ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​ដក​សមាជិក​ជាន់​ខ្ពស់ចេញ​ពី​តំណែង


លោកស្រី ឡាក់ សុភាព លើក​បង្ហាញ​អ្នកយកព័ត៌មាន​នូវ​លិខិត​ដែល​ជា​សេចក្តី​សម្រេច​ដក​សមាជិកភាព​របស់​លោកស្រី​ពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។
លោកស្រី ឡាក់ សុភាព លើក​បង្ហាញ​អ្នកយកព័ត៌មាន​នូវ​លិខិត​ដែល​ជា​សេចក្តី​សម្រេច​ដក​សមាជិកភាព​របស់​លោកស្រី​ពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។

គណៈ​កម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​សម្រេច​បញ្ចប់​សមាជិក​ភាព​លោក​ស្រី​ឡាក់ សុភាព​ពី​គណបក្ស​និង​ពី​សមាជិក​គណៈ​កម្មាធិការ​នាយក​របស់​គណបក្ស​ ​បន្ទាប់​ពី​លោក​ស្រី​បាន​និយាយ​អំពី​បញ្ហា​ពុក​រលួយ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ទំព័រ​សារ​ព័តមាន ហើយដែល​គណបក្ស​បដិសេធ​ថា​ មិន​ពិត​នោះ។

ការ​សម្រេច​របស់​គណៈ​កម្មាធិការ​វិន័យ​របស់​គណបក្ស​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​គណបក្ស​បាន​ទុក​ឱសាន​វាទ​ដល់​លោក​ស្រី ឡាក់ ​សុភាព​ធ្វើ​ការ​កែ​តម្រូវ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​ស្រី​ទៅ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​ថា ​បាន​ទទួល​ប្រាក់​ចំនួន​៤០​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​ពី​គណបក្ស​ប្រជាជន​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​វិបត្តិ​នយោ​បាយ។​

លិខិត​មួយ​ច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​អ៊ូ ច័ន្ទ​ឫទ្ធិ​ តំណាង​ឲ្យគណៈកម្មាធិការ​វិន័យ​ បាន​សម្រេច​បញ្ចប់​សមាជិក​របស់​អ្នក​ស្រី​ឡាក់ សុភាព​ពី​សមាជិក​គណៈកម្មាធិការ​នាយក ​គណៈកម្មាធិការ​ប្រតិបត្តិ​ ក្រុម​ការងារ​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ខេត្ត​ក្រុងគ្រប់​លំដាប់​ថ្នាក់។​

លោក​អ៊ូ ច័ន្ទឫទ្ធិ ​ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា​ មូល​ហេតុ​ដែល​នាំ​ទៅ​រក​ការ​បញ្ឈប់​សមាជិក​ភាព​អ្នក​ស្រី ឡាក់ សុភាព​គឺ​ដោយ​សារ​តែ​អ្នក​ស្រី​បាន​ថ្លែង​ជា​សារធារណៈ​ដែល​នាំ​ឲ្យមាន​ការ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​គណបក្ស។​

លោក​បញ្ជាក់​ថា ​គណបក្ស​មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ ​នាពេល​ខាង​មុខ​ នៅ​ពេល​ដែល​អ្នក​ស្រី​ឡាក់ សុភាពព្យាយាម​និយាយ​អ្វី​មិន​ពិត​ពី​គណបក្ស​តទៅ​ទៀត​បន្ទាប់​ពី​ការ​បណ្តេញ​ចេញ​ពី​គណបក្ស។​

លោក​បាន​និយាយ​ថា៖​«អ្នក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​លោក​មាន​ការ​ខក​ចិត្ត​ណាស់​ដោយ​ឮ​សម្តី​អ្នក​ស្រី​ឡាក់ សុភាព ​ដែល​ជា​សមាជិក​គណៈ​កម្មការ​នាយក​ទៅ​និយាយ ទីមួយ​និយាយ​ពី​បញ្ហា​ផ្ទៃ​ក្នុង​ ហើយ​ទី​២​បញ្ហា​ផ្ទៃ​ក្នុង​មិន​មែន​ជា​រឿង​ពិត​ទាល់​តែ​សោះ។ ​ដូច្នេះ​គាត់​គ្មាន​តួនាទី​អ្វី​ទៅ​និយាយ​ជា​មួយ​អ្នក​កាសែត​ ហើយ​និយាយ​បំផ្លើស​ និយាយ​បំភ្លៃ​ និយាយ​បរិហារកេរ្តិ៍​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​បែប​នេះ​ទេ ​បាទ»។

អ្នក​ស្រី​ឡាក់ សុភាព​ បន្ទាប់​ពី​គណៈកម្មាធិការ​វិន័យ​បាន​សម្រេច​បញ្ចប់​សមាជិក​ភាព​ពី​គណបក្ស​សង្គ្រោះជាតិ​ អ្នក​ស្រី​បាន​ដើរ​ចេញ​ពីរដ្ឋសភា​មក​ធ្វើ​សន្និសីទ​កាសែត​ ដោយ​បាន​ហៅ​សេចក្តី​សម្រេច​នេះ​ជា​ការ​ខុស​ច្បាប់​អយុត្តិធម៌​ និង​មិន​មាន​លក្ខណៈ​ប្រជា​ធិបតេយ្យ។

ពាក់​វែន​តា​ខ្មៅ ​និង​ដៃ​មាន​ការ​សេចក្តី​សម្រេច​របស់​គណបក្ស​ លោក​ស្រី​ឡាក់ សុភាព​មាន​ប្រសាសន៍​ដោយ​ទឹក​មុខ​មាំ​ តែ​សម្តែង​នូវ​ការ​ក្រៀម​ក្រំ​ថា​ អ្នក​ស្រី​នៅ​តែ​ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដដែល ដោយ​សារ​តែ​អ្នក​ស្រី​ស្រឡាញ់​អ្នក​ប្រជា​ធិបតេយ្យ។

អ្នក​ស្រី​បាន​បញ្ជាក់​ថា ​អ្នក​ស្រី​មិន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ណា​ផ្សេង​ឬ​សមាគម​ណាមួយ​ទេ​ បន្ទាប់​ពី​អ្នក​ស្រី​ត្រូវ​បាន​គណបក្ស​សង្គ្រោះជាតិ​បញ្ចប់​សមាជិក​ភាព​ ក្រោយ​ពី​អ្នក​ស្រី​បាន​បម្រើគណបក្ស​ប្រឆាំង​អស់​រយៈពេល​២០​ឆ្នាំ។​

លោក​ស្រី​និយាយ​ថា៖​«រឿង​នេះ​មិន​មែន​ជារឿង​ខ្ញុំ​ទេ។​ បាល់​ដែល​ទាត់​លេង​តែ​ពីរ​នាក់​ទេ​ ​ដល់​ពេល​ទី​បញ្ចប់​គាត់​ទាត់​បាល់​ហ្នឹង​មក​ឲ្យខ្ញុំ​ទប់​ ខ្ញុំ​មិន​អាច​ទប់​បាន​ទេ។​ ​ល្បែង​នេះ​ហាក់​បី​ដូច​ជា​ល្បែង​មួយ​ នៅ​ពេល​ទប់​មិន​បាន​ឲ្យខ្ញុំ​មក​ទទួល​ថ្ម​បាក់​ ដោយ​សារ​អស់​លោក»។​

លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា ​ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ស្អាត​ស្អំ​ សុំ​ឲ្យចេញ​មុខ​បក​ស្រាយ​ជា​សារធារណៈ។​

លោក​ស្រី​បាន​បញ្ជាក់​ថា៖​ «បើ​សិន​ជា​ថ្នាក់​ដឹក​នាំ​ទាំង​អស់​លោក​ស្អាត​ស្អំ​ សុំ​លោក​ធ្វើ​សន្និសីទ​កាសែត​ ឬ​សេចក្តី​ថ្លែង​ការណ៍​ណាមួយ​ឲ្យមតិ​មហាជន​នៅ​ក្នុង​ស្រុក ​ឬក៏​ប្រទេស​ខាង​ក្រៅ​ ជាតិ​និង​អន្តរជាតិ​ឲ្យបាន​ដឹង​ឮ​ដើម្បី​ឲ្យគេ​ស្ងប់​ស្ងាត់​ទៅ។ ​នេះ​ជារឿង​របស់​មេដឹក​នាំ​ទេ ​មិន​មែន​ជា​រឿង​របស់​ខ្ញុំ​ទេ»។

កាល​ពី​ចុង​សប្តាហ៍មុន កាសែត​ក្នុង​ស្រុក ​និង​កាសែត​ជា​ភាសារ​អង់គ្លេស​ដែល​បាន​បោះ​ពុម្ពផ្សាយ​កាលពីថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ បាន​ស្រង់​សម្តី​អ្នក​ស្រី​ឡាក់ សុភាព​មក​ចុះ​ផ្សាយថា ​លោក​សម រង្ស៊ី​បាន​ទទួល​ប្រាក់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ​អ្នកស្រី​និយាយ​ដូច្នេះ​ក្នុង​ឱកាស​ដែល​អ្នក​ស្រី​បាន​ចូល​រួម​កិច្ច​ប្រជុំ​បណ្តាញ​សង្គម។​

ការ​អះអាង​នេះ​ត្រូវ​បាន​គណបក្សសង្គ្រោះជាតិបដិសេធ​ថា​ ជា​រឿង​មិន​ពិត​មិន​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់​មក​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG