ច្រើនឆ្នាំមកហើយ យើងបានឮអំពីគ្រោះថ្នាក់នៃការធាត់ដុះពោះ។ ក្រុមអ្នកជំនាញនិយាយថា មនុស្សធាត់ដុះពោះទំនងមានគ្រោះថ្នាក់ច្រើននឹងជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺទឹកនោមផ្អែម ហើយអ្នកទាំងនោះគួរព្យាយាមសម្រកទម្ងន់។ ប៉ុន្តែឥឡូវនេះ ការសិក្សាថ្មីមួយរកឃើញថា មនុស្សធាត់ដុះពោះក៏អាចមានសុខភាពល្អបានដែរ។
ក្រុមវេជ្ជបណ្ឌិតប្រើវិធីមួយមានឈ្មោះថា BMI អក្សរកាត់នៃពាក្យ body mass index គឺតារាងថ្លឹងទម្ងន់ខ្លួន និងវាស់កំពស់មនុស្ស ដើម្បីវាស់កម្រិតនៃការធាត់ដុះពោះ។ ជាការគិតលេខងាយស្រួលមួយយោងតាមកំពស់និងទម្ងន់ ហើយប្រសិនបើតារាង BMI របស់លោកអ្នកលើសពីលេខ៣០ នោះលោកអ្នកចាត់ទុកថាជាអ្នកធាត់ដុះពោះហើយ។
កាលពីពីរឬបីឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវជាតិកាណាដាបានរកឃើញវិធីវាស់ដ៏ជឿនលឿនជាងនេះមួយ មានឈ្មោះថា Edmonton Obesity Staging System ហៅកាត់ថា EOSS។ គឺជាប្រព័ន្ធមួយដែលចាត់ក្រុមមនុស្សធាត់ជា៥ជំពូក ឬ៥ដំណាក់យោងតាមកត្តាគ្រោះថ្នាក់ទាំងឡាយដូចជាក្រុមអ្នកមានសម្ពាធឈាម ក្រុមអ្នកឈឺទ្រូងនិងក្រុមអ្នកហត់អស់កម្លាំង។
ដើម្បីស្ទង់តាមប្រព័ន្ធ EOSS លោកស្រីJennifer Kuk នៃសាកលវិទ្យាល័យ York University នៅទីក្រុងToronto ព្រមទាំងសហសេវិកបានពិនិត្យប្រវត្តិអ្នកជំងឺច្រើនពាន់នាក់នៅមន្ទីរព្យាបាលរោគមួយនៅក្នុងរដ្ឋតិចសាស់។ អ្នកជំងឺម្នាក់ៗបានចាត់ចូលក្នុងក្រុមអ្នកមានគ្រោះថ្នាក់នៅក្នុងប្រព័ន្ធ Edmonton យោងតាមប្រវត្តិជំងឺជាមធ្យម១៦ឆ្នាំ។
«នៅពេលយើងធ្វើយ៉ាងដូច្នោះ យើងបានឃើញថាក្រុមអ្នកធាត់ដុះពោះដែលបានបញ្ចូលនៅក្នុងក្រុមគ្រោះថ្នាក់ទាបនៃប្រព័ន្ធ Edmonton Staging System នោះ ពួកគេមានគ្រោះថ្នាក់ស្លាប់ដូចគ្នា បើប្រៀបធៀបទៅមនុស្សដែលមានទម្ងន់ធម្មតានៅក្នុងការសាកល្បងនោះ។ ហើយតាមការពិត ពួកគេមានគ្រោះថ្នាក់ទាបជាងនេះទៀត ពីការស្លាប់ដោយជំងឺសរសៃឈាមបេះដូង»។
អ្នកធាត់ដុះពោះប៉ុន្តែមានសុខភាពល្អទាំងនេះជាច្រើននាក់បានព្យាយាមតស៊ូធ្វើឲ្យទម្ងន់ចុះទាប ប៉ុន្តែលោកស្រី Kuk និយាយថារឿងនោះប្រហែលមិនមែនជាមធ្យោបាយប្រសើរបំផុតទេចំពោះអ្នកណាម្នាក់ដែលទទួលទានអាហារច្រើននិងជាអ្នកមានសកម្មភាពរហ័សរហួននោះ ទោះបីជាពួកគេមានទម្ងន់លើសបន្តិចបន្តួចក៏ដោយ។
«មានមនុស្សធាត់ដុះពោះនិងមានសុខភាពល្អ ហើយមនុស្សធាត់ដុះពោះដែលមានសុខភាពល្អទាំងនេះអាចមិនប្រាកដជាបានទទួលផលប្រយោជន៍ពីការសម្រកទម្ងន់ទេ។ ជាជំនួសយើងគួរផ្តោតការយកចិត្តទុកដាក់ទៅលើការរស់នៅមានសុខភាពល្អវិញ ដែលរួមមានការហាត់ប្រាណនិងការទទួលទានអាហារមានសុខភាពល្អ ហើយថាមនុស្សមានសុខភាពល្អទាំងនេះគួរតែឈប់យកចិត្តទុកដាក់ខ្លាំងពេកតែទៅលើការសម្រកទម្ងន់ គ្រាន់តែយកចិត្តទុកដាក់កុំឲ្យទម្ងន់នោះវាឡើងថែមទៀតទៅបានហើយ»។
ប្រព័ន្ធ Edmonton System បានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យក្រុងអាល់ប៊ែកតា (University of Alberta) ហើយប្រព័ន្ធនេះនឹងត្រូវប្រើអែបជាមួយវិធីវាស់កម្រិតធាត់ BMI។ ប៉ុន្តែប្រហែលដោយសារប្រព័ន្ធនេះមានភាពស្មុគស្មាញជាងការប្រើវិធី BMI ដូច្នេះបានជាប្រព័ន្ធ EOSS មានដំណើរយឺតដើម្បីឲ្យបានទទួលការចាប់អារម្មណ៍។
ការសិក្សាររបស់លោកស្រី Jennifer Kuk មានបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្តីឈ្មោះ “Applied Physiology, Nutrition, and Metabolism”។
ប្រែសម្រួលដោយ នុច សារីតា