ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​ការ​បិទ​សិទ្ធិ​បញ្ចេញ​មតិ​មុន​ការ​បោះឆ្នោត​អសកល

  • ហេង រស្មី

កម្មការ​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រែក​អបអរ​នៅ​ពេល​​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​មួយ​នៅ​ជិត​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៤។
នៅ​ក្នុង​ខណៈពេល​ដែល​មាន​ការ​រាំង​ខ្ទប់ ​ទាំង​ទីលាន​ប្រជាធិបតេយ្យ​និង​តាម​ទីសាធារណៈ​មួយ​ចំនួន​មិន​ឱ្យ​ធ្វើ​សកម្មភាព​បញ្ចេញ​មតិ​បាន​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្កោល​ទោស​ថាសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​កាន់​តែ​រួញ​តូច​ទៅៗ។​

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​យក​ទីតាំង​សួន​ប្រជាធិបតេយ្យ​ដែល​ច្បាប់​បាន​អនុញ្ញាត​ឱ្យ​មាន​សិទ្ធិ​ជួប​ប្រជុំ​និង​សម្តែង​មតិ​នៅ​ទីនោះ​ធ្វើ​ជា​វេទិកា​ឃោសនា​រក​សំឡេង​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ រាជធានីខេត្តក្រុង​ នៅ​ថ្ងៃ​ស្អែក​នេះប៉ុន្តែ​ត្រូវ​បានអាជ្ញាធ​រដ្ឋាភិបាល​បាន​ដាក់​បន្លា​លួស​ និង​ របាំង​ដែក​ការ​ពារ​មិន​អនុញ្ញាត​ឱ្យ​យក​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​ជាកន្លែង​ជួប​ប្រជុំ​ទៀត​បាន​ទេ។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រឹម​តែ​មក​សម្តែង​មតិ​នៅ​លើ​ស្ពាន​នាគ​តែ​ប៉ុណ្ណោះ​ដែល​នៅ​ជាប់​គ្នា​និង​សួន​ប្រជាធិបតេយ្យ​តែ​មិន​បាន​បុក​ទំលុះ​របាំង​ការពារ​របស់​សមត្ថកិច្ច​ទេ​ដោយ​សារ​តែ​មាន​កង​កម្លាំង​មាន​សមត្ថកិច្ច​ជាច្រើន​រាប់រយនាក់​បាន​ឈរ​ការពារ​នៅ​ទី​នោះ។​

ការ​ចាប់​យក​ទិវា​ពលកម្ម​អន្តរជាតិ​របស់​គណបក្ស​សង្គ្រោះជាតិ​ដោយ​លាយឡំ​និង​ក្បួន​ដង្ហែរ​ធ្វើ​បាតុកម្ម​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​រាំង​ខ្ទប់​ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​យ៉ាង​តិច​ប្រមាណ​ពី​៤ទៅ៥នាក់​បាន​រង​របួស។ ​នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​ អំ សំអាត​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការសិទ្ធិមនុស្ស​លីកាដូ។​

ទោះ​បី​ជា​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បិទសិទ្ធិ​សេរីភាព​ មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​រលូន​ក៏​ដោយ​ ​ក៏​គណបក្ស​នេះ​នៅ​តែ​បញ្ជាក់​គោល​ជំហរថា​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​អសកល​នាពេល​ខាងមុខ​នេះ។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា​ យើង​ថ្កោល​ទោស​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​បាន​រិត​ត្បិត​សកម្មភាព​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ចូល​រួម​ទិវា​ពលកម្ម​អន្តរជាតិ​និង​សកម្មភាព​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នាពេល​ខាង​មុខនេះសម្រាប់​ការ​បោះ​ឆ្នោត​អសកល។​

លោក​និយាយ​ថា៖​«​ ការ​គោរព​ច្បាប់​ជាពិសេស​ច្បាប់​ទាក់​ទង​ទៅ​នឹង​ច្បាប់​បោះ​ឆ្នោត​គឺ​ត្រូវ​គេ​រំលោភ​រារាំង​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រកួត​ប្រជែង​តែ​មួយ​គេមិន​ឱ្យ​យើង​ហែរ​ក្បួន​ គេមិន​ឱ្យ​យើង​ជួប​ជុំ​គ្នា»។​

លោក​ ទេព នីថា​ អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មាន​ប្រសាសន៍​ថា​ការ​យក​វេទិការ​ឃោសនា​រក​សំឡេង​ឆ្នោត​មក​ធ្វើ​ជាក្បួន​ដង្ហែរ​បាតុកម្ម​គឺ​ជា​ការ​ខុស​ច្បាប់។​ លោក​មាន​ប្រសាសន៍​ថា​គ.ជ.ប​បាន​ផ្សព្វផ្សាយ​អំពី​ការឃោសនា​បោះ​ឆ្នោត​តាំង​ពីមុន​មក​ទាំង​វិធានការ​សន្តិសុខ​ហើយ​យើង​បាន​រំឮក​ឱ្យគណបក្ស​នយោបាយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ និង​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យមាន​ការ​ហែរ​ក្បួន​ទេ។​

លោក​និយាយ​ថា៖ ​«ជាធម្មតា​ទាំង​គណៈកម្មការ​បោះ​ឆ្នោត​ទាំង​អាជ្ញាធរ​ហ្នឹង​តែង​តែ​មាន​វិធានការ​ធ្វើ​យ៉ាង​ណា​រក្សា​សន្តិសុខ​សុវត្ថិភាព​បាន​ល្អ​ហើយ​រួម​ទាំង​ឱ្យការ​ឃោសនា​ហ្នឹង​វា​សម​ស្រប​និង​រក្សា​បាន​ប្រសិទ្ធភាព​នៃ​ការ​ឃោសនា​ដល់​អ្នក​បោះ​ឆ្នោត​ក៏​ដូច​ជារក្សា​បាន​សន្តិសុខ​ទូទៅ»។​

ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ និង​ ក្រុម​ប្រឹក្សា​ ក្រុង​ ស្រុក​ ខណ្ឌ​ ចាប់​ពី​ថ្ងៃ​ទី​២​រហូត​ដល់​ថ្ងៃទី​១៦​ ខែឧសភា​ដែល​មាន​រយៈ​ពេល​១៥​ថ្ងៃ ហើយ​ថ្ងៃ​បោះ​ឆ្នោត​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​១៨​ខែ​ឧសភា​ខាង​មុខ​នេះ។​

យោង​តាម​ការ​ប្រកាស​របស់​ គ.ជ.ប.​បាន​ឲ្យ​ដឹងថា​ ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ក្រុង​ ស្រុក​ និង​ខណ្ឌ​នៅ​ឆ្នាំ​២០១៤​នេះ​មាន​អ្នក​បោះឆ្នោត​សរុប​ ១១.៤៥៩​នាក់​ និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង​១៩៧​ការិយាល័យ៕​
XS
SM
MD
LG