ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​បដិសេធ​ថា​​ខ្លួន​មិន​កំពុង​បង្កើត​រដ្ឋាភិបាល​ស្រមោល​ទេ


រូបឯកសារ៖ លោក ​សុន ឆ័យ ​អ្នក​តំណាង​រាស្រ្ត​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិ​ និយាយ​ទៅកាន់​ព្រះសង្ឍ​និង​អ្នក​ចូលរូម ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ​​ នៅថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​៦៧​ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​ដែល​បប្ចុប្បន្ន​ហៅថា​​កម្ពុជា​ក្រោម​ ​ឲ្យ​ប្រទេស​​វៀតណាមនៅ​ឆ្នាំ​១៩៤៩។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក ​សុន ឆ័យ ​អ្នក​តំណាង​រាស្រ្ត​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិ​ និយាយ​ទៅកាន់​ព្រះសង្ឍ​និង​អ្នក​ចូលរូម ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ​​ នៅថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​៦៧​ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​ដែល​បប្ចុប្បន្ន​ហៅថា​​កម្ពុជា​ក្រោម​ ​ឲ្យ​ប្រទេស​​វៀតណាមនៅ​ឆ្នាំ​១៩៤៩។ ​(ឡេង ឡែន/VOA)

គណៈរដ្ឋមន្ត្រី​ស្រមោល​ គឺ​ជា​ក្រុម​នៃ​អ្នកនាំពាក្យ​ជាន់​ខ្ពស់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ មេដឹកនាំ​ គណបក្ស​ប្រឆាំង​ ដើម្បី​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល។​ នេះ​បើ​យោង​តាម​ការ​ពន្យល់​​ដែល​បាន​សរសេរ​ក្នុង​គេហទំព័រ​សភា​នៃ​ចក្រភព​អង់គ្លេស។​

បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋសភាដែល​សង្ស័យ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មានផែនការ​បង្កើតគណៈរដ្ឋមន្ត្រី​ស្រមោល​នោះ​ មន្ត្រី​ជាន់​គណបក្ស​ប្រឆាំង​បាន​ថ្លែង​បដិសេធ ដោយ​បញ្ជាក់​ថា​ ការ​បង្កើតគណៈកម្មការ​ស្រមោល​ទាំង​១០​ដែល​មាន​លំនាំ​នីតិ​បញ្ញត្តិនោះ​ គឺ​ដើម្បី​ពង្រឹង​ការងារ​បក្ស មិន​មែន​ជា​ការ​បង្កើត​រដ្ឋាភិបាល​ស្រមោល​នោះ​ទេ។​

​លោក​ សុន ឆ័យ​ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​បង្កើត​គណៈកម្មការ​ទាំង​១០​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ស្រដៀង​គ្នា​នឹង​គណៈកម្មការ​ទាំង​១០​នៃ​សភាជាតិ​ មិន​មែន​ជាការ​បង្កើត​គណៈរដ្ឋមន្ត្រី​ស្រមោល​ ឬ​រដ្ឋាភិបាល​ស្រមោល​ដែលប្រទេស​មាន​ប្រព័ន្ធ​អាស្រ័យ​សភាផ្សេង​ទៀត​កំពុង​អនុវត្តន៍​នោះ​ឡើយ។​

ការ​ថ្លែង​បញ្ជាក់​របស់​លោក​ សុន​ ឆ័យ ពី​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនទាន់​មាន​ផែនការបង្កើតរដ្ឋាភិបាល​ស្រមោល​នេះ​ កើត​មាន​ឡើង​ បន្ទាប់​ពី​អ្នក​នាំពាក្យ​សភាជាតិ​ បាន​ប្រាប់​ព្រឹត្តិប័ត្រ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​កាលពី​ថ្ងៃ​ពុធ​នេះថា ​ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ស្រមោល​ណា​មួយ​នោះ​ គឺ​ជា​សកម្មភាពខុសច្បាប់។​

លោក​ សុន​ ឆ័យ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ និង​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ ​បាន​ប្រាប់​ VOA​ នារសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​មានផែនការ​ជាក់​លាក់​ណាមួយ​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ស្រមោល​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។​

លោក​ថា​ ​គណៈកម្មការ​ទាំង​១០​ ដែល​ទើបតែ​ត្រូវ​បាន​បង្កើត​ឡើង​នោះ​ គឺ​មាន​តួនាទី​ពង្រឹងសមត្ថភាព​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តម្រូវ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​ស្ថានភាព​ការងារ​ដែល​ត្រូវ​បំពេញ។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ប្រាប់​ VOA ថា៖

«យើង​អត់​បាន​រៀបចំ​រដ្ឋាភិបាល​ស្រមោល​អី​ទេ។​ យើង​បាន​រៀប​ចំ​គណៈកម្មការ​១០​ ​ដើម្បី​បំពេញ​ការងារ​ រៀបចំ​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ ​ចង​ក្រង​គោលនយោបាយ​របស់​គណបក្ស»។​

លោក​ថ្លែង​បន្ត​ថា​ ផ្តើម​ចេញ​ពី​ការ​បង្កើត​គណៈកម្មការ​ទាំង​១០​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ធន​ធាន​មនុស្ស​គ្រប់​គ្រាន់​ សម្រាប់​ដឹកនាំ​ប្រទេស​ ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​ ២០១៨។​

ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​និង​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​អង្គប្រជុំ​រដ្ឋ​សភា កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​និង​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​អង្គប្រជុំ​រដ្ឋ​សភា កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក ​ឡេង​ ប៉េងឡុង​ អ្នកនាំ​ពាក្យ​សភា​ជាតិ បាន​ប្រាប់​ VOA ថា​ ទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ត្រៀម​បង្កើតគណៈរដ្ឋមន្ត្រី​ស្រមោល​ក៏​ដោយ ក៏​លោក​នៅ​មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​គណៈកម្មការ​ទាំង១០របស់​គណបក្ស​ជំទាស់​ មាន​ការងារ និង​គោល​បំណង​ដូចគ្នា​នឹង​គណៈកម្មការ​ទាំង​១០​ ដែល​កំពុង​ដំណើរ​នៅ​រដ្ឋ​សភា។​ លោក​ថា​ ការ​បង្កើត​គណៈកម្មការ​ទាំង​១០​របស់​គណបក្សប្រឆាំង គឺ​ពុំ​បាន​ធ្វើ​ឡើង​ដោយ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖

«ការ​បង្កើត​នេះ​គឺ​ ​វា​ជា​អង្គភាព​មួយ​ឬក៏​ស្ថាប័ន​មួយ​ដែល​ដូច​ស្ថាប័ន​របស់​រដ្ឋ​ អ៊ីចឹង​វា​រដ្ឋ​ពីរ ​ទៅ​អ៊ីចឹង​ បាន​សេចក្ដី​ថា​ រដ្ឋ​មួយ​នៅ​ក្នុង​រដ្ឋ​មួយ។​ វា​មិន​អាច​ធ្វើ​អ៊ីចឹង​កើតទេ​ ការងារ​មុខ​ងារ​ ដូច​គ្នា​ការងារ​ដូច​គ្នា​ ហើយ​គាត់​បង្កើត​ឯកជន​របស់​គាត់​អត់​មាន​ច្បាប់​អ៊ីចឹង​ ហើយ​តំណាងរាស្ត្រ​របស់​គាត់​មាន​សិទ្ធិ​ធ្វើ​អី​ទាំង​អស់​ ​ហើយ​គាត់​មិន​ធ្វើ​ ហើយ​គាត់​ទៅ​បង្កើត​អា​កន្លែង​ហ្នឹង​ធ្វើ​អី​ អីចឹង»។​

លោក​ថ្លែង​បន្តថា​ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ នឹង​ពិនិត្យ​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​បង្កើត​គណៈកម្មការ​ទាំង​១០​ ​របស់​គណបក្ស​ជំទាស់។ ​លោក​បន្ថែម​ថា​ ប្រសិន​បើ​មាន​ការ​ស្នើ​ឲ្យបង្កើត​គណៈរដ្ឋមន្ត្រី​ស្រមោល​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​អ្នកនយោបាយ​គណបក្ស​ទាំង​ពីរ​អាច​ចរចា​គ្នា​តាម​វប្បធម៌​សន្ទនា​ ដែល​មិន​ទាន់​បានបញ្ចប់​នៅ​ឡើយ​នោះ។​ ​

ប្រទេស​ដែល​មាន​ប្រព័ន្ធ​សភានិយម បាន​បង្កើត​ឲ្យ​មាន​គណៈ​រដ្ឋមន្ត្រី​ស្រមោល​ ឬ​រដ្ឋាភិបាល​ស្រមោល​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​រដ្ឋ​ និង​ការ​ពិភាក្សា​អំពី​គោល​នយោបាយ​សម្រាប់​ការ​អភិវឌ្ឍ។​ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុកនៅ​ប្រទេស​កម្ពុជា។​ ​លោក​និយាយ​ថា​ ការ​ដាក់​ដំណើរការ​គណៈរដ្ឋមន្ត្រី​ស្រមោល​ គឺ​មិន​ប៉ះពាល់​ដល់​ផ្លូវ​ច្បាប់​សម្រាប់​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សភា។​

លោក អ៊ូ វីរៈ ពន្យល់​ថា៖

«វា​មាន​ប្រយោជន៍​ច្រើន​មែន​ទែន​ នៅ​ក្នុង​ការ​បង្កើត​ហ្នឹង​ ព្រោះ​អី​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​ហ្នឹង​ វា​មាន​លក្ខណៈ​ ស៊ី​ជម្រៅ​ ហើយ​វា​មាន​លក្ខណៈ ​ វា​អត់​ឈ្លោះ​គ្នា​ របៀប​គ្រាន់​តែ​ឈ្លោះ​គ្នា​ វា​មាន​លក្ខណៈ​ស៊ី​ជម្រៅ»។​

គណៈរដ្ឋមន្ត្រី​ស្រមោល​ គឺ​ជា​ក្រុម​នៃ​អ្នកនាំពាក្យ​ជាន់​ខ្ពស់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ មេដឹកនាំ​ គណបក្ស​ប្រឆាំង​ ដើម្បី​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល។​ នេះ​បើ​យោង​តាម​ការ​ពន្យល់ដែល​បាន​សរសេរ​ក្នុង​គេហទំព័រ​សភា​នៃ​ចក្រភព​អង់គ្លេស។​

សមាជិក​នីមួយៗ​ នៃ​គណៈរដ្ឋមន្ត្រី​ស្រមោល​ត្រូវ​បាន​តែងតាំង​ឲ្យ​ដឹកនាំ​វិស័យ​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន​ ដើម្បី​ដាក់​ជា​សំណួរ​ និងតទល់​សម​ភាគី​របស់​ខ្លួន​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី។​ តាម​រយៈ​មធ្យោបាយ​នេះ​ គណបក្ស​ប្រឆាំង​ផ្លូវ​ការ​ ប្រឹងប្រែង​បង្ហាញខ្លួន​ថា​ ជា​រដ្ឋាភិបាល​ជំនួស​កំពុង​រង់​ចាំ។

ថ្វី​ត្បិត​តែ​លោក​ សុន​ ឆ័យ​ បាន​បញ្ជាក់​ពី​គោល​ជំហរ​គណបក្ស​ជំទាស់​ដែល​ថា ​មិនទាន់​ត្រៀម​បង្កើត​រដ្ឋាភិបាល​ស្រមោល​ក្តី លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រសួង​មហាផ្ទៃ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ ក្រុម​អ្នក​នយោបាយ​ណា​ដែល​មាន​បំណងបង្កើត​រដ្ឋាភិបាល​ស្រមោល​ ត្រូវ​ពិនិត្យ​លក្ខខណ្ឌ​ច្បាប់​ ព្រោះ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​ច្បាប់សភា មិន​បាន​ចែង​ពី​ការ​បង្កើត​រដ្ឋាភិបាល​ស្រមោល​នោះ​ឡើយ។​

យ៉ាង​ក៏​ដោយ​លោក​នាយ​ឧត្ដមសេនីយ៍លើក​ឡើង​ថា​ គណបក្ស​ជំទាស់​ទំនង​ជា​កំពុង​ប្រតិបត្តិការ​គណៈកម្មការ​ទាំង​១០​របស់​ខ្លួន​តាម​លំនាំ​រដ្ឋាភិបាល​ស្រមោល​ តែ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ចំ​ប៉ុណ្ណោះ។​

«ទុក​ជា​គាត់​មិន​បង្កើត​ក៏​គាត់​បាន​អនុវត្តន៍​ដែរ។​ ឧទាហរណ៍ គណៈកម្មការ​នីមួយៗ​វា​មាន​១០​ហើយ​ណ៎ា។​ នៅ​ក្នុង​ហ្នឹង​វា​មាន​ប្រធាន​ អនុប្រធាន​ ដូច្នេះ​ នៅ​ក្នុង​បក្ស​របស់​គាត់ ​ពេល​គាត់​ប្រជុំ​គាត់​លើក​ឯកសារ​ហ្នឹង​ ដូច្នេះ​គាត់​មិន​បង្កើត​ ក៏​គាត់​ធ្វើ​ហើយ»។​

លោក​នាយ​ឧត្តមសេនីយ៍ ខៀវ​ សុភ័គ​ បាន​រំឭក​ដល់​លោក​ ជាម ច័ន្ទនី​ អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ធ្លាប់​ជាប់​ក្នុង​ពន្ធនាគារ​ នៅ​ពេល​ថ្លែង​អំពី​រដ្ឋាភិបាល​ស្រមោល។

កាល​ពី​ឆ្នាំ​២០០៥ លោក​ ជាម ច័ន្ទនី​ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទទួល​បន្ទុក​ផ្នែក​ការពារ​ជាតិ​ ដោយ​គណបក្ស​ប្រឆាំង​ នៅ​គ្រា​ដែល​គណបក្ស​នេះ​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល។​ លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ ការ​នាំ​បំបះ​បំបោរ​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចោទ​លោក​ពី​ការ​កេណ្ឌ​កងទ័ព​ ស្រមោល​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

​ទោះ​ជា​យ៉ាង​ណា​ ​លោក​ សុន​ ​ឆ័យ​ ​បញ្ជាក់​ជា​ច្រើន​ដង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ត្រៀម​បង្កើត​រដ្ឋាភិបាល​ស្រមោល​នោះ​ទេ​ ហើយ​អ្វី​ដែល​គណបក្ស​ជំទាស់​ចង់​បាន​នោះ​ គឺ​ការ​វិល​ត្រឡប់​មក​សភាព​ធម្មតា​វិញ​នៃ​នយោបាយ​ខ្មែរ៕

XS
SM
MD
LG