ការតម្រូវឱ្យចាក់វ៉ាក់សាំងដ៏ធំទូលាយដោយអាជ្ញាធរទីក្រុង New York ដែលឱ្យអាជីវកម្មវិស័យឯកជនស្ទើរតែទាំងអស់ហាមឃាត់បុគ្គលិកដែលមិនបានចាក់វ៉ាក់សាំងចូលកន្លែងធ្វើ ការបានចូលជាធរមានកាលពីថ្ងៃចន្ទចំពេលមានកំណើនការឆ្លងមេរោគកូរ៉ូណា។ បម្រាមនេះបណ្តាលឱ្យនិយោជកមួយចំនួនប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
បុគ្គលិកនៅអាជីវកម្មប្រហែល១៨ម៉ឺន៤ពាន់កន្លែងត្រូវបានតម្រូវឱ្យបង្ហាញភស្តុតាងចាក់វ៉ាក់ សាំងកូវីដ១៩យ៉ាងតិចមួយដូសត្រឹមថ្ងៃចន្ទម្សិលមិញ។ អាជីវកម្មដែលមិនគោរពតាមអាចប្រឈមនឹងការផាកពិន័យចាប់ពី ១០០០ដុល្លារឡើងទៅ ប៉ុន្តែលោក Bill de Blasio អភិបាលក្រុង New York បាននិយាយថាការដាក់ទណ្ឌកម្មជាជម្រើសចុងក្រោយ។
អភិបាលក្រុងមកពីគណបក្សប្រជាធិបតេយ្យរូបនេះបាននិយាយក្នុងអំឡុងសន្និសីទព័ត៌មានកាលពីថ្ងៃចន្ទថា ការតម្រូវនេះបានធ្វើឲ្យមនុស្សចាក់ថ្នាំបង្ការ។ លោកនិយាយទៀតថា«យើងត្រូវតែប្រឹងទ្វេដង ពីព្រោះយើងទាំងអស់គ្នាអាចយល់ស្របគ្នាថា ជំងឺកូវីដអាក្រក់សម្រាប់មនុស្ស។ វាអាក្រក់សម្រាប់សុខភាពរបស់យើង ប៉ុន្តែវាក៏បង្កការលំបាកសម្រាប់អាជីវកម្មផងដែរ។ ហើយប្រសិនបើយើងចង់ចៀសវាងការបិទខ្ទប់ ខ្ញុំជឿថា យើងត្រូវតែឱ្យមនុស្សកាន់តែច្រើនឡើងចាក់វ៉ាក់សាំង»។
លោ Christopher Taylor ដែលជាសហម្ចាស់ក្រុមហ៊ុន Li-Lac Chocolates បានយល់ស្របថា
ការចាក់វ៉ាក់សាំងគឺជារឿងសំខាន់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប៉ុន្តែបាននិយាយថា ការតម្រូវឱ្យចាក់វ៉ាក់សាំងបានធ្វើឱ្យលោកប្រឈមការលំបាក។
ក្រុមហ៊ុនរបស់លោកមានបុគ្គលិកប្រហែល៧០នាក់នៅហាងលក់រាយចំនួន៦កន្លែងនិងរោងចក្រសូកូឡានៅទីក្រុង New York។ លោកប៉ាន់ប្រមាណថា បុគ្គលិករបស់លោកមួយភាគបួនដែលភាគច្រើនជាកម្មកររោងចក្រ មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ។
លោក Taylor បាននិយាយថា «យើងបានលើកទឹកចិត្តពួកគេ។ យើងបានជំរុញពួកគេ ប៉ុន្តែយើងមិនចូលចិត្តបង្ខំពួកគេទេ»។
ម្ចាស់អាជីវកម្មនិងកម្មករមួយចំនួនកំពុងរៀបចំផែនការតវ៉ាខាងផ្លូវច្បាប់។
ច្បាប់ថ្មីសម្រាប់ផ្នែកឯកជនដែលការងារត្រូវធ្វើនៅជាមួយកម្មករផ្សេងទៀតឬទាក់ទងនឹងសាធារណជន។ក្នុងនោះរួមមានមិនត្រឹមតែហាងប៉ុណ្ណោះទេប៉ុន្តែកន្លែងធ្វើការរួមនិងរថយន្តតាក់ស៊ីផងដែរ។ នេះបើយោងបទបញ្ជាតម្រូវឱ្យចាក់វ៉ាក់សាំង។ គេនៅមិនច្បាស់ទេថា តើលោក Eric Adams អភិបាលក្រុងដែលជាប់ឆ្នោតចូលកាន់តំណែងនៅថ្ងៃទី១ ខែមករានឹងរក្សាឬការប្រែការតម្រូវឱ្យចាក់វ៉ាក់សាំងឬយ៉ាងណា។
អាជីវកម្មមិនត្រូវដាក់វិន័យឬបណ្តេញកម្មករដែលមិនអនុវត្តតាមច្បាប់នោះទេ ប៉ុន្តែពួកគេមិនត្រូវមកកន្លែងធ្វើការ។ កម្មករដែលកំពុងសុំមិនចាក់វ៉ាក់សាំងដោយហេតុផលសាសនាអាចមកធ្វើការបានខណៈសំណើរបស់ពួកគេកំពុងរង់ចាំការសម្រេច។
ការតម្រូវឱ្យចាក់វ៉ាក់សាំងបានចេញរួចហើយនៅក្នុងទីក្រុងសម្រាប់បុគ្គលិកមន្ទីរពេទ្យនិងមណ្ឌលថែទាំសុខភាពនិងបុគ្គលិកទីក្រុង រួមទាំងគ្រូបង្រៀន មន្ត្រីប៉ូលិសនិងអ្នកពន្លត់អគ្គីភ័យ៕