ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ធ្វើការចចារជាមួយលោក នីកូឡាស សារកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតីបារាំង ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃច័ន្ទខាងមុខនេះ។ បារាំងធ្វើជាប្រធានសន្និសីទប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន G8 និង G20 នៅឆ្នាំនេះ ហើយលោក សារកូហ្ស៊ី អាចលើកឡើងគំនិតដ៏សំខាន់មួយដែលលោកចង់ជំរុញក្នុងរយៈពេលកាន់មុខតំណែងនេះ ដោយរៀបចំប្រព័ន្ធរូបិយវត្ថុពិភពលោកឡើងវិញ ។
លោក នីកូឡាស សារកូហ្ស៊ី ប្រធានាធិបតីបារាំងមិនបានលាក់បាំងពីការប្រាថ្នាដ៏លើសលប់របស់លោក ដើម្បីចាប់ផ្តើមការសន្ទនាស្តីពីការរៀបចំប្រព័ន្ធរូបិយវត្ថុពិភពលោកឡើងវិញទេ។ លោកបានបង្ហាញប្រព័ន្ធរូបិយប័ណ្ណដ៏ទូលំទូលាយកាលពីមួយឆ្នាំមុននៅឯវេទិកាសេដ្ឋកិច្ចសកលលោក ដែលជាពិធីប្រចាំឆ្នាំដែលមានប្រទេសអ្នកមាន និងមានអំណាចចូលរួមនៅក្នុងប្រទេសស្វីស។
គំនិតទូទៅគឺពង្រីកប្រព័ន្ធរូបិយវត្ថុ ដើម្បីឲ្យប្រាក់ដុល្លាសហរដ្ឋអាមេរិកលែងជារូបិយប័ណ្ណបម្រុងសំខាន់ទៀត។ ការណ៍នេះនឹងបានបង្ហាញឲ្យឃើញ ហេតុការណ៍ពិតថ្មីនៃពិភពលោកដែលមានទស្សនៈច្រើន និងការងើបឡើងនូវមហាអំណាចថ្មីៗ ដូចជាប្រទេសចិន។ លោក នីកូឡាស សារកូហ្ស៊ី ត្រូវគេរំពឹងថា នឹងដាក់បញ្ចូលគំនិតនេះទៅក្នុងសុន្ទរកថារបស់លោកនៅចុងខែនេះដែលនឹងលាតត្រដាងពីគោលដៅសំខាន់ៗរបស់លោកក្នុងពេលដែលប្រទេសបារាំងជាមេដឹកនាំក្លឹបរបស់ប្រទេសជាសមាជិក G8 និង G20 ។
លោកស្រី ប៉ោឡា ស៊ុប្បាឈី Paola Subbacchi ដែលជាអ្នកវិភាគសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលបញ្ចេញយោបល់ខាថាម ហោស៍ (Chatham House) ដែលមានទីតាំងក្នុងទីក្រុងឡុងដ៍ បានអបអរលោក សារកូហ្ស៊ីចំពោះការចាប់ផ្តើមការសន្ទនានេះ។ លោកស្រីមានប្រសាសន៍ថា៖
«វាជាការចាំបាច់ដ៏ពិតប្រាកដក្នុងការគិតឡើងវិញពីរចនាសម្ព័ន្ធ និងការរៀបចំចាត់ចែងប្រព័ន្ធរូបិយវត្ថុអន្តរជាតិ ។ វាប្រាកដជាករណីមួយដែលយើងកំពុងធ្វើចលនាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានទស្សនៈច្រើនក្នុងវិស័យសេដ្ឋកិច្ច ដែលប្រទេសមានសេដ្ឋកិច្ចរីកចម្រើនចំនួនកាន់តែច្រើនឡើងបានគ្របដណ្តប់លើប្រព័ន្ធហិរញ្ញវត្ថុ ដែលចាំបាច់គិតឲ្យមានរូបិយប័ណ្ណមួយផ្សេងទៀត ឬរូបិយប័ណ្ណច្រើនទៀត»។
លោកស្រី ស៊ុប្បាឈី ជឿជាក់ថា ពិភពលោកនឹងឆ្ពោះទៅរកការប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់ ឧទាហរណ៍ ដូចជាប្រាក់ដុល្លាសម្រាប់ទ្វីបអាមេរិក ប្រាក់ យូរ៉ូ សម្រាប់អឺរ៉ុប ឬប្រាក់ រ៉ិនមីនប៊ី (renminbi) របស់ចិនសម្រាប់ទ្វីបអាស៊ី។
ក៍ប៉ុន្តែ លោកស្រីជឿជាក់ថា ការផ្លាស់ប្តូរដូចនេះ នឹងចំណាយពេលរាប់ឆ្នាំ។
ប្រែសម្រួលដោយជឹង ប៉ូជីន