ក្រោយសហរដ្ឋអាមេរិកផ្តល់ជំនួយឡើងវិញដែលធ្លាប់បានផ្អាកដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក អ្នកតាមដាននយោបាយអន្តរជាតិលើកឡើងពីសញ្ញាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា និងប្រទេសមហាអំណាចមួយនេះ ក្នុងពេលដែលកម្ពុជាកាន់តែខិតទៅកាន់ប្រទេសចិន។
ការប្រកាសផ្តល់ជំនួយឡើងវិញនេះ ធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក ក្នុងទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន ពេលលោកទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា នេះជាច្រកមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក។ លោកបន្ថែមថាដើម្បីធ្វើឱ្យចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរអាចល្អទៅបាន វាទាមទារការផ្តល់ភាពកក់ក្តៅ និងយល់ពីគ្នាទៅវិញទៅមក។
លោកថ្លែងថា៖ «អ៊ីចឹងយើងសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងឆ្លើយតបទៅនឹងកង្វល់ឬភាគីសហរដ្ឋអាមេរិកកន្លងមក។ ជាក់ស្តែងដូចសហរដ្ឋអាមេរិកធ្វើអ៊ីចឹងដែរ ដើម្បីកសាងមូលដ្ឋាននៃទំនាក់ទំនងឱ្យវាប្រសើរឡើងវិញ»។
នៅពេលសួរពាក់ព័ន្ធជាមួយកត្តាឥទ្ធិពលចិននៅកម្ពុជា លោក ឯម សុវណ្ណារ៉ា លើកឡើងថា មិនទាក់ទងគ្នាឡើយ ព្រោះការផ្តល់ជំនួយឡើងវិញនេះ ជាចេតនាបើកច្រករបស់អាមេរិក ដើម្បីស្តារទំនាក់ទំនងជាមួយកម្ពុជា ប៉ុន្តែលោកថា ភាគីទាំងពីរត្រូវការការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើឱ្យមានភាពល្អប្រសើរនៃទំនាក់ទំនង។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក វ៉ឹម សុខវី យល់ថា អាមេរិកមានចេតនានៅក្នុងស្តារទំនាក់ទំនងជាមួយកម្ពុជានៅក្នុងសករាជនៃអ្នកដឹកនាំជំនាន់ថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលធ្លាប់សិក្សានៅសហរដ្ឋអាមេរិក។
បើតាមអ្នកស្រាវជ្រាវរូបនេះ ការដែលអាមេរិកចង់ធ្វើឱ្យមានទំនាក់ទំនងល្អជាមួយកម្ពុជានាពេលនេះ ដោយសារតែថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាលអាណត្តិទី ៧ នេះ សុទ្ធតែឈាមថ្មី។
លោកបញ្ជាក់ថា៖ «ក៏ប៉ុន្តែនៅក្នុងនាយករដ្ឋមន្ត្រីថ្មី ខ្ញុំគិតថា ងាយស្រួលដោយសារតែបើយើងមើលទៅអ្នកដែលកាន់តំណែងធំៗ គឺគាត់ភាគច្រើនគឺបានសិក្សានៅសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុប ហើយភាគច្រើន គឺគាត់មានការយល់គ្នាជាមួយអាមេរិកបានប្រសើរជាងជាមួយមន្ត្រីចាស់ៗ»។
មុនពេលលោក ហ៊ុន ម៉ាណែត ធ្វើដំណើរទៅសហរដ្ឋអាមេរិក លោកបានធ្វើដំណើរទៅប្រទេសចិន ដោយត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីមេដឹកនាំចិន។ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៅមេដឹកនាំចិនថា ជំហររបស់កម្ពុជាមិនផ្លាស់ប្តូរឡើយ គឺដូចគ្នានឹងការដឹកនាំរបស់ឪពុករបស់លោក គឺអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។
អ្នកតាមដានមួយចំនួនរឹពឹងថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នឹងធ្វើឲ្យប្រសើរទំនាក់ទំនងជាមួយលោកខាងលិច បើទោះប្រទេសកម្ពុជាកាន់តែស្និទ្ធនឹងប្រទេសចិនក៏ដោយ ដោយសារលោក ហ៊ុន ម៉ាណែត បានទទួលការសិក្សាផ្នែកយោធានៅអាមេរិក និងសេដ្ឋកិច្ចនៅចក្រភពអង់គ្លេស។
នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរក្នុងទីក្រុងញូវយ៉ក លោក ហ៊ុន ម៉ាណែត ថ្លែងថាអាមេរិកបានសម្រេចផ្តល់ឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ ១៨ លានដុល្លារអាមេរិក ដោយមិនមានការស្នើសុំពីភាគីកម្ពុជាឡើយ ក្នុងពេលលោកជួបជាមួយមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក។
លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «ឥឡូវសួរថាជាសារនយោបាយបែបម៉េច?អាហ្នឹងអ្នកដែលរិះគន់រៀបរាប់ទៅ កាត់យល់ទៅ។ បើអាមេរិកផ្តល់ជំនួយត្រឡប់មកវិញនៅពេលដែលដំបូងគេផ្អាកដោយសារគេថាការបោះឆ្នោតមានបញ្ហាមួយចំនួន ប៉ុន្តែឥឡូវគេផ្តល់ឱ្យមកវិញ ដើម្បីធ្វើកិច្ចការងារបន្តទៀត ពង្រឹងទំនាក់ទំនងទៀត។ អាហ្នឹងគួរកាត់យល់ហើយបងប្អូននៅទីនេះ តើទំនាក់ទំនងកម្ពុជា-អាមេរិក យ៉ាងម៉េច?»។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងជាការឆ្លើយតបទៅនឹងអ្នករិះគន់ថា «អាមេរិកហៅលោកទៅសួរចម្លើយ»។
លោក ហ៊ុន ម៉ាណែត បានជួបជាមួយអ្នកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិភាក្សារកមធ្យោបាយនៅក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីលទ្ធផលនៃការចូលរួមរបស់លោក ហ៊ុន ម៉ាណែត នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាល «ល្អគ្រាន់បើ» ខណៈភាគីទាំងពីរប្តេជ្ញានៅក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែខ្ញុំយល់ឃើញថា យើងគួរតែមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។ កម្ពុជាតូច ខ្សោយ អាមេរិកជាកំពូលមហាអំណាចដូចយើងបានបញ្ជាក់អម្បាញ់មិញ កម្ពុជានិងអាមេរិកត្រូវរ៉ូវគ្នានិងចាប់ដៃគ្នារលាក់យ៉ាងកក់ក្តៅ នៅពេលណាដែលយើងមានប្រយោជន៍រួមគ្នា ដូចខ្ញុំបញ្ជាក់មិញអ៊ីចឹង។ ប្រយោជន៍រួមគ្នានោះ គឺអាចប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬក៏ប្រយោជន៍ភូមិសាស្ត្រនយោបាយ ឬនយោបាយ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ជំនួយទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)គឺត្រូវបានសហរដ្ឋអាមេរិកប្រកាសផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលអវត្តមានគណបក្សជំទាស់ដ៏ធំ គឺគណបក្សភ្លើងទៀន។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ភាគីទាំងពីរបានពិភាក្សាផ្តោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើវិស័យដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់»។
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សហរដ្ឋអាមេរិកបានប្រកាសផ្អាកកម្មវិធីជំនួយបរទេសមួយចំនួនដល់កម្ពុជា ដោយចាត់ទុកការបោះឆ្នោតមួយនេះ «មិនសេរី និងយុត្តិធម៌» ឡើយ ដោយសារតែមានការគំរាមកំហែង និងយាយីជាបន្តបន្ទាប់មកលើគណក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។
អាមេរិកបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី ២៣ ខែកក្កដាថា៖ «ជាការឆ្លើយតបនឹងទង្វើទាំងនេះ សហរដ្ឋអាមេរិកបានធ្វើការរឹតត្បិតលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនឹងធ្វើការផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួន»។
អាមេរិកបានបញ្ជាក់ថា អាជ្ញាធរកម្ពុជា មានឱកាសកែលម្អកិត្តិនាមជាអន្តរជាតិរបស់ប្រទេសកម្ពុជា ដូចជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តីដែលមានលក្ខណៈនយោបាយ កែប្រែការដាក់ទោសដោយតុលាការទៅលើអ្នករិះគន់រដ្ឋាភិបាល ហើយអនុញ្ញាតឲ្យផ្នែកសារព័ត៌មានឯករាជ្យបើកដំណើរការឡើងវិញ ដោយគ្មានការជ្រៀតជ្រែក។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កញ្ញា Katherine M. Diop ប្រាប់វីអូអេតាមសារអ៊ីម៉ែលកាលពីថ្ងៃទី ២៥ ខែកញ្ញាថា អាមេរិកបានផ្អាកកម្មវិធីជំនួយបរទេសមួយចំនួនដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។ កញ្ញាបន្ថែមថា ដោយសារតែការជជែកគ្នារវាងរដ្ឋាភិបាលកម្ពុជានិងអាមេរិក រដ្ឋាភិបាលអាមេរិកក៏សម្រេចផ្តល់ឡើងវិញនូវកម្មវិធីជំនួយទាំងនេះ ដែលអាចនាំប្រយោជន៍ដល់ប្រជាជនកម្ពុជា។
កញ្ញាបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាគាំទ្រប្រជាជនកម្ពុជា ធ្វើការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិដែលអាចជឿទុកចិត្តបាន ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមផ្នែកសុខភាព និងលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា ការផ្តល់ជំនួយឡើងវិញរបស់អាមេរិកនេះ មិនមែនដោយសារតែកម្ពុជាងាកមកដើរនិងគោរពទៅតាមគន្លងលទ្ធិប្រជាធិបតេយ្យឡើយ ប៉ុន្តែលោកថានេះដើម្បីទប់ទល់នឹងឥទ្ធិពលចិនក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ប៉ុន្តែគ្រាន់តែថាដូចខ្ញុំលើកឡើងអ៊ីចឹងថា យើងឃើញរយៈពេលចុងក្រោយនេះ កម្ពុជាហាក់ដូចជាងាកទៅរកចិនខ្លាំង ហើយចិនមានការផ្តល់ជំនួយច្រើនដល់កម្ពុជា អ៊ីចឹងហើយការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា អាហ្នឹងវាមិនខុសពីពេលមុនទេ។ ប្រហែលទាក់ទងនឹងរឿងនយោបាយក្នុងតំបន់ឬក៏បញ្ហាការទូតនៅកម្ពុជា»។
គួរបញ្ជាក់ថា កាលពីខែសីហា ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងនៅក្នុងពិធីមួយថា វៀតណាម និងកម្ពុជាចង់ក្លាយជាផ្នែកមួយនៃទំនាក់ទំនងជាមួយអាមេរិក ហើយពួកគេចង់ប្រាប់ទៅប្រទេសចិនថា ពួកគេមិននៅម្នាក់ឯងនោះទេ៕