ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការបោះឆ្នោត​អសកល​ជ្រើសរើស​ក្រុម​ប្រឹក្សា​មិន​សូវសំខាន់

  • គង់ សុឋានរិទ្ធ

លោក​ទេព នីថា អគ្គ​លេខាធិការ​គ.ជ.ប.​(អង្គុយកណ្តាល)​​កំពុង​ធ្វើសន្និសីទ​សាសែតនៅ​ស្នាក់ការ​គ.ជ.ប.​​
មន្ត្រី​សង្គម​ស៊ីវិល​ និង​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោតបាន​ឲ្យ​តម្លៃ​ផ្សេងៗ​គ្នា​ពី​សារៈ​សំខាន់​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង​ រាជធានី​ និង​ស្រុក​ខណ្ឌ។

ការ​បោះឆ្នោត​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ឆ្នាំ​២០១៤​នេះ។​

លោកគល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ បាន​លើក​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​បោះឆ្នោត​នេះ​ហាក់​ដូចជា​ផ្តល់​នូវ​សារៈ​សំខាន់​តិច​តួច​ដោយសារ​តែ​ក្រុម​ប្រឹក្សា​ទាំង​នោះ​បម្រើ​ផល​ប្រយោជន៍​បក្ស​នយោបាយ​របស់​ខ្លួន​ច្រើន​ជាង។​

«ការណ៍​ពិតទៅ​គាត់​ធ្វើ​តែ​កិច្ច​ការ​គណបក្ស​នយោបាយ​ប្រាប់​ ធ្វើ​តែ​កិច្ច​ការ​គណបក្ស​នយោបាយ​ទេ។ សូម្បី​តែ​នៅ​ក្នុង​ច្បាប់​រដ្ឋ​បាល​ក៏អត់​បាន​ឲ្យ​អំណាច​អ្វី​ច្បាស់​លាស់​ដល់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​នេះ​ដែរ។​ វាបាន​ផល​ប្រយោជន៍​តិច​តួច​ណាស់​ទៅ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ​នេះ​ឬ​ដើម្បី​ទៅ​ពង្រឹង​កំណែ​ទម្រង់​វិមជ្ឈការ​ និង​សហ​វិមជ្ឈការ»។​

គណៈ​កម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​បាន​ចុះ​បញ្ជីគណបក្ស​នយោបាយ​ចំនួន​ប្រាំ​សម្រាប់ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ​ក្រុង ​ស្រុក​ និង​ខណ្ឌ​នេះ។​

គណបក្ស​នយោបាយ​ទាំង​នោះ​ ​មាន​តែគណបក្ស​ប្រជា​ជន​កម្ពុជា​ទេ​ បាន​ចុះ​បញ្ជី​ចូល​រួម​បោះឆ្នោត​ក្នុង​ខេត្ត​ និង​រាជ​ធានី​ទាំង​២៥​ ក្នុង​ប្រទេស​ដែល​រួម​មាន​១៩៧​ក្រុង​ ស្រុក​ និង​ខណ្ឌ។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​បញ្ជី​ក្នុង​ខេត្ត​ និង​រាជ​ធានី​ចំនួន​២៤​ និង​១៩៥​ក្រុង​ ស្រុក ​និង​ខណ្ឌដោយ​បោះ​បង់​ចោល​ខេត្ត​កែប។​

ដោយ​ឡែក​គណបក្ស​ហ៊្វុនស៊ីនប៉ិចឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​និង​២៧​ក្រុង ​ស្រុក​ ខណ្ឌ​តែ​ប៉ុណ្ណោះ​គឺ​នៅ​ខេត្ត​បាត់​ដំបង​ និង​នៅ​ខេត្ត​កំពង់ចាម។​
រីឯ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​បាន​ចុះ​បញ្ជី​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​ ដែល​មាន​បួន​ស្រុក​ និង​ខណ្ឌ​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ចុះ​បញ្ជី​បោះឆ្នោត​ក្នុង​ស្រុក​មួយ​ប៉ុណ្ណោះ​នៃ​ខេត្ត​កំពង់​ចាម។​

គណ​បក្សទាំង​នេះ​នឹង​ចាប់​ផ្តើម​ឃោសនា​ស្វែង​រក​សំឡេងឆ្នោត​ពី​ថ្ងៃទី​២​រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​ឧសភា​គឺ​មានរយៈ​ពេល​១៥​ថ្ងៃ។​

នេះ​ជា​ការ​បោះឆ្នោត​អសកល​ដែល​មាន​តែ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​សរុប​ចំនួន​១១.៤៥៩​នាក់​តែ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោតជ្រើស​តាំង​ប្រធាន​ និង​សមាជិក​ក្រុម​ប្រឹក្សា​ក្នុង​ ខេត្ត​ចំនួន​២៤​ ​រាជធានី​ចំនួន​មួយ ​ក្រុង ​ស្រុក​ និង​ខណ្ឌ​ចំនួន​១៩៧។​ គ.ជ.ប.​នឹង​ផ្តល់​សុពល​ភាព​ដល់​អ្នក​បោះឆ្នោត​ទាំង​នេះ​នៅថ្ងៃ​ទី​១៣​ខែ​មេសា​នេះ។​

សរុប​ទាំង​អស់​មាន​ប្រធាន​ និង​សមាជិក​ក្រុម​ប្រឹក្សា​ជាង​៣.០០០​រូប​សម្រាប់​អាណត្តិប្រាំ​ឆ្នាំ។​

លោក​បណ្ឌិតកែម ឡី ​អ្នក​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម ​មាន​ប្រសាសន៍​ថា​ក្រុម​ប្រឹក្សា ​ខេត្ត​ ក្រុង​ រាជធានី​ និង​ស្រុក​ខណ្ឌ​គឺ​ជាអង្គការរដ្ឋ​មួយ​ដែល​មាន​អំណាច​ត្រួត​ពិនិត្យ​លើ​កិច្ច​ការ​រដ្ឋបាល​ថ្នាក់ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ​ និង​រាជធានី​ ក៏ប៉ុន្តែ​ជាក់​ស្តែង​ក្រុម​ប្រឹក្សា​នេះ​មិន​មាន​អំណាច​ដែល​មាន​ប្រសិទ្ធិភាព​នោះ​ទេ​ ហើយ​ក៏​មិន​បាន​ចូលរួម​ចំណែក​ជំរុញ​កិច្ច​អភិវឌ្ឍ​ឲ្យ​បាន​ច្រើន​នៅ​ថ្នាក់​មូល​ដ្ឋាន​ដែរ។​

«តាម​ពិត​ជា​តួនាទី​សំខាន់​នៅ​ក្នុង​ច្បាប់​គ្រប់​គ្រង​រាជធានី ​ស្រុក ​ខណ្ឌ​ហ្នឹង ​ក៏​ប៉ុន្តែមាន​ប្រព័ន្ធ​ស្រប​គ្នា​នេះ​បី​បួន។ ដូចជា​គណបក្ស​ប្រជាជន ​ឬ​មួយ​រដ្ឋា​ភិបាល​បង្កើត​ក្រុម​ការងារ​ថ្នាក់ជាតិ​ទៅ​មើល​តួនាទី​ហ្នឹង​ ហើយ​ជាន់​គ្នា​ជាមួយ​តួនាទី​ហ្នឹង។ ​ហើយ​គាត់​មាន​ក្រុម​ការងារ​គណបក្ស​ទៅ​ជួយ​តួនាទី​ហ្នឹង​ វា​គ្រប​ដណ្តប់​ជាន់​គ្នា»។​

លោក​ទេព ​នីថា ​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បាន​ឲ្យ​តម្លៃ​ថា​ ក្រុម​ប្រឹក្សា​ខាង​លើ​មាន​គោល​ដៅ​សម្រាប់​ជំរុញ​កិច្ច​អភិវឌ្ឍន៍​ថ្នាក់​មូលដ្ឋាន។​

«ការងារ​របស់​ក្រុមប្រឹក្សា​នេះ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​នោះ​គឺ​ច្បាប់​បាន​ចែង​ច្បាស់​ណាស់​ថា​ គាត់​មាន​សារៈ​សំខាន់​ក្នុង​ការ​ដឹកនាំ​ការ​អភិវឌ្ឍ​មូល​ដ្ឋាន​របស់​គាត់។ ​ដូច្នេះ​ការ​យល់​ឃើញ​បែប​ណា ឬ​ការ​យល់​ឃើញ​មិន​ពេញ​លេញនោះ​ជា​ទស្សនៈ​របស់​ពួក​គាត់»។​

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង​ រាជធានី​ និង​ស្រុក ​ខណ្ឌ​នៅ​ឆ្នាំនេះ​នឹង​ត្រូវ​ចំណាយ​អស់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក៕
XS
SM
MD
LG