ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ទទួល​ចំនួន​ល្អ​ផង​អាក្រក់​ផង​នៅ​ក្នុង​ការ​ស្ទង់​មតិ​ចុង​ក្រោយ​បំផុត


លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​
លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​

ការ​ស្ទង់​មតិ​ជា​សាធារណៈ​ថ្មីៗ​មួយ​ចំនួន​ មាន​ទាំង​ព័ត៌មាន​ល្អ​និង​អាក្រក់​សម្រាប់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ដែល​សំឡឹង​មើល​ទៅ​ការ​បោះ​ឆ្នោត​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ក្រោយ​នេះ។

ការ​ស្ទង់​មតិ​ថ្មីៗ​បំផុត​របស់​ទី​ភ្នាក់ងារ​ Reuters/Ipsos​ បង្ហាញ​ថា​ជន​ជាតិ​អាមេរិកាំង​មាន​ទុទិ្ទដិ្ឋនិយម​កាន់​តែ​ច្រើន​ឡើង​អំពី​អនាគត។​ ៦៣​ភាគ​រយ​បាន​និយាយ​ថា​ ឥឡូវ​នេះ​ ប្រទេស​ស្ថិត​នៅ​លើ​គន្លង​ខុស​ឆ្គង​ ដែល​កើន​ឡើង​បី​ពិន្ទុ​លើស​ពី​ខែ​មុន។

នៅ​ក្នុង​ការ​ស្ទាប​ស្ទង់​មតិ​ថ្មី​បំផុត​របស់​សាកល​វិទ្យាល័យ​ Quinnipiac​ ក្រុម​អ្នក​បោះឆ្នោត​មិន​យល់​ស្រប​តាម​ដំណោះ​ស្រាយ​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ក្នុង​កម្រិត​៥៦​ភាគរយ​ទល់​នឹង​៣៨​ភាគរយ។​ ពួក​គេ​ក៏​មាន​ការ​បែក​ខ្ញែក​លើ​បញ្ហា​ស្តី​ពី​ថា​តើ​ លោក​ អូបាម៉ា​សាក​សម​នឹង​ជាប់​ឆ្នោត​សា​ជា​ថ្មី​ដែរ​ឬ​ទេ។​ ៤៧​ភាគ​រយ​ជឿ​ថា​ លោក​សាក​សម​ជាប់​ឆ្នោត​សា​ជា​ថ្មី​ ប៉ុន្តែ​៤៧​ភាគ​រយ​ទៀត​និយាយ​ថា​លោក​មិន​សាក​សម​ទេ។

ប៉ុន្តែ​មាន​ព័ត៌មាន​ល្អៗ​ខ្លះ​ដែរ​សម្រាប់​លោក​ប្រធានាធិបតី​ នៅ​ក្នុង​ទិន្នន័យ​ស្ទាប​ស្ទង់​មតិ។​ ការ​ស្ទាប​ស្ទង់​មតិ​ទាំង​ពីរ​បញ្ជាក់​ថា​ ក្រុម​អ្នក​បោះឆ្នោត​នៅ​តែ​ដាក់​ឲ្យ​អតីត​ប្រធានាធិបតី​ ចច​ ដិបប៊ិលយូ​ ប៊ូស​ (George W. Bush)​ ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ ច្រើន​ជាង​លោក​ អូបាម៉ា។​ ហើយ​ការ​ស្ទង់​មតិ​របស់​ Quinnipiac​ បាន​រក​ឃើញ​ថា​ ជន​ជាតិ​អាមេរិក​មាន​ជំនឿ​លើ​លោក​ប្រធានាធិបតី​ជាង​ក្រុម​អ្នក​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋសភា​ ក្នុង​ការ​ដោះ​ស្រាយ​សេដ្ឋកិច្ច​ បើ​ទោះ​ជា​មាន​ត្រឹម​តែ​កម្រិត​តិច​តួច​ក៏​ដោយ។

លោក​ ភិតធឺ​ ប្រោន​ (Peter Brown)​ ជា​នាយក​រង​នៃ​វិទ្យាស្ថាន​ស្ទាប​ស្ទង់​មតិ​របស់​សាកល​វិទ្យាល័យ​ Quinnipiac។

«ការ​បោះ​ឆ្នោត​តំណែង​ប្រធានាធិបតី​ ដែល​មាន​ប្រធានាធិបតី​កំពុង​កាន់​អំណាច​នៅ​ក្នុង​ការិយា​ល័យ​រាង​ពង​ក្រពើ ​ហាក់​ដូច​ជា​គ្រាន់​តែ​ជា​ការ​ធ្វើ​ប្រជា​មតិ​អំពី​ប្រធានាធិបតី​ដែល​កំពុង​កាន់​អំណាច​តែ​ប៉ុណ្ណោះ។​ អ្វី​ៗ​គឺ​បាន​ល្អ​សម្រាប់​លោក​ប្រធានាធិបតី​ ប៉ុន្តែ​មិន​មែន​ល្អ​អស្ចារ្យ​នោះ​ទេ។​ នៅ​ពេល​យើង​សួរ​ក្រុម​អ្នក​បោះ​ឆ្នោត​ថា​តើ​លោក​សាក​សម​នឹង​ទទួល​អណត្តិ​ទី​ពីរ​ឬ​ទេ​ ក្រុម​អ្នក​បោះ​ឆ្នោត​មាន​មតិ​បែក​ខ្ញែក​គ្នា​ ចំ​ពាក់​កណ្តាល​តែ​ម្តង»។

លោក​អូបាម៉ា​ ក៏​ទទួល​បាន​ព័ត៌មាន​ល្អ​ខ្លះៗ​ដែរ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ ខណៈ​ដែល​លោក​ត្រូវ​បាន​ប្រៀប​ធៀប​គ្នា​ទៅ​ជាមួយ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដែល​អាច​ឈរ​ឈ្មោះ​ដើម្បី​តំណែង​ប្រធានាធិបតី​ នៅ​ឆ្នាំ​ក្រោយ។

លោក​ ប្រោន​ ថ្លែង​ថា ​លោក​ប្រធានាធិបតី​នាំ​មុខ​បន្តិច​បន្តួច​លើ​បេក្ខជន​នាំ​មុខ​គេ​នាពេល​បច្ចុប្បន្ន​នៃ​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​អតីត​អភិបាលរដ្ឋ​មាសាជូសេត​(Massachusetts)​ លោក​ មីត រ៉ូមនី​ (Mitt Romney)។​ ការ​ស្ទាប​ស្ទង់​មតិ​បាន​រក​ឃើញ​ថា​ លោក​ អូបាម៉ា​មាន​ប្រៀប​ច្រើន​ជាង​លើ​លោក​ស្រី​ មីសែល​ បាកម៉ាន​ (Michele​ Bachmann)​ សមាជិក​រដ្ឋសភា​នៃ​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​ មីណេសូតា​ (Minnesota)​ និង​បេក្ខជន​ពីរ​នាក់​ទៀត​ដែល​អាច​ឈរ​ឈ្មោះ​ គឺ​លោក​ស្រី​ ស៊ែរ៉ា​ ផេល្លីន​ (Sarah Palin)​ អតីត​អភិបាល​រដ្ឋ​អាឡាស្កា ​(Alaska)​ និង​លោក​ រីក ភែរី​ (Rick Perry)​ អភិបាល​រដ្ឋ​តិចសាស់​(Texas)។

«លោក​អូបាម៉ា​ នៅ​តែ​នាំ​មុខ​ ហើយ​វា​ជា​ការ​ប្រសើរ​ក្នុង​ការ​នាំ​មុខ​ជា​ជាង​នៅ​ពី​ក្រោយ។​ លោក​នាំ​មុខ​លោក​ រ៉ូម​នី​ ចំនួន​៦​ពិន្ទុ​ ជា​ពិន្ទុ​ដែល​លោក​បាន​ទទួល​ នៅ​ពេល​ដែល​ Quinnipiac​ បាន​ធ្វើ​ការ​ស្ទាប​ស្ទង់​កាល​ពី​ខែ​មិថុនា។​ លោក​នាំ​មុខ​លោក​ ភើរី​ លោក​ស្រី​ បាកម៉ាន​ និង​លោក​ស្រី​ ផេល្លីន​ ចំនួន​ពីរ​ពិន្ទុ»។

លោកស្រី​ ផេល្លីន​ ថ្លែង​ថា​ លោក​ស្រី​នឹង​ប្រកាស​ថា​តើ​លោក​ស្រី​នឹង​ឈរ​ឈ្មោះ​តំណែង​ប្រធានាធិបតី​ដែរ​ឬ​អត់​ នៅ​ត្រឹម​ដើម​ខែ​កញ្ញា​នេះ។​ លោក​ ភើរី​ កំពុង​ពិចារណា​អំពី​ការ​ចូលរួម​ក្នុង​ក្រុម​របស់​គណបក្ស​សាធារណរដ្ឋ​ ប៉ុន្តែ​មិន​បាន​និយាយ​ថា​តើ​នៅ​ពេល​ណា​លោក​នឹង​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​នោះ​ទេ។

ការ​ស្ទង់​មតិ​របស់​ Quinnipiac​ បាន​រក​ឃើញ​ថា​លោក​ រ៉ូមនី​ នាំ​មុខ​គេ​ ក្នុង​ក្រុម​សម្រាប់​តំណែង​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ដោយ​បាន​ទទួល​សម្លេង​គាំទ្រ​ចំនួន​២៥​ភាគ​រយ​ បន្ទាប់​មក​គឺ​លោក​ស្រី​បាកម៉ាន​ ចំនួន​១៤​ភាគ​រយ​ លោក​ស្រី​ ផេល្លីន​ ចំនួន​១២​ភាគរយ​ និង​លោក​ ភើរី​ ចំនួន​១០​ភាគ​រយ។​ អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​ប្រកួត​តំណែង​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​យ៉ាង​ច្រើន​បាន​ទទួល​ការ​គាំទ្រ​ចំនួន​៦​ភាគ​រយ​ ឬ​តិច​ជាង​នេះ។

លោក​ប្រោន​ អ្នក​ស្ទង់​មតិ​មហាជន​ មាន​ប្រសាសន៍​ថា​ លោក​ស្រី​ មីសែល​ បាកម៉ាន​ ហាក់​កំពុង​ទទួល​បាន​នូវ​កម្លាំង​ជម្រុញ​ក្នុង​ចំណោម​ក្រុម​អ្នក​សាធារណរដ្ឋ​អភិរក្ស​និយម​ ដែល​កំពុង​ស្វែង​រក​ជម្រើស​សម្រាប់​អតីត​អភិបាលរដ្ឋ​ លោក​ រ៉ូមនី។

«ជា​ការ​ពិត​ណាស់​ លោក​ស្រី​ បាកម៉ាន​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រកប​ដោយ​សុភវិនិច្ឆ័យ។​ លោក​ស្រី​កំពុង​ផ្តោត​ខ្លាំង​ទៅ​លើ​រដ្ឋ​អាយអូវ៉ា​ (Iowa)​ និង​លោក​ស្រី​កំពុង​ធ្វើ​ដំណើការ​បាន​ល្អ ​ហើយ​សំណួរ​គឺ​ថា​តើ​លោក​ស្រី​អាច​រក្សា​ដំណើរការ​នេះ​បាន​ឬ​មិន​បាន»។

បើ​ទោះ​ជា​លោក​ប្រធានាធិបតី​ អូបាម៉ា​មាន​ប្រៀប​ជាង​គេ​នៅ​ក្នុង​ការ​ស្ទាប​ស្ទង់​មតិ​ថ្មីៗ​នេះ​ក៏​ដោយ​ ក៏​លោក​ ចន ហ្សកប៊ី​ (John Zogby)​ អ្នក​ស្ទង់​មតិ​មហាជន​ ថ្លែង​ថា ​កំណើន​ជា​សាធារណៈ ​ដែល​លោក​ប្រធានាធិបតី​បាន​ទទួល​មក​វិញ​កាល​ពី​ខែ​ឧសភា​ បន្ទាប់​ពី​ការ​សម្លាប់​មេដឹកនាំ​អាល់កៃដា​ អូសាម៉ា​ ប៊ិនឡាដិន​ បាន​បាត់​បង់​ទៅ​វិញ​អស់​ភាគ​ច្រើន​ហើយ​ ដែល​បើក​ឱកាស​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​អណត្តិ​ទី​ពីរ​សម្រាប់​លោក​ អូបាម៉ា​ នៅ​ឆ្នាំ​ក្រោយ។

«លោក​បាន​បាត់​បង់​គុណ​ប្រយោជន៍​ពី​ប៊ិនឡាដិន​ យ៉ាង​ហោច​ណាស់​ក៏​ក្នុង​រយៈ​ពេល​ភ្លាមៗ​នេះ​ដែរ។​ ភាព​អត់​ការ​ងារ​ធ្វើ​កំពុង​បែរ​ទៅ​រក​ទិស​ដៅ​ខុស។​ ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។​ លោក​ត្រូវ​តែ​ទាញ​យក​អ្នក​បោះឆ្នោត​ឯករាជ្យ​មក​វិញ​ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ឲ្យ​អ្នក​មូល​ដ្ឋាន​រឹង​មាំ​ដែល​លោក​ធ្លាប់​ទទួល​បាន ​ក្នុង​ចំណោម​ក្រុម​ជន​ស្បែក​ខ្មៅ​ ជន​មាន​ដើម​កំណើត​អេស្ប៉ាញ៉ុល​ ក្រុម​យុវវ័យ​ ជាដើម​។ល។​មាន​កម្លាំងចិត្ត​ឡើង​វិញ»។

លោក​ប្រធានាធិបតី​ក៏​បាន​ទទួល​ព័ត៌មាន​ដ៏​ល្អ​មួយ​ចំនួន​ដែរ​នៅ​ក្នុង​យុទ្ធនាការ​ទាក់​ទង​នឹង​ការ​រៃ​អង្គាស​ប្រាក់។​ យុទ្ធនាការ​ឃោសនា​របស់​លោក​បាន​អង្គាស​ប្រាក់​ចំនួន​៨៦​លាន​ដុល្លារ​ក្នុង​អំឡុង​រយៈ​ពេល​បី​ខែ​កន្លង​ទៅ​ ចំណែក​ឯ​គូរ​ប្រជែង​តំណែង​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ​បាន​រាយការណ៍​មក​ថា​ រៃ​អង្គាស​ប្រាក់​សរុប​ទាំង​អស់​បាន​ចំនួន​ប្រហែល​៣៥​លាន​ដុល្លារ។

អ្នក​រៃ​អង្គាស​ប្រាក់​កំពូល​របស់​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​ មីត រ៉ូមនី​រក​បាន​ជាង​១៨​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។​ លោក​រ៉ូមនី​ក៏​ជា​អ្នក​រៃ​អង្គាស​ប្រាក់​កំពូល​ដែរ​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ឲ្យ​មាន​ការ​តែង​តាំង​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ​២០០៨​ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ បាន​ចាញ់​ព្រឹទ្ធសមាជិក​ ចន ម៉ាកខេន៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG