ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នួន ជា​ថា​ឌុច​មិន​សម​មក​ផ្តល់​សក្ខីកម្ម​ទេ​ព្រោះ​ជា​ឈើ​ពុក​ស្អុយ


នួន ​ជា ​អតីត​បង​ធំ​ទីពីរ​នៃ​របប​ខ្មែរ​ក្រហម​
នួន ​ជា ​អតីត​បង​ធំ​ទីពីរ​នៃ​របប​ខ្មែរ​ក្រហម​

នួន ​ជា ​អតីត​បង​ធំ​ទីពីរ​នៃ​របប​ខ្មែរ​ក្រហម​បាន​ហៅ​ឌុច​ថា​ជា​សាក្សី​គ្មាន​«តម្លៃ»​ហើយ​បាន​ប្រៀប​ប្រដូច​សាក្សី​រូប​នេះ​ទៅ​នឹង​ឈើ​ពុក​ស្អុយ​មិន​បាន​ការ។

នួន ​ជា ​បាន​ថ្លែង​កាត់​ក្នុង​ពេល​ដែល​ឌុច​កំពុង​ផ្តល់​សក្ខីកម្ម​ចូល​ដល់​ថ្ងៃ​ទី​ពីរ​នៅ​ថ្ងៃ​អង្គារ​នេះ​បន្ទាប់​ពី​ឌុច​ហាក់​ដូច​ជា​មាន​ចេតនា​និយាយ​បញ្ឆិត​បញ្ឆៀង​ឲ្យ​មេដឹកនាំ​ខ្មែរ​ក្រហម​ដទៃ​ទៀត​ហ៊ាន​សារភាព​នូវ​ទោស​កំហុស​របស់​ខ្លួន។

នួន ​ជា ​ពាក់​វ៉ែនតា​ខ្មៅ​អង្គុយ​ពី​ក្រោយ​សហ​មេធាវី​ការពារ​របស់​ខ្លួន​បាន​ថ្លែង​ជំទាស់​វត្តមាន​ជា​សាក្សី​របស់​ឌុច។

«សូម​គោរព​លោក​ប្រធាន ​គេ​មិន​ដែល​យក​ឈើ​ពុក ​ឈើ​រលួយ ​ឈើ​ស្អុយ ​មក​ឆ្លាក់​ធ្វើ​ព្រះ​មក​ទេសនា​ឲ្យ​ពុទ្ធ​បរិស័ទ​ស្តាប់​នោះ​ទេ។​ សូម​ជ្រាប​ សូម​អរគុណ! ​សូម​មាន​មតិ​តែ​ប៉ុណ្ណឹង!»។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ឌុច​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចំពោះ​សំណួរ​របស់​សហព្រះ​រាជ​អាជ្ញា​រង​កម្ពុជា​លោក​សេង ​ប៊ុនឃាង ​ថា​បង​ធំ​ទី​មួយ​គឺ​ប៉ុល ​ពត ​និង​បង​ធំ​ទី​ពីរ​គឺ​ នួន ​ជា ​គឺ​ជា​អ្នក​តាក់​តែង​គោល​នយោបាយ​ដែល​បង្ក​ឲ្យ​មាន​ភាព​ព្រៃផ្សៃ​ដែល​កាល​នោះ​មាន​នាទី​ជា​លេខា​និង​អនុ​លេខា​បក្ស​កុម្មុយនិស្ដ​កម្ពុជា។ ​ប្រតិកម្ម​នេះ​នឹង​ធ្វើ​ឡើង​ស្រប​គ្នា​នឹង​ការ​ជំទាស់​ចំពោះ​ការ​ផ្ដល់​សក្ខីកម្ម​របស់​ ឌុច​ពី​សំណាក់​សហ​មេធាវី​បរទេស​របស់​នួន ​ជា​និង​អៀង ​សារី​ផង​ដែរ។

ឌុច​ នៅ​ក្នុង​ពេល​ផ្តល់​សក្ខីកម្ម​នោះ​បាន​បង្ហើប​ផ្លូវ​សុំទោស​ដល់​ប្រជាជាតិ​ខ្មែរ​សម្រាប់​អ្វី​ដែល​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​ខុស។

«ឲ្យ​ដឹង​ច្បាស់​គឺ​ឥត​ទេ។​ ក៏​ប៉ុន្តែ​មិន​ជឿ​ថា ​អ្នក​ខាង​ក្រោម​ធ្វើ​ទេ​គឺ​លេខា​និង​អនុ​លេខា​បក្ស​ហ្នឹង​តែ​ម្តង​ជា​អ្នក​សម្រេច។ ​កម្ទេច​ថ្នាក់​ដឹកនាំ​សង្ឃ​តាំង​ពី​មេគុណ​ខេត្ត​រហូត​ដល់​សង្ឃរាជ។​ សេចក្តី​សន្និដ្ឋាន​ទាំង​អស់​នេះ​គឺ​វា​ឈរ​នៅ​លើ​ការណ៍​ពិត​ដើម្បី​រក​សេចក្តី​ពិត​វេទនា​របស់​ប្រជាជន​កម្ពុជា។ ​ខ្លួន​យើង​ខុស​ហើយ​យើង​រក​ស្អី​ដែល​ខុស​ទៅ​លើ​ប្រជាជន​យើង​ដើម្បី​សុំទោស​ប្រជាជន​យើង»។

កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មិនា​នេះ ​នួន ​ជា ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​សហ​ព្រះរាជ​អាជ្ញា​និង​សហ​មេធាវី​នាំមុខ​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដើម្បី​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​ឌុច ​អាច​នឹង​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​ខ្លួន​ហើយ​បាន​ស្នើ​ឲ្យ​មាន​វិធានការ​ចាក់​សោរ​បន្ទប់​ឃុំឃាំង​របស់​គាត់​ឲ្យ​ជាប់​ដើម្បី​ការពារ​ជាមុន​ទប់​ទល់​នឹង​ការ​ប៉ុនប៉ង​នេះ។ ​សំណើ​នោះ​ដែល​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​ឌុច​ឡើង​ផ្ដល់​សក្ខីកម្ម។

ឌុច​ដែល​ជា​សាក្សី​ដ៏​មាន​សក្ដានុពល​ម្នាក់​បាន​និយាយ​យ៉ាង​ក្លាហាន​នៅ​ក្នុង​ពេល​កំពុង​សវនាការ​ក្នុង​សំណុំរឿង​ទី​ពីរ​នេះ។ ​ជន​ជាប់​ចោទ​ទាំង​បី​នាក់ ​គឺ​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការបរទេស ​ខៀវ ​សំផន ​អតីត​ប្រមុខ​រដ្ឋ ​និង​ នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​មាន​វត្តមាន​នៅ​ចំពោះ​មុខ ​ឌុច។

ឌុច ​បាន​រៀបរាប់​ពី​គោល​នយោបាយ​របស់​បក្ស​កុម្មុយនិស្ដ​កម្ពុជា​ដែល​ត្រូវ​សម្លាប់​មនុស្ស​ក្នុង​មន្ទីរ​ស ​២១ ​និង​មន្ទី​រឃុំឃាំង​ផ្សេងៗ​ទៀត ​នយោបាយ​បង្អត់​អាហារ​និង​ការ​បណ្ដេញ​ប្រជាជន​ពី​លំនៅដ្ឋាន។

«សក្ខីកម្ម​របស់​ខ្ញុំ ​ខ្ញុំ​និយាយ​ថា​បក្សកុម្មុយនិស្ត​កម្ពុជា​មាន​នយោបាយ​មួយ​រិតត្បិត​ការ​ហូបចុក​របស់​ប្រជាជន​ដោយ​ឈរ​លើ​ឯកសារ​បក្ស​ជាមូលដ្ឋាន។ ​របប​ហូប​ចុក ​មួយ​ថ្ងៃ​ពីរ​កំប៉ុង​អង្ករ។ ​កម្លាំង​ស្រួច​ កម្លាំង​លេខ​មួយ​មួយ​កំប៉ុង​កន្លះ​នេះ​ចំពោះ​ប្រជាជន​ គ្មាន​សាសនា ​គ្មាន​ជំនឿ ​គ្មាន​គុណម៉ែ ​គុណ​ឪ​ទេ។ ​អង្គការ​អ្នក​មាន​គុណ​បញ្ហា​ត្រូវ​កម្ទេច​នេះ​ជា​បញ្ហា​ក្រិត្យក្រម​ ជា​គោល​នយោបាយ​របស់​បក្ស​ ដែល​ត្រូវ​ឲ្យ​ធ្វើ​អញ្ចឹង​ដែល​មន្ទីរ​នគបាល​ណា​ក៏​ធ្វើ។ ​មូលហេតុ​ដែល​ជម្លៀស​គេ​មិន​ប្រាប់​យើង​ទេ។ ​ក្នុង​ឯកសារ​ឧទ្ទេស​នាម​គេ​ថា​នេះ​ជា​ឯកសារ​ត្រៀម​ឈ្នះ។ ​បដិវត្តន៍​យើង​ គាត់​រំលង​បដិវត្តន៍​ប្រជា​ធិបតេយ្យ ​ចូល​ដល់​បដិវត្តន៍​សង្គម​និយម»។

នៅ​ក្នុង​សវនាការ​កាល​ពី​ខែ​មុន ​នួន ​ជា ​ធ្លាប់​បាន​ទទួល​ស្គាល់​ថា ​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទីក្រុង ​និង​ទីប្រជុំ​ជន​នានា ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​របប​កុម្មុយនិស្ដ​អាវ​ខ្មៅ​ សម្រាប់​ផ្ដល់​ការ​លត់ដំ​ដល់​ប្រជា​ពលរដ្ឋ ​និង​បង្កើត​កម្លាំង​ផលិតកម្ម​ផ្នែក​កសិកម្ម។ ​ប៉ុន្ដែ​ នួន ​ជា ​បាន​បដិសេធ​ថា​ មាន​គោលការណ៍​កម្ចេច​ព្រះពុទ្ធ​សាសនា ​និង​បង្អត់​អាហារ​ប្រជាជន។

សូម​បញ្ជាក់​ថា ​ការ​កាត់ទោស​នៅ​ល្ងាច​ថ្ងៃ​នេះ​ ត្រូវ​បាន​បិទ​បញ្ចប់​មុន​ពេល​កំណត់​បន្ទាប់​ពី​សហ​មេធាវី ​អន្តរជាតិ​របស់ ​នួន ​ជា ​បាន​ស្នើសុំ​ឲ្យ​តុលាការ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ស្អែក​ដោយសារ​បញ្ហា​សុខភាព​កូនក្ដី​របស់​ខ្លួន។ ​លោក​ចៅក្រម ​និល ​ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ក៏​បាន​ព្រមាន​សហ​មេធាវី​អន្ដរជាតិ​របស់​នួន ​ជា ​លោក ​ម៉ាយឃើល​ ផេសម៉េន ​ផង​ដែរ ​បន្ទាប់​ពី​លោក​ស្ទុះ​ចេញ​ពី​បន្ទប់​សវនាការ​ទៅ​តាម​មើល​ការ​ពិនិត្យ​សុខភាព​កូនក្ដី​ផង​ខ្លួន​ដោយ​ពុំ​បាន​សុំ​ការ​អនុញ្ញាត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG