ សារធារណៈ​ជន​លោក​នឹង​ដឹង​ថា ​គាត់​ជាមនុស្ស​បែប​ណា​ហើយ។​ ​មួយ​ថ្ងៃ​គាត់​និយាយ​អញ្ចេះ​ មួយ​ថ្ងៃ​គាត់​និយាយ​អញ្ចុះ​ មិន​ដឹង​ជា​គាត់​ចង់​និយាយ​អ្វី​ទេ​ យូរ​ទៅ»។​

លោក​សឺន សែន​ករុណា​ មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ការ​រារាំង​ដោយ​កង​កម្លាំងសន្តិសុខ​របស់​គណបក្ស​សង្គ្រោះជាតិ​ហាក់​បី​ដូច​ជា​មិន​តុល្យភាព​គ្នា​និង​ការ​ចង់​បាន​របស់​អ្នក​ស្រី​ឡាក់ សុភាព​ទេ។ ​លោក​បាន​បញ្ជាក់​ថា ​គណបក្ស​គួរ​តែ​សម្រួល​ឥរិយាបទ​ខ្លះ​ នៅ​ពេល​មាន​បញ្ហា​បែប​នេះ​កើត​ឡើង។​

លោក​និយាយ​ថា៖​«អញ្ចឹង​យើង​ឃើញ​ថា​ ចលាចល​របៀប​ហ្នឹង​វាអត់​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​ និង​ឲ្យតម្លៃ​របៀប​ម៉េច​ទេ។ ​ប៉ុន្តែ​យើង​សុំ​ប្រកាន់​ជំហរ​មួយ​ថា​ ការ​ប្រើ​ឥរិយាបទ​ រាល់​ការ​បណ្តេញ​អ្នក​យក​ព័ត៌មាន​ វា​មិន​សាក​សម​ទេ ​គួរ​តែ​កែ​ប្រែ​នៅ​ចំណុច​នេះ ​ហើយ​គួរ​តែ​មាន​ការ​សម្រួល​វិញ»។​

ការ​បណ្តេញ​អ្នក​ស្រី​ឡាក់ សុភាព​ចេញ​ពី​សមាជិក​គណៈ​កម្មាធិការ​នាយក​របស់​គណបក្ស​បាន​ធ្វើ​ឲ្យបញ្ចប់​ជីវិត​នយោបាយ​របស់​អ្នក​ស្រី​ពី​គណបក្ស​ប្រឆាំង​ បន្ទាប់​ពី​អ្នក​ស្រី​ធ្លាប់​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អស់​រយៈពេល​២០​ឆ្នាំ៕

XS
SM
MD
LG