ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​​សម រង្ស៊ី​​​សម្រេច​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃសៅរ៍​នេះ


ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​​លោក​​​​​​ សមរង្ស៊ី​​​(ស្តាំ)​​​និង​​​ អនុប្រធាន​​​គណបក្ស​​​ លោក​​​កឹម​​​​​​ សុខា​​​(​​​ឆ្វេង​​​)​​​បាន​​​ប្រកាស​​​ធ្វើ​​​ពហិកា​​​មិន​​​ចូល​​​ប្រជំុ​​​សភា​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ២០​​​ ខែ​​​កញ្ញា​​​ ឆ្នាំ ២០១៣។
ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​​លោក​​​​​​ សមរង្ស៊ី​​​(ស្តាំ)​​​និង​​​ អនុប្រធាន​​​គណបក្ស​​​ លោក​​​កឹម​​​​​​ សុខា​​​(​​​ឆ្វេង​​​)​​​បាន​​​ប្រកាស​​​ធ្វើ​​​ពហិកា​​​មិន​​​ចូល​​​ប្រជំុ​​​សភា​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ២០​​​ ខែ​​​កញ្ញា​​​ ឆ្នាំ ២០១៣។

លោក​សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ជំទាស់​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ​ ដើម្បីជួយ​ស្តា​ស្ថាន​ការណ៍​ផ្ទៃ​ក្នុង​គណបក្ស​របស់​លោក​ និង​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​ ដែល​កំពុង​តានតឹង​ជាថ្មី​ ក្រោយ​ពី​មាន​អំពើ​ហិង្សា​កើត​ឡើង។​

លោកសម រង្ស៊ី​ ​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ស្មុគស្មាញ​ជាច្រើន។​ ​នៅ​ថ្ងៃ​នេះ ​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់​ និង​បញ្ឈប់​អំពើ​ហិង្សា​។​

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ លោកស្រី ​Jen Psaki ​បាន​ទទូច​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​លើក​បម្រាម​ធ្វើ​បាតុកម្ម​ចេញ ​ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ​លោកស្រី​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​គណបក្ស​ជំទាស់​ទាំង ៨​នាក់​ផង​ដែរ។​

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​សម រង្ស៊ី​ បាន​សម្រេច​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ក្រោយ​ពី​ការ​បំពេញ​ទស្សន​កិច្ច​របស់​លោក ក្នុង​បណ្ដាប្រទេស​នៅ​អឺរ៉ុប។​

ការ​វិល​ត្រឡប់​មក​វិញ​មុន​កាល​កំណត់​របស់ លោក​សម រង្ស៊ី​នេះ​ត្រូវ​លោក​អះអាង​ថាដើម្បី​ស្តារ​ស្ថាន​ការណ៍​គណបក្ស​និង​នយោបាយ​ ដែល​កំពុងតែ​តានតឹង​ដោយសារ​ការ​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​របស់​លោក​ជាច្រើន​នាក់ ​និង​រក​វិធី​បន្ធូរ​បន្ថយ​ស្ថាន​ការណ៍​នយោបាយ​ដែល​តានតឹង​ទាក់ទង​នឹង​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដែល​មិន​ពេញ​ចិត្ត​អំពី​រឿង​ពហិកា​របស់​គណបក្ស​សង្គ្រោះជាតិ​ មិនចូល​ប្រជុំ​សភា​ ដែល​ធ្វើ​ឲ្យ​សភា​ និង​រដ្ឋាភិបាលថ្មី​នេះ​មិនមាន​ភាព​ស្របច្បាប់។ ​

ថ្លែង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​លោក​ មុន​ពេល​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ត្រូវ​គេ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេកប៊ុក​របស់​លោក​និង​គេហទំព័រ​ គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ​លោក​សម រង្ស៊ី​បាន​អះអាង​ថា៖​

លោក​សម រង្ស៊ី ​៖​«ថ្ងៃនេះ​ខ្ញុំ​សង្ឃឹម​ថា​ ការ​វិល​ត្រឡប់​របស់​ខ្ញុំ​នឹង​ជួយ​ធ្វើ​ឲ្យ​ថមថយ ​បញ្ឈប់​ភាព​តានតឹង​នយោបាយ ​ដែល​កំពុង​មាន​កំណើន​ដ៏​គួរ​ឲ្យ​បារម្ភ​ ធានា​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​ជាប់​ឃុំ​ទាំងអស់​ ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នយោបាយ​កាលពី​ពេល​ថ្មីៗ​ចាប់​ផ្តើមកិច្ច​ចរចា​ឡើង​វិញ​ក្នុង​បំណង​បំបែក​ភាព​ទាល់ច្រក​នយោបាយ​បច្ចុប្បន្ន​នេះ​ ហើយ​នឹង​ចាប់ផ្ដើមដំណើរ​ការ​បង្រួប​បង្រួម​ជាតិ​ដើម្បី​នាំមក​នូវ​សន្តិភាព​ និង​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋ​កម្ពុជា»។​

ថ្លែង​បន្ទរ​តាម​មេ​ដឹកនាំ​របស់​លោក ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ យ៉ែម ​បុញ្ញរិទ្ធ​បាន​ថ្លែង​ថា ​គណបក្ស​លោក​បាន​ជូន​ដំណឹង​អំពី​ការ​វិល​ត្រឡប់​ នេះ​ទៅ​កាន់​អង្គទូត ​អ្នក​សារ​ព័ត៌មាន ​អង្គការ​នានា​ និង​សាធារណជន​ឲ្យ​បាន​ ដឹង​អំពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​ប្រធាន​សម រង្ស៊ី​។​

លោក​យ៉ែម ​បុញ្ញរិទ្ធ​៖​«សង្ឃឹម​ថា គាត់​អញ្ជើញ​មកដល់​ គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​ ដូច​ខ្ញុំធ្លាប់​ជំរាប​ជូន​ គឺ​យើង​ចង់​ដោះស្រាយ​វិបត្តិ​ជាប់កាំង​នយោបាយ​ហ្នឹង​ដោយ​សន្តិវិធី ​និង​អហិង្សា។ ​ដូច្នេះ​ជា​គោល​ការណ៍​ ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​យើង​នៅ​ប្រកាន់​គោល​ការណ៍​អហិង្សា​ដដែល»។​

ក្រុម​មន្ត្រី​បាន​អះអាង​ថា​ ប្រសិន​បើ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ​ ដែល​ការពារ​និង​ចាត់ ចែង​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​ទេ ​នោះ​នឹង​មាន​ប្រជា​ពលរដ្ឋ​ និង​អ្នក​គាំទ្រ​ គណបក្ស​ជំទាស់​ជាច្រើន​ដែល​មិន​សប្បាយ​ចិត្តនឹង​ការ​ចាប់​ឃុំខ្លួន​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ ​ហើយ​នឹង​លទ្ធផល​បោះឆ្នោត​នោះ​ រង់​ចាំ​ទទួល​លោក​សម រង្ស៊ី​នៅ​ប្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ​នឹងស្ដាប់ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី​អំពី​បញ្ហា​ស្មុគស្មាញ​ផ្នែក​នយោបាយ​ចុង​ក្រោយ​នេះ។​

​មន្ត្រី​គណបក្ស​បាន​និយាយ​ថា ​ពួកគេ​នឹង​ពិតជា​ត្រូវការ​ប្រជុំ​ និង​សម្រេច​រួមគ្នា​នៅ​ពេល​លោក សម រង្ស៊ី​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ ជាពិសេស​រឿង​ការ​ចាប់​ខ្លួន​មន្ត្រី​ជំទាស់​ទាំង​ ​៨​នាក់។​

បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​៧នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​និង​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ចាប់តាំង​ពី​មាន​បាតុកម្ម​សុំឲ្យ​មាន​ការ​បើក​សួន​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​ និង​បញ្ចេញ​មតិ ​ដែល​ក្រោយ​មក​កើត​មានអំពើ​ហិង្សា​ធ្វើ​ឲ្យ​មនុស្ស​៥០​នាក់​ ទាំង​សន្តិសុខ​និង​បាតុករ​ដែល​មិន​ខ្លាច​ការ​បង្រ្កាប ​ត្រូវ​រង​របួស។​

គណបក្ស​នយោបាយ​ទាំងពីរ​អះអាង​រៀងៗ​ខ្លួន​ថា ​ខ្លួន​មិនចាប់​ផ្តើមអំពើ​ហិង្សា​នេះ​ទេ​ នៅ​ពេល​គណបក្ស​ទាំង​ពីរ​ខកខាន​ក្នុង​ការ​ចរចា​ដើម្បី​បញ្ចប់​ការ​ជាប់គាំង​នយោបាយ​ជិតមួ​យ​ឆ្នាំ​ទៅ​ហើយ​នោះ។ ​ការ​អូស​បន្លាយ​ពេល​ ការ​តស៊ូ​សាកល្បង​កម្លាំង​នយោបាយ​គ្នា​នៅ​បន្ត​រហូត​ដល់​ពេល​មាន​អំពើ​ហិង្សា​នេះ​ ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​ សេដ្ឋកិច្ច​ ភាព​អត់​ការងារ​ធ្វើ​ ការ​ផ្អាក​ជំនួយ ​បញ្ហា​សង្គម​កាន់តែ​ជ្រៅ​ក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

នេះ​បើតាម​ការ​អះអាង​របស់​ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​ ដែល​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​ ហើយ​ដែល​បាន​សម្តែង​ក្តី​បារម្ភ។ ​ក្រុម​អ្នក​ការទូត​ ដែល​ជា​ម្ចាស់​ជំនួយ​សំខាន់ៗ​ និង​ក្រុម​អង្គការ​ជាតិ​ អន្តរជាតិ​ជា​ច្រើន​ក្នុង​ និង​ក្រៅ​ប្រទេស​កម្ពុជា​ បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ ហើយ​ភាគី​ទាំងពីរ​ត្រូវ​ងាក​បែរ​មក​កាន់​តុ​ចរចា​គ្នា​វិញ។​

គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ខ្វះ​ភាព​ស្រប​ច្បាប់​ពេញ​លេញ​ជិត​១​ឆ្នាំ​នោះ ​ត្រូវ​គេ​ដឹង​ថា ​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ២០១៣​ ដោយ​ទទួល​បាន​សំឡេង៦៨​អាសនៈ​ឬ​ជា​សំឡេង​ច្រើន​ជាង​៥០​ភាគ​រយ​បូក១​ ដែលអាច​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ។​ ​ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលឈ្នះ​អាសនៈ​ចំនួន​៥៥​ក្នុង​ចំណោម​១២៣​អាសនៈ​សរុប​នោះ ​បាន​អះអាង​ថា​ ក្នុង​ការ​បោះឆ្នោត​នេះ​ ខ្លួន​គឺ​ជា​អ្នក​ឈ្នះ​ ដោយ​ចោទ​ប្រកាន់​ថា​ មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ ហើយ​បានសម្រេច​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ដែល​ធ្វើឲ្យសភា​នេះ​មិនមាន​ភាព​ពេញ​លេញ​តាម​គោល​ការណ៍​

​ប្រជាធិបតេយ្យ ​សេរី​ពហុបក្ស​ទេ​ ក្រោយ​ពេល​គណបក្ស​គ្រប់គ្រង​ប្រទេស​មិន​បាន​ផ្ដល់​ការ​យល់​ព្រម​ឲ្យ​មាន​ការ​កែ​ទម្រង់ស្ថាប័ន​ជាតិ​សំខាន់​ៗ​មួយ​ចំនួន​ ជា​ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​គណបក្ស​ជំទាស់​បាន​ទាមទារ​ឲ្យ​ដាក់​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ ហើយត្រូវ​មាន​សំឡេង​គាំទ្រ​២ភាគ​៣​ក្នុង​ការ​សម្រេច ​បង្កើត​ ឬ​តែងតាំង។

​ការ​ទាមទារ​ឲ្យ​ដាក់​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ ហើយត្រូវ​មាន​សំឡេង​គាំទ្រ​២ភាគ​៣នេះ​ ធ្វើឡើង​ដើម្បី​ឲ្យ​ក្រុម​ជំទាស់​មាន​សំឡេង​ក្នុង​ធ្វើការ​សម្រេច​កែប្រែ​បដិសេធ​សមភាព​ច្បាប់​ និង​បញ្ហា​ផ្សេងៗ​ទៀត​ផង​នោះ។ ​យ៉ាងណាមិញគណបក្ស​ប្រជាជន​កម្ពុជា​ពុំព្រម​ទេ ​ដោយ​ចាត់ទុក​ថា​ សំឡេង​២​ភាគបី​នេះ​នឹង​នាំឲ្យ​មាន​ការ​ជាប់គាំង​នយោបាយ​ ហើយ​បាន​បញ្ជាក់​ថា​ នឹង​មិន​ចរចា​ទៀត​ទេ​ បើ​មាន​ការ​លើក​អំពី​សំឡេង​២​ភាគ​៣​នេះ។​

ថ្លែង​ប្រាប់​វីអូអេ​នៅ​សប្ដាហ៍នេះ​ លោក​ជាម ​យៀប​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មការ​អចិន្ត្រៃយ៍​សភា​ផ្នែក​ហិរញ្ញ​វត្ថុ​ បាន​ទទូច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​សភា​ ហើយ​ធ្វើ​ការ​តវ៉ា​គ្នា​ ដោយ​ប្រើ​ប្រាស់​វេទិកា​សភា​ ឬ​បន្ត​ការ​ចរចា​ទៅ​មុខ​ដើម្បី​ធ្វើ​ឲ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។​

​លោក​ជាម ​យៀប​៖ «មាន​តែ​សភា​ទេ ​ដែល​ជា​អ្នក​ត្រូវ​រៀបចំ​កែ​ទម្រង់ ​ទាំង​រដ្ឋ​ធម្មនុញ្ញ​ កែ​ទម្រង់​ច្បាប់​ ទាំង​ឡាយ ​អ្វីៗ​ផ្សេងៗ​ទៀត​នោះ​គឺ​ថា​ យើង​យក​វេទិកា​សាធារណៈ​របស់​រដ្ឋ​សភា​ ធ្វើ​ជា​វេទិកា​ផ្សព្វ​ផ្សាយ​សម្រាប់​ម្ចាស់​ឆ្នោត​ឲ្យ​បាន​ជ្រាប​កុំ​ដើរ​ទៅ​និយាយ​តាម​ ចិញ្ចើម​ថ្នល់ ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ រយៈកាល​កន្លង​មក​នោះ»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ជាច្រើន​លើក​ថា ​ខ្លួន​នឹង​មិន​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ធ្វើ​ឲ្យ​ប្រទេស​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ​ដូច​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ក្នុង​សភា​ និង​ការ​ធានា​ដំណើរ​ការ​ប្រជាធិបតេយ្យ ​ការរៀបចំ​ស្ថាប័ន​រដ្ឋ​ ជាពិសេស​ស្ថាប័ន​បោះឆ្នោត​សេរី ​យុត្តិធម៌​ ត្រឹមត្រូវ​ បើ​គណបក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​មាន​ការ​ឆែកឆេរ ​ការ​ចោទ​ប្រកាន់​ ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ដែល​គណបក្ស​ជំទាស់​អះអាង​ថា​ បាន​ប្ដូរ​លទ្ធផល​ដែល​ខ្លួន​បាន​ឈ្នះ​នោះ ​ហើយ​លោក​សម រង្ស៊ីក៏​បាន​បញ្ជាក់​ថា​ វា​ដល់​ពេល​វេលា​ដែល​ត្រូវ​ដោះស្រាយ​ស្ថាន​ការណ៍​អាក្រក់​នេះ​ ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា​ និង​ប្រទេស​ជា​មិត្ត​កម្ពុជា​ទាំង​អស់៕​


XS
SM
MD
LG