ប្រធានគណៈកម្មាធិការស៊ើបការសម្ងាត់សភា លោក Devin Nunes មានប្រសាសន៍ថា លោកដកខ្លួនជាបណ្តោះអាសន្នចេញពីការស៊ើបអង្កេតរបស់គណៈកម្មាធិការនេះ ទៅលើការចោទប្រកាន់ដែលថា រុស្ស៊ីបានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ បន្ទាប់ពីមានការប្តឹងផ្តល់ទៅលើរូបលោកពាក់ព័ន្ធនឹងក្រមសីលធម៌។
គណៈកម្មាធិការក្រមសីលធម៌សភាកំពុងតែស៊ើបអង្កេតថាតើលោក Nunes ប្រហែលជាបានលាតត្រដាងព័ត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាតកាលពីខែមុន ក្នុងអំឡុងពេលដែលមានការបើកសន្និសីទសារព័ត៌មានជាបន្ទាន់មួយឬយ៉ាងណា។
លោក Nunes បានថ្លែងថា លោកបានឯកសារសម្ងាត់ដែលបង្ហាញថា សមាជិកនៃយុទ្ធនាការរបស់លោក Trump មានសន្ទនា ដែលត្រូវបានទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក «ប្រមូលយកបានដោយចៃដន្យ» ខណៈដែលទីភ្នាក់ងារស៊ើបការសម្ងាត់ទាំងនោះឈ្លបយកការណ៍ពីជនបរទេស។
កាលពីថ្ងៃព្រហស្បតិ៍ លោក Nunes បានមានប្រសាសន៍ថា «ក្រុមសកម្មជនឆ្វេងនិយមមួយចំនួន» បានដាក់ពាក្យប្តឹងរូបលោកលើករណីថាប្រព្រឹត្តមិនបានត្រឹមត្រូវ ជាមួយនឹងការិយាល័យក្រមសីលធម៌សភា ហើយលោកនឹងដកខ្លួនជាបណ្តោះអាសន្នចេញពីការស៊ើបអង្កេតនេះ រហូតទាល់តែការចោទប្រកាន់នេះត្រូវបានដោះស្រាយរួចរាល់៕