របាយការណ៍ថ្មីមួយ ដែលបានចេញដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew បានឲ្យដឹងថា ជនជាតិអាមេរិកាំងពេញវ័យ ចំនួន២៦ភាគរយ ចំណាយពេលជាច្រើនតាមអ៊ីនធឺណិត ដែលចំនួននេះ បានកើនឡើងចំនួន២១ភាគរយ គិតតាំងពីឆ្នាំ២០១៥មក។ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew ក៏បានរកឃើញផងថា ពលរដ្ឋអាមេរិកាំងចំនួន៧៧ភាគរយ ប្រើប្រាស់អ៊ីនធឺណិតជារៀងរាល់ថ្ងៃ ហើយមានពលរដ្ឋអាមេរិកាំងពេញវ័យ តែ១១ភាគរយប៉ុណ្ណោះ ដែលមិនប្រើអ៊ីនធឺណិតសោះ។
ហេតុផលមួយដែលនាំឲ្យមានការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតយ៉ាងខ្លាំងនេះ គឺដោយសារការរីកសាយនៃការប្រើប្រាស់ទូរស័ព្ទទំនើប។ ពលរដ្ឋអាមេរិកាំងពេញវ័យ ចំនួនច្រើនជាង៨នាក់ ក្នុងចំណោម១០នាក់ បាននិយាយថា ពួកគេប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទទំនើប «យ៉ាងហោចណាស់ យូរៗម្តង»។ ៨៩ភាគរយនៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទទំនើប បានរាយការណ៍ថា ពួកគេប្រើប្រាស់អ៊ីនធឺណិតជារៀងរាល់ថ្ងៃ ហើយ៣១ភាគរយ បាននិយាយថា ពួកគេប្រើប្រាស់អ៊ីនធឺណិតស្ទើរឥតឈប់ឈរ។
សម្រាប់ពលរដ្ឋអាមេរិកាំង ដែលប្រើប្រាស់អ៊ីនធឺណិតតាមកុំព្យូទ័រ ជាជាងតាមទូរស័ព្ទទំនើបនោះ មានចំនួន៥៤ភាគរយ ប្រើប្រាស់អ៊ីនធឺណិតជារៀងរាល់ថ្ងៃ ហើយអ្នកដែលចំណាយពេលយ៉ាងច្រើននោះ មានតែ៥ភាគរយប៉ុណ្ណោះ។
អ្វីដែលមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew រកឃើញហើយមិនគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្រុមមនុស្សទើបតែពេញវ័យ ជាក្រុមដែលមានចំនួនច្រើនជាងគេ ក្នុងការប្រើប្រាស់អ៊ីនធឺណិតឥតឈប់ឈរនោះ ដោយចំនួន ៣៩ភាគរយ បាននិយាយថា ពួកគេប្រើប្រាស់អ៊ីនធឺណិតស្ទើរតែគ្រប់ពេល។ ជិតពាក់កណ្តាលនៃចំនួននេះ បានរាយការណ៍ថា ពួកគេប្រើប្រាស់អ៊ីនធឺណិត ជាច្រើនលើកក្នុងមួយថ្ងៃ។ សម្រាប់ពលរដ្ឋអាមេរិកាំង ដែលមាន អាយុលើសពី៦៥ឆ្នាំ មានតែ៨ភាគរយប៉ុណ្ណោះ ដែលបានរាយការណ៍ថា បានប្រើប្រាស់អ៊ីនធឺណិតឥតឈប់ឈរ ហើយ៣០ភាគរយថា ពួកគេប្រើប្រាស់អ៊ីនធឺណិត បី បួនដង ក្នុងមួយថ្ងៃ។
ពលរដ្ឋអាមេរិកាំងដែលមានអាយុចន្លោះ ពី៣០ឆ្នាំ ដល់៤៩ឆ្នាំ ត្រូវបានរាយការណ៍ថា បានប្រើប្រាស់អ៊ីនធឺណិតក្នុងកម្រិតប្រហាក់ប្រហែលនឹងក្រុមមនុស្សទើបតែពេញវ័យដែរ។ ក្នុងចំណោមអ្នកមានអាយុចន្លោះ ពី៥០ ដល់៦៤ ឆ្នាំ មានចំនួន១៧ភាគរយ រាយការណ៍ថា បានប្រើប្រាស់អ៊ីនធឺណិតស្ទើរឥតឈប់ឈរ ដែលនេះជាចំនួនបានកើន៥ភាគរយ បើប្រៀបធៀបទៅនឹងកាលពី៣ឆ្នាំមុន។
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew រកឃើញថា ក្រុមអ្នកដែលប្រើប្រាស់អ៊ីនធឺណិតញឹកញាប់រួមមាន «មនុស្សពេញវ័យដែលមានសញ្ញាប័ត្រកម្រិតមហាវិទ្យាល័យ មនុស្សពេញវ័យដែលមានដើមកំណើតអាហ្វ្រិក មនុស្សពេញវ័យដែលរស់នៅក្នុងគ្រួសារដែលមានប្រាក់ចំណូលខ្ពស់ និងអ្នកដែលមិនរស់នៅក្នុងតំបន់ជនបទ»។
ជាង៣៤ភាគរយនៃចំនួនមនុស្សពេញវ័យដែលមានសញ្ញាប័ត្រមហាវិទ្យាល័យ ឬ សញ្ញាប័ត្រខ្ពស់ជាងនេះ ប្រើប្រាស់អ៊ីនធឺណិតស្ទើរឥតឈប់ឈរ បើប្រៀបធៀបទៅនឹងក្រុមអ្នកដែលមានសញ្ញាប័ត្រកម្រិតវិទ្យាល័យ ឬ សញ្ញាប័ត្រទាបជាងនេះ ដែលមានចំនួនត្រឹម២០ភាគរយ។
ក្នុងចំណោមពលរដ្ឋមានដើមកំណើតអាហ្វ្រិកវិញ ៣៧ភាគរយ បានរាយការណ៍ថា ពួកគេប្រើប្រាស់អ៊ីនធឺណិតស្ទើរឥតឈប់ឈរ ដោយចំនួន៩២ភាគរយថា ពួកគេ ប្រើប្រាស់អ៊ីនធឺណិតរាល់ថ្ងៃ។ ចំណែកពលរដ្ឋដើមកំណើតអាមេរិកឡាទីន (Hispanics) វិញ អ្នកប្រើប្រាស់ស្ទើរឥតឈប់ឈរនោះ មានចំនួន ៣០ភាគរយ និងពលរដ្ឋស្បែកស មាន ២៣ភាគរយ។ គេមើលឃើញថា មានការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតក្នុងចំណោមពលរដ្ឋមានដើមកំណើតអាហ្វ្រិក និងពលរដ្ឋ Hispanics ខណៈដែលការប្រើប្រាស់របស់ពលរដ្ឋស្បែកស នៅថេរ។
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew ឲ្យដឹងថា ប្រាក់ចំណូល ក៏ធ្វើឲ្យមានភាពខុសគ្នាចំពោះរយៈពេលចំណាយក្នុងការប្រើប្រាស់អ៊ីនធឺណិតផងដែរ។ មជ្ឈមណ្ឌល Pew លើកឡើងថា ពលរដ្ឋអាមេរិកាំងពេញវ័យ ដែលរស់នៅក្នុងគ្រួសារដែលមានប្រាក់ចំណូល ៧៥.០០០ដុល្លារ ឬ ច្រើនជាងនេះ ក្នុងមួយឆ្នាំ បានរាយការណ៍ថា ពួកគេប្រើប្រាស់អ៊ីនធឺណិតស្ទើរឥតឈប់ឈរ។ សម្រាប់ក្រុមអ្នកទាំងឡាយដែលមានប្រាក់ចំណូល ៣០.០០០ ដុល្លារ ឬ តិចជាងនេះ ក្នុងមួយឆ្នាំ ការប្រើប្រាស់អ៊ីនធឺណិត គឺមានត្រឹមតែ២៤ភាគរយប៉ុណ្ណោះ។
ពលរដ្ឋអាមេរិកាំងរស់នៅក្នុងទីក្រុងនិងជាយក្រុង ដែលទំនងជានឹងប្រើប្រាស់អ៊ីនធឺណិតគ្រប់ពេល មានចំនួនប្រមាណជា ២៧ ភាគរយ ប្រៀបធៀបទៅនឹងពលរដ្ឋដែលរស់នៅក្នុងតំបន់ជនបទ មាន១៥ ភាគរយ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់