ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលនៅក្នុងរយៈកម្ពស់ដ៏ខ្ពស់មិនធម្មតាមួយ នៅថ្ងៃអាទិត្យនេះ ដែលបានបង្ហាញថា គ្រាប់មីស៊ីលនេះអាចជាគ្រាប់រ៉ុកកែតដែលប្រើសារធាតុរាវជាកម្លាំងជំរុញយ៉ាងហោចណាស់ពីរប្រភេទបញ្ចូលគ្នា ដែលមានសមត្ថភាពអាចហោះបានរហូតដល់ ៤.៥០០ គីឡូម៉ែត្រ។
ការសាកល្បងគ្រាប់មីស៊ីលនេះ គួរតែ «ជំរុញឲ្យបណ្ដាប្រទេសនានាដាក់ទណ្ឌកម្មខ្លាំងក្លាបន្ថែមទៀតប្រឆាំងនឹងកូរ៉េខាងជើង»។ នេះបើយោងតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានធ្វើការថ្កោលទោសភ្លាមៗចំពោះសកម្មភាពកូរ៉េខាងជើង ដោយថា សកម្មភាពបែបនេះជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរក្នុងតំបន់ និងជាការរំលោភទៅលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានបញ្ជាឲ្យរដ្ឋាភិបាលរបស់លោក «ត្រៀមខ្លួនសម្រាប់ហេតុការណ៍បន្ទាន់នានា ដែលអាចកើតឡើង»។ នេះបើយោងតាមការបញ្ជាក់របស់ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន។
រីឯរដ្ឋាភិបាលចិនវិញ បានអំពាវនាវឲ្យមានការអត់ធ្មត់ ដើម្បីជៀសវាងកុំឲ្យមានភាពតានតឹងកាន់តែកើនឡើងនៅក្នុងតំបន់។ ក្រសួងការបរទេសចិនក៏បានប្រឆាំងចំពោះការរំលោភរបស់រដ្ឋាភិបាលកូរ៉េខាងជើង លើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិផងដែរ។
ចំណែកឯប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលកំពុងចូលរួមនៅក្នុងកិច្ចប្រជុំអន្តរជាតិមួយនៅក្នុងទីក្រុងប៉េកាំង ក៏បានបញ្ជាក់អំពីការព្រួយបារម្ភអំពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី។
គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងលើកនេះ បានធ្លាក់ចូលក្នុងសមុទ្រក្នុងចម្ងាយប្រហែល ៤ រយ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលជប៉ុន៕