ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅរង់ចាំ​ការជំនុំជម្រះ​នៅឡើយ


ប៉ូលិស​ និងមន្ត្រី​ពន្ធនាការ​ឈរនៅ​មុខសាល​សវនាការ​សាលាឧទ្ធរណ៍។​
ប៉ូលិស​ និងមន្ត្រី​ពន្ធនាការ​ឈរនៅ​មុខសាល​សវនាការ​សាលាឧទ្ធរណ៍។​
ក្រោយ​ពី​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​អស់​រយៈពេល​ជិត​មួយ​ខែ​កន្លង​មក សកម្មជននិង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​នៅ​ខេត្ត​កំពត​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​នាំ​មក​ជំនុំ​ជម្រះ​នៅ​ឡើយ​ទេ។

អ្នកស្រី​ទ្រី ​ឈួន ​មេ​ធាវី​របស់​អង្គការ​អាដហុក ​បានឲ្យដឹង​ក្នុង​សប្តាហ៍​នេះ​ថា​ ជនជាប់​ចោទដែល​ត្រូវ​ចាប់ខ្លួន​ចំនួន​៧​នាក់​នៅ​ខេត្ត​កំពត​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​នយោបាយ​ និង​ការ​អ្នក​គាំទ្រ​គណបក្សសង្គ្រោះ​ជាតិ​ មិន​ទាន់​ត្រូវបាន​នាំខ្លួន​មក​ជម្រះ​ទោស​នៅ​ឡើយទេ​ បើ​ទោះជា​សាលា​ដំបូង​ខេត្ត​បាន​បញ្ចប់​និតិវិធី​នៃ​ការ​ស៊ើប​សួរ​ជន​ជាប់ចោទ​ភាគ​ច្រើន​ក្នុង​ចំណោម​នោះ​ហើយ​ក្តី។​

សកម្មជន​នយោបាយ​និង​អ្នក​គាំទ្រ​នយោបាយ​គណបក្ស​ប្រឆាំង​ទាំង​នេះ​ត្រូវ​ចាប់ខ្លួន​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​និង​ចំថ្ងៃ​បោះឆ្នោត​ក្រោម​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​គំរាម​សម្លាប់​ និង​ការ​ប្រកប​អាជីវកម្ម​និង​ទទួល​ផល​ព្រៃឈើ​ខុស​ច្បាប់។​

អ្នកស្រី​ទ្រី ឈួន​រៀបរាប់​ពីករណី​និមួយៗ​ថា៖​ ​«រឿង​កែវ រ៉ៃ​នេះ ​ឥឡូវ​ចៅ​ក្រម​បញ្ជូន​ឱ្យ​ស៊ើបសួរ​បន្ត​ទៀត។​ រឿង​ស៊ូ តន​ជិត​ដល់​ដំណាក់​កាល​បិទ​ការ​ស៊ើប​សួរ​ហើយ។ ​សំណុំ​រឿង​ហុង វីរ៉ាវុធ​មិន​ទាន់​មាន​ការ​ជូន​ដំណឹង​ទៅ​ជំនុំ​ជម្រះ​នៅ​ឡើយ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​ជូន​ដំណឹង​ថា​ បាន​បិទ​ការ​ស៊ើបសួរ​ហើយ។ បួន​នាក់​នោះ​តុលាការ​ប្រញាប់​ប្រញាល់​បិទ​ការ​ស៊ើប​សួរ​ ហើយ​បាន​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ហើយ»។

លោក​ហុង វីរ៉ាវុធ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា​ ក្រោម​ការ​ចោទ​ប្រកាន់​ថា​ បាន​គំរាម​តាម​ទូរ​ស័ព្ទ​អំពី​ការ​ធ្វើ​ឃាត​បុគ្គលដែល​គេ​ដឹង​ថា​ ស្ថិត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា។​

បួន​ថ្ងៃ​ក្រោយ​មក​គឺចំ​ថ្ងៃ​បោះឆ្នោត ​សកម្ម​ជន​ពីរ​នាក់​ផ្សេង​ទៀត​គឺ​លោក​ស៊ូ តន​ អាយុ​៥១​ឆ្នាំ​ ជា​ម្ចាស់​សិប្បកម្ម​ជ្រៀក​ឈើ​នៅ​ក្នុង​ស្រុក​ឈូក​ ខេត្ត​កំពត​ ​ត្រូវ​ចាប់​ខ្លួន​ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ថា​ បាន​បើក​សិប្ប​កម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ។​ ដោយឡែក​ នៅ​មុន​នោះ​មួយ​ថ្ងៃ​ បុរស​បួន​នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​អះអាង​ថា ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​កំពុង​ដឹក​ឈើ​តាម​រទេះ​ ក្នុង​ឃុំ​តាកែន​ ខេត្ត​កំពត។​

បុរស​ទាំង​បួន​នាក់​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ​ បាន​យក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្ទាំង​ក្រដាស​តូចៗ​បិទ​នៅ​ពីលើ​ឈើ​ ក្រោយ​ពី​សកម្មជន​គណបក្ស​ជំទាស់​បាន​ចែក​ខិត​បណ្ណ​ឃោសនា​ដល់​ពួក​គេ។​

ចំណែក​ឯលោក​កែវ ​រ៉ៃ​ត្រូវ​បានចោទ​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ​និង​គម្រាម​សម្លាប់ ហើយ​ត្រូវ​ក្រុម​នគរបាល​ចាប់ខ្លួន​នៅ​ម៉ោង​៩​យប់​ ចំថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​គឺ​ថ្ងៃទី​២៨​ខែ​កក្កដា។​

អ្នកស្រី​ទ្រី ឈួន​បាន​ស្នើ​ឲ្យ​តុលាការ​អនុញ្ញាត​ឱ្យកូន​ក្តី​របស់​អ្នក​ស្រីនៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​មាន​តែ​លោក​កែវ រៃ​ទេ​ត្រូវ​បាន​អនុញ្ញាត។ ​អ្នក​ស្រី​បាន​ប្តឹង​ឧទ្ធរណ៍ហើយ​ចំពោះ​ការ​ច្រាន​ចោល​នេះ។​

​ក្រោយ​ពេល​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំកាល​ពី​ថ្ងៃ​ទី១៣​សីហា លោក​កែវ រៃ​អាយុ​៤១​ឆ្នាំ​ ថ្លែង​ថា ​នៅ​ថ្ងៃ​ចាប់​ខ្លួន​នោះ​ លោក​ត្រូវ​បាន​ប៉ូលិស៣​នាក់​ធ្វើ​ទារុណកម្ម​ឱ្យ​សន្លប់​នៅ​នឹង​កន្លែង ​ដោយ​គ្មាន​ការ​បង្ហាញដីកា​ចាប់​ខ្លួន។​ លោក​បញ្ជាក់​ថា​ ការ​ចាប់ខ្លួន​រូបលោក​ក្រោយ​ពី​លោក​បាន​ស្រែក​ថា​«ជយោ! ​គណបក្ស​យើង​ឈ្នះហើយ!» ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​នៅ​មណ្ឌល​លោក។​

លោក​និយាយថា៖​ «ប៉ូលិស​និង​ពីរ​នាក់​ប្តី​ប្រពន្ធ​ប្តឹង​ គេ​ប្តឹង​ថា​ ខ្ញុំ​ជេរ​គេ។ ប៉ុន្តែ​ខ្ញុំ​អត់​បាន​ជេរ​គេ​ទេ។​ អត់​ឃើញ​អ្នក​ប្តឹង​ផង។​ អត់​មាន​ដាក់​ដីកា​អ្វី​មក​ផង​ គេ​មក​ចាប់​ខ្ញុំ​តែ​ម្តង។ ​គេ​ដាក់​ខ្នោះ​ដៃ​ខ្ញុំ​ទៅ​ក្រោយ ​ ហើយ​គេ​វាយ​ខ្ញុំ​ឡើង​សន្លប់ ​ វាយ​នៅ​ស្រុក​អង្គ​ខ្សាយ​ហ្នឹង​តែ​ម្តង។​ ពេល​មក​ដល់​កន្លែងប៉ូលិស​ ខ្ញុំ​អត់​ដឹង​ខ្លួន​ផង»។​

លោក​ព្រំ ពេជ្រ​ សាក្សី​របស់​លោក​ស៊ូ តន ​អះអាង​ថា ​លោក​ស៊ូ តន​ជា​មនុស្ស​ស្អាត​ស្អំ។​

លោក​និយាយថា៖​ «គេ​សួរ​ ថា​តើ​តា​តន​មាន​បើក​សិប្បកម្ម​ខុស​ច្បាប់​ដូច​គេ​ថា​ ឬ​ក៏អត់?​ ប៉ុន្តែ​គាត់​មាន​បើក​ឯ​ណា។​ គាត់​កែ​ច្នៃ​ម៉ាស៊ីន​កិន​ស្រូវ និង​ជ្រៀក​ឈើ​បន្តិច​បន្តួច​ជា​លក្ខណៈគ្រួសារ​ហ្នឹង។ ​ប៉ុន្តែ​មិន​ដឹង​ថា​ គេ​សំឡុត​គាត់​យ៉ាង​ម៉េច​ខ្លះ​ គាត់​ឆ្លើយ​ខុស​ពី​អ្វី​ដែល​គាត់​ធ្វើ។​ គាត់​ឆ្លើយ​ថា ​គាត់​បើក​សិប្បកម្ម​ និង​ជួល​កូន​គាត់​ពីរ​នាក់​ឱ្យ​អារ​ឈើ ​ ប៉ុន្តែ​កូន​គាត់​ទាំង​ពីរ​នៅ​កម្លោះ​មិន​ទាន់​បែក​ឆ្នាំង​បែក​ចាន​ផង​ហ្នឹង»។​

លោក​ព្រំ ពេជ្រ​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ផ្តល់​សក្ខី​កម្ម​ម្តង​រួច​មក​ហើយ​ កាល​ពី​ប្រហែល​ពីរ​សប្តាហ៍​មុន​ និង​តម្រូវ​ឱ្យ​ទៅឆ្លើយ​បំភ្លឺ​បន្ថែម​នៅ​ថ្ងៃ​ទី​២២ សីហា។​

ចំណែក​ឯ​អ្នកស្រី​ហុង បូណា ​បងស្រីបង្កើត​របស់​លោក​ហុង វីរ៉ាវុធ​ ថ្លែង​ថា ​អ្នកស្រី​មិន​ទាន់​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​ណា​មួយ​ពី​តុលាការ​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​អ្នកស្រី​ជឿជាក់​ថា​ ការ​ចោទ​ប្រកាន់​នេះ​គឺ​ក្រោម​ហេតុផល​នយោបាយ។​

អ្នកស្រី​និយាយថា៖​ «គេ​ខឹង​យើង​លើក​ស្លាក​គណបក្ស។ ​ មុន​ដំបូង​គេ​ចេះ​តែ​ចោទ​ផ្តេសផ្តាស​ទៅ។​ គេ​ថាយើង​ទៅ​ស្រឡាញ់​ប្រពន្ធ​ប៉ូលិស។​ ហើយ​ចោទ​មួយ​ទៀត​ថា ​យើង​គម្រាម​គេ​តាម​ទូរស័ព្ទ ​ហើយ​ទូរស័ព្ទ​ហ្នឹង​ វា​អត់​ដឹង​ផង​ ព្រោះ​គេ​យក​មក​ផ្ញើ​ហ្នឹង។​ នេះ​ដោយ​សារ​គេ​ចង់​ធ្វើ​បាប​យើង»។

វីអូអេបាន​ព្យាយាមទាក់ទង​ដើម្បី​សុំ​សេចក្តី​បំភ្លឺ​ពី​លោក​តុប ឈុនសុង​ លោក​ឃន ចាន់ធឿន ​និង​លោក​គាំ ឈាន​ចៅក្រម​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ទាំង​នេះ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។ ទូរស័ព្ទ​របស់​លោកបាន​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល​ ឬ​ដោយ​គ្រាន់​តែអ្នក​យក​ព័ត៌មាន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​សុំ​អត្ថាធិប្បាយ​ ទូរស័ព្ទ​បាន​បិទទៅ​វិញ។​

លោក​យន់ ផល្លី ​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កំពត ​លើក​ឡើង​ថា​ តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង​របស់​លោក​បង្ហាញ​ថា ការ​ចាប់​ខ្លួន​នេះ​មាន​ចរិត​នយោបាយ។​

លោក​និយាយថា៖​ «អ្នក​ ដែល​ជា​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ច្បាស់​លាស់ ​មាន​កាត ​គឺ​មាន​បី​នាក់។​ ប៉ុន្តែ​អ្នក​ផ្សេងៗ​ទៀត​ គាត់​គ្រាន់​តែ​ជា​អ្នក​គាំទ្រ។ ​ខ្ញុំ​មើល​ទៅ​ហាក់​ដូចជា​មាន​ការ​បំផិត​បំភ័យ​ បំបាក់​ស្មារតី​សកម្មជន​គណបក្សសង្គ្រោះ​ជាតិ​ ព្រោះ​ថា ​អ្នក​ខ្លះ​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឱ្យ​លា​ឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បីគេ​អាច​រត់​ការ​ដោះ​លែង​ឱ្យ​រួច​ខ្លួន​អី​អញ្ចឹង»។​

លោក​ជា​ ប៉ូច ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពត ​ក៏​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​ថាជា ​«រឿង​នយោបាយ»​ដែរ។​ ទោះ​បី​ជា​យ៉ាង​ណា ​គណបក្ស​លោក​នឹងបន្ត​តាម​ដាន​ការ​វិវត្ត​នៃ​សំណុំ​រឿង​នេះ​ដោយ​ប្រុង​ប្រយ័ត្ន។​

លោក​និយាយថា៖​ «អ្វី​ដែល​សំខាន់​គឺ​ថា​ យើង​នឹង​បន្ត​តាម​ដាន​រឿង​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់»។​

ប៉ុន្តែ​លោក​ខូយ​ ឃុនហួរ​ អភិបាល​ខេត្ត​កំពត​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ នា​ពេល​កន្លង​មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG