ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធមិត្ត​ OPEC+ ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​កាត់បន្ថយ​ផលិតកម្ម​ប្រេង១,១៥​លាន​ធុង​ក្នុង​១ថ្ងៃ​ពី​ខែឧសភា​ដល់​ដំណាច់​ឆ្នាំ


រូបភាពឯកសារ៖ ស្លាកសញ្ញាក្រុមហ៊ុន OPEC នៅ​ទីក្រុង Vienna​ ប្រទេស​អូទ្រីស Austria
រូបភាពឯកសារ៖ ស្លាកសញ្ញាក្រុមហ៊ុន OPEC នៅ​ទីក្រុង Vienna​ ប្រទេស​អូទ្រីស Austria

ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត​ និង​អង្គការOPEC+​ នៅ​ថ្ងៃ​អាទិត្យ​នេះបាន​ប្រកាស​ពី​ការកាត់​បន្ថយ​ការ​ផលិតប្រេង​ដោយ​ស្ម័គ្រចិត្ត ក្នុង​ចំនួន១,១៥លានធុង​ក្នុង​មួយ​ថ្ងៃ​ ដែល​ជា​វិធានការ​ដ៏​ភ្ញាក់ផ្អើល​មួយ​ ដែល​អង្គការ​នេះនិយាយ​ថា​ ក្នុង​បំណងទប់ទល់ឱ្យ​មានស្ថិរភាព​លើ​ទី​ផ្សារ​ប្រេង។​ នេះ​បើតាមសេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ។​

បណ្តា​ប្រទេស​ផលិត​ប្រេង​ទាំង​នេះ ត្រូវ​គេ​រំពឹងថា​ នឹង​រក្សាទុកការកាត់​បន្ថយ​ការ​ផលិត​ប្រេង​របស់​ខ្លួន​ចំនួន​២លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ ដែល​បាន​ឯក​ភាព​ក្នុង​ពេល​កន្លង​ទៅ ខណៈពេលដែល​សមាជិកគណៈកម្មការរបស់​ក្រុម​នេះដែល​ជា​រដ្ឋមន្ត្រី​ ដែល​រួមមាន​មក​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីតនិង​រុស្ស៊ី​ ផងដែរ​នោះ ​ នឹង​ជួប​ប្រជុំគ្នា​តាមអនឡាញនៅ​ថ្ងៃ​ចន្ទ​នេះ។​ ​

កាល​ពី​ខែ​តុលា​ ឆ្នាំមុន​ អង្គការ​ ​OPEC+ ​ដែល​រួម​មាន​អង្គការមក​ពីប្រទេស​នាំប្រេង​ចេញ (OPEC) និង​សម្ព័ន្ធមិត្តដែល​ដឹកនាំ​ដោយ​រុស្ស៊ីនោះ បាន​ឯកភាព​គ្នាលើការ​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ចំនួន​២លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ ចាប់​ពី​ខែ​វិច្ឆិការហូត​ដល់​ចុង​ឆ្នាំ​នេះ​ ដែល​បាន​ធ្វើរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មាន​ការ​ខឹង​សម្បារ​ ដោយ​សារការ​ផ្គត់​ផ្គង់​ប្រេង​មាន​ការ​ខ្វះខាត​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេងលើ​ទី​ផ្សារ​កើនឡើង​។​ ​

សហរដ្ឋអាមេរិក បាន​លើក​ហេតុផលអះអាង​ថា ពិភព​លោក​ត្រូវ​ការតម្លៃ​ប្រេងទាប​ ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ និង​រារាំង​ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin​ មិន​ឱ្យ​រក​ចំណូល​បាន​ច្រើនពី​ការ​លក់​ប្រេង​នេះ​ ដើម្បី​ជួយ​ដល់​ការធ្វើ​សង្គ្រាម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។​

ការ​ប្រកាស​ពី​ការ​កាត់​បន្ថយ​ការ​ផលិតប្រេងជា​ថ្មី​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ​ ដែល​ត្រូវ​ចូល​ជា​ធរមាននៅខែ​ឧសភា​ខាង​មុខ​នេះ ​គឺ​ជា​ការ​ប្រកាស​កាត់បន្ថែម​ទៅ​លើ​អ្វី​ដែល​បាន​ឯកភាព​គ្នា​រួច​ហើយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ផលិត​ប្រេងកាល​ពី​ខែ​តុលា​ ឆ្នាំ​២០២២​កន្លងទៅ៕

XS
SM
MD
LG