ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​កម្ពុជា៖​ ប៉ូលិស​បន្ត​ស្វែង​រក​មេ​ខ្លោង​ប្រឌិត​ព័ត៌មាន​ក្លែង​ក្លាយ​ទាក់​ទង​នឹង​ការ​រឹត​បន្តឹង​បទ​ល្មើស​ចរាចរណ៍


រូបឯកសារ៖ សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​ នៅ​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០២០​ ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​ នៅ​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០២០​ ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

មន្រ្តី​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា​ សមត្ថ​កិច្ច​បន្ត​ស្វែង​រក​ក្រុម​មនុស្ស​ដែល​ពួក​គេ​ថា​ជា​មេ​ខ្លោង​ក្នុង​ការ​បំពុល​ព័ត៌មាន​ទាក់​ទង​នឹង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ ដែល​មាន​ការ​ផាក​ពិន័យ​ច្រើន​ ហើយ​ដែល​ត្រូវ​បាន​អនុវត្ត​ចាប់​តាំង​ពី​ខែ​ឧសភា ​ឆ្នាំ​២០២០​នេះ។​

ក្នុង​ពេល​អនុវត្ត​ការ​រឹត​បន្តឹង​នេះ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​រិះគន់​ ដោយសារ​ការ​ផាក​ពិន័យ​ច្រើន​ ខណៈ​ប្រជា​ពលរដ្ឋ​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩។ ​កន្លង​ទៅ ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​ការ​រិះ​គន់​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ ដោយ​ចាត់​ទុក​ថា​ការ​រិះគន់​នោះ​មាន​លក្ខណៈ​ជេរ​ប្រមាថ​កម្លាំង​សមត្ថកិច្ច។​ ពួក​គេ​ត្រូវ​បាន​ឲ្យ​ធ្វើ​កិច្ច​សន្យា​ ហើយ​សារភាព​ក្នុង​វីដេអូ​ និង​បង្ហោះ​លើ​វេបសាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។​

ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​បូក​សរុប​របាយ​ការណ៍​ ៦​ខែ​ ដែល​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ​ លោក​ស្រី​ មិន ម៉ាណវី​ អគ្គ​លេខាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​បាន​ថ្លែង​ថា ការ​រឹត​បន្តឹង​បទ​ល្មើស​ចរាចរណ៍​កន្លង​មក​មាន​ប្រតិកម្ម​ពី​ប្រជាជន​ ហើយ​លោក​ស្រី​ចាត់​ទុក​ថា​ ក្នុង​ចំណោម​ប្រតិកម្ម​នោះ​ក៏​មាន​ «ទស្សនៈ​ទុទិដ្ឋិ​និយម​បែប​អគតិ​ និង​មាន​និន្នាការ​លម្អៀង​ទៅ​ផ្នែក​នយោបាយ ​ក្នុង​បំណង​ញុះញង់​បំពុល​បរិយាកាស​សង្គម»​ ប្រឆាំង​នឹង​ចំណាត់​ការ​របស់​សមត្ថ​កិច្ច​ និង​រដ្ឋាភិបាល។​

លោកស្រី​បន្ត​ថា ​ក្នុង​នោះ​មាន​ការ​បំផុស​គំនិត​ប្រឆាំង​ការ​អនុវត្ត​ច្បាប់​ ក្រោម​ហេតុ​ផល​ប៉ះពាល់​អ្នក​ក្រីក្រ ​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ១៩។​

បើ​តាម​លោកស្រី​ មិន ម៉ាណវី​ ​ចាប់​តាំង​ពី​ខែ​ឧសភា​មក​ ប៉ូលិស​បាន​ហៅ​មនុស្ស​៩​នាក់​ មក​សាកសួរ ហើយ​ពួក​គេ​បាន​សារភាព​កំហុស​ក្នុង​នោះ​មាន ​៤​នាក់ ​នៅ​ភ្នំពេញ ​២នាក់​ នៅ​កំពង់ស្ពឺ​ ១នាក់​នៅ​បាត់ដំបង​ ១នាក់​នៅ​ខេត្ត​កំពត​ និង​១នាក់​នៅ​ស្ទឹងត្រែង។​ លោកស្រី​បន្ត​ថា ​អាជ្ញាធរ​កំពុង​បន្ត​ស្វែង​រក​មេខ្លោង​នៃ​ការ​បង្កើត​ព័ត៌មាន​ទាំង​នោះ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «បច្ចុប្បន្ន​សមត្ថ​កិច្ច​ជំនាញ​កំពុង​បន្ត​រក​ប្រភព ​និង​មេខ្លោង​ដឹកនាំ​បញ្ជា​ក្នុង​ការ​ប្រឌិត​ព័ត៌មាន​ក្លែង​ក្លាយ​ទាំង​នោះ។​ ទន្ទឹម​នឹង​នេះ ​សមត្ថ​កិច្ច​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ក្តាប់​ និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​បន្ត​ទៀត ​ចំពោះ​ការ​ប្រឌិត​ព័ត៌មាន​ក្លែង​ក្លាយ​បំពុល​បរិយាកាស​សង្គម»។​

អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក ​នេត សាវឿន ​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ​ក្នុង​រយៈ​ពេល ​៦​ខែ​ ឆ្នាំ​២០២០​នេះ​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ធ្លាក់​ចុះ ​២៥​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​ ហើយ​ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ ​១៧​ភាគរយ​ គឺ​កាត់​បន្ថយ​ជាង​ ១៧០​នាក់​ស្លាប់។​

លោក ​នេត សាវឿន ក៏​បាន​បន្ទរ​បន្ថែម​លើ​ការ​ថ្លែង​របស់​លោកស្រី ​មិន ម៉ាណវី​ អគ្គលេខាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ។ ​លោក​ថា​ មាន​ការ​ញុះញង់​មូល​បង្កាច់​មក​លើ​សមត្ថកិច្ច។​ ប៉ុន្តែ​អាជ្ញាធរ​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ឧបាយកល​របស់​អមិត្ត​ក្នុង​ការ​ប្រឆាំងក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ចរាចរណ៍​ផ្លូវ​គោក​នេះ​ មិន​មែន​ជា​រឿង​សាមញ្ញ​ទេ​ រហូត​ដល់​ប្រើ​គ្រប់​វិធី​ល្បិចកល​ ប្រឌិត​មូលបង្កាច់​ញុះញង់​ដើម្បី​ឲ្យ​មាន​ការ​ប្រឆាំង​តប»។​

នៅ​ក្នុង​ពិធី​នោះ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង​ មាន​ប្រសាសន៍​ថា ​ការ​រិះគន់​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​លោក​ថា​ នេះ​ជា​មតិ​ក្រុម​ប្រឆាំង​ដែល​ពុំ​បាន​គិត​ពិចារណា​ត្រឹមត្រូវ ព្រោះ​រដ្ឋាភិបាល​ចង់​ការពារ​ជីវិត​របស់​ប្រជា​ពលរដ្ឋ។​ លោក​ពន្យល់​ថា ​រដ្ឋាភិបាល​មិន​មែន​រឹត​បន្តឹង​ចរាចរណ៍​ដើម្បី​បង្កើន​ប្រាក់​ចំណូល​រដ្ឋ​នោះ​ទេ។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ថ្លែង​ប្រាប់​ VOA ​ថា លោក​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​ការ​រិះគន់​ស្ថាបនា។​ លោក​បន្ត​ថា​ លោក​ក៏​មិន​គាំទ្រ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ដែរ។​ ប៉ុន្តែ​ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​របស់​ខ្លួន​ ដើម្បី​បន្សាប​ព័ត៌មាន​ក្លែង​ក្លាយ​ ហើយ​ត្រូវ​អត់​ធ្មត់​ចំពោះ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​សិន​ជា​ការ​បញ្ចេញ​មតិ​ទៅ​ប្រជា​ពលរដ្ឋ​មើល​ឃើញ​មាន​ការ​នាំ​ខ្លួន​ ឬ​ក៏​យក​មក​អប់រំ​ច្រើន។​ អាហ្នឹង​បើ​សិន​ពួក​គេ​ទទួល​ព័ត៌មាន​មិន​ច្បាស់​លាស់​ទេ​ គាត់​គិត​ថា​គាត់​មិន​ហ៊ាន​បញ្ចេញ​មតិ​ ពី​ព្រោះ​ខ្លាច​មាន​ការ​ប៉ះពាល់​ ឬ​មាន​ការ​ចាប់​ខ្លួន»។​

លោក​ គង់ រតនៈ​ ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​ប្រាប់​ VOA ​ថា​ ការ​រឹត​បន្តឹង​នេះ​បាន​ផ្តល់​នូវ​ផល​វិជ្ជមាន​ ហើយ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​អនុវត្ត​ទៀត។​ លោក​បន្ត​ថា​ ការ​ផាក​ពិន័យ​ច្រើន​ពិត​ជា​ប៉ះពាល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ នៅ​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ។​

ក្រៅ​ពី​ការ​រឹត​បន្តឹង​នេះ​ លោក​ គង់ រតនៈ ​ក៏​ជំរុញ​ឲ្យ​មាន​ការ​អប់រំ​បន្ថែម​ទៀត ​និង​កែ​លម្អ​ផ្លូវ​ថ្នល់​ឲ្យ​បាន​ល្អ​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​លើក​ទឹក​ចិត្ត បើ​សិន​ជា​រដ្ឋាភិបាល​គាត់​អាច​បញ្ចូល​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ទៅ​ក្នុង​ថ្នាក់​រៀន​ ចាប់​ពី​ថ្នាក់​ទី​ពីរ ​ទីបី​អី​ហ្នឹង​ គឺ​ជា​រឿង​ល្អ​ប្រសើរ​បំផុត​បាទ»៕

XS
SM
MD
LG