ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ពន្យល់​អំពី​ទិសដៅ​នៅ​លីប៊ី


លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង​សុន្ទរកថា​​នៅ​សាកលវិទ្យាល័យ​​ការពារជាតិ​ នៅ​​ក្នុង​​រដ្ឋធានី​​​វ៉ាស៊ីនតោន​ អំពី​វិបត្តិ​នៅ​ប្រទេស​លីប៊ី។
លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង​សុន្ទរកថា​​នៅ​សាកលវិទ្យាល័យ​​ការពារជាតិ​ នៅ​​ក្នុង​​រដ្ឋធានី​​​វ៉ាស៊ីនតោន​ អំពី​វិបត្តិ​នៅ​ប្រទេស​លីប៊ី។

នៅ​ក្នុង​សេចក្តី​ពន្យល់​អំពី​សេចក្តី​សម្រេច​ចិត្ត​របស់​លោក ក្នុង​ការ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើ​កង​កម្លាំង​យោធា​អាមេរិក​ សម្រាប់​ជា​ផ្នែក​មួយ​ក្នុងប្រតិបត្តិការ​អន្តរជាតិ​នៅ​ប្រទេស​លីប៊ី លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ធ្វើ​សកម្មភាព​នៅ​ពេល​ដែល​ផល​ប្រយោជន៍ និង​តម្លៃ​របស់​ខ្លួន​ត្រូវបាន​គំរាម​កំហែង។

លោក​ប្រធានាធិបតី​បាន​ជ្រើស​យក​សាកលវិទ្យាល័យ​ការពារជាតិ នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ជា​កន្លែងសម្រាប់ថ្លែងអំពី​ហេតុអ្វី​បាន​ជា​លោក​សម្រេច​ចិត្ត​ធ្វើ​ចំពោះ​ប្រទេស​លីប៊ី អំពី​ការ​វិវត្តន៍​កន្លង​មក និង​អំពី​អ្វី​ដែល​លោក​ហៅ​ថា សារៈសំខាន់សម្រាប់​ការ​ប្រើ​ប្រាស់​អំណាច​យោធា​ និង​ការ​ដឹកនាំ​ដ៏​ទំលំទូលាយ​របស់​អាមេរិក។

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​ និង​ដៃ​គូចម្រុះ​របស់​ខ្លួន​បាន​ធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ឈប់ «ការ​គាប​សង្កត់​ដ៏​សាហាវ» និង​ការ​សម្លាប់​រង្គាល​ដល់​ជន​ស៊ីវិល ដោយ​កងកម្លាំង​ដែល​ស្មោះស្ម័គ្រនឹង​លោក ម៉ូម៉ា ហ្កាដាហ្វ៊ី ក៏​ដូចជាវិបត្តិ​មនុស្ស​ធម៌ដ៏​អាសន្ន​មួយ។ លោក​អូបាម៉ា ថ្លែង​ថា៖

«យើង​បាន​ប្រឈម​នឹង​ទស្សនវិស័យ​ហិង្សា​យ៉ាង​ធំសម្បើម​គួរ​ឲ្យ​ខ្លាច។ យើង​មាន​លទ្ធភាព​តែ​មួយ​គ្មាន​ពីរក្នុង​ការបញ្ឈប់​អំពើ​ហិង្សា​នោះ។ ពោល​គឺ​កាតព្វកិច្ច​អន្តរជាតិ​មួយ​សម្រាប់​ធ្វើ​សកម្មភាព​ កងកម្លាំង​ចម្រុះ​ដ៏​ទូលំទូលាយ​មួយ​ត្រូវបាន​រៀប​ចំ​សម្រាប់​ចូលរួម​នឹង​យើង ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​អារ៉ាប់​ និង​ការសុំជំនួយ​ពី​សំណាក់​ប្រជាពលរដ្ឋ​លីប៊ី​ខ្លួន​ឯង។ យើង​ក៏​មាន​លទ្ធភាព​ក្នុង​ការបំបាក់កងកម្លាំងរបស់ហ្កាដាហ្វ៊ី ដោយ​មិន​ចាំបាច់ពង្រាយទ័ព​អាមេរិក​នៅ​លើ​សមរភូមិ»។

លោកប្រធានាធិបតីអូបាម៉ា មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​មួយ​ខែ សហរដ្ឋ​អាមេរិក បាន​សហការ​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អន្តរជាតិ ក្នុង​ការ​ប្រមូល​ផ្តុំ​កងកម្លាំង​ចម្រុះដ៏​ទំលំទូលាយ សម្រាប់​ធានា​កាតព្វកិច្ច​អន្តរជាតិ​មួយ​ដើម្បី​ការពារ​ជនស៊ីវិល និង​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ។ លោកបន្តទៀត​ថា លោក​រក្សា​ការ​ប្តេជ្ញាចិត្ត​របស់​លោក ក្នុង​ការ​រក្សា​តួនាទី​របស់​សហរដ្ឋ​អាមេរិកឲ្យ​មាន​កំណត់ ដោយ​មិន​ពង្រាយ​ទ័ព​អាមេរិក​នៅលើ​សមរភូមិ​ផ្ទាល់​ទេ។

លោក​ប្រធានាធិបតី​អូបាម៉ា មិន​ថ្លែងដោយ​ផ្ទាល់​ទេ​ អំពី​ការ​រិះគន់​របស់​សមាជិក​សភា​អំពី​កម្រិត​នៃ​ប្រឹក្សា​ដែល​លោក​មាន​ជាមួយ​នឹង​សមាជិក​សភា​អាមេរិក​ស្តី​អំពី​ប្រតិបត្តិការ​នៅ​លីប៊ី។ លោក​បាន​និយាយ​អំពី​ការ​តទល់​មតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​លោក​មាន​ប្រសាសន៍ថា វាទាក់​ទិន​នឹង​ជម្រើស​ខុស​មួយ នៅពេល​ត្រូវ​សម្រេច​អំពី​រឿង​លីប៊ី។ លោក​ប្រធានាធិបតី​បន្ថែម​ទៀត​ថា៖

«អ្នក​ខ្លះ​សួរថា​ ហេតុអ្វី​បាន​ជាអាមេរិក​គួរ​ធ្វើ​អន្តរាគមន៍ សូម្បី​តែ​ក្នុង​មធ្យោបាយ​មាន​កំណត់​ នៅ​ក្នុង​ទឹក​ដី​ដែល​នៅ​ឆ្ងាយមួយ​នេះ។ គេ​បាន​ទាញ​ហេតុ​ផល​ថា មាន​កន្លែង​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក ដែល​ជន​ស៊ីវិល​ស្លូត​ត្រង់​ប្រឈម​នឹង​អំពើ​ហិង្សា​ដ៏​សាហាវ ដោយ​ស្នាដៃ​រដ្ឋា​ភិបាល​របស់​គេហើយ​អាមេរិក​មិន​គួរ​រំពឹង​ថា ត្រូវ​ត្រួត​ឃ្លាំមើល​ពិភពលោក​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ស្មុគស្មាញ​ជាច្រើន​នៅ​ក្នុង​ប្រទេស។ វា​ពិត​ណាស់​ថា អាមេរិក​មិន​អាច​ប្រើ​កង​ទ័ព​ ​នៅ​គ្រប់​ទីដែល​មាន​ការ​គាបសង្កត់កើត​ឡើង​នោះទេ។ ហើយ​ដោយសារ​តែ តម្លៃ និង​ភាព​ប្រថុយ​ប្រថាន​នៃ​អន្តរាគមន៍ យើង​ត្រូវតែ​ថ្លឹង​ថ្លែង​ជានិច្ច​អំពីផលប្រយោជន៍​របស់​យើង និង​តម្រូវការ​នៃ​ការ​ធ្វើ​សកម្មភាព។ ប៉ុន្តែ​ ​នោះ​មិន​មែន​ជា​លេស​សម្រាប់​ការ​មិន​ធ្វើ​សកម្មភាព​សម្រាប់​អ្វី​ដែលត្រូវ​នោះ​ទេ»។

មុន​នេះ សមាជិក​ព្រឹទ្ធ​សភាខាង​គណបក្ស​សាធារណរដ្ឋ លោក មិត្ច ម៉ាកខូនណែល្ល (Mitch McConnell) មាន​ប្រសាសន៍​ថា សម្តី​របស់​ប្រធានាធិបតី ​ដែល​ថា «ទិសដៅ​នយោបាយ​ទំលំទូលាយ​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​របប​នៅ​លីប៊ី» គឺ​មិន​ស៊ីសង្វាក់​នឹង​ទិសដៅ​អន្តរាគមន៍​យោធា​ទេ ​ហើយ​លោក​បាន​ចោទ​ជាសំណួរ​ថា៖

«តើ​កងទ័ព​របស់​យើង​ និង​កង​ទ័ពសម្ព័ន្ធមិត្តមាន​តួនាទី​អ្វី​ខ្លះ​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ពួក​ប្រឆាំង​ដែល​នៅពេល​នេះយើង​ទើប​តែ​នឹង​ចាប់​ផ្តើម​ស្វែង​យល់»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ លោក​ប្រធានាធិបតី​អូបាម៉ា មានប្រសាសន៍​ថា លោក​បាន​ទាត់​ចោល​នូវ​ការ​ផ្លាស់​ប្តូរ​របប​ដោយ​ប្រើ​កម្លាំង​យោធា បើ​ទោះបី​ជា​គេ​ជឿ​ថា ​លីប៊ី និង​ពិភពលោក​នឹងបាន​ប្រសើរ​ឡើង​នៅ​ពេលម៉ូ​ម៉ា ហ្កាដាហ្វ៊ី​ចេញពីតំណែង​នោះ។

ដោយ​និយាយថា ប្រវត្តិសាស្ត្រ​កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា និង​អាហ្វ្រិក​ខាង​ជើង លោក​អូបាម៉ា​បន្ថែមថា សហរដ្ឋ​អាមេរិក​មិន​អាចសម្រេច​បង្កើត​ទំព័រ​ប្រវត្តិសាស្ត្រ​ និង​ទំហំនៃ​ការ​ផ្លាស់​ប្តូរនោះបាន​ទេ ប៉ុន្តែ​ត្រូវ​ឈរ​ជាមួយ​នឹង​អ្នក​ទាំង​ឡាយ​ណា​ដែល​ជឿ​លើ​គោលការណ៍​ចម្បង​នៃ​សិទ្ធិ​សកល ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

លោក​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក ​មិនគួរខ្លាច​នឹង​ធ្វើ​សកម្មភាព​ទេ​បើទោះ​ជា​ នៅ​ពេល​ដែល​សុវត្ថិភាព​របស់​ខ្លួន​មិន​ត្រូវ​បាន​គំរាម​ដោយ​ផ្ទាល់ក៏​ដោយ តែនៅ​ពេល​ដែលផលប្រយោជន៍ និង​តម្លៃរបស់​ខ្លួន​ត្រូបាន​គំរាម​កំហែងនោះ ដែល​ក្នុង​នោះរួម​មាន​ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ ការ​រក្សាសន្តិភាព និង​ការ​ធានា​សន្តិសុខ​តំបន់។ លោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍ថា ទោះ​ជា​យ៉ាង​ណា សកម្ម​ភាព​នោះ​មិនគួរ​ជា​បន្ទុក​របស់​អាមេរិក​តែ​ឯង​នោះ​ទេ។

ប្រែសម្រួល​ដោយ​ អ៊ឹម សុធារិទ្ធ​។

XS
SM
MD
LG