អតីតមេដឹកនាំខ្មែរក្រហមគឺ នួន ជា ជាបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បានស្លាប់ក្នុងជន្មាយុ ៩៣ ឆ្នាំ ក្នុងមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។
លោក នេត្រ ភត្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ប្រាប់ VOA នៅប៉ុន្មាននាទីមុននេះថា នួន ជា បានស្លាប់ក្នុងមន្ទីរពេទ្យរុស្ស៊ី កាលពីល្ងាចថ្ងៃអាទិត្យ ទី៤ ខែសីហានេះ។
នួន ជា ដែលជាមេដឹកនាំខាងមនោគមន៍វិជ្ជារបស់ខ្មែរក្រហម ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២ ខែកក្កដា ដើម្បីព្យាបាលជំងឺ។ គ្មានការបញ្ជាក់ឲ្យដឹងថាពិរុទ្ធជន នួន ជា បានស្លាប់ដោយសារអ្វីនៅឡើយទេ តែគេគិតថាការស្លាប់របស់ នួន ជា អាចបណ្តាលមកពីជំងឺទឹកនោមផ្អែម។ ។
នួន ជា ត្រូវបានតុលាការខ្មែរក្រហម កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មជាច្រើន រួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាដើម ដែលទាក់ទងនឹងការកាប់់សម្លាប់ពលរដ្ឋស្លូតត្រង់ជាង១លាន ៧សែននាក់ក្នុងទសវត្សរ៍១៩៧០។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានអះអាងថា លោកបានដឹងពីការស្លាប់របស់នួន ជា ដែរ។ លោកថា លោកនួន ជា ស្លាប់ គឺជាបាបកម្មរបស់លោក។ លោកបញ្ជាក់ថា ការស្លាប់នេះអាចនឹងធ្វើឲ្យជនរងគ្រោះស្ងប់ចិត្តខ្លះ ហើយនិងការមិនអស់ចិត្តផងដែរ ដោយសារការរឹងរូសមិននិយាយរឿងរ៉ាវពិតក្នុងអតីតកាល។
លោក Peter Maguire សាស្ត្រាចារ្យច្បាប់អាមេរិកាំងម្នាក់ និងជាអ្នកនិពន្ធសៀវភៅខ្មែរក្រហម «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» បានថ្លែងប្រាប់ VOA ថា ការស្លាប់របស់ នួន ជា គឺជាមូលហេតុមួយទៀតដែលសាលាក្តីនេះត្រូវបិទទ្វារ។ លោកបញ្ជាក់បែបចំអកថា គ្មានហេតុផលអ្វីដែលថាអង្គការសហប្រជាជាតិមិនអាចបញ្ចប់សំណុំរឿងនេះបានទេ៕