ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំមើល​សង្គម​ចង់ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្សាយ​«រង្វាន់ក្នុង​ក្រវិល​កំប៉ុង​ស្រាបៀរ»​ជា​បន្ទាន់


រូបឯកសារ៖ ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរនៅតាមដងវិថី ខណៈប្រជាពលរដ្ឋកំពុងធ្វើដំណើរកាត់ស្តុបចំការមន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរនៅតាមដងវិថី ខណៈប្រជាពលរដ្ឋកំពុងធ្វើដំណើរកាត់ស្តុបចំការមន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នក​ឃ្លាំ​មើល​សង្គម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់ ​និង​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មស្រាបៀរ​បែប​ទាក់​ទាញ​ជា​បន្ទាន់ ​ដោយសារ​ជា​រូបភាព​អវិជ្ជមាន​ក្នុង​សង្គម​ និង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។​

ថ្មីៗ​នេះ​ ក្រុមហ៊ុន​គ្រឿង​ស្រវឹង​ជា​ច្រើន​កំពុង​ប្រកួត​ប្រជែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​ស្រាបៀរ​ដែល​មាន​ភាព​ទាក់ទាញ ​ដូចជា​ការ​ផ្តល់​រង្វាន់​ជា​ទឹក​ប្រាក់​ប្រចាំ​ខែ​ និង​រង្វាន់​ផ្សេងៗ​ទៀត​កាន់​តែ​ផុស​ផុល ​ជាពិសេស​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កាន់​តែ​ខិត​ជិត​មក​ដល់។​

នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ API ​លោក ​ ឡាំ សុជាតិ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​យុទ្ធ​សាស្ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន​ផលិត​ និង​ចែក​ចាយ​គ្រឿង​ស្រវឹង​ ដោយ​ដាក់​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​បែប​នេះ​ គឺ​ជា​វិធី​សាស្ត្រ​ទាក់​ទាញ​មិន​ល្អ ​និង​បាន​ជំរុញ​ទឹកចិត្ត​ប្រជា​ពលរដ្ឋ​ឱ្យ​ផឹក​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន។​

លោក​ថា​ រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធ​ពី​ផលិត​ផល​គ្រឿង​ស្រវឹង​បាន​តិចតួច​ ប៉ុន្តែ​គ្រឿង​ស្រវឹង​បែរ​ជា​ធ្វើ​ឱ្យ​ខាតបង់​សេដ្ឋកិច្ច ​និង​ប៉ះពាល់​សុខ​ភាព​សាធារណៈ​ធ្ងន់​ធ្ងរ​ទៅ​វិញ។

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ «គ្រប់​គ្រង​គ្រឿង​ស្រវឹង» ​និង​ហាម​ឃាត់​កុំឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​ ដោយ​ភ្ជាប់រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​បែប​នេះ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«រដ្ឋាភិបាល​គួរ​មាន​ច្បាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ឱ្យ​បាន​ជា​ការ​ប្រញាប់​ រួម​ទាំង​ការ​គ្រប់គ្រង​ការ​ផ្សព្វ​ផ្សាយ​រង្វាន់​គ្រប់​រូបភាព​ត្រូវ​តែ​ឃាត់។​ ហើយ​មាន​ច្បាប់​ វា​ចំណេញ​ដល់​ថវិកា​រដ្ឋ​លើ​ការ​ចំណាយ​លើ​វិស័យ​សុខា​ភិបាល​ដើម្បី​ព្យាបាល​ជំងឺ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ឬ​ក៏​ចំណាយ​លើ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដោយ​សារ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង»។​

បើ​តាម​លោក ​ឡាំ សុជាតិ ​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ នោះនឹង​ប៉ះពាល់​សុខ​ភាព​ ​បណ្តាល​ឱ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់​ និង​មិន​អាច​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​ជឿន​លឿន​ដូច​ប្រទេស​ជិត​ខាង​បាន។

កាលពី​ខែ​មករា​ ឆ្នាំ​ ២០២៤​ លោក​ នេត្រ ភក្ត្រា ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ច្បាប់​ដល់​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជ​កម្ម ​និង​ក្រុមហ៊ុន​ផលិត​នាំ​ចូល​ ចែក​ចាយ​ ផលិត​ផល​គ្រឿង​ស្រវឹង​ ឱ្យ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​លិខិត​ជូន​ដំណឹង ​និង​គោល​ការណ៍​ក្រម​ប្រតិបត្តិ​ស្តីពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង។​

លិខិត​នោះ ​«ហាម​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ផ្តល់​រង្វាន់​ដោយ​ប្រើ​សកម្ម​ភាព​ជំរុញ​ លើក​ទឹក​ចិត្ត ​ឬ​អូស​ទាញ​ប្រជា​ពល​រដ្ឋ​ឱ្យ​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង​ ដើម្បី​ផ្សង​សំណាង​យក​រង្វាន់​ និង​ពាក្យ​ស្លោក​ដែល​មាន​ចរិត​លើក​ទឹក​ចិត្ត​ហួស​ហេតុ​ពេក»។​

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​បាន​ក្រើន​រំឭក​អំពី​ផល​ប៉ះពាល់​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ ដែល​ផ្តល់​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នេះ​ និង​ហាម​ប្រើ​រូបភាព​ដើម្បី​អូសទាញ​ឱ្យ​ប្រជា​ពលរដ្ឋ​ ជាពិសេស​ក្នុង​ស្រទាប់​យុវជន​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​អនាគត​យុវជន​កម្ពុជា ​ដែលជា​ទំពាង​ស្នង​ឫស្សី។​

កាល​ពី​ថ្ងៃ​ទី​ ២៣​ ខែ​កក្កដា​ ឆ្នាំ​ ២០២៤ ​ក្រសួង​ព័ត៌មាន​ក៏​បាន​ចេញ​ប្រកាស​ស្តីពី​ «ការ​កំណត់​អំពី​បែប​បទ​ នីតិវិធី ​និង​វិធាន​ការ​ក្នុង​ការ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​គ្រឿង​ស្រវឹង ​ក.គ.ផ.ស»​ ដើម្បី​ធានា​សណ្តាប់​ធ្នាប់​សង្គម​ សុខុមាល​ភាព​សាធារណៈ​ កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋ​កិច្ច ​វប្បធម៌​ ប្រពៃណី​ជាតិ​ និង​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​សុចរិត។​

ប៉ុន្តែ​អ្នក​តាម​ដាន​នៅ​តែ​មើល​ឃើញ​ថា ​លិខិត​ជូន​ដំណឹង ​និង​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព ​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​នៅ​ឡើយ។​

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​កត់​សម្គាល់​ថា ​មួយ​រយៈ​ពេល​នេះ ​នៅ​លើ​បណ្តាញ​សង្គម​នានា ​មាន​ការ​ផ្សព្វ​ផ្សាយ​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​ ដូចជា​ផ្តល់​ប្រាក់​ប្រចាំ​ខែ​ជាដើម​ ដែល​ជំរុញ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន។​

បើ​តាម​លោក ​សន ជ័យ ​មូលហេតុ​ដែល​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព ​គឺ​ដោយ​សារ​កម្ពុជា​ខ្វះ​ច្បាប់​ដើម្បី​គ្រប់គ្រង ​និង​មិន​ទាន់​រៀបចំ​គោល​នយោបាយ​ ដូច្នេះ​លោក​ថា ​ចំណុច​នេះ​ជា​រឿង​សំខាន់​ដែល​រដ្ឋ​គួរ​តែ​គិត​គូរ។​

លោក​ថា ​ភាគី​ពាក់​ព័ន្ធ​ និង​ក្រុមហ៊ុន​ផលិត​ ចែកចាយ ​ផលិត​ផល​គ្រឿង​ស្រវឹង ​ក៏​គួរគិត​គូរ​អំពី​សីល​ធម៌​នៃ​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​ដែល​ជា​គុណ​តម្លៃ​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។​

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​ លោក​ យង់ គិមអេង​ ចង់​ឃើញ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​បែប​ទាក់​ទាញ​ជា​បន្ទាន់។ លោក​ថា​ វា​ជា​រូបភាព​អវិជ្ជមាន​ក្នុង​សង្គម​ និង​ប៉ះពាល់​សុខភាព​សាធារណៈ​យ៉ាង​ខ្លាំង។

លោក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល ​អនុម័ត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ឱ្យ​ឆាប់​ចេញ​ជា​រូបរាង​ និង​ត្រូវ​គិត​ដល់​បញ្ហា​សុខ​ភាព​សាធារណៈ ​និង​សុវត្ថិ​ភាព​ពលរដ្ឋ​ជា​ចម្បង។​

លោក​ថ្លែង​ថា៖​ «ខ្ញុំចង់​ឃើញ​រដ្ឋាភិបាល​ពន្លឿន​ច្បាប់​ស្តីពី​គ្រឿង​ស្រវឹង​ ការ​អនុម័ត​ច្បាប់​ស្តីពី​គ្រឿង​ស្រវឹង​ ហើយ​ជាមួយ​គ្នា​នោះ ​ក៏​ត្រូវតែ​ដំឡើង​ពន្ធ​លើ​បញ្ហា​គ្រឿង​ស្រវឹង ​ហើយ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង ​ហើយ​យើង​អាច​អនុញ្ញាត​ឱ្យ​ត្រឹម​ការ​ផ្សាយ​ម៉ាក​បាន​ហើយ។ ​ហើយ​បើ​ពុំ​នោះ​ទេ ​គឺ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​បញ្ហា​ផល​ប៉ះពាល់​ទៅ​ដល់​យុវជន​ជា​ដើម ​គឺ​វា​កើត​មាន​ច្រើន»។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង​ត្រូវ​បាន​ព្រាង​តាំង​ពី​ឆ្នាំ​ ២០១៥ ដោយ​មាន​ចែង​មិន​អនុញ្ញាត​ឱ្យ​យុវជន​អាយុ​ក្រោម​ ២១​ឆ្នាំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ហើយ​ច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធ​ខ្ពស់​ទៅ​លើ​គ្រឿង​ស្រវឹង​ និង​ការ​រឹត​បន្តឹង​ការ​លក់​គ្រឿង​ស្រវឹង​ពេល​យប់​ជា​ដើម។​

ក្រុមហ៊ុន​ផលិត ​ចែក​ចាយ​ផលិត​ផល​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស​កម្ពុជា ​ភាគ​ច្រើន​ដាក់​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​ស្រាបៀរ​ដើម្បី​ប្រកួត​ប្រជែង​ទីផ្សារ។ ​ក្នុង​នោះ​ ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ហនុមាន​ដែល​មាន​លោកស្រី​ ខៀវ សស៊ីលៀប​ ជា​ស្ថាបនិកា​ បាន​ផ្សព្វ​ផ្សាយ​ដោយ​ដាក់​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​ជា​លុយ​ចំនួន​ ៣០០​ដុល្លារ​អាមេរិក​ប្រចាំ​ខែ ​រយៈ​ពេល​៣​ឆ្នាំ​ពេញ ​និង​ឈ្នះ​ប្រាក់​ចំនួន ​៣០.០០០​ដុល្លារ​អាមេរិក។ ​

ក្រៅពី​នេះ ​ក្រុមហ៊ុន ​Cambodia Beer ​របស់​អ្នក​ឧកញ៉ា ​លាង ម៉េង ​សហ​ស្ថាបនិក​ ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរីជីស ​និង​ក្រុមហ៊ុន​វឌ្ឍនៈ​ប្រ៊ូវើរី​របស់​អ្នក​ឧកញ៉ា ​សំអាង វឌ្ឍនៈ ​និងអ្នក​ឧកញ៉ា ​ឈុន លាង​ដែល​ផលិត​ស្រាបៀរ​គ្រុឌ​ និង​វឌ្ឍនៈ ​និង​ក្រុមហ៊ុន​ស្រាបៀរ​ABC​ ក្រុមហ៊ុន​ Genzberg Beer ​និង​ស្រាបៀរ​Anchor ​ជាដើម ​សុទ្ធ​តែ​ដាក់​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​ស្រាបៀរ​ដូចជា​រថយន្ត ​ម៉ូតូ ​នាឡិកា ​និង​លុយ។​

វីអូអេ​មិនទាន់​អាច​សុំការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ផលិត ​និង​ចែកចាយ​ផលិត​ផល​គ្រឿង​ស្រវឹង​ទាំង​នោះ ​បាន​នៅ​ឡើយ​ទេ។​

ក្រុម​ហ៊ុន​គ្រឿង​ស្រវឹង​ដែល​ចំណាយ​ទឹកប្រាក់​រាប់លាន​ដុល្លារ​លើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​គ្រឿង​ស្រវឹង​របស់​ខ្លួន ​ភាគ​ច្រើន​គ្រប់គ្រង​ដោយ​ក្រុម​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា។​ ហើយ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ និង​អ្នក​នាំចូល​ផលិត​ផល​គ្រឿង​ស្រវឹង​ធំៗ​ មាន​ទំនាក់​ទំនង​យ៉ាង​រឹងមាំ​ជាមួយ​គណបក្ស​កាន់​អំណាច​ តាម​រយៈ​ការ​កាន់​កាប់​ភាគហ៊ុន​ និង​ទំនាក់​ទំនង​ដ៏​មាន​ឥទ្ធិពល​នៅ​ជួរ​រដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​មូលនិធិ​អាស៊ី

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក​ ទេព អស្នារិទ្ធ​ ប្រាប់​វីអូអេ​ថា​ ក្រសួង​ព័ត៌មាន ​និង​ក្រុម​ការងារ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​គ្រឿង​ស្រវឹង ​កំពុង​តាម​ដាន​ការ​អនុវត្ត​សារាចរ​ សេចក្តី​ណែនាំ ​និង​ប្រកាស​ដែល​បាន​ដាក់​ចេញ​កន្លង​មក។​ លោក​ថា​ ដើម្បី​ឱ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ ​រួម​ទាំង​ម្ចាស់​គ្រឹះស្ថាន​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​ក្រុមហ៊ុន​ផលិត​ ចែក​ចាយ​ផលិត​ផល​គ្រឿង​ស្រវឹង ​ចូល​រួម​អនុវត្ត​ដោយ​ស្មើភាព និង​តម្លាភាព។​

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​រូប​នេះ​បន្ថែម​ថា​ ប្រសិន​បើ​ក្រុមហ៊ុន ​ឬ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​នេះ​មិន​អនុវត្ត​តាម​ ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។​

លោក​ថ្លែង​ថា៖ ​«រាល់​សកម្ម​ភាព​ដែល​មិន​អនុលោម​តាម​គោល​ការណ៍​ណែនាំ​ និង​វិធាន​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ និង​តាម​រយៈ​អន្តរ​ក្រសួង​ទាំង​នេះ ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ជាធរ​មាន»។​

ទោះ​យ៉ាង​ណា​ លោក​មិន​បាន​ប្រាប់​ថា​ តើ​ការ​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់​នោះ​ជា​ការ​ទទួល​ខុស​ត្រូវ​បែបណា​ឡើយ។​

ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា និង​បណ្តាល​ឱ្យ​មាន​ជំងឺ​ធំៗ​ជាង ​៦០ ​ប្រភេទ​ ក្នុង​នោះ​រួម​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង ក្រិន​ថ្លើម​ ថ្លើម​ មហារីក​ និង​ជំងឺ​កាម​រោគ​ រួមទាំង​មេរោគ​អេដស៍/ជំងឺ​អេដស៍​ និង​ការ​ស្លាប់ ​និង​របួស​ដោយ​អចេតនា​ជាច្រើន​ករណី ​ជាពិសេស​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​មូលនិធិ​អាស៊ី​ស្តីពី​«ឧស្សាហ​កម្ម​គ្រឿង​ស្រវឹង​កម្ពុជា» ​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០១៦។​

ចំណែក​របាយ​ការណ៍​ស៊ី​ជម្រៅ​ស្តីពី​«គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា»​ របស់​អង្គការ ​UNDP​ ប្រចាំ​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​ ២០២១ ​បង្ហាញ​ថា ​នៅកម្ពុជា​មាន​អ្នក​រង​របួសជិត​ ១៣.៧០០​ នាក់​ និង​ជាង ​២០០០​ នាក់ ​បាន​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​ ២០១៩។ ​ក្នុង​នោះ​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​គឺ​ជា​មូលហេតុ​ធំមួយ​ក្នុង​ចំណោម​មូលហេតុ​បួន​ធំៗ​ដែល​ទាក់​ទង​នឹង​ការ​បាត់បង់​អាយុ​ជីវិត៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG