ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​រដ្ឋាភិបាល​កម្ពុជា​គ្រោង​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​កឹម សុខា​ ក្រោយ​ការ​ប្រកាស​សាលក្រម​ថ្ងៃ​ ៣ ​មីនា​ ២០២៣


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

អំឡុង​ពេល​សវនាការ​ចុង​ក្រោយ​ដែល​ចាប់​ផ្តើម​តាំង​ពី​ម៉ោង​ប្រមាណ​ ៨ ​និង​ ៣៧ ​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​ ៩ ​និង​ ១៤​ នាទី​យប់​ថ្ងៃ​ពុធ ទាំង​ភាគី​មេ​ធាវី​ការពារក្តី​ឲ្យ​រដ្ឋាភិបាល​ និង​តំណាង​អយ្យការ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ធ្ងន់​ធ្ងរ​លើ​លោក​ កឹម សុខា ​តាម​មាត្រា​ ៤៤៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា។​

លោក​ កឹម សុខា​ ដែល​ជា​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​

ក្នុង​សវនាការ​ដែល​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នោះ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក​ កូយ សៅ​ បាន​ផ្តល់​ឱកាស​ឲ្យ​ភាគី​តំណាង​អយ្យការ​ មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​ ដោយ​ផ្អែក​លើ​សេចក្តី​សន្និដ្ឋាន​ដែល​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ និង​ការ​ផ្តល់​សេចក្តី​សន្និដ្ឋាន​ដោយ​ផ្ទាល់​មាត់​ មុន​នឹង​ការ​ចេញ​សាលក្រម​នៅ​ថ្ងៃទី ៣ ខែ​មីនា ​ឆ្នាំ​ ២០២៣។​

នៅ​មុន​ពេល​ឈាន​ដល់​ការ​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក ​កឹម សុខា​ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​មួយ​រូប​ក្នុង​ចំណោម​បួន​រូប​គឺ​លោក​ គី តិច​ បាន​ប្រាប់​តុលាការ​ថា​ ក្រុម​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ដាក់​ពាក្យ​បណ្តឹង​ទាម​ទារ​សំណង​ខូចខាត​ក្នុង​សំណុំ​រឿង​ដាច់​ឡែក​ ក្រោយ​មាន​សេចក្តី​សម្រេច​របស់​តុលាការ​លើ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​ កឹម សុខា។​

លោក ​គី តិច​ ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​ «អំឡុង​ពេល​បាតុ​កម្ម​ និង​ការ​អុកឡុក​ រដ្ឋាភិបាល​ប្រើ​ធនធាន​ច្រើន​ សម្ភារៈ​ កម្លាំង​មន្ត្រី​រាជការ​ ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ។ នេះ​ជា​ព្យសនកម្ម​បាតុកម្ម​ខុស​ច្បាប់​ដឹកនាំ​ដោយ​ជន​ជាប់​ចោទ​ កឹម សុខា»។​

លោក​បន្ថែម​ថា៖ ​«នឹង​ធ្វើ​បណ្តឹង​ទាមទារ​សំណង​ខូច​ខាត​ ទាំង​អស់​ក្នុង​សំណុំ​រឿង​ដាច់​ដោយ​ឡែក»។​

ក្នុង​ពេល​តុលាការ​ផ្អាក​សវនាការ​នៅ​វេលា​ព្រឹក​ថ្ងៃ​ពុធ​កន្លង​ទៅ​នោះ លោក ​គី តិច​ បាន​ប្រាប់​អ្នក​កាសែត​ថា ច្បាប់​អនុញ្ញាត​ឲ្យ​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ កឹម សុខា តែ​លោក​មិន​អាច​ឲ្យ​ដឹង​បាន​ទំហំ​នៃ​ការ​ខូច​ខាត​ដែល​រដ្ឋាភិបាល​ចង់​ឲ្យ​លោក ​កឹម សុខា​ សង​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «អត់​ទាន់​ដឹង​ទេ។​ យើង​នឹង​រៀបចំ​បណ្តឹង​មួយ ព្រោះ​ពាក់​ព័ន្ធ​នឹង​ច្បាប់​ គឺ​យើង​អាច​ធ្វើ​បណ្តឹង​ ទាម​ទារ​សំណង​ហ្នឹង​នៅ​ក្នុង​សំណុំ​រឿង​មួយ​ផ្សេង​ទៀត​ ប៉ុន្តែ​រឿង​ចំនួន​ប៉ុន្មាន​ហ្នឹង ​ខ្ញុំ​អត់​ទាន់​អាច​ជម្រាប​អ្នក​សារ​ព័ត៌មាន​បាន​ទេ។ យើង​នឹង​ធ្វើ​ទៅ​តាម​ក្រោយ​ទៀត»។

អ្នក​គាំទ្រ​ដែល​មាន​ភក្តី​ភាព​នឹង​លោក​ កឹម សុខា ​គឺ​លោក​ ហ៊ុន កុសល​ ប្រាប់​វីអូអេ​ថា​ ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក ​កឹម សុខា ​អាច​ជា​ទម្រង់​នៃ​ការ​ដាក់​សម្ពាធ​មួយ​ទៀត​មក​លើ​មេដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះ។​

លោក​និយាយ​ថា៖​ «បើ​ជា​នយោបាយ​ គេ​នឹង​ធ្វើ​បែប​ហ្នឹង​ ប៉ុន្តែ​គ្រាន់​តែ​ថា​ សំខាន់​គឺ​ភាព​បរិសុទ្ធ​យុត្តិធម៌​ ដែល​លោក​ប្រធាន ​កឹម សុខា លោក​មិន​បាន​ប្រព្រឹត្ត​ទេ។ អា​នេះ​ដែល​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ផែនការ​ដាក់​បន្ទុក​ ឬ​មួយ​ក៏​យុទ្ធសាស្ត្រ​សម្រាប់​ដាក់​សម្ពាធ​លើ​ឯក​ឧត្តម​ កឹម សុខា​ មិន​អាច​ទទួល​បាន​ជោគ​ជ័យ​នោះ​គឺ​ត្រង់​ថា លោក​ប្រធាន​ កឹម សុខា​ លោក​ស្អាត​ស្អំ​ ជា​មនុស្ស​ដែល​មាន​យុត្តិធម៌​ស្រាប់​ហើយ​នៅ​ក្នុង​បេះ​ដូង​ប្រជា​ពលរដ្ឋ​បាទ»។​

យ៉ាង​ណា​ក៏​ដោយ ត្រឡប់​ទៅ​ក្នុង​សាល​សវនាការ​វិញ​ បន្ថែម​នឹង​ការ​គ្រោង​ទាម​ទារ​សំណង​ពី​លោក​ កឹម សុខា ក្រុម​មេធាវី​តំណាង​ឲ្យ​ភាគី​រដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​សេចក្តី​សន្និដ្ឋាន​ចំនួន​ ៨៦ ​ទំព័រ​ ដើម្បី​ឲ្យ​តុលាការ​ពិនិត្យ​និង​ទទួល​យក​សេចក្តី​សន្និដ្ឋាន​នោះ។​

ភ្លាមៗ​ក្រោយ​ការ​ដាក់​សេចក្តី​សន្និដ្ឋាន​នោះ លោក ​គី តិច​ បាន​ធ្វើ​សំណូមពរ​ឲ្យ​ក្រុម​ប្រឹក្សា​ចៅក្រម​ដែល​មាន​ចំនួន​បី​រូប​ «សម្រេច​ផ្តន្ទាទោស​ឲ្យ​ធ្ងន់​ធ្ងរ​លើ​ជន​ជាប់​ចោទ​លោក​ កឹម សុខា​ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា​ ៤៤៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ»។​

រូប​ឯកសារ៖ កម្មករ​ម្នាក់ដែល​បាន​ចូលរួម​បាតុកម្ម​ត្រូវ​បាន​កង​កម្លាំង​បង្ក្រាប​កុប្បកម្ម​ចាប់​និង​នាំ​ខ្លួន​ក្រោយ​ពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ (Reuters)
រូប​ឯកសារ៖ កម្មករ​ម្នាក់ដែល​បាន​ចូលរួម​បាតុកម្ម​ត្រូវ​បាន​កង​កម្លាំង​បង្ក្រាប​កុប្បកម្ម​ចាប់​និង​នាំ​ខ្លួន​ក្រោយ​ពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ (Reuters)
រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។
រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។

ដោយ​ផ្អែក​តាម​សេចក្តី​សន្និដ្ឋាន​ ៨៦ ​ទំព័រ​នោះ ក្រុម​មេធាវី​តំណាង​ឲ្យ​ភាគី​រដ្ឋាភិបាល​ បាន​រំលេច​ឡើង​នូវ​ព្រឹត្តិ​ការណ៍​ប៉ះ​ទង្គិច​ និង​បាតុកម្ម​សំខាន់ៗ​ ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ ក្នុង​នោះ​ ព្រឹត្តិការណ៍​បាតុ​កម្ម​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ​បាតុកម្ម​របស់​លោក​ វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ នៅ​មុខ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​អំពើ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​ បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ការ​ប៉ះទង្គិច​រវាង​សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​កង​សន្តិសុខ​នៅ​ម្តុំស្ពាន​នាគ​ជាប់​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​ និង​ហេតុ​ការណ៍​ផ្សេង​ទៀត ​ដូច​ជា​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ និង​ការ​ចែក​ផ្កា​ឈូក​ជូន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ក៏ដូច​ជា​សកម្ម​ភាព​ផ្សេងៗ​របស់​ជន​ជាប់​ចោទ​លោក​ កឹម សុខា​ និង​លោក​ សម រង្ស៊ី​ ក្នុង​ការ​ចេញ​តវ៉ា​លទ្ធផល​បោះឆ្នោត​ឆ្នាំ​ ២០១៣។​

ជាង​នេះ​ទៀត​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​ក៏​បាន​បន្ត​ប្រើប្រាស់​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​ ដែល​មាន​រយៈពេល​ជាង​ ១​ ម៉ោង​របស់​លោក ​កឹម សុខា​ ដែល​បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៣។​

ជា​សេចក្តី​សន្និដ្ឋាន​ ព្រឹត្តិ​ការណ៍​ទាំង​អស់​នោះ​ ត្រូវ​បាន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​យល់​ថា ជាអង្គ​ហេតុ​ដែល​គំាទ្រ​ដល់​បទ​ចោទ​ប្រឆាំង​នឹង​លោក​ កឹម សុខា។​

ចំណែក​ភាគី​តំណាង​អយ្យការ​លោក​ ប្លង់ សុផល​ បាន​បក​ស្រាយ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ និង​ជន​ជាប់​ចោទ​លោក​ កឹម សុខា​ ថា បាតុកម្ម​ផ្សេងៗ​ដែល​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ និង​ដែល​អយ្យការ​សង្ស័យ​ថា ​ដឹក​នាំ​ដោយ​គណបក្ស​ជំទាស់​មួយ​នោះ​ គឺ​ជា​បែប​ផែន​នៃ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ដើម្បី​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​រដ្ឋាភិបាល​ ឬ​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌។ ​

ដោយ​យោង​តាម​សេចក្តី​សន្និដ្ឋាន​ចំនួន​ប្រមាណ ​២៤ ​ទំព័រ​ ដែល​ភាគី​តំណាង​អយ្យការ​បាន​ដាក់​ជូន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក​ ប្លង់ សុផល​ បាន​រំឭក​ឡើង​វិញ​ពី​ប្រវត្តិ​ធ្វើ​នយោបាយ​របស់​លោក​ កឹម សុខា​ និងទំនាក់​ទំនង​ជាមួយ​ជន​បរទេស​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ ​រហូត​ដល់​ឆ្នាំ​ ២០១៧​ ដែល​ជា​ឆ្នាំ​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ប្លង់ សុផល ​បាន​លើក​ឡើង​ហេតុ​ការណ៍​ជាច្រើន​ រួម​មាន​ការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​នឹង​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ជន​បរទេស​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ និង​សកម្មភាព​នយោបាយ​រហូត​ដល់​មាន​ការ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ សម រង្ស៊ី​ រហូត​បង្កើត​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​បញ្ជាក់​ឡើង​វិញ​ភស្តុតាង​ ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដូចជា​អំពើ​ប្រទូសរ៉ាយ​នៅ​ផ្លូវ​វេងស្រេង​ និង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​ជាដើម។​ បន្ទាប់​មកលោក​ក៏​បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ «ផ្តន្ទាទោស​ជន​ជាប់​ចោទ​ឲ្យ​ធ្ងន់ធ្ងរ​បំផុត» ​ព្រោះ​ទង្វើ​ជន​ជាប់​ចោទ​ បង្ក​ផល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​របស់​ជាតិ​ទាំង​មូល។​

លោក​ ប្លង់ សុផល​ ក៏​សំណូម​ពរ​ឲ្យ​តុលាការ​ «ដក​ហូត​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ» ​និង​ «ចេញ​ដីកា​ចាប់​ខ្លួន»​ជន​ជាប់​ចោទ​លោក​ កឹម សុខា។​

ក៏​ប៉ុន្តែ​ក្រុម​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា​ បាន​ប្រតិកម្ម​ជា​មួយ​នឹង​សេចក្តី​សន្និដ្ឋាន​ដែល​មាន​កម្រាស់​ ៥៣ ​ទំព័រ​ថា លោក ​កឹម សុខា​ មិន​បាន​ប្រព្រឹត្ត​សកម្មភាព​ហិង្សា​បង្ក​ឲ្យ​មាន​អំពើ​ប្រទូសរ៉ាយ​ ឬ​ងាក​រក​ការ​ធ្វើ​បដិវត្តន៍​ដើម្បី​ដណ្តើម​អំណាច​ទេ ហើយ​ថា​មាន​ភាព​មិន​ច្បាស់​លាស់​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ភស្តុតាង​ដែល​យក​មក​ចោទ​ប្រកាន់​លោក​កឹម សុខា។​

លើស​ពី​នេះ​ ក្រុម​មេធាវី​របស់​លោក ​កឹម សុខា​ ថា​ ការ​ចាប់​ខ្លួន​លោក ​កឹម សុខា​ ក្រោម​ហេតុផល​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ ដោយ​សារ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ ហើយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​កាល​ពី​យប់​ថ្ងៃទី​ ៣​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៧​ នោះ​ទៀត​សោត​ គឺ​ជា​ការ​បំពាន​ច្បាប់​ ព្រោះ​លោក ​កឹម សុខា ​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​ចែង​ក្នុង​មាត្រា ​៨០ ​នៃ​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា។​

រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិលើកដៃទៅកាន់អ្នកគាំទ្រក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិលើកដៃទៅកាន់អ្នកគាំទ្រក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)

មេធាវី​មួយ​រូប​របស់​លោក​កឹម សុខា​ គឺ​លោក​ អាង ឧត្តម​ បក​ស្រាយ​បន្ថែម​ថា​ ក្តីក្តាំ​លោក ​កឹម សុខា​ មាន​ចរិត​ជា​រឿង​នយោបាយ​ ដែល​មិន​អាច​អារ​កាត់​នៅ​តុលាការ​បាន​ទេ។​

លោក​លើក​ឡើង​ក្នុង​ពេល​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​ថា៖​ «ឯក​ឧត្តម​ កឹម សុខា ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ​ ហើយ​សេរីភាព​របស់​គាត់​ត្រូវ​បាន​ដក​ហូត​ ៥ ​ឆ្នាំ​ហើយ ​ករណី​នេះ​ដឹង​ជា​សាកល»។​

លោក​បន្ថែម​ថា​ ករណី​លោក ​កឹម សុខា​ គឺ​ជា​ទម្រង់​នៃ​ជម្លោះ​នយោបាយ។

លោក ​អាង ឧត្តម ​ថ្លែង​ថា៖ «គប្បី​បង្វិល​ករណី​នេះ​ទៅ​អ្នក​នយោបាយ​ ឬ​ថ្វាយ​ព្រះ​មហា​ក្សត្រ​មាន​ព្រះ​តម្រិះ​ផ្សះ​ផ្សា»។​

ដោយ​ឡែក​ជន​ជាប់​ចោទ​លោក ​កឹម សុខា​ ដែល​បាន​បាត់​បង់​សិទ្ធិ​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​មក​នេះ​ បាន​លើក​ឡើង​ជា​សំណូមពរ​ចុង​ក្រោយ​ទៅ​តុលាការ​ថា​ ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ត្រូវ​តែ​ទម្លាក់​ចោល​ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​បាន​វិល​មក​បម្រើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ប្រទេស​ជាតិ។​

លោក​ថ្លែង​ថា៖ «តាម​ពិត​សហ​មេធាវី​ការពារ​ក្តី​ខ្ញុំ​ រៀប​រាប់​ច្រើន​ហើយ។ ខ្ញុំ​គាំទ្រ​ការ​លើក​ឡើង​របស់​សហ​មេធាវី។ ខ្ញុំ​ កឹម សុខា​ សុំ​សំណូម​ពរ​តុលាការ​សម្រេច​ឲ្យ​រួច​ខ្លួន​ពី​បទចោទ​ប្រកាន់​ទាំង​អស់​ ដើម្បី​ខ្ញុំ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដើម្បី​បម្រើ​ជាតិ»។​

នៅ​ក្រៅ​របង​តុលាការ​ លោក​ ផែង ហេង​ មេធាវី​មួយ​រូប​ទៀត​របស់​លោក​ កឹម សុខា បាន​ប្រាប់​អ្នក​កាសែត​អំពី​ភាព​ចម្រូង​ចម្រាស​នៃ​ភស្តុតាង​ ពាក់​ព័ន្ធ​នឹង​ឃ្លីប​វីដេអូ​ពីរ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​តុលាការ​ ដើម្បី​រួម​ចំណែក​ដល់​ការ​ស្វែង​រក​ការ​ពិត​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា។​

លោក​ប្រាប់​អ្នក​កាសែត​កាល​ពី​យប់​ថ្ងៃពុធ​ថា៖ «កន្លង​មក​ នៅ​ពេល​ដែល​យើង​ដេញដោល​នោះ យើង​បាន​ជជែក​ពី​រឿង​វីដេអូ​ ២​ នាទី​ជាង​និង​ អាវីដេអូ​ស្អីៗ​ហ្នឹង​ ហើយ​តំណាង​អយ្យការ​លោក​ ប្លង់ សុផល​ លោក​ថា​ អ៊ីចឹង​យក​អា​វីដេអូ​វែង​មក​ដេញ​ដោល​ ប៉ុន្តែ​លោក​ចៅក្រម​ គាត់​ថាអ៊ីចឹង​ ដាក់​ទាំង​ពីរ​មក​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ ខ្ញុំ​មិញ​ហ្នឹង​ ខ្ញុំ​បាន​សរសើរ​ចៅក្រម​ឆ្លាត​ដែល​គាត់​យក​វីដេអូ​ទាំង​ពីរ​យក​មក​ប្រើ។ ប៉ុន្តែ​ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ដីកា​សន្និដ្ឋាន​សា្ថពរ​ក្តី​ ដីកា​បញ្ជូន​ទៅ​ជម្រះ​ក្តី​ គឺ​បាន​ចោទ​ប្រកាន់​ទៅ​លើ​ភស្តុតាង​ដែល​ថ្លែង​បាទ​ ដែល​ចំណុច​នេះ​ហើយ​ យើង​សុំ​ឲ្យ​រួច​ពី​បទ​ចោទ»។​

ក្រោយ​ការ​បង្ហាញ​សេចក្តី​សន្និដ្ឋាន​រៀងៗ​ខ្លួន​ពី​សំណាក់​ភាគី​មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល​ តំណាង​អយ្យការ​ និង​ភាគី​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា លោក​ចៅក្រម​ កូយ សៅ ​បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​ពុធ​ ទី​ ២១​ ធ្នូ​ ឆ្នាំ​ ២០២២​ ថា​ តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​ ៣ ​ខែ​មីនា ​ឆ្នាំ​ ២០២៣។​

អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ស៊ឹង សែនករុណា​ ចាត់​ទុក​សវនាការ​អង្គ​សេចក្តី​សំណុំ​រឿង​លោក​ កឹម សុខា​ កាល​ពី​ថ្ងៃ​ពុធ​នោះ​ គឺ​ជា​សវនាការ​ដែល​ប្រើ​ពេល​យូរ​ជាង​សវនាការ​ណា​ទាំង​អស់ ដែល​លោក​ពុំ​ធ្លាប់​ឃើញ​ក្នុង​អាជីព​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា​ សង្គម​ស៊ីវិល​ជឿ​ថា​ សំណុំ​រឿង​លោក​ កឹម សុខា​ មាន​ចរិត​នយោបាយ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ស្រុះ​ស្រួល​គ្នា​តាម​ផ្លូវ​នយោបាយ​ក្នុង​រង្វង់​អ្នក​នយោបាយ​ខ្មែរ​ ទើប​អាច​រក​ដំណោះ​ស្រាយបាន​ដូច​អ្វី​ដែល​ធ្លាប់​កើត​ឡើង​ចំពោះ​លោក​ សម រង្ស៊ី​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣៕

XS
SM
MD
LG