ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​ស្ងប់ស្ងៀម​ក្រោយពី​ការភ័យ​ខ្លាច​ភាពចលាចល​ក្រោយ​ការបោះឆ្នោត​ជាតិ


កងរាជអាវុធ និង​ប៉ូលិស​រក្សា​​សណ្តាប់​ធ្នាប់ នៅ​ថ្ងៃ​បោះឆ្នោត​ជាតិ​ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
កងរាជអាវុធ និង​ប៉ូលិស​រក្សា​​សណ្តាប់​ធ្នាប់ នៅ​ថ្ងៃ​បោះឆ្នោត​ជាតិ​ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ភ្នំពេញ៖ នា​ពេល​នេះ គេ​សង្កេត​ឃើញ​ថា ការ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ក្នុង​ទីក្រុង ​ភ្នំពេញ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ហាក់​ដូចជា​ស្ងប់ស្ងាត់​ទៅ​វិញ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ដក់​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ឡើយ។

ទោះ​បី​ជា​ស្ថានការណ៍​ក្រោយ​ថ្ងៃ​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ​ត្រឡប់​មក​សភាព​ធូរស្រាល​ជាប្រក្រតី​វិញ​ក៏​ដោយ ក៏​ពលករ​និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​មាន​ការ​បារម្ភអំពី​ភាព​ចលាចល​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​នៅ​ពេល​ដែលដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​មិនទាន់បាន​ចាប់​ផ្តើម​នៅ​ឡើយ។

កំពុង​ឈរ​នៅ​ខាង​មុខ​បន្ទប់​ជួល​ជា​មួយ​បង្វិច​ខោ​អាវ​បម្រុងត្រឡប់​ទៅ​ស្រុក​កំណើត​វិញ យុវជន គីន ហ៊ួយី អាយុ​២៥​ឆ្នាំ​ ជា​កម្មករ​ម្នាក់​នៅ​រោងចក្រ​អ៊ីស៊ូ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ គេ​ថ្លែង​ថា រូបគេ​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​ជា​បណ្តោះ​អាសន្ន​សិន​ក្រោយ​ពី​មក​ធ្វើ​ការ​បាន​ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។

«ខ្លាច​ចលាចល​ខ្លាំង ម្តាយ​ឱ្យ​ទៅ​មួយ​រយៈ​សិន។ ប្រហែល​ថ្ងៃ​ទី​១០ ឱ្យ​ស្ងាត់​ស្រួល​បួល​សិន ទើប​មក​ធ្វើ​ការ​ដូច​ធម្មតា​វិញ»។

ការ​ចាក​ចេញ​របស់​លោក​គីន ហ៊ួយី ស្រប​ពេល​ដែល​កម្មករ​រោងចក្រ​មួយ​ចំនួន​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ​ដោយ​ប្រុង​ប្រយត្ន័ចំពោះ​បញ្ហ​សន្តិសុខ។

កំពុង​ឈរ​នៅ​ក្បែរ​ផ្លូវ​លំ​មួយ ​អ្នកស្រី​ទូច វ៉ាន់ អាយុ​៣៤​ឆ្នាំ ជា​កម្មការិនី​ម្នាក់​ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ អ្នកស្រី​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​កម្មករ​ក្នុង​រោងចក្រ​សរុប​២០០​នាក់​ទើប​តែ​មាន​កម្មករ​ប្រហែលពាក់​កណ្តាល​ប៉ុណ្ណោះ​បាន​មក​ធ្វើការ។

«រោងចក្រ​ខ្ញុំ​ មក​ខ្លះ នៅ​ខ្លះ មក​ពាក់​កណ្តាល​ នៅ​ពាក់​កណ្តាល ព្រោះ​អ្នក​ខ្លះ​ផ្ទះ​ឆ្ងាយ ហើយ​ខ្លាច ភ័យ​ខ្លាច​គ្រប់​គ្នា។ លឺ​សូរគេ​បិទ​ផ្លូវ​បិទ​អី​អញ្ចឹង​ទៅ ម៉ែ​ឪ​មិន​អត់​មក​ទេ។ គាត់​ខ្លាច​មាន​បញ្ហា​អញ្ចឹង នៅ​ផ្ទះ​សិន​ទៅ»។

អ្នកស្រី​កត់​សម្គាល់​ឃើញ​ថា នៅ​រោងចក្រ​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ក្នុង​សង្កាត់​ជា​មួយ​គ្នា​ក៏​មាន​សភាព​ដូច​រោងចក្រ​អ្នកស្រី​ដែរ។

«សភាពការណ៍​នៅ​រោងចក្រ​ផ្សេង ដូចជា​នៅ​រោងចក្រ​នៅ​ទួល​ពង្រ​គឺ​ឆោ​ឡោ​ដែល​ហ្នឹង និយាយ​ទៅ​អត់​មក​ភាគ​ច្រើន»។

កម្ពុជា​បាន​ធ្វើការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៥​កាល​ពី​ថ្ងៃ​អាទិត្យទី​២៨​ខែ​កក្កដា។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា ជា​គណបក្ស​តែ​ពីរ​គត់​ដែល​ទទួល​បាន​ជ័យជម្នះ។ ការ​បោះឆ្នោត​នោះ​មាន​ចលនា​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តាម​បណ្តា​ខេត្ត​និង​ក្រុង​ដែល​នាំ​ឲ្យ​មាន​កង្វល់​ដល់​បញ្ហា​សន្តិសុខ​ផង​ដែរ។

សេចក្តីរាយការណ៍​មួយ​ចំនួន​ឲ្យ​ដឹង​ថា មាន​ការ​ចល័ត​ទាហាន​ជា​ច្រើន​ឡាន​មក​កាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចំ​ថ្ងៃ​បោះឆ្នោត​និងការ​បិទ​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ទីក្រុង​ជា​ដើម។ ការណ៍​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើនភ័យ​ខ្លាច និង​បាន​ទិញ​ស្បៀង ដក​លុយ​ពី​ម៉ាស៊ីន​ដក​លុយ​និង​ខ្លះ​ភៀស​ខ្លួន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​ចេញ​ពី​ក្នុង​ក្រុង។ ទោះបី​ស្ថានភាព​វិល​មក​រក​ភាព​ប្រក្រតី​វិញនៅ​ថ្ងៃ​បន្ទាប់​ក្តី គេ​សង្កេត​ឃើញ​កម្មករ​រោងចក្រ​និង​ប្រជាពលរដ្ឋ​ខ្លះ​នៅ​តែ​មាន​អារម្មណ៍ភ័យ​ខ្លាច​នៅ​ឡើយ។

តាម​ការ​អង្កេត​របស់​លោក អាត់ ធុន ប្រធាន​សហភាព​ការងារ​កម្ពុជា​ ពិត​ជា​ឃើញ​អវត្តមាន​កម្មករ​ច្រើន​នៅរោងចក្រ​មួយ​ចំនួន​មែន ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​បាន​ត្រឡប់​មក​ធ្វើ​ការ​វិញ​ហើយ។

«មក​ដល់​ថ្ងៃ​ហ្នឹង ទោះបីជា​មិនមាន​រឿងអ្វី​ក៏​ដោយ ក៏​គាត់​នៅ​មាន​ការ​សង្ស័យ​ខ្លាច​មាន​រឿងរ៉ាវ​អញ្ចឹង។ ថ្ងៃ​ម្សិល​ម៉ិញ មាន​ចំនួន​ពាក់​កណ្តាល​ខ្លះ ប៉ុន្តែ​មាន​រោងចក្រ​ជា​ច្រើន​ដែល​ខ្ញុំ​អង្កេត​ហ្នឹង បាត់​ប្រហែល​ជា​៧០​នាក់ ឬ​១០០​នាក់​អី​ទេ ក្នុង​ចំណោម​បុគ្គលិក​ប្រហែល​២០០០​នាក់»។

លោក​ អាត់ ធុន គូស​បញ្ជាក់​ថា កម្មករ​ខ្លះដែល​មិន​ទាន់​ត្រឡប់​មក​ធ្វើ​ការវិញទំនង​ជា​នៅបារម្ភ​ពី​សុវត្ថិភាព​និង​ពាក្យ​ចចាម​អារាម​នា​ពេល​កន្លង​មក។ លោក​បាន​អំពាវនាវ​ឱ្យ​ពួកគេ​ទាំង​នោះ​ត្រឡប់​មក​ធ្វើ​ការ​ដូច​ធម្មតា​វិញ។ ក្រៅ​ពី​នៅ​តាម​រោងចក្រ នៅ​តាម​សាលារៀន​មួយ​ចំនួន សិស្ស​ហាក់​មិន​ទាន់​មក​រៀន​ពេញដូច​ដើម​នៅ​ឡើយ។

អ្នកស្រី ហ៊ាន វិជ្ជនី អ្នក​គ្រប់គ្រង​រដ្ឋបាល​នៅ​សាលា​មត្តេយ្យ​អាលីស​នៅ​ក្នុងខណ្ឌ​ទួល​គោក​ក្នុង​រាជធានី​ភ្នំពេញ ថ្លែង​ថា មាន​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​តូច​នៅ​តែមិន​ទាន់​ហ៊ាន​បញ្ជូន​កូន​មក​រៀន​នៅ​ឡើយ​ទេ។

«ម្សិលម៉ិញ​មក​រៀន​បាន​ប្រហែល​៤០​ភាគ​រយ ថ្ងៃ​នេះ​មក​បាន​ប្រហែល​ជា​៩០​ភាគរយ។ ភាគ​តិច​អត់ទាន់ហ៊ាន​មក​ដែរ។ ខ្ញុំ​បាន​សួរ​ហើយ ភាគ​ច្រើន​គាត់ខ្លាច​បញ្ហា​ដូចជា​បាតុកម្ម​អី​អញ្ចឹង។ ថ្ងៃ​នេះ​ខ្ញុំ​បាន​ទូរសព្ទ​បញ្ជាក់​ជា​មួយ​ពួក​គាត់ ថា​អត់​មាន​រឿង​អី​ទេ អញ្ចឹង​ក៏​គាត់​បញ្ជូន​កូន​គាត់​មក​រៀន​វិញ​ទៅ»។

កំពុង​ម៉ូតូ​ក្បែរ​របង​សាលារៀន​បឋមសិក្សា​អនុវត្តន៍ លោក ហ៊ី សៀរ ៦៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​អតិថិជន បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត។

«ឥឡូវ​បាន​មួយ​ថ្ងៃ​១ម៉ឺន ប៉ុន្តែកាល​ពី​មុន​បោះឆ្នោត បាន​មួយ​ថ្ងៃ​២​ទៅ​៣​ម៉ឺន​អញ្ចឹង​ដែរ។ តាំង​ពី​បោះឆ្នោត​រួច​មក ប្រជាជន​ចេះ​តែ​ខ្លាច​ ចេះ​តែ​រអា​អញ្ចឹង​ទៅ​ណា អត់​មក​ពី​ស្រុក​ច្រើន​អញ្ចឹង​ទៅ»។

ទោះ​បី​ជា​សភាព​ការណ៍​វិល​មក​សភាព​ធម្មតា​វិញ ក៏​ពលរដ្ឋ​ខ្លះ​ដូចជា​អ្នកស្រី ឆុន ស៊ីនួន អាយុ​៤៥​ឆ្នាំ ពលរដ្ឋ​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​នៅ​តែ​ត្រៀម​បម្រុង​ស្បៀង​ទុក​ជា​ស្រេច។

«គ្មាន​ទិញ​អី​ទេ ក្មួយ​អើយ ត្រៀម​តែ​អង្គរ​មួយ​បាវ​និង​ត្រី​កំប៉ុង​មួយ​យូរ​ហ្នឹង។ ខ្លាច​ស្រុក​ទេស​មិន​ស្រួល​អី​ទៅ ចេះ​តែ​ត្រៀម​ឱ្យ​កូន​ហូប​ទៅ​ខ្លាច​អត់​អី​ហូប»។

យ៉ាងណា​ក៏​ដោយ​កាល​ពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កត់​សម្គាល់​ថា ចលនា​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្តើម​វិល​ត្រឡប់​មក​ដូច​ប្រក្រតី​ឡើង​វិញ​ហើយ៕
XS
SM
MD
LG