សន្និសីទកំពូលមួយក្នុងសប្តាហ៍ក្រោយរវាងក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍ និងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មិនទំនងជានឹងរុញច្រានសេដ្ឋកិច្ចធំដុំទេ ក៏ប៉ុន្តែនឹងអនុញ្ញាតឱ្យភាគីអាមេរិកាំងជំរុញការមានប្រៀបនៃការចូលរួមក្នុងសន្ធិសញ្ញាពាណិជ្ជកម្មប៉ាស៊ីហ្វិកមួយដែលគ្មានការចូលរួមពីប្រទេសចិនទេ។
ការប្រជុំគ្នានៅ Rancho Mirage ក្នុងរដ្ឋ California ដែលត្រូវបានកំណត់នឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារជាសន្និសីទកំពូលមួយសម្រាប់ប្រទេសជាតិទាំង១០ដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅលើដីស.រ.អា.។ លក្ខណៈពិសេសនៃសន្និសីទនេះគឺមានគោលដៅបង្ហាញការប្តេជ្ញារបស់រដ្ឋបាលលោកអូបាម៉ាក្នុងការទប់ទល់នឹងកំណើនឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់មួយដែលមានប្រជារាស្ត្រ៦២០លាននាក់ និងមានសេដ្ឋកិច្ចមានទឹកប្រាក់២,៦លានលានដុល្លារ។
ប្រទេសជាតិក្នុងទ្វីបអាស៊ីអាគ្នេយ៍បានទទួលអត្ថប្រយោជន៍ពីកំណើនពាណិជ្ជកម្ម និងវិនិយោគដែលបានមកពីការលេចឡើងខាងសេដ្ឋកិច្ចរបស់មហាប្រទេសនៅជិតខាងខ្លួនមួយនេះ ក៏ប៉ុន្តែមនុស្សជាច្រើននាក់មានការប្រយ័ត្នប្រយែងជាមួយការកើនឡើងនៃឥទ្ធិពលចិនផងដែរ។ នៅជាមួយគ្នានេះស.រ.អា.មានការយកចិត្តទុកដាក់ក្នុងការថែរក្សាសេរីភាពខាងនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូងដែលជាផ្លូវពាណិជ្ជកម្មសាកលសំខាន់មួយ។
លោក Ben Rhodes ទីប្រឹក្សារងខាងសន្តិសុខជាតិស.រ.អា.បានមានប្រសាសន៍ថា សន្និសីទកំពូលនេះជាការបញ្ចេញសញ្ញាថា ស.រ.អា.ផ្តល់តម្លៃឱ្យសមាគមអាស៊ាន ដោយលោកបានប្រើអក្សរកាត់សម្រាប់សម្គាល់បណ្តុំប្រទេសក្នុងអាស៊ីអាគ្នេយ៍។ លោកបាននិយាយថា «យើងនឹងមានការទាក់ទងក្នុងអាស៊ីអាគ្នេយ៍ យើងនឹងធ្វើការជាមួយប្រទេសជាតិក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិកដើម្បីបំភ្លឺអំពីបទបញ្ញត្តិស្តីពីបញ្ហានានាដែលមានផលប្រយោជន៍រួមដែលយើងមានជាមួយពួកគេ»៕