ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​គណបក្ស​​ប្រឆាំង​ប្រាប់​គ្រួសារ​ជន​រងគ្រោះ​ថា ​រក​ឃាតករ​ឲ្យ​ឃើញ


លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
ភ្នំពេញ៖ លោកកឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ថា​ នឹង​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ ដែល​ឃាតករ​បាន​បាញ់​សម្លាប់​សកម្មជន​គណបក្ស​របស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៏​នេះ។​

លោកសាន់​ សឿន​អាយុ​៦៧​ឆ្នាំ​ជាសកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​ប្រចាំភូមិ​ស្បែក​ព្រាល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ចំក្បាល​ដោយ​កាំភ្លើង​ខ្លី​ម៉ាក​ K-54 ​បណ្តាល​ឲ្យស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។​

លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំមន្ត្រី​គណបក្ស​មួយ​ចំនួន​ចុះ​ទៅ​ផ្ទះ​ជន​រងគ្រោះ​ ហើយ​បាន​ប្រកាស​ថា​ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​តែង​តែ​ចង់​បាន​យុត្តិ​ធម៌​ និង​សេចក្តី​សុខ​ជូន​ប្រជា​រាស្ត្រ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិមិន​អាច​នៅ​ស្ងៀម​បាន​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។​
លោកសាន់ សឿន​ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​ជនដៃ​ដល់​មាន​គ្នា​ពីរ​នាក់​ចូល​ទៅ​បាញ់​ដល់​ក្នុង​ផ្ទះ។​ មួយ​ថ្ងៃ​ក្រោយ​ពី​កើត​ហេតុ​ជន​សង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ចាប់​បាន​ក្នុង ​ខណៈ​ពេល​ដែល​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​ក្នុង​ខេត្ត​កំពត។​

លោកអ៊ុង សាមិត ​អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំខេត្ត​កំពង់​ស្ពឺ​ បាន​បញ្ជាក់​ថា​ ​ជន​សង្ស័យ​ឈ្មោះ​ទ្រី​ គន្ធោរ​ អាយុ​៣៣​ឆ្នាំ​ ជាអតិតកីឡាករ​ប្រដាល់​សេរី​ និងជួន​ វណ្ណៈហោះ​ងោល​ អាយុ​៣៣​ ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​និង​អាវុធ​ខ្លី​ម៉ាក​K-54 ​មួយ​ដើម​ដោយមាន​គ្រាប់​ច្នៃ​ចំនួន​១៦​គ្រាប់។​

ក្រុម​មន្ត្រី​សមត្ថកិច្ច បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ ដែល​ជាប់​ពាក់ព័ន្ឋ​នឹង​ការ​បាញ់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះទេ។​
លោក​ប្រាក់ ប៊ុនឡៃ​ ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំត្រែង​ត្រយឹង​និយាយថា៖​ «ទាល់​សួរ​ទៅ​ថ្នាក់​លើ​ខ្ញុំ​បាន​បង​ដឹង។​ ឋានៈ​ប្រហែល​ខ្ញុំ​អត់​អាច​និយាយ​បាន​ យល់​អត់?»​

លោក​ឧត្តម​សេនីយ៍​ត្រី​កែវ ពិសី​ ស្នង​ការ​ប៉ូលិស​ខេត្ត​កំពង់​ស្ពឺ​ មិន​បាន​ឆ្លើយសំណួរទេ ​ដោយ​លោក​បាន​អះអាង​ថា​ កំពុង​ធ្វើ​ការ​អង្កេត។

លោក​បញ្ជាក់ថា៖​ «ខ្ញុំ​កំពុង​ធ្វើការ ​ កំពុង​ធ្វើការ»។​

អ្នក​ស្រី​ពេជ្រ អាន​ អាយុ​៥៧​ឆ្នាំ ​ភរិយាជន​រងគ្រោះ ​បាន​អប​អរ​សាទរ​ នៅ​ពេល​ដែល​អ្នក​ស្រី​បាន​ទទួល​ដំណឹង​នៃ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ។​ ក៏ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​ទទូច​ឲ្យផ្តល់​យុត្តិធម៌​ដល់​ស្វាម៉ីរបស់​អ្នកស្រី។​

អ្នក​ស្រី​បញ្ជាក់​ថា៖​ «ខ្ញុំ​ ​ប្តី​ខ្ញុំ​ស្លាប់​ទៅ​ហើយ​ធ្វើ​យ៉ាង​ម៉េច​ក៏មិន​បាន​រស់​មក​វិញ​ដែរ។ ​ក៏ប៉ុន្តែ​បើ​បាន​ចាប់​បាន​ហើយ​កំហឹង​ឈឺចាប់​ខ្ញុំនៅ​តែ...​ខ្ញុំខឹង​អ្នក​ជន​ដៃ។ ខ្ញុំ​នៅតែ​ខឹង»។​
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​ថា​ ការ​បាញ់​សម្លាប់​សកម្មជន​របស់​ខ្លួន​ ក្រោយ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​នេះ គឺ​ជា​ការ​គ្រោង​ទុក​និង​មាន​ចរិក​ជា​ការ​សម្លាប់​ផ្នែក​នយោបាយ។​

លោក​សុខ អ៊ុំស៊ា​ សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់​ថា​ ទាកទង​នឹង​ជន​សង្ស័យ​ដែល​ប៉ូលិស​ចាប់​បាន​កាល​ពី​យប់​ថ្ងៃ​អង្គារ​នោះ​ លោក​កំពុង​តែ​ពិចារណា​នៅ​ឡើយ​ ​ថាតើ​ជាឃាតករ​ពិត ​ឬក៏​យ៉ាងណា?​

លោក​អះអាង​ថា៖​«បើ​សិន​ជាការ​ចាប់​ខ្លួន​ហ្នឹង ​វា​ចំ​ឃាតករ​ពិត​ប្រាកដ ​ខ្ញុំ​ស្វាគមន៍។​ ប៉ុន្តែ​ខ្លាចតែ​ជា​ឃាតករ​ក្លែង​ក្លាយ....​ ខ្ញុំកំពុង​ពិចារណា​រឿង​ហ្នឹង»។​

ឃាតកម្ម​ទៅ​លើ​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​បាន​កើត​មាន​ឡើង​ជា​លើក​ដំបូង​ហើយ​ ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន ​ដែល​បង្ហាញ​ឲ្យឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​គ្រប់​គ្រង​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​នោះ​ បាន​យកជ័យ​ជំនះ​លើគូ​ប្រកួត​របស់​ខ្លួន​គឺ​គណបក្ស​សង្គ្រោះជាតិ៕​
XS
SM
MD
LG