កាលពីជាង៧៥ឆ្នាំមុន លោក រ៉ាហ្វាអ៊ែល លេមឃីន បានបង្កើតពាក្យ “ប្រល័យពូជសាសន៍” ដើម្បីពិពណ៌នាអំពីការបំផ្លិចបំផ្លាញដ៏សាហាវឃោរឃៅ ធ្វើឡើងដោយចេតនាទៅលើមនុស្សជាតិ ដែលបានប្រព្រឹត្តឡើងជាច្រើនលើកច្រើនសា នៅក្នុងជំពូកប្រវត្តិសាស្ត្រ។ ពាក្យ “ប្រល័យពូជសាសន៍” នេះក្តោបនូវអត្ថន័យយ៉ាងសំខាន់ ដោយជំរុញឲ្យមាន ការចាប់បដិសន្ធិឡើងនៃ អនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលសហគមន៍អន្តរជាតិតែងប្រារព្ធរំឭក មកទល់ពេលបច្ចុប្បន្ន។ និយមន័យផ្នែកច្បាប់របស់ពាក្យ “ប្រល័យពូជសាសន៍” បានឆ្លុះបញ្ចាំងអំពីកិច្ចព្រមព្រៀងរបស់សហគមន៍អន្តរជាតិ ចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការទទួលខុសត្រូវក្នុងការឆ្លើយតបរបស់មនុស្សជាតិ ទៅលើការបង្ការនិងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ទោះបីជាយ៉ាងណាក្តី ឆ្លៀតក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតអនុសញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ យើងសង្កេតឃើញយ៉ាងជាក់លាក់ថា មកទល់សព្វថ្ងៃ កាតព្វកិច្ចជាច្រើនចែងដោយអនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៅតែពុំអាចសម្រេចទៅបាន។ ជារួម ខ្លឹមសារចែងនៅក្នុងអនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ អាចរក្សានូវតម្លៃបាន គឺអាស្រ័យទៅលើការអនុវត្តរបស់មនុស្ស ហើយសហគមន៍សកលលោកនៅមានចន្លោះខ្វះខាតជាច្រើន រវាងពាក្យពេជន៍ដែលចែងនៅក្នុងអនុសញ្ញា និងការអនុវត្តការប្តេជ្ញាជាក់ស្តែងអនុលោមតាមអនុសញ្ញានេះ។
នៅចន្លោះឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំទៅលើអរិយធម៌របស់ខ្លួន។ របបខ្មែរក្រហម បានប៉ុនប៉ងអនុវត្តមនោគមន៍វិជ្ជាកុម្មុយនីស្ត តាមលទ្ធិម៉ៅជ្រុលនិយម ដែលប្រព្រឹត្តទៅនៅក្នុងវិសាលគមនៃគោលនយោបាយ និងសកម្មភាពឃោរឃៅ ផុសឡើងចេញពីការស្រមើស្រមៃ។ ប្រជាជនកម្ពុជា ត្រូវបានឃុំឃាំង, ទទួលរងទារុណកម្ម និងត្រូវបានសម្លាប់។ សហគមន៍ជាតិពន្ធុ និងសាសនា ត្រូវបានដាក់គោលដៅទៅលើ ហើយប្រជាជនកម្ពុជាទាំងអស់ ត្រូវទទួលរងភាពភិតភ័យ បង្កឡើងដោយអំពើអមនុស្សធម៌ ដ៏ព្រៃផ្សៃបំផុត។ មានការសន្និដ្ឋានថា ប្រជាជនកម្ពុជាប្រមាណជាង២លាននាក់ ក្នុងចំណោមប្រជាជនសរុបចំនួន៧លាននាក់នាពេលនោះ បានបាត់បង់ជីវិតនៅក្នុងអំឡុងរបបខ្មែរក្រហម (ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩)។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ដែលជាតុលាការ បង្កើតឡើងរួមគ្នាដោយ អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា) បានសម្រេចផ្តន្ទាទោសលើមេដឹកជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហម ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បន្ថែមពីលើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិវៀតណាមនិងជនជាតិចាម។ ទោះបីជារបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅ អស់រយៈកាលជាង៤០ឆ្នាំកន្លងមកហើយក្តី យើងនៅតែអាចមើលឃើញនូវផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងក្នុងអំឡុងរបបនេះ មកលើប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបង្កជាវិបត្តិផ្លូវចិត្ត និងពិការភាពផ្លូវកាយ លើប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិត ពីការបំផ្លិចបំផ្លាញធ្វើឡើងទៅលើ ស្ថាប័នរដ្ឋាភិបាល ស្ថាប័នសង្គមស៊ីវិល និងស្ថាប័នវប្បធម៌ ដោយបន្សល់មកទល់សព្វថ្ងៃ ហើយមិនទាន់សះស្បើយទាំងស្រុងនៅឡើយ។
មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាស្ថាប័នរក្សាទុកឯកសារ និងវត្ថុតាងប្រវត្តិសាស្ត្រដ៏កម្រស្តីពីរបបខ្មែរក្រហម ដែលធំជាងគេលើពិភពលោក ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រយ៉ាងវិសេសវិសាលពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បាននិងកំពុងបន្តអនុវត្តគម្រោងអប់រំពីអំពើប្រល័យពូជសាសន៍របស់ខ្លួន (ដែលត្រូវបានស្គាល់ថាជា ការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ) នៅទូទាំងប្រទេសកម្ពុជា អស់រយៈកាលជាង២០ឆ្នាំកន្លងមក ក្នុងគោលបំណងគាំពារដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានចំនួនប្រមាណជាង៥លាននាក់, មនុស្សជំនាន់ក្រោយ ក៏ដូចជាប្រទេសជាតិមួយដែលតស៊ូប្រឈមមុខនឹងអតីតកាលដ៏ជូរចត់របស់ខ្លួន។ តាមរយៈការងាររបស់ខ្លួន ដែលប្រព្រឹត្តទៅនៅកម្រិតមូលដ្ឋានផ្ទាល់ជាមួយនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មជ្ឈមណ្ឌលឯកសារកម្ពុជា បានយល់ច្បាស់ចំពោះគោលគំនិត នៃអត្ថន័យរបស់ អនុសញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ប្រជាជនកម្ពុជាជាច្រើន នៅតែបន្តចោទជាសំណួរថា ហេតុអ្វីបានជាខ្មែរសម្លាប់ខ្មែរ? នៅស្ទើរតែគ្រប់វេទិកាសាធារណៈ, វគ្គបណ្តុះបណ្តាល ឬព្រឹត្តិការណ៍ប្រមូលផ្តុំនានា សំណួរខាងលើនៅតែលេចឡើង ដោយមិនត្រឹមតែចោទសួរដោយយុវជនដែលចាប់កំណើតក្រោយពី របបប្រល័យពូជសាសន៍ ប៉ុល ពត ដួលរលំទៅអស់ជាច្រើនទសវត្សរ៍ទៅហើយតែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងត្រូវបានលើកឡើងដោយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែមទៀតផង។ នេះគឺជាសំណួរសមហេតុសមផលមួយ ដែលពុំមានចម្លើយពេញលេញសមស្របណាមួយទេ ពីព្រោះថា ថ្វីត្បិតតែសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើន ត្រូវបានប្រមែប្រមូលចងក្រង, ការសិក្សាស្រាវជ្រាវនានាត្រូវបានធ្វើឡើង ឬបទវិភាគច្រើនបែបច្រើនសណ្ឋានបានប្រព្រឹត្តទៅយ៉ាងណាក្តី នៅតែពុំមានចម្លើយសមស្របណាមួយ ឆ្លើយតបឲ្យបានសមប្រកបចំពោះសំណួរខាងលើ ស្របតាមការវិភាគ ឬការសន្និដ្ឋានរបស់មនុស្សលើអតីតកាលនេះដដែល។ ការចោទជាសំណួរទៅលើព្រឹត្តិការណ៍ពីអតីតកាល គឺពិតជាចាំបាច់។ ជាក់ស្តែង នេះគឺជាកាយវិការដ៏ប្រសើរមួយ។ ក៏ប៉ុន្តែ ការសិក្សាអំពីអតីតកាល ត្រូវតែជាផ្នែកមួយនៃការប្តេជ្ញាមោះមុតចំពោះបច្ចុប្បន្នកាល និងអនាគតកាល។
ការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅក្នុងសណ្ឋានផ្សេងៗ រួមមាន កាតព្វកិច្ចអប់រំ និងការអប់រំសាធារណៈ គឺជាការបង្ការឧក្រិដ្ឋកម្មឃោរឃៅ។ ការអប់រំ គឺជាមាគ៌ាដ៏មានប្រសិទ្ធភាព និងប្រសិទ្ធផលតែមួយគត់ ឈានទៅរារាំងស្ថានភាព និងកត្តាជំរុញ ដែលរុញច្រានឲ្យឧក្រិដ្ឋកម្មឃោរឃៅកកើតឡើងនាពេលអនាគត។ ការអប់រំដែលជោគជ័យ ទាមទារនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្នះខ្នែង ពីសំណាក់រាជរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិល។ បន្ថែមលើសពីនេះទៅទៀត ការអប់រំ ទាមទារនូវធនធាន និងការប្តេជ្ញាយ៉ាងមធ្យ័ត លើសពីអ្វីដែលមនុស្សជាតិបានអនុវត្តនាពេលកន្លងមក ក្នុងការឆ្លើយតប, កាត់ទោស និងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មដែលបានកើតមានឡើង។
ការអប់រំ ថែមទាំងទាមទារឲ្យមានជារំពឹងទុកជាមុន។ កម្មវិធីអប់រំ ដែលផ្តោតទៅលើការបង្ការឧក្រិដ្ឋកម្មឃោរឃៅ គួរតែរួមបញ្ចូល លំហាត់ដែលបណ្តុះជាការប្រមើមើលអនាគត ជំរុញឲ្យអ្នកសិក្សារៀនសូត្រ ត្រិះរិះពិចារណាថាតើ សង្គមជាតិមួយអាចមានសភាពខុសប្លែកយ៉ាងម្តេចខ្លះ ប្រសិនបើឧក្រិដ្ឋកម្មឃោរឃៅពុំបានកើតមានឡើងទេនោះ? តើសង្គមជាតិមួយ អាចទទួលរងផលប៉ះពាល់យ៉ាងដូចម្តេចខ្លះ ប្រសិនបើឧក្រិដ្ឋកម្មឃោរឃៅក្នុងប្រវត្តិសាស្ត្រទាំងនោះ កើតមានឡើងនាពេលសព្វថ្ងៃ? និង តើការបង្ការអ្វីខ្លះគួរអនុវត្តឡើងនាពេលអនាគត ដើម្បីសម្រេចបាននូវពិភពលោកក្នុងការប្រមើមើល ដែលអាចស្របទៅនឹងការប្តេជ្ញា «សូមកុំឲ្យកើតមានម្តងទៀត»។
មជ្ឈមណ្ឌលឯកសារកម្ពុជា អំពាវនាវទៅកាន់ប្រជាជាតិទាំងអស់ សូមដាក់បញ្ចូលការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ ទៅក្នុងកម្មវិធីអប់រំផ្លូវការថ្នាក់ជាតិ នៅកម្រិតវិទ្យាល័យ។ ស្ថាប័នយោធាទាំងអស់ គួរតែតម្រូវឲ្យដាក់បញ្ចូលកម្មវិធីអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ ជាសមាសធាតុស្នូលនៃការអប់រំមន្ត្រីយោធា និងថ្នាក់ដឹកនាំយោធាជាន់ខ្ពស់។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ គួរតែចែងជាលាយលក្ខណ៍អក្សរនៅក្នុងគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិទាំងអស់ ដោយតម្រូវឲ្យរាល់អ្នកទទួលជំនួយអភិវឌ្ឍន៍ស្ពាន ផ្លូវថ្នល់ និងគម្រោងផ្សេងៗ ត្រូវស្ថិតក្រោមលក្ខខណ្ឌក្នុងការអនុវត្តកម្មវិធីអប់រំដែលមានបទដ្ឋានច្បាស់លាស់ អំពីឧក្រិដ្ឋកម្មឃោរឃៅ។ កិច្ចសន្ទនាពីការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ មិនគួរតែធ្វើឡើងដោយផ្តោតតែទៅលើការអភិវឌ្ឍក្រោយជម្លោះនោះទេ ក៏ប៉ុន្តែគួរចាប់ផ្តើមចេញពីបញ្ហាទាំងអស់នេះ ពីព្រោះថាជំនួយអន្តរជាតិ គឺជាមធ្យោបាយចម្បងបំផុតក្នុងការកសាងនូវ សមាសធាតុ និងយន្តការណ៍រារាំងឧក្រិដ្ឋកម្មឃោរឃៅ ពីការកកើតឡើងវិញនាពេលអនាគត។ សេចក្តីចែងនៅក្នុងអនុសញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទាមទារឲ្យមានការដាក់ចេញជាសកម្មភាព ដែលមិនមែនត្រឹមតែផ្តល់ជាផលប្រយោជន៍ស្របតាមការកំណត់នៃច្បាប់តែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងធានាសម្រេចបាននូវការសន្យារបស់យើងសម្រាប់មនុស្សជំនាន់ក្រោយៗថែមទៀតផង៕