ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេងកាត​ជា​គន្លឹះ​មួយ​នៃ​អនាគត​ធនធាន​របស់​ក្រុម​ឧទ្ទាម​លីប៊ី


រោងចក្រ​ចម្រាញ់​ប្រេងកាត ហ្សាវីយ៉ា (Zawiya) នៅ​ភាគ​ខាង​លិច​​ទី​ក្រុង​ទ្រឺប៉ូលី ប្រទេស​លីប៊ី។
រោងចក្រ​ចម្រាញ់​ប្រេងកាត ហ្សាវីយ៉ា (Zawiya) នៅ​ភាគ​ខាង​លិច​​ទី​ក្រុង​ទ្រឺប៉ូលី ប្រទេស​លីប៊ី។

នៅ​ពេល​ដែល​ក្រុម​បះបោរ​នៅ​លីប៊ី​ និង​កង​កម្លាំង​និយម​រដ្ឋាភិបាល​លីប៊ី​ ប្រយុទ្ធ​គ្នា​ដើម្បី​ដណ្ដើម​យក​ទី​ក្រុង​ និង​អនាគត​នយោបាយ​របស់​ប្រទេស​ជាតិ​ ​ប្រេង​ក៏​ជារង្វាន់​មាន​តម្លៃ​ដែរ នៅ​ក្នុង​សង្រ្គាម​ ហើយ​មាន​អ្នកដទៃ​អះអាង​នេះ​ជា​មូលហេតុ​នៃ​ការ​ចូល​ធ្វើ​អន្ដរាគមន៍​ពី​ខាង​ក្រៅ។

បុរស​ម្នាក់​ ដែល​កំពុងបូម​សំាង​នៅ​ជិត​ក្រុង​តូ​ប្រួក​ ទិស​ខាង​កើត​ប្រទេស​លីប៊ី​ និយាយ​ថា​ មនុស្ស​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ត្រូវ​ការ​ប្រេង។​ តែ​អ្នក​នោះ​និយាយ​ថា ​គេ​ត្រូវ​តែ​ចែក​គ្នា​ ហើយ​មិន​មាន​មូល​ហេតុ​អ្វី​ត្រូវប្រយុទ្ធ​គ្នា​ដណ្ដើម​នោះ​ទេ។

«ប្រទេស​លីប៊ី​ផ្ដល់​ប្រេង​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​ឲ្យ​ទី​ផ្សារ​ពិភព​លោក​ ហើយ​ទោះ​បី​ជា​តម្លៃ​ប្រេង​ឡើង​ខ្ពស់​អណ្ដែកក៏​ដោយ​ ក៏​អ្នក​វិភាគ​អំពី​វិបត្ដិ​ថាមពល​និយាយ​ថា​ ការ​បះបោរ​នោះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់ធំដុំ​ដល់​ការ​ផ្គត់​ផ្គង់​ប្រេង​ ដែល​អាច​ត្រូវ​ជំនួស​ដោយ​ផលិតករ​ប្រេង​ដទៃ​នោះ​ទេ»។

លោក​ Charles​ Gurdon ​នាយក​ក្រុម​ហ៊ុន Menas ដែល​វិភាគ​គ្រោះថ្នាក់និយាយ​ថា​ លោក​មាន​ជំនឿ​ថា​ អន្ដរាគមន៍​ពី​ប្រទេស​ក្រៅ​ចូល​មក​ក្នុង​ជម្លោះ​ប្រទេស​លីប៊ី​មាន​មូលហេតុ​ត្រឹម​ត្រូវ​គឺ​ ការ​ជួយ​ខាង​មនុស្សធម៌។​ លោក កត់​សម្គាល់​ថា ​គេ​ឃើញថា តំបន់​នេះ​មាន​ចំណាប់​អារម្ភ​យ៉ាងច្បាស់​លាស់​មក​លើ​ប្រេង​លីប៊ី។

«ខ្ញុំ​យល់​ថា ​រឿង​ធំ​នោះ​គឺ​សារៈ​សំខាន់​របស់​ប្រទេស​លីប៊ី​មក​លើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​អឺរុប​ភាគ​ខាង​ត្បូង។​ លីប៊ី​ផលិត​ប្រេង​ឆៅ​ពណ៌​ក្រហម​ ស្រាល​ មាន​គុណភាព​ខ្ពស់ ​ហើយ​ថ្លៃសម្រាប់​ទី​ផ្សារ​ អ៊ីតាលី ​បារាំង​ និង​អស្បាញ៉ូល។ ​ហើយ​លីប៊ី​មាន​ទីតាំង​ល្អ​សម្រាប់​ការ​ដឹក​ជញ្ជូន​តាម​ព្រែក​ជីក​ Suez ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​នោះ»។

ជា​ការណ៍​ពិត​ បារាំង​និ​ង​អ៊ីតាលី​ដើរ​តួ​សំខាន់​ក្នុង​រឿង​នេះ​ ជា​មួយ​ប្រទេស​អង់​គ្លេសនិង​ស.រ.អា.​នៅ​ក្នុង​យុទ្ធនាការ​យោធា​ក្នុង​ប្រទេស​លីប៊ី​ ដែល​ចាប់​ផ្ដើម​ឡើង​ក្រោយ​ពី​ក្រុម​ប្រឹក្សា​សន្ដិសុខ​អ.ស.ប.​បាន​អនុញាត​ឲ្យ​មាន​វិធានការ​ការពារ​ជន​ស៊ីវិល​លីប៊ី​ពី​រដ្ឋាភិបាល​របស់​ខ្លួន។

ហើយ​មាន​ប្រទេស​កាតា​ផងដែរ​ ដែល​បាន​ជួយ​ក្រុម​បះបោរ​នៅ​តំបន់​ខាង​កើត​ ក្នុង​ការ​លក់​ប្រេង​ទៅ​ឲ្យ​ពិភព​លោក។​ តែ​មាន​អ្នក​ទិញ​មិន​ធម្មតា​មួយ​ទៀត​គឺ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង។​ ចិន​ជា​មួយ​រុស្សីបាន​ប្រុង​ប្រយ័ត្ន​ខ្លាំង​មក​លើ​រលក​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​បាន​ប្រឆាំង​រដ្ឋាភិបាល​និង​បានរាល​ដាល​ទូទាំង​ពិភព​អារ៉ាប់។ ​ហើយចិន​ និង​រុស្ស៊ី​បាន​ទិតៀន​ខ្លាំង​មក​លើ​អ្វី​ដែលប្រទេស​ទាំង​ពីរ​នេះ​មើល​ឃើញ​ថា បស្ចិម​ប្រទេស​ធ្វើ​ការ​លើស​ពី​អាណត្ដិ​បញ្ជា​របស់​អ.ស.ប.។​ តែ​រឿង​ពាណិជ្ជកម្ម​ជា​រឿង​មួយ​ផ្សេង។

«យើង​យល់ថា​ ចិន​និង​អ៊ីតាលី​កាន់​កាបូប​ពេញ​ទៅ​ដោយ​លុយ​ ចូល​ទៅ​ក្នុង​តំបន់​តូប្រួក​ដើម្បី​ទិញ​ប្រេង​ឆៅ។ ​ខ្ញុំ​យល់​ថា ​របប​គ្រប់​គ្រង​កាដាហ្វី ​ខិត​ខំ​មិន​ឲ្យ​ប្រេង​ឆៅ​ធ្វើ​ចលនា​ទៅ​ដល់​តំបន់​តូប្រួក​ ដោយ​សារ​ប្រេង​ជាប្រភព​តែ​មួយ​គត់​នៃ​ប្រាក់​ចំណូល​សម្រាប់​ក្រុម​ប្រឆាំង»។

តំបន់​ខាង​កើត​ដែល​កាន់​កាប់​ដោយ​ក្រុម​បះបោរ​គឺ​ជា​ទី​កន្លែង​ពោរពេញ​ទៅ​ដោយ​ប្រេង​កាត​ រោងចក្រ​ចម្រាញ់​ប្រេង​និង​ផែដឹក​ប្រេង​ចេញ។ ​ខណៈ​ដែល​ក្រុម​បះបោរ​បាន​ជោគ​ជ័យ​ក្នុង​ការ​នាំ​ប្រេង​ចេញ នាយក​របស់​ក្រសួង​ប្រេង​កាត​នៃ​ក្រុម​បះបោរ​និយាយ​ថា​ នៅ​ពេល​នេះ​ ការ​នាំ​ប្រេង​ចេញ​បាន​ត្រូវ​ផ្អាក៕

ប្រែ​សម្រួល​ដោយ អ៊ូ​ ធួក

XS
SM
MD
LG